អេសាយ 26:19-21
អេសាយ 26:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកអ្នកស្លាប់របស់ព្រះអង្គនឹងរស់ឡើងវិញ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលដេកនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងដោយអំណរចុះ! ដ្បិតទឹកសន្សើមរបស់ព្រះអង្គ ជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញមនុស្សស្លាប់មក។ ចូរមក ជនជាតិខ្ញុំអើយ ចូរចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវពួនខ្លួនបន្តិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ។ ដ្បិតមើល៍ ព្រះយេហូវ៉ាយាងចេញ ពីស្ថានរបស់ព្រះអង្គមក ដើម្បីនឹងសម្រេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ផែនដីនឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ។
អេសាយ 26:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា ព្រះអម្ចាស់នឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលចែកស្ថានទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។ ឱប្រជាជនរបស់ខ្ញុំអើយ! ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយបិទទ្វារឲ្យជិត។ ត្រូវនៅសម្ងំលាក់ខ្លួន រហូតទាល់តែព្រះអម្ចាស់លែងព្រះពិរោធ ដ្បិតព្រះអម្ចាស់យាងចេញពីព្រះដំណាក់ ដើម្បីដាក់ទោសមនុស្សនៅផែនដី ដែលបានប្រព្រឹត្តអំពើទុច្ចរិត។ ពេលនោះ អំពើឧក្រិដ្ឋដែលមនុស្សប្រព្រឹត្ត នៅលើផែនដី នឹងលាក់លែងជិតទៀតហើយ ហើយផែនដីក៏នឹងលែងលាក់អស់អ្នកដែលត្រូវ គេសម្លាប់ទៀតដែរ។
អេសាយ 26:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកស្លាប់របស់ឯងគេនឹងរស់ទៀត គេនឹងរស់ឡើងវិញជាមួយនឹងសពរបស់អញ ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងចុះ ដ្បិតទឹកសន្សើមរបស់ឯង ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ឯដីនឹងបញ្ចេញមនុស្សស្លាប់មក។ ចូរមក ជនជាតិខ្ញុំអើយ ចូរឲ្យចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវឲ្យពួនខ្លួនបន្តិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ ដ្បិតមើល ព្រះយេហូវ៉ាទ្រង់យាងចេញពីស្ថានរបស់ទ្រង់មក ដើម្បីនឹងសំរេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯដី នឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសំឡាប់ទៀតឡើយ។