អេសាយ 24:16-23

អេសាយ 24:16-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​បាន​ឮ​បទ​ចម្រៀង​មក​ពី​ចុង​ផែនដី​បំផុត​ថា សិរី​សួស្តី ចូរ​មាន​ដល់​ព្រះ​ដ៏​សុចរិត តែ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ វរ​ហើយ​ខ្ញុំ ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​មនុស្ស​ឧបាយ បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ជា​ខ្លាំង ឱ​មនុស្ស​នៅ​ផែនដី​អើយ សេចក្ដី​តក់‌ស្លុត រណ្តៅ និង​អន្ទាក់​គ្រប​លើ​អ្នក​ហើយ ដូច្នេះ អ្នក​ណា​ដែល​រត់​ពី​សូរ​ដែល​នាំ​ឲ្យ​តក់‌ស្លុត នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នោះ​នឹង​ជាប់​អន្ទាក់​វិញ ពី​ព្រោះ​បង្អួច​នៅ​ស្ថាន​លើ​បាន​បើក​ចំហ​ហើយ ឯ​ឫស​ផែនដី​ក៏​ញាប់‌ញ័រ​ដែរ។ ឯ​ផែនដី​ត្រូវ​បែក​បាក់​អស់​រលីង ផែនដី​ត្រូវ​អង្រួន​ជា​ខ្លាំង ផែនដី​នឹង​ទ្រេត‌ទ្រោត ដូច​ជា​មនុស្ស​ស្រវឹង ហើយ​នឹង​ត្រូវ​យោល​ទៅ​ដូច​ជា​អង្រឹង ឯ​អំពើ​រំលង​របស់​មនុស្ស​លោក នឹង​សង្កត់​លើ​ជា​យ៉ាង​ធ្ងន់ គេ​នឹង​ត្រូវ​ដួល​ឥត​ងើប​ឡើង​វិញ​ឡើយ។ នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា នឹង​ផ្ចាញ់‌ផ្ចាល​នៅ​លើ​មេឃ ចំពោះ​ពួក​ពល‌បរិវារ​នៃ​ស្ថាន​ខ្ពស់ ព្រម​ទាំង​ពួក​ស្តេច​នៃ​លោកីយ​នៅ​ផែនដី​ដែរ។ គេ​នឹង​ត្រូវ​ប្រមូល​គ្នា​ដូច​ជា​ឈ្លើយ ដែល​ប្រមូល​ទុក​ក្នុង​រណ្ដៅ ហើយ​នឹង​ត្រូវ​ឃុំ​នៅ​ក្នុង​គុក ក្រោយ​មក​ជា​យូរ​ថ្ងៃ គេ​ត្រូវ​រង​ទោស គ្រា​នោះ ព្រះ‌ចន្ទ​នឹង​ត្រូវ​ជ្រប់​មុខ ហើយ​ព្រះ‌អាទិត្យ​នឹង​ត្រូវ​អៀន‌ខ្មាស ដោយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​សោយ‌រាជ្យ លើ​ភ្នំ​ស៊ីយ៉ូន​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ ពួក​ចាស់​ទុំ​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន អេសាយ 24

អេសាយ 24:16-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​បាន​ឮ​សូរ​ចម្រៀង ពី​ចុង​ខាង​នាយ​ផែនដី​មក​ថា: «សូម​លើក​តម្កើង​ព្រះ​ដ៏​សុចរិត!»។ ប៉ុន្តែ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ពោល​ថា: ខ្ញុំ​វិនាស​បាត់​បង់​ហើយ! ខ្ញុំ​វេទនា​ហើយ! ពួក​ក្បត់​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ក្បត់​ច្រើន​ឡើងៗ! មនុស្ស‌ម្នា​នៅ​លើ​ផែនដី​អើយ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ញ័រ​រន្ធត់ ធ្លាក់​រណ្ដៅ និង​ជាប់​អន្ទាក់​មិន​ខាន! អ្នក​ដែល​រត់​គេច​ផុត​ពី​ការ​ញ័រ​រន្ធត់ នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ អ្នក​ដែល​ឡើង​ផុត​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់។ ទ្វារ​មេឃ​បើក​ចំហ បង្អុរ​ទឹក​ចុះ​មក ហើយ​គ្រឹះ​នៃ​ផែនដី​ក៏​កក្រើក​ដែរ។ ផែនដី​ប្រេះ ផែនដី​បាក់​បែក ផែនដី​រញ្ជួយ​ញាប់‌ញ័រ​យ៉ាង​ខ្លាំង ឃ្លីង‌ឃ្លោង​ដូច​មនុស្ស​ស្រវឹង ហើយ​ទ្រេត‌ទ្រោត​ដូច​ខ្ទម​ត្រូវ​ខ្យល់​បក់​បោក ព្រោះ​អំពើ​បាប​របស់​ផែនដី​ធ្ងន់‌ធ្ងរ​ណាស់ ផែនដី​ត្រូវ​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ទោស​អំណាច​នានា​នៅ​ស្ថាន​លើ ព្រម​ទាំង​ធ្វើ​ទោស​ស្ដេច​ទាំង‌ឡាយ​នៅ​ផែនដី​ដែរ។ ព្រះអង្គ​នឹង​ប្រមូល​អំណាច​ទាំង​នោះ ដូច​គេ​ប្រមូល​អ្នក​ទោស​នៅ​ក្នុង​រណ្ដៅ ព្រះអង្គ​ឃុំ​ពួក​គេ​ទុក។ ច្រើន​ឆ្នាំ​កន្លង​ទៅ​មុខ​ទៀត ទើប​ព្រះអង្គ​ជំនុំ‌ជម្រះ​ពួក​គេ។ ពេល​នោះ ព្រះ‌ច័ន្ទ​ត្រូវ​បាក់​មុខ ព្រះ‌អាទិត្យ​ត្រូវ​អាម៉ាស់។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​គ្រង​រាជ្យ នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​សិរី‌រុងរឿង​របស់​ព្រះអង្គ ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​មុខ​អស់​លោក​ព្រឹទ្ធា‌ចារ្យ របស់​ព្រះអង្គ។

ចែក​រំលែក
អាន អេសាយ 24

អេសាយ 24:16-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យើង​បាន​ឮ​បទ​ចំរៀង​មក​ពី​ចុង​ផែនដី​បំផុត​ថា សិរី​សួស្តី​ចូរ​មាន​ដល់​ព្រះ​ដ៏​សុចរិត តែ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ វរ‌ហើយ​ខ្ញុំៗ​កំពុង​តែ​រីងរៃ​ទៅ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ អើ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ជា​ខ្លាំង ឱ​មនុស្ស​នៅ​ផែនដី​អើយ សេចក្ដី​តក់‌ស្លុត រណ្តៅ នឹង​អន្ទាក់​គ្រប​លើ​ឯង​ហើយ ដូច្នេះ អ្នក​ណា​ដែល​រត់​ពី​សូរ​ដែល​នាំ​ឲ្យ​តក់‌ស្លុត នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នោះ​នឹង​ជាប់​អន្ទាក់​វិញ ពី​ព្រោះ​បង្អួច​នៅ​ស្ថាន​លើ​បាន​បើក​ចំហ​ហើយ ឯ​ឫស​ផែនដី​ក៏​ញាប់‌ញ័រ​ដែរ ឯ​ផែនដី​ត្រូវ​បែក​បាក់​អស់​រលីង ផែនដី​ត្រូវ​អង្រួន​ជា​ខ្លាំង ផែនដី​នឹង​ទ្រេត‌ទ្រោត ដូច​ជា​មនុស្ស​ស្រវឹង ហើយ​នឹង​ត្រូវ​យោល​ទៅ​ដូច​ជា​អង្រឹង ឯ​អំពើ​រំលង​របស់​មនុស្ស​លោក​នឹង​សង្កត់​លើ​ជា​យ៉ាង​ធ្ងន់ គេ​នឹង​ត្រូវ​ដួល​ឥត​ងើប​ឡើង​វិញ​ឡើយ។ នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ផ្ចាញ់‌ផ្ចាល​នៅ​លើ​មេឃ ចំពោះ​ពួក​ពល‌បរិវារ​នៃ​ស្ថាន​ខ្ពស់ ព្រម​ទាំង​ពួក​ស្តេច​នៃ​លោកីយ​នៅ​ផែនដី​ដែរ គេ​នឹង​ត្រូវ​ប្រមូល​គ្នា​ដូច​ជា​ឈ្លើយ​ដែល​ប្រមូល​ទុក​ក្នុង​រំលុង ហើយ​នឹង​ត្រូវ​ឃុំ​នៅ​ក្នុង​គុក ក្រោយ​មក​ជា​យូរ​ថ្ងៃ គេ​ត្រូវ​រង​ទោស គ្រា​នោះ ព្រះ‌ចន្ទ​នឹង​ត្រូវ​ជ្រប់​មុខ ហើយ​ព្រះ‌អាទិត្យ​នឹង​ត្រូវ​អៀន‌ខ្មាស ដោយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​សោយ‌រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូននា​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ពួក​ចាស់‌ទុំ​របស់​ទ្រង់។

ចែក​រំលែក
អាន អេសាយ 24