អេសាយ 24:1-15

អេសាយ 24:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មើល៍ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ផែនដី​នៅ​ទទេ​សោះ ហើយ​ឲ្យ​ស្ងាត់​សូន្យ ក៏​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ព្រម​ទាំង​កម្ចាត់‌កម្ចាយ​អស់​ពួក​អ្នក​ដែល​នៅ​ផែនដី​ផង នៅ​គ្រា​នោះ ពួក​សង្ឃ​នឹង​រង​ទុក្ខ​ដូច​ជា​មនុស្ស​ធម្មតា ចៅ‌ហ្វាយ​ប្រុស​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ប្រុស ចៅ‌ហ្វាយ​ស្រី​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ស្រី អ្នក​លក់​ដូរ​នឹង​រង​ទុក្ខ​ដូច​អ្នក​ទិញ ម្ចាស់​បំណុល​នឹង​រង​ទុក្ខ​ដូច​ជា​កូន​បំណុល ហើយ​អ្នក​ដែល​ឲ្យ​ខ្ចី​យក​ការ​នឹង​រង​ទុក្ខ ដូច​ជា​អ្នក​ដែល​ឲ្យ​ការ​ដែរ។ ផែនដី​នឹង​ត្រូវ​ផ្ទីង​ឲ្យ​នៅ​ទទេ ហើយ​ស្ងាត់​សូន្យ​ឈឹង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ។ ផែនដី​កំពុង​តែ​សោយ‌សោក ហើយ​ស្វិត​ក្រៀម​ទៅ ឯ​លោកីយ​ក៏​កំពុង​តែ​រោយ‌រៀវ ហើយ​ស្វិត​ក្រៀម​ដែរ ពួក​អ្នក​ជាន់​ខ្ពស់​នៅ​ផែនដី​គេ​រោយ‌រៀវ​ទៅ។ ផែនដី​ត្រូវ​ស្មោក‌គ្រោក​ដោយ‌សារ​ពួក​អ្នក ដែល​អាស្រ័យ​នៅ ពី​ព្រោះ​គេ​បាន​រំលង​អស់​ទាំង​ក្រឹត្យ‌ក្រម គេ​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ទាំង​ប៉ុន្មាន ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។ ហេតុ​ដូច្នេះ​បាន​ជា​បណ្ដាសា បាន​លេប​ស៊ី​ផែនដី ហើយ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ក៏​មាន​ទោស​ទាំង​អស់​គ្នា បាន​ជា​ពួក​អ្នក​អាស្រ័យ​នៅ​នោះ គេ​ត្រូវ​ឆេះ​អស់​រលីង​ទៅ មាន​មនុស្ស​សល់​នៅ​តែ​បន្តិច‌បន្តួច​ទេ។ ទឹក​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​សោយ‌សោក ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​ក៏​ស្វិត​ក្រៀម​ដែរ ឯ​អស់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ​គេ​ដក​ដង្ហើម​ធំ។ ការ​សប្បាយ​ដោយ​វាយ​ក្រាប់​បាន​បាត់‌ឈឹង សំឡេង​របស់​ពួក​អ្នក​ដែល​កំពុង​តែ​រីក‌រាយ​ក៏​ផុត ហើយ​អំណរ​ដោយ​ដេញ​ស៊ុង​ក៏​អស់​ទៅ។ គេ​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​ច្រៀង​ទៀត​ឡើយ ឯ​គ្រឿង​ស្រវឹង នឹង​ទៅ​ជា​ល្វីង ដល់​អស់​អ្នក​ដែល​ធ្លាប់​ផឹក។ ទី​ក្រុង​ដែល​ចោល​ស្ងាត់​នឹង​ត្រូវ​រំលំ‌រំលាង គ្រប់​ផ្ទះ​បាន​បិទ​ទ្វារ​មិន​ឲ្យ​មាន​អ្នក​ណា​ចូល​ឡើយ។ នៅ​តាម​ផ្លូវ​មាន​ឮ​សំឡេង​គេ​ស្រែក រក​ស្រា​ទំពាំង‌បាយ‌ជូរ អំណរ​ទាំង​អស់​បាន​ងងឹត​ទៅ ហើយ​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ស្រុក​ក៏​បាត់​អស់​ដែរ។ នៅ​ក្នុង​ទី​ក្រុង​សុទ្ធ​តែ​ស្ងាត់​ឈឹង ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​វាយ​បំបាក់។ ដ្បិត​នៅ​ក្នុង​បណ្ដា‌ជន​ជាតិ​ដែល​នៅ​កណ្ដាល​ផែនដី នឹង​ត្រូវ​ដូច​ជា​ពេល​អង្រួន​ដើម​អូលីវ ហើយ​ដូច​ការ​បេះ​សន្សំ​ផ្លែ​ទំពាំង‌បាយ‌ជូរ ក្រោយពេល​ដែល​គេ​ប្រមូល​ផល​រួច​រាល់។ ពួក​អ្នក​ទាំង​នេះ​នឹង​បន្លឺ​ឡើង ហើយ​ស្រែក​ដោយ​អំណរ គេ​នឹង​ស្រែក​ឡើង​ជា​ខ្លាំង​ពី​ខាង​សមុទ្រ ដោយ​ព្រោះ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា។ ដូច្នេះ ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា នៅ​ទិស​ខាង​កើត​ដែរ គឺ​លើក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែលនៅ​ស្រុក​ក្បែរ​សមុទ្រ។

ចែក​រំលែក
អាន អេសាយ 24

អេសាយ 24:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​នឹង​បំផ្លាញ​ផែនដី​ឲ្យ វិនាស។ ព្រះអង្គ​នឹង​រម្លើង​ផែនដី ហើយ​កម្ចាត់‌កម្ចាយ មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី គឺ​បូជា‌ចារ្យ​ក៏​ដូច​ប្រជា‌ជន ម្ចាស់​ប្រុស​ក៏​ដូច​ទាសា ម្ចាស់​ស្រី​ក៏​ដូច​ទាសី អ្នក​លក់​ក៏​ដូច​អ្នក​ទិញ ម្ចាស់​របស់​ក៏​ដូច​អ្នក​ខ្ចី ម្ចាស់​បំណុល ក៏​ដូច​កូន​បំណុល​ដែរ។ ផែនដី​នឹង​ត្រូវ​វិនាស​ហិន‌ហោច​ទាំង​ស្រុង ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ មនុស្ស​នៅ​ផែនដី​នឹង​កាន់​ទុក្ខ គេ​ធ្លាក់​ខ្លួន​ខ្សោយ ឥត​មាន​កម្លាំង​កំហែង​ទៀត​ទេ វត្ថុ​ស័ក្ដិ‌សិទ្ធិ​ទាំង‌ឡាយ​នឹង​អស់​ឫទ្ធិ។ ផែនដី​ក្លាយ​ទៅ​ជា​អាស្រូវ ដោយ‌សារ​មនុស្ស​ជាន់​ឈ្លី គឺ​ពួក​គេ​បាន​បំពាន​លើ​ក្រឹត្យ‌វិន័យ ពួក​គេ​រំលោភ​ច្បាប់​របស់​ព្រះ‌អម្ចាស់ ហើយ​ពួក​គេ​បាន​ផ្ដាច់ សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជានិច្ច ដែល​ព្រះអង្គ​ចង​ជា​មួយ​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​ត្រូវ​បណ្ដាសា មនុស្ស‌ម្នា​នៅ​លើ​ផែនដី​មាន​ទោស ព្រោះ​តែ​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។ ពួក​គេ​នឹង​ត្រូវ​វិនាស ហើយ​នៅ​សេស‌សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ សូម្បី​តែ​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ក៏​កាន់​ទុក្ខ​ដែរ ចម្ការ​ទំពាំង‌បាយជូរ​ត្រូវ​ហិន‌ហោច​អស់ អស់​អ្នក​ដែល​ធ្លាប់​តែ​សប្បាយ បែរ​ជា​ស្រែក​ថ្ងូរ​ទៅ​វិញ។ សំឡេង​ស្គរ​របាំ​ដ៏​សប្បាយ​លែង​ឮ​ទៀត​ហើយ សំឡេង​ហ៊ោ​ខ្ញៀវ‌ខ្ញារ​ក៏​ត្រូវ​ចប់ ហើយ​សំឡេង​ចាប៉ី​ដ៏​ពីរោះ ក៏​លែង​មាន​ទៀត​ដែរ។ ពេល​នោះ មនុស្ស‌ម្នា​លែង​ផឹក​ស្រា ទាំង​ច្រៀង​ទៀត​ហើយ ស្រា​ឆ្ងាញ់​បែរ​ជា​ជូរ​ល្វីង​ដល់​អ្នក​ផឹក​ទៅ​វិញ។ ក្រុង​ដែល​គ្មាន​មនុស្ស​នៅនឹង​ត្រូវ​រលំ ផ្ទះ​ទាំង‌ឡាយ​ត្រូវ​បិទ​ទ្វារ​ចោល គ្មាន​នរណា​អាច​ចូល​បាន​ទៀត​ឡើយ។ នៅ​តាម​ផ្លូវ មនុស្ស‌ម្នា​នាំ​គ្នា​ត្អូញ‌ត្អែរ ព្រោះ​រក​ស្រា​ផឹក​មិន​បាន ការ​រីក‌រាយ​ក៏​លែង​មាន ហើយ​ក៏​គ្មាន​អំណរ​សប្បាយ នៅ​ក្នុង​ស្រុក​ទៀត​ដែរ។ ក្នុង​ទីក្រុង​មាន​តែ​សំណល់​បាក់​បែក ទ្វារ​ក្រុង​ក៏​ខូច​ខាត​ខ្ទេច‌ខ្ទី​អស់​ដែរ។ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ​នៅ​លើ​ផែនដី ប្រជា‌ជន​ដែល​នៅ​សេស‌សល់ មាន​ចំនួន​តិច ដូច​ជា​ផ្លែ​អូលីវ និង​ផ្លែ​ទំពាំង‌បាយជូរ​ដែល នៅ​សេស‌សល់ ក្រោយ​ពេល​គេ​បេះ​ផ្លែ​ចប់។ រីឯ​អ្នក​ដែល​បាន​រួច​ជីវិត នឹង​នាំ​គ្នា​បន្លឺ​សំឡេង​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌អម្ចាស់ ដោយ​អំណរ​រីក‌រាយ។ ពួក​គេ​មក​ពី​ស្រុក​ខាង​លិច​យ៉ាង​សប្បាយ។ អស់​អ្នក​ដែល​រស់​នៅ​ទិស​បូព៌ា នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ហើយ​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយ ក៏​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ!

ចែក​រំលែក
អាន អេសាយ 24

អេសាយ 24:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មើល ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ផែនដី​នៅ​ទទេ​សោះ ហើយ​ឲ្យ​ស្ងាត់​សូន្យ ក៏​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ព្រម​ទាំង​កំចាត់‌កំចាយ​អស់​ពួក​អ្នក​ដែល​នៅ​ផែនដី​ផង នៅ​គ្រា​នោះពួក​សង្ឃ​នឹង​រង​ទុក្ខ​ដូច​ជា​មនុស្ស​ធម្មតា ចៅហ្វាយ​ប្រុស​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ប្រុស ចៅហ្វាយ​ស្រី​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ស្រី អ្នក​លក់​ដូរ​នឹង​រង​ទុក្ខ​ដូច​ជា​អ្នក​ទិញ ម្ចាស់​បំណុល​នឹង​រង​ទុក្ខ​ដូច​ជា​កូន​បំណុល ហើយ​អ្នក​ដែល​ឲ្យ​ខ្ចី​យក​ការ នឹង​រង​ទុក្ខ ដូច​ជា​អ្នក​ដែល​ឲ្យ​ការ​ស្មើ​គ្នា​ទាំង​អស់ ផែនដី​នឹង​ត្រូវ​ផ្ទីង​ឲ្យ​នៅ​ទទេ​ធេង ហើយ​ស្ងាត់​សូន្យ​ឈឹង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ដូច្នេះ​ហើយ ផែនដី​កំពុង​តែ​សោយ‌សោក ហើយ​ស្វិត​ក្រៀម​ទៅ ឯ​លោកីយ​ក៏​កំពុង​តែ​រោយ‌រៀវ ហើយ​ស្វិត​ក្រៀម​ដែរ ពួក​អ្នក​ជាន់​ខ្ពស់​នៅ​ផែនដី​គេ​រោយ‌រៀវ​ទៅ ផែនដី​ត្រូវ​ស្មោក‌គ្រោក​ដោយ‌សារ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ពី​ព្រោះ​គេ​បាន​រំលង​អស់​ទាំង​ក្រឹត្យ‌ក្រម គេ​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ទាំង​ប៉ុន្មាន ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​ចេញ ហេតុ​ដូច្នោះ​បាន​ជា​សេចក្ដី​បណ្តាសា​បាន​លេប​ស៊ី​ផែនដី ហើយ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ក៏​មាន​ទោស​ទាំង​អស់​គ្នា បាន​ជា​ពួក​អ្នក​អាស្រ័យ​នៅ​នោះ គេ​ត្រូវ​ឆេះ​អស់​រលីង​ទៅ មាន​មនុស្ស​សល់​នៅ​តែ​បន្តិច‌បន្តួច​ទេ ទឹក​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​សោយ‌សោក ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​ក៏​ស្វិត​ក្រៀម​ដែរ ឯ​អស់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ គេ​ដក​ដង្ហើម​ធំ​វិញ ការ​សប្បាយ​ដោយ​វាយ​ក្រាប់​បាន​បាត់‌ឈឹង សំឡេង​របស់​ពួក​អ្នក​ដែល​កំពុង​តែ​រីក‌រាយ​ក៏​ផុត ហើយ​សេចក្ដី​អំណរ​ដោយ​ដេញ​ស៊ុង​ក៏​អស់​ទៅ គេ​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​ច្រៀង​ទៀត​ឡើយ ឯ​គ្រឿង​ស្រវឹង នឹង​ទៅ​ជា​ល្វីង ដល់​អស់​អ្នក​ដែល​ធ្លាប់​ផឹក ទី​ក្រុង​ដែល​ចោល​ស្ងាត់​នឹង​ត្រូវ​រំលំ‌រំលាង គ្រប់​ទាំង​ផ្ទះ​បាន​បិទ​ទ្វារ មិន​ឲ្យ​មាន​អ្នក​ណា​ចូល​ឡើយ នៅ​តាម​ផ្លូវ​មាន​ឮ​សំឡេង​គេ​ស្រែក​រក​ស្រា​ទំពាំង‌បាយ‌ជូរ សេចក្ដី​អំណរ​ទាំង​អស់​បាន​ងងឹត​ទៅ ហើយ​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ស្រុក​ក៏​បាត់​អស់​ដែរ នៅ​ក្នុង​ទី​ក្រុង​សុទ្ធ​តែ​ស្ងាត់​ឈឹង​ទទេ ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​វាយ​បំបាក់​ចុះ ដ្បិត​នៅ​ក្នុង​បណ្តាជន‌ជាតិ​ដែល​នៅ​កណ្តាល​ផែនដី​នឹង​ត្រូវ​បាន​ដូច្នោះ ដូច​ជា​ការ​អង្រួន​ដើម​អូលីវ ហើយ​ដូច​ការ​បេះ​សន្សំ​ផ្លែ​ទំពាំង‌បាយ‌ជូរ ក្រោយ​ដែល​បេះ​រួច​ពី​ជាន់​ដើម​ជា​ស្រេច​ហើយ។ ពួក​អ្នក​ទាំង​នេះ​នឹង​បន្លឺ​ឡើង ហើយ​ស្រែក​ដោយ​អំណរ គេ​នឹង​ស្រែក​ឡើង​ជា​ខ្លាំង​ពី​ខាង​សមុទ្រ ដោយ​ព្រោះ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា​នៅ​ទិស​ខាង​កើត​ដែរ គឺ​លើក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នៅ​ស្រុក​ក្បែរ​សមុទ្រ

ចែក​រំលែក
អាន អេសាយ 24