យើងបានឮនិយាយ ពីសេចក្ដីអំនួតរបស់សាសន៍ម៉ូអាប់ថា គេជាអ្នកអួតអាងណាស់ គឺពីសេចក្ដីឆ្មើងឆ្មៃ សេចក្ដីអំនួត នឹងសេចក្ដីក្រេវក្រោធរបស់គេផង តែការអួតអាងរបស់គេជាអសារឥតការទទេ ហេតុនោះបានជាសាសន៍ម៉ូអាប់នឹងយំពិលាបចំពោះសាសន៍របស់ខ្លួន គ្រប់គ្នានឹងទ្រហោយំ ឯងរាល់គ្នានឹងយំស្តាយ ចំពោះផែនទំពាំងបាយជូរនៃក្រុងគារ-ហារ៉ាសែត ដោយចិត្តក្តួលក្តុក ដ្បិតចំការនៃក្រុងហែសបូនសុទ្ធតែស្រពោនទៅ ព្រមទាំងដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ាដែរ ពួកចៅហ្វាយនៃសាសន៍ដទៃទាំងប៉ុន្មាន គេបានកាច់បំបាក់ខ្នែងល្អបំផុត ដែលបានលូតរហូតដល់ក្រុងយ៉ាស៊ើរ ហើយវារប្រទាក់ទៅក្នុងទីរហោស្ថាន លំពង់ក៏លូតទៅតែពាស កាត់ទាំងសមុទ្រផង ដូច្នេះ អញនឹងយំចំពោះដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ា ដូចជាការយំរបស់ពួកយ៉ាស៊ើរដែរ ឱក្រុងហែសបូន នឹងក្រុងអេលាលេអើយ អញនឹងស្រោចឯងដោយទឹកភ្នែក ដ្បិតសូរសំរែករបស់សឹកសង្គ្រាមបានធ្លាក់មកចំនឹងការប្រមូលផល នឹងការច្រូតកាត់របស់ឯងហើយ ដូច្នេះ សេចក្ដីអំណរនឹងសេចក្ដីរីករាយបានដកចេញពីស្រែចំការដ៏ដុះដាលរបស់ឯង នៅក្នុងចំការទំពាំងបាយជូរឥតមានឮសូរច្រៀង ឬសំឡេងអំណរឡើយ ក៏នឹងគ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរ នៅក្នុងធុងដែរ អញបានបញ្ឈប់សូរសំរែក នៃការធ្វើទំពាំងបាយជូរហើយ ហេតុនោះ ពោះអញនឹងបញ្ចេញសូរទំនួញ ដូចសូរនៃស៊ុង ដោយព្រោះម៉ូអាប់ ហើយចិត្តអញដែរ ពីព្រោះគារ-ហារ៉ាសែត កាលណាម៉ូអាប់ឡើងទៅឯទីខ្ពស់ ហើយនឿយហត់ដោយការថ្វាយបង្គំ ព្រមទាំងចូលទៅអធិស្ឋានក្នុងទីបរិសុទ្ធផង នោះក៏មិនបានអ្វីឡើយ។ នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលពីសាសន៍ម៉ូអាប់កាលពីដើម តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ក្នុងរវាង៣ឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសេចក្ដីរុងរឿងឧត្តមរបស់សាសន៍ម៉ូអាប់នឹងត្រូវគេមើលងាយវិញ ព្រមទាំងប្រជាជនកុះកររបស់គេផង ឯសំណល់ដែលសល់នៅ នឹងបានតិចតួចណាស់ ហើយហោចល្អោញផង។
អាន អេសាយ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 16:6-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ