អេសាយ 53:1-12
អេសាយ 53:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើមានអ្នកណាបានជឿដំណឹងដែលយើងប្រាប់? ហើយតើអ្នកណាបានឃើញព្រះពាហុ នៃព្រះយេហូវ៉ាបានសម្ដែង? ដ្បិតព្រះអង្គបានចម្រើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង ព្រះអង្គឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលព្រះអង្គ នោះក៏គ្មានភាពលម្អណា ដែលឲ្យយើងរីករាយចិត្តដែរ។ ព្រះអង្គត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ព្រះអង្គជាមនុស្សមានទុក្ខព្រួយ ហើយទទួលរងជំងឺរោគា ដូចជាអ្នកដែលមនុស្សគេចមុខចេញ ព្រះអង្គត្រូវគេមើលងាយ ហើយយើងមិនបានរាប់អានព្រះអង្គសោះ។ ព្រះអង្គបានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែ យើងរាល់គ្នាបានរាប់ព្រះអង្គទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា។ ប៉ុន្តែ ព្រះអង្គត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើព្រះអង្គ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិត របស់យើងទាំងអស់គ្នាទៅលើព្រះអង្គ។ ព្រះអង្គត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែព្រះអង្គមិនបានហើបព្រះឧស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសម្លាប់ ហើយដូចជាចៀមដែលគនៅចំពោះ ពួកអ្នកកាត់រោមយ៉ាងណា ព្រះអង្គក៏មិនបានហើបព្រះឧស្ឋសោះ។ ព្រះអង្គត្រូវដកចេញពីអំណាចការពារ និងពីសេចក្ដីយុត្តិធម៌ តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ? ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។ គេធ្វើកន្លែងបញ្ចុះសាកសពរបស់ព្រះអង្គ នៅជាមួយពួកមនុស្សអាក្រក់ ហើយផ្នូររបស់ព្រះអង្គ នៅជាមួយពួកអ្នកមាន ទោះបីព្រះអង្គមិនដែលប្រព្រឹត្តអំពើឃោរឃៅណា ឬបោកបញ្ឆោតអ្នកណានៅក្នុងព្រះឧស្ឋ របស់ព្រះអង្គក៏ដោយ។ ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។ ក្រោយពីការរងទុក្ខលំបាកយ៉ាងខ្លាំងមក ព្រះអង្គនឹងឃើញពន្លឺ ព្រះអង្គនឹងបានស្កប់ស្កល់ តាមរយៈព្រះតម្រិះរបស់ព្រះអង្គ។ អ្នកសុចរិត គឺជាអ្នកបម្រើរបស់យើង នឹងធ្វើឲ្យមនុស្សជាច្រើនបានសុច្ចរិត ហើយព្រះអង្គនឹងទទួលរងអំពើទុច្ចរិតរបស់គេ។ ហេតុនោះ យើងនឹងឲ្យព្រះអង្គមានចំណែកជាមួយពួកអ្នកធំ ហើយព្រះអង្គនឹងចែករបឹបជាមួយពួកអ្នកខ្លាំងពូកែ ព្រោះព្រះអង្គបានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ព្រះអង្គទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែ ព្រះអង្គបានទទួលរងទោស នៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ។
អេសាយ 53:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនតបថា តើនរណាជឿ សេចក្ដីដែលគេប្រាប់យើង? តើព្រះអម្ចាស់បានសម្តែងឫទ្ធិបារមី ចំពោះនរណា? នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ អ្នកបម្រើប្រៀបបាននឹងពន្លកមួយ ដែលលូតលាស់មិនសូវល្អ ដូចដំណាំដែលដុះចេញពីដីហួតហែង។ លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរ គួរឲ្យចាប់អារម្មណ៍ឡើយ ហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យ ទាក់ទាញចិត្តយើងដែរ។ លោកជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ លោកជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា លោកដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយលោក ហើយមិនរាប់រកលោកឡើយ។ តាមពិត លោកបានរងទុក្ខវេទនាជំនួសយើង លោកទទួលយកការឈឺចាប់របស់យើង មកដាក់លើខ្លួនលោក។ រីឯយើងវិញ យើងស្មានថា ព្រះជាម្ចាស់បានដាក់ទោសលោក ព្រះអង្គបានវាយ និងបន្ទាបបន្ថោកលោក។ ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះ ព្រោះតែការបះបោររបស់យើង លោកត្រូវគេជាន់ឈ្លី ព្រោះតែអំពើទុច្ចរិតរបស់យើង លោកបានរងទារុណកម្ម ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត ហើយដោយសារស្នាមរបួសរបស់លោក យើងក៏បានជាសះស្បើយ។ កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង ដូចចៀមដែលបែកចេញពីហ្វូង ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់ តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់ យើងទាំងអស់គ្នាទៅលើលោក។ លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួន មិនហើបមាត់ទាល់តែសោះ ដូចកូនចៀមដែលគេដឹកទៅទីពិឃាត ឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោម លោកមិនបានហើបមាត់ទាល់តែសោះ។ គេចាប់លោកទាំងបង្ខំយកទៅកាត់ទោស ហើយនាំទៅសម្លាប់ គ្មាននរណារវីរវល់យកចិត្តទុកដាក់ នឹងពូជពង្សរបស់លោកឡើយ។ គេបានដកលោកចេញពីចំណោមមនុស្ស ដែលរស់នៅលើផែនដីនេះ លោកត្រូវគេវាយរហូតដល់បាត់បង់ជីវិត ព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។ ទោះបីលោកមិនដែលប្រព្រឹត្តអំពើឃោរឃៅ ឬនិយាយបោកបញ្ឆោតនរណាក្ដី ក៏គេបញ្ចុះសពលោកក្នុងចំណោមមនុស្សពាល និងក្នុងផ្នូររបស់អ្នកមាន។ ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើ របស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយលោកបានបូជាជីវិត ធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ ព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្ស ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ របស់ព្រះអង្គតាមរយៈលោក។ “ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ ចំណេះដឹងរបស់លោក។ អ្នកបម្រើរបស់យើងសុចរិត លោកក៏ប្រោសមហាជនឲ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។ ហេតុនេះហើយបានជាយើងប្រគល់ ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន លោកនឹងចែកជយភណ្ឌរួមជាមួយ ពួកកាន់អំណាច ព្រោះលោកបានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់ មកដាក់លើខ្លួនលោក ព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង”។
អេសាយ 53:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណាដែលឲ្យយើងរីករាយចិត្តដែរ ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្ដីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ។ ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់។ ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្ដីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង។ ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់ ទ្រង់នឹងឃើញផលនៃការដែលព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ ហេតុនោះអញនឹងឲ្យទ្រង់មានចំណែកជាមួយនឹងពួកអ្នកធំ ហើយទ្រង់នឹងចែករបឹបជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ ពីព្រោះទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ។