អេសាយ 16:6-14

អេសាយ 16:6-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​បាន​ឮ​ពី​អំនួត​របស់​សាសន៍​ម៉ូអាប់ គេ​ជា​អ្នក​អួត‌អាង​ណាស់ គេ​ឆ្មើង‌ឆ្មៃ អំនួត និង​ក្រេវ‌ក្រោធ​ផង តែ​ការ​អួត‌អាង​របស់​គេ​ជា​ការ​ឥត​ប្រយោជន៍​ទេ។ ហេតុ​នោះ​បាន​ជា​សាសន៍​ម៉ូអាប់​នឹង​យំ​ពិលាប ចំពោះ​សាសន៍​របស់​ខ្លួន គ្រប់​គ្នា​នឹង​ទ្រហោ‌យំ អ្នក​រាល់​គ្នា​នឹង​យំ​ស្តាយ​ចំពោះ​ផែន​ទំពាំង‌បាយ‌ជូរ នៃ​ក្រុង​គារ-ហារ៉ា​សែត ដោយ​ចិត្ត​ក្តួល។ ដ្បិត​ចម្ការ​នៃ​ក្រុង​ហែស‌បូន សុទ្ធ​តែ​ស្រពោន​ទៅ ព្រម​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​ស៊ីបម៉ា​ដែរ ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន គេ​បាន​កាច់​បំបាក់​ខ្នែង​ល្អ​បំផុត ដែល​បាន​លូត​រហូត​ដល់​ក្រុង​យ៉ាស៊ើរ ហើយ​វារ​ប្រទាក់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន លំពង់​ក៏​លូត​ទៅ​តែ​ពាស កាត់​ទាំង​សមុទ្រ​ផង។ ដូច្នេះ យើង​នឹង​យំ​ចំពោះ​ដើម​ទំពាំង‌បាយ‌ជូរ នៃ​ក្រុង​ស៊ីបម៉ា ដូច​ជា​ការ​យំ​របស់​ពួក​យ៉ាស៊ើរ​ដែរ ឱ​ក្រុង​ហែស‌បូន និង​ក្រុង​អេលាលេ​អើយ យើង​នឹង​ស្រោច​អ្នក​ដោយ​ទឹក​ភ្នែក ដ្បិត​សូរ​សម្រែក​របស់​សឹក​សង្គ្រាម បាន​ធ្លាក់​មក​ចំ​នឹង​ការ​ប្រមូល​ផល និង​ការ​ច្រូត​កាត់​របស់​អ្នក​ហើយ។ ដូច្នេះ អំណរ និង​សេចក្ដី​រីក‌រាយ​បាន​ដក​ចេញ ពី​ស្រែ​ចម្ការ​ដ៏​ដុះ‌ដាល​របស់​អ្នក នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឥត​មាន​ឮ​សូរ​ច្រៀង ឬ​សំឡេង​អំណរ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​បញ្ចេញ​ទឹក​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ដែរ យើង​បាន​បញ្ឈប់​សូរ​សម្រែក នៃ​ការ​ធ្វើ​ទំពាំង‌បាយ‌ជូរ​ហើយ។ ហេតុ​នោះ យើង​នឹង​បញ្ចេញ​សូរ​ទំនួញ ដូច​សូរ​នៃ​ស៊ុង ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​យើង​ដែរ ដោយ​ព្រោះ​គារ-ហារ៉ាសែត។ កាល​ណា​ម៉ូអាប់​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ហើយ​នឿយ​ហត់​ដោយ​ការ​ថ្វាយ​បង្គំ ព្រម​ទាំង​ចូល​ទៅ​អធិ‌ស្ឋាន​ក្នុង​ទី​បរិសុទ្ធ​ផង នោះ​ក៏​មិន​បាន​អ្វី​ឡើយ។ នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​សាសន៍​ម៉ូអាប់។ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ក្នុង​រវាង​បី​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សេចក្ដី​រុងរឿង​ឧត្តម​របស់​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​គេ​មើល‌ងាយ​វិញ ព្រម​ទាំង​ប្រជាជន​កុះ‌ករ​របស់​គេ​ផង។ ឯ​អ្នក​ដែល​នៅ​សល់ មាន​តិច​តួច​ណាស់ ហើយ​ខ្សោយ​ផង។

ចែក​រំលែក
អាន អេសាយ 16

អេសាយ 16:6-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ជន‌ជាតិ​យូដា​តប​វិញ​ថា៖ «យើង​បាន​ឮ​គេ​និយាយ​ថា​ពួក​ម៉ូអាប់ ពូកែ​អួត‌អាង​ខ្លាំង​ណាស់ ពួក​គេ​មាន​ចិត្ត​ព្រហើន វាយ​ឫក​ខ្ពស់ ហើយ​អួត​បំប៉ោង ចង់​ធ្វើ​ជា​មហា​អំណាច»។ ប៉ុន្តែ ឥឡូវ​នេះ ជន‌ជាតិ​ម៉ូអាប់​បែរ​ជា សោក​សង្រេង​អាណិត​ខ្លួន​ឯង​គ្រប់ៗ​គ្នា។ ពួក​គេ​យំ​សោក​ស្ដាយ​អាហារ​ដែល ធ្លាប់​បរិភោគ​នៅ​គារ-‌ហារ៉ា‌សែត ពួក​គេ​ស្រែក​ថ្ងូរ​ដោយ​អស់​សង្ឃឹម។ ចម្ការ​ដំណាំ​នៅ​ហេស‌បូន​ត្រូវ​ខូច​ខាត​អស់ រីឯ​ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា​ក៏​វិនាស ហិន‌ហោច​អស់​ដែរ។ ចម្ការ​នេះ​ធ្លាប់​តែ​ផ្ដល់​ស្រា​ទំពាំង‌បាយជូរ ឲ្យ​មេ​ដឹក​នាំ​ប្រជា‌ជាតិ​នានា។ ចម្ការ​ទំពាំង‌បាយជូរ​នេះ​ធ្លាប់​លាត​សន្ធឹង រហូត​ដល់​យ៉ា‌ស៊ើរ និង​វារ​រហូត​ដល់​វាល​រហោ‌ស្ថាន ព្រម​ទាំង​បែក​មែក​ហួស​សមុទ្រ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ ជា​មួយ​អ្នក​ស្រុក​យ៉ា‌ស៊ើរ ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា។ យើង​បង្ហូរ​ទឹក​ភ្នែក​ស្រោច​ស្រព ហេស‌បូន និង​អេឡា‌លេ ដ្បិត​សង្គ្រាម​បាន​ធ្វើ​ឲ្យ​ភោគ‌ផល​ដំណាំ របស់​អ្នក​រាល់​គ្នា​វិនាស​ហិន‌ហោច​អស់។ នៅ​តាម​ចម្ការ​ដំណាំ​នោះ លែង​មាន​ឮ​សម្រែក​អរ​សប្បាយ​ទៀត​ហើយ រីឯ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ ក៏​គ្មាន​នរណា​ច្រៀង​ដោយ​អំណរ ហើយ​ក៏​គ្មាន​នរណា​គាប​ទំពាំង‌បាយជូរ ដាក់​ក្នុង​ធុង​ទៀត​ដែរ គឺ​លែង​មាន​សម្រែក​ហ៊ោ​កញ្ជ្រៀវ​ទៀត​ហើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្មូត្រ​យ៉ាង អន្លង់‌អន្លោច ដូច​សំឡេង​ពិណ ព្រោះ​ខ្ញុំ​អាណិត​ស្រុក​ម៉ូអាប់ ខ្ញុំ​ស្រណោះ​ក្រុង​គារ-‌ហារ៉ា‌សែត។ គេ​នឹង​ឃើញ​អ្នក​ស្រុក​ម៉ូអាប់​ខំ​ប្រឹង​ឡើង​ទៅ កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ យ៉ាង​ត្រដាប‌ត្រដួស គេ​បន់​ព្រះ​របស់​ខ្លួន​នៅ​កន្លែង​សក្ការៈ តែ​ឥត​បាន​ផល​អ្វី​សោះ។ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រកាស​ទុក​ជា​មុន តាំង​ពី​យូរ​ណាស់​មក​ហើយ ស្ដី​អំពី​ជន‌ជាតិ​ម៉ូអាប់។ ឥឡូវ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គម្រប់​បី​ឆ្នាំ​ទៀត គឺ​គិត​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ មេ​ដឹក​នាំ​របស់​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​វិនាស​សូន្យ​ជា​មួយ​ប្រជា‌ជន​ដ៏​ច្រើន​លើស‌លុប​របស់​ខ្លួន។ រីឯ​អ្នក​ដែល​នៅ​សេស‌សល់​មួយ​ចំនួន​តូច​នឹង​ត្រូវ​អាប់​ឱន»។

ចែក​រំលែក
អាន អេសាយ 16

អេសាយ 16:6-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យើង​បាន​ឮ​និយាយ ពី​សេចក្ដី​អំនួត​របស់​សាសន៍​ម៉ូអាប់​ថា គេ​ជា​អ្នក​អួត‌អាង​ណាស់ គឺ​ពី​សេចក្ដី​ឆ្មើង‌ឆ្មៃ សេចក្ដី​អំនួត នឹង​សេចក្ដី​ក្រេវ‌ក្រោធ​របស់​គេ​ផង តែ​ការ​អួត‌អាង​របស់​គេ​ជា​អសារ​ឥត​ការ​ទទេ ហេតុ​នោះ​បាន​ជា​សាសន៍​ម៉ូអាប់​នឹង​យំ​ពិលាប​ចំពោះ​សាសន៍​របស់​ខ្លួន គ្រប់​គ្នា​នឹង​ទ្រហោ‌យំ ឯង​រាល់​គ្នា​នឹង​យំ​ស្តាយ ចំពោះ​ផែន​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​គារ-ហារ៉ា​សែត ដោយ​ចិត្ត​ក្តួល‌ក្តុក ដ្បិត​ចំការ​នៃ​ក្រុង​ហែសបូន​សុទ្ធ​តែ​ស្រពោន​ទៅ ព្រម​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​ស៊ីបម៉ា​ដែរ ពួក​ចៅហ្វាយ​នៃ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន គេ​បាន​កាច់​បំបាក់​ខ្នែង​ល្អ​បំផុត ដែល​បាន​លូត​រហូត​ដល់​ក្រុង​យ៉ាស៊ើរ ហើយ​វារ​ប្រទាក់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន លំពង់​ក៏​លូត​ទៅ​តែ‌ពាស កាត់​ទាំង​សមុទ្រ​ផង ដូច្នេះ អញ​នឹង​យំ​ចំពោះ​ដើម​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​ស៊ីបម៉ា ដូច​ជា​ការ​យំ​របស់​ពួក​យ៉ាស៊ើរ​ដែរ ឱ​ក្រុង​ហែសបូន នឹង​ក្រុង​អេលាលេ​អើយ អញ​នឹង​ស្រោច​ឯង​ដោយ​ទឹក​ភ្នែក ដ្បិត​សូរ​សំរែក​របស់​សឹក​សង្គ្រាម​បាន​ធ្លាក់​មក​ចំ​នឹង​ការ​ប្រមូល​ផល នឹង​ការ​ច្រូត​កាត់​របស់​ឯង​ហើយ ដូច្នេះ សេចក្ដី​អំណរនឹង​សេចក្ដី​រីក‌រាយ​បាន​ដក​ចេញ​ពី​ស្រែ​ចំការ​ដ៏​ដុះ‌ដាល​របស់​ឯង នៅ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​ឥត​មាន​ឮ​សូរ​ច្រៀង ឬ​សំឡេង​អំណរ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​បញ្ចេញ​ទឹក​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ដែរ អញ​បាន​បញ្ឈប់​សូរ​សំរែក នៃ​ការ​ធ្វើ​ទំពាំង‌បាយ‌ជូរ​ហើយ ហេតុ​នោះ ពោះ​អញ​នឹង​បញ្ចេញ​សូរ​ទំនួញ ដូច​សូរ​នៃ​ស៊ុង ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​អញ​ដែរ ពី​ព្រោះ​គារ-ហារ៉ាសែត កាល​ណា​ម៉ូអាប់​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ហើយ​នឿយ‌ហត់​ដោយ​ការ​ថ្វាយ‌បង្គំ ព្រម​ទាំង​ចូល​ទៅ​អធិ‌ស្ឋាន​ក្នុង​ទី​បរិសុទ្ធ​ផង នោះ​ក៏​មិន​បាន​អ្វី​ឡើយ។ នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ពី​សាសន៍​ម៉ូអាប់​កាល​ពី​ដើម តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ក្នុង​រវាង​៣​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សេចក្ដី​រុងរឿង​ឧត្តម​របស់​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​គេ​មើល‌ងាយ​វិញ ព្រម​ទាំង​ប្រជា‌ជន​កុះ‌ករ​របស់​គេ​ផង ឯ​សំណល់​ដែល​សល់​នៅ នឹង​បាន​តិច‌តួច​ណាស់ ហើយ​ហោច‌ល្អោញ​ផង។

ចែក​រំលែក
អាន អេសាយ 16