អេសាយ 53:10-12
អេសាយ 53:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។ ក្រោយពីការរងទុក្ខលំបាកយ៉ាងខ្លាំងមក ព្រះអង្គនឹងឃើញពន្លឺ ព្រះអង្គនឹងបានស្កប់ស្កល់ តាមរយៈព្រះតម្រិះរបស់ព្រះអង្គ។ អ្នកសុចរិត គឺជាអ្នកបម្រើរបស់យើង នឹងធ្វើឲ្យមនុស្សជាច្រើនបានសុច្ចរិត ហើយព្រះអង្គនឹងទទួលរងអំពើទុច្ចរិតរបស់គេ។ ហេតុនោះ យើងនឹងឲ្យព្រះអង្គមានចំណែកជាមួយពួកអ្នកធំ ហើយព្រះអង្គនឹងចែករបឹបជាមួយពួកអ្នកខ្លាំងពូកែ ព្រោះព្រះអង្គបានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ព្រះអង្គទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែ ព្រះអង្គបានទទួលរងទោស នៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ។
អេសាយ 53:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើ របស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយលោកបានបូជាជីវិត ធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ ព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្ស ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ របស់ព្រះអង្គតាមរយៈលោក។ “ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ ចំណេះដឹងរបស់លោក។ អ្នកបម្រើរបស់យើងសុចរិត លោកក៏ប្រោសមហាជនឲ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។ ហេតុនេះហើយបានជាយើងប្រគល់ ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន លោកនឹងចែកជយភណ្ឌរួមជាមួយ ពួកកាន់អំណាច ព្រោះលោកបានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់ មកដាក់លើខ្លួនលោក ព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង”។
អេសាយ 53:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់ ទ្រង់នឹងឃើញផលនៃការដែលព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ ហេតុនោះអញនឹងឲ្យទ្រង់មានចំណែកជាមួយនឹងពួកអ្នកធំ ហើយទ្រង់នឹងចែករបឹបជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ ពីព្រោះទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ។