មើល៍ ព្រះយេហូវ៉ាធ្វើឲ្យផែនដីនៅទទេសោះ ហើយឲ្យស្ងាត់សូន្យ ក៏ធ្វើឲ្យត្រឡប់ត្រឡិន ព្រមទាំងកម្ចាត់កម្ចាយអស់ពួកអ្នកដែលនៅផែនដីផង នៅគ្រានោះ ពួកសង្ឃនឹងរងទុក្ខដូចជាមនុស្សធម្មតា ចៅហ្វាយប្រុសនឹងរងទុក្ខដូចជាបាវប្រុស ចៅហ្វាយស្រីនឹងរងទុក្ខដូចជាបាវស្រី អ្នកលក់ដូរនឹងរងទុក្ខដូចអ្នកទិញ ម្ចាស់បំណុលនឹងរងទុក្ខដូចជាកូនបំណុល ហើយអ្នកដែលឲ្យខ្ចីយកការនឹងរងទុក្ខ ដូចជាអ្នកដែលឲ្យការដែរ។ ផែនដីនឹងត្រូវផ្ទីងឲ្យនៅទទេ ហើយស្ងាត់សូន្យឈឹង ពីព្រោះព្រះយេហូវ៉ាបានមានព្រះបន្ទូលដូច្នេះ។ ផែនដីកំពុងតែសោយសោក ហើយស្វិតក្រៀមទៅ ឯលោកីយក៏កំពុងតែរោយរៀវ ហើយស្វិតក្រៀមដែរ ពួកអ្នកជាន់ខ្ពស់នៅផែនដីគេរោយរៀវទៅ។ ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នក ដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។ ហេតុដូច្នេះបានជាបណ្ដាសា បានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ។ ទឹកទំពាំងបាយជូរកំពុងតែសោយសោក ហើយដើមទំពាំងបាយជូរក៏ស្វិតក្រៀមដែរ ឯអស់អ្នកដែលមានចិត្តរីករាយគេដកដង្ហើមធំ។ ការសប្បាយដោយវាយក្រាប់បានបាត់ឈឹង សំឡេងរបស់ពួកអ្នកដែលកំពុងតែរីករាយក៏ផុត ហើយអំណរដោយដេញស៊ុងក៏អស់ទៅ។ គេមិនផឹកស្រាទំពាំងបាយជូរទាំងច្រៀងទៀតឡើយ ឯគ្រឿងស្រវឹង នឹងទៅជាល្វីង ដល់អស់អ្នកដែលធ្លាប់ផឹក។ ទីក្រុងដែលចោលស្ងាត់នឹងត្រូវរំលំរំលាង គ្រប់ផ្ទះបានបិទទ្វារមិនឲ្យមានអ្នកណាចូលឡើយ។ នៅតាមផ្លូវមានឮសំឡេងគេស្រែក រកស្រាទំពាំងបាយជូរ អំណរទាំងអស់បានងងឹតទៅ ហើយសេចក្ដីរីករាយនៅក្នុងស្រុកក៏បាត់អស់ដែរ។ នៅក្នុងទីក្រុងសុទ្ធតែស្ងាត់ឈឹង ហើយទ្វារក្រុងក៏ត្រូវវាយបំបាក់។ ដ្បិតនៅក្នុងបណ្ដាជនជាតិដែលនៅកណ្ដាលផែនដី នឹងត្រូវដូចជាពេលអង្រួនដើមអូលីវ ហើយដូចការបេះសន្សំផ្លែទំពាំងបាយជូរ ក្រោយពេលដែលគេប្រមូលផលរួចរាល់។ ពួកអ្នកទាំងនេះនឹងបន្លឺឡើង ហើយស្រែកដោយអំណរ គេនឹងស្រែកឡើងជាខ្លាំងពីខាងសមុទ្រ ដោយព្រោះឫទ្ធានុភាពនៃព្រះយេហូវ៉ា។ ដូច្នេះ ចូរលើកតម្កើងព្រះយេហូវ៉ា នៅទិសខាងកើតដែរ គឺលើកព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលនៅស្រុកក្បែរសមុទ្រ។
អាន អេសាយ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 24:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ