អេសាយ 53:2-3
អេសាយ 53:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះអង្គបានចម្រើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង ព្រះអង្គឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលព្រះអង្គ នោះក៏គ្មានភាពលម្អណា ដែលឲ្យយើងរីករាយចិត្តដែរ។ ព្រះអង្គត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ព្រះអង្គជាមនុស្សមានទុក្ខព្រួយ ហើយទទួលរងជំងឺរោគា ដូចជាអ្នកដែលមនុស្សគេចមុខចេញ ព្រះអង្គត្រូវគេមើលងាយ ហើយយើងមិនបានរាប់អានព្រះអង្គសោះ។
អេសាយ 53:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ អ្នកបម្រើប្រៀបបាននឹងពន្លកមួយ ដែលលូតលាស់មិនសូវល្អ ដូចដំណាំដែលដុះចេញពីដីហួតហែង។ លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរ គួរឲ្យចាប់អារម្មណ៍ឡើយ ហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យ ទាក់ទាញចិត្តយើងដែរ។ លោកជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ លោកជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា លោកដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយលោក ហើយមិនរាប់រកលោកឡើយ។
អេសាយ 53:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណាដែលឲ្យយើងរីករាយចិត្តដែរ ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្ដីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ។