អេសាយ 53:5-8
អេសាយ 53:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ព្រះអង្គត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើព្រះអង្គ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិត របស់យើងទាំងអស់គ្នាទៅលើព្រះអង្គ។ ព្រះអង្គត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែព្រះអង្គមិនបានហើបព្រះឧស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសម្លាប់ ហើយដូចជាចៀមដែលគនៅចំពោះ ពួកអ្នកកាត់រោមយ៉ាងណា ព្រះអង្គក៏មិនបានហើបព្រះឧស្ឋសោះ។ ព្រះអង្គត្រូវដកចេញពីអំណាចការពារ និងពីសេចក្ដីយុត្តិធម៌ តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ? ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។
អេសាយ 53:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះ ព្រោះតែការបះបោររបស់យើង លោកត្រូវគេជាន់ឈ្លី ព្រោះតែអំពើទុច្ចរិតរបស់យើង លោកបានរងទារុណកម្ម ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត ហើយដោយសារស្នាមរបួសរបស់លោក យើងក៏បានជាសះស្បើយ។ កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង ដូចចៀមដែលបែកចេញពីហ្វូង ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់ តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់ យើងទាំងអស់គ្នាទៅលើលោក។ លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួន មិនហើបមាត់ទាល់តែសោះ ដូចកូនចៀមដែលគេដឹកទៅទីពិឃាត ឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោម លោកមិនបានហើបមាត់ទាល់តែសោះ។ គេចាប់លោកទាំងបង្ខំយកទៅកាត់ទោស ហើយនាំទៅសម្លាប់ គ្មាននរណារវីរវល់យកចិត្តទុកដាក់ នឹងពូជពង្សរបស់លោកឡើយ។ គេបានដកលោកចេញពីចំណោមមនុស្ស ដែលរស់នៅលើផែនដីនេះ លោកត្រូវគេវាយរហូតដល់បាត់បង់ជីវិត ព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។
អេសាយ 53:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់។ ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្ដីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ