អេសាយ 14:18-32

អេសាយ 14:18-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អស់​ទាំង​ស្តេច​របស់​សាសន៍​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ដេក​នៅ​ក្នុង​ទី​រុងរឿង​នៃផ្នូរ​របស់​គេ​រៀង​ខ្លួន តែ​អ្នក​វិញ​ត្រូវ​បោះ​ចោល​ទៅ​ឆ្ងាយ ដូច​ជា​មែក​ដែល​គួរ​ខ្ពើម គឺ​ដូច​ជា​អាវ​របស់​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់ ជា​អ្នក​ដែល​ត្រូវ​គេ​ចាក់​ទម្លុះ​ដោយ​ដាវ ហើយ​ក៏​ចុះ​ទៅ​ដល់​ថ្ម​នៅ​ក្នុង​រណ្តៅ ដូច​ជា​ខ្មោច​ដែល​គេ​ជាន់​ឈ្លី​ដោយ​ជើង។ អ្នក​នឹង​មិន​បាន​មូល​ទៅ​ជា‌មួយ​គេ​នៅ​ក្នុង​ផ្នូរ​ទេ ពី​ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក ហើយ​បាន​សម្លាប់​ប្រជាជន​របស់​អ្នក​ផង ឯ​ពូជ​នៃ​មនុស្ស​អាក្រក់ នឹងគ្មាន​អ្នក​ណា ចេញ​ឈ្មោះ​គេ​នៅ​អស់‌កល្ប​ជា‌និច្ច។ ចូរ​ចាត់​ចែង​ការ​សម្លាប់​ពួក​កូន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឪពុក​វា ដើម្បី​កុំ​ឲ្យ​វា​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ម្ចាស់​ផែនដី​ទៀត ហើយ​សង់​ទី​ក្រុង​ឲ្យ​ពេញ‌ពាស​ក្នុង​លោកីយ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ ហើយ​កាត់​ទាំង​ឈ្មោះ​សំណល់​មនុស្ស ទាំង​កូន និង​ចៅ ចេញ​ពី​ក្រុង​បាប៊ី‌ឡូន» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​បំផ្លាស់​ស្រុក​ឲ្យ​ទៅ​ជា​លំនៅ​របស់​សត្វ​ប្រមា ហើយ​ជា​ត្រពាំង​ទឹក យើង​ក៏​នឹង​បោស​ដោយ​អំបោស​ជា​ការ​បំផ្លាញ»។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​ស្បថ​ថា៖ «ពិត​ប្រាកដ​ជា​នឹង​កើត​មាន​ដូច​ជា​យើង​បាន​គិត​ហើយ ក៏​នឹង​សម្រេច​ដូច​ជា​យើង​បាន​កំណត់​ទុក គឺ​យើង​នឹង​បំបាក់​ទ័ព​ពួក​អាស‌ស៊ើរ ដែល​នៅ​ក្នុង​ស្រុក​របស់​យើង ហើយ​នឹង​ជាន់​ឈ្លី​គេ​នៅ​លើ​ភ្នំ​របស់​យើង គ្រា​នោះ នឹម​របស់​គេ​នឹង​បាត់​ទៅ ហើយ​បន្ទុក​រ​បស់​គេ​នឹង​បាត់​ចេញ​ពី​ស្មា។ នេះ​ហើយ​ជា​ការ​ដែល​បាន​សម្រេច​នឹង​ធ្វើ នៅ​លើ​ផែនដី​ទាំង​មូល ហើយ​នេះ​ជា​ព្រះ‌ហស្ត ដែល​បាន​សន្ធឹង​ទៅ​លើប្រជាជាតិ​ទាំង​អស់។ ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​សម្រេច​នឹង​ធ្វើ​ហើយ តើ​អ្នក​ណា​នឹង​កែ​ប្រែ​បាន? ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​លូក​ទៅ​ហើយ តើ​អ្នក​ណា​នឹងបញ្ឈប់​បាន? នៅ​ឆ្នាំ​ដែល​ស្តេច​អេហាស​សុគត​ទៅ នោះ​មាន​សេចក្ដី​ទំនាយ​ថា៖ ឱ​ពួក​ភីលី‌ស្ទីន​អើយ កុំ​រីក‌រាយ ដោយ​ព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​អ្នក បាន​បាក់​ហើយ​នោះ​ឡើយ ដ្បិត​នឹង​កើត​មាន​ពស់​វែក​ចេញ​ពី​ពូជ​សត្វ​ពស់​មក ហើយ​កូន​របស់​វា​នឹង​ទៅ​ជា​ពស់​ភ្លើង​ហោះ។ នោះ​កូន​ច្បង​របស់​ពួក​មនុស្ស​ទាល់​ក្រ នឹង​មាន​អាហារ​បរិ‌ភោគ ហើយ​មនុស្ស​កម្សត់​ទុគ៌ត​នឹង​ដេក​ទៅ​ដោយ​សុខ‌សាន្ត តែ​យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ស្លាប់​ទៅ​ដោយ​អំណត់​វិញ ហើយ​អ្នក​ដែល​នៅ​សល់​នឹង​ត្រូវ​គេ​សម្លាប់។ ឱ​ទ្វារ​ក្រុង​អើយ ចូរ​ស្រែក​ទ្រហោ ឱ​ទី​ក្រុង​អើយ ចូរ​ស្រែក​យំ​ចុះ ឱ​ស្រុក​ភីលី‌ស្ទីន​អើយ អ្នក​ត្រូវ​រលាយ​ទាំង​អស់​ហើយ ដ្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​កង‌ទ័ព​របស់​គេ ដែល​តាម​គ្នា​មិន​ទាន់​ឡើយ។ តើ​ត្រូវ​ឆ្លើយ​ដល់​ពួក​រាជ‌ទូត​នៃ​នគរ​នោះ យ៉ាង​ណា​ទៅ? គឺ​ត្រូវ​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ពួក​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​ទុក្ខ​វេទនា គេ​នឹង​ពឹង​ជ្រក​ក្នុង​ក្រុង​នោះ។

ចែក​រំលែក
អាន អេសាយ 14

អេសាយ 14:18-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ដេច​របស់​ប្រជា‌ជាតិ​នានា​សុទ្ធ​តែ​សម្រាក យ៉ាង​រុងរឿង ក្នុង​ផ្នូរ​របស់​ខ្លួន។ ចំពោះ​អ្នក​វិញ គេ​បាន​បោះ​សាក‌សព​អ្នក​ចោល​ឆ្ងាយ​ពី​ផ្នូរ គួរ​ឲ្យ​ខ្ពើម ដូច​កូន​ដែល​គេ​រំលូត​ចោល ឬ​ដូច​សាក‌សព​ដែល​គេ​ដើរ​ជាន់។ មាន​សាក‌សព​របស់​អស់​អ្នក​ដែល​គេ សម្លាប់​ដោយ​មុខ​ដាវ​នៅ​គរ​ពី​លើ​អ្នក ហើយ​សាក‌សព​ទាំង​នោះ​ត្រូវ​គេ​ច្រាន​ទម្លាក់ ទៅ​លើ​ថ្ម​នៅ​បាត​រណ្ដៅ។ អ្នក​ពុំ​បាន​សម្រាក​នៅ​ក្នុង​ផ្នូរ ជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក និង​សម្លាប់​ប្រជា‌រាស្ត្រ​របស់​អ្នក។ ទៅ​ថ្ងៃ​មុខ គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះ ពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ។ ព្រោះ​តែ​កំហុស​របស់​ឪពុក ចូរ​ប្រុង​ប្រៀប​ខ្លួន សម្លាប់​រង្គាល​កូន​ប្រុសៗ របស់​គេ​ចោល​ទៅ ក្រែង​លោ​គេ​ក្រោក​ឡើង​រុក‌រាន​ទន្ទ្រាន​ផែនដី ហើយ​សង់​ក្រុង​ពាស‌ពេញ​លើ​ពិភព​លោក។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង ប្រឆាំង​នឹង​ជន‌ជាតិ​បាប៊ី‌ឡូន យើង​នឹង​លុប​បំបាត់​ឈ្មោះ​បាប៊ី‌ឡូន ព្រម​ទាំង​ពូជ‌ពង្ស និង​ខ្សែ​ស្រឡាយ​របស់​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ព្រៃ​រនាម ដែល​មាន​តែ​សត្វ​កាំ‌ប្រមា​រស់​នៅ យើង​នឹង​បោស​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល ដាច់‌អហង្ការ​ថា៖ “យើង​បាន​គ្រោង​ទុក​យ៉ាង​ណា យើង​ក៏​នឹង​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​នោះ​ដែរ យើង​បាន​សម្រេច​យ៉ាង​ណា ហេតុ‌ការណ៍​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ យើង​នឹង​កម្ទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើង យើង​នឹង​ជាន់​ឈ្លី​ពួក​គេ​នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​យក​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើ ប្រជា‌ជន​របស់​យើង​ចេញ ហើយ​យើង​ក៏​នឹង​យក​អម្រែក​ដែល​គេ​ដាក់​លើ ស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ”។ នេះ​ជា​ការ​ដែល​ព្រះអង្គ​បាន​សម្រេច​ធ្វើ ចំពោះ​ផែនដី​ទាំង​មូល ព្រះអង្គ​នឹង​លាត​ព្រះ‌ហស្ដ​ប្រហារ ប្រជា‌ជាតិ​ទាំង​អស់។ បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ គ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយ ពេល​ព្រះអង្គ​លាត​ព្រះ‌ហស្ដ​ប្រហារ​ហើយ គ្មាន​នរណា​អាច​បញ្ឈប់​ព្រះអង្គ​ទេ។ នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អហាស​សោយ​ទិវង្គត ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ភីលីស្ទីន​ទាំង​មូល​អើយ មិន​ត្រូវ​រីក‌រាយ ដោយ​ឃើញ​ដំបង​ដែល ធ្លាប់​វាយ​អ្នក បាន​បាក់​នោះ​ឡើយ! ដ្បិត​នឹង​មាន​ពស់​វែក​មួយ កើត​ចេញ​ពី​ពូជ​របស់​ពស់​នោះ ហើយ​ក៏​នឹង​មាន​ពស់​អសិរ‌ពិស​កើត​ចេញ ពី​ពង​របស់​ពស់​វែក​នោះ​ដែរ។ ពេល​នោះ ព្រះ‌អម្ចាស់​នឹង​ថែរក្សា មនុស្ស​កម្សត់​ទុគ៌ត ព្រះអង្គ​នឹង​នាំ​មនុស្ស​ក្រីក្រ​ទៅ​រក​កន្លែង សម្រាក​យ៉ាង​សុខ‌សាន្ត។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ ពូជ‌ពង្ស​របស់​អ្នក​ស្លាប់​ដោយ​អត់​ឃ្លាន រីឯ​អ្នក​ដែល​នៅ​សល់ នឹង​ស្លាប់​ដោយ​មុខ​ដាវ។ ទ្វារ​ក្រុង​អើយ ចូរ​សោក​សង្រេង​ទៅ! ទីក្រុង​អើយ ចូរ​ស្រែក​យំ​ទៅ! ស្រុក​ភីលីស្ទីន​ទាំង​មូល​រលាយ​សូន្យ​ហើយ ដ្បិត​មាន​ផ្សែង​ហុយ​មក​ពី​ទិស​ខាង​ជើង ខ្មាំង​សត្រូវ​លើក​ទ័ព​មក​ទាំង​អស់​គ្នា ឥត​បាត់​ម្នាក់​ណា​ឡើយ។ តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ទៅ​ទូត របស់​ស្រុក​ភីលីស្ទីន? ត្រូវ​ឆ្លើយ​ថា “ព្រះ‌អម្ចាស់​បាន​សង់​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ជន​ទុគ៌ត​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ​របស់ ព្រះអង្គ​នឹង​ជ្រក​កោន​នៅ​ក្នុង​ក្រុង​នោះ”។

ចែក​រំលែក
អាន អេសាយ 14

អេសាយ 14:18-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​សព​នៃ​អស់​ទាំង​ស្តេច​របស់​សាសន៍​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ដេក​នៅ​ក្នុង​ទី​រុងរឿង​នា​ម៉ុង​របស់​គេ​រៀង​ខ្លួន តែ​ឯង​បាន​ត្រូវ​បោះ​ចោល​ចេញ​ឆ្ងាយ​ពី​ម៉ុង​ឯង​ទៅ ដូច​ជា​មែក​ដែល​គួរ​ខ្ពើម​វិញ គឺ​ដូច​ជា​អាវ​របស់​មនុស្ស​ដែល​ត្រូវ​គេ​សំឡាប់ ជា​អ្នក​ដែល​ត្រូវ​គេ​ចាក់​ទំលុះ​ដោយ​ដាវ ហើយ​ក៏​ចុះ​ទៅ​ដល់​ថ្ម​នៅ​ក្នុង​រណ្តៅ ដូច​ជា​ខ្មោច​ដែល​គេ​ជាន់​ឈ្លី​ដោយ​ជើង ឯង​នឹង​មិន​បាន​មូល​ទៅ​ជា​មួយ​នឹង​គេ​នៅ​ក្នុង​ផ្នូរ​ទេ ពី​ព្រោះ​ឯង​បាន​បំផ្លាញ​ស្រុក​របស់​ឯង ហើយ​បាន​សំឡាប់​ប្រជា‌ជន​របស់​ឯង​ផង ឯ​ពូជ​នៃ​មនុស្ស​អាក្រក់ នឹង​ឥត​មាន​អ្នក​ណា​ចេញ​ឈ្មោះ​គេ​នៅ​អស់‌កល្ប‌ជានិច្ច។ ចូរ​ចាត់‌ចែង​ការ​សំឡាប់​ពួក​កូន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឪពុក​វា ដើម្បី​កុំ​ឲ្យ​វា​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ម្ចាស់​ផែនដី​ទៀត ហើយ​សង់​ទី​ក្រុង​ឲ្យ​ពេញ‌ពាស​ក្នុង​លោកីយ​ឡើយ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ ហើយ​កាត់​ទាំង​ឈ្មោះ នឹង​សំណល់​មនុស្ស ទាំង​កូននឹង​ចៅ ចេញ​ពី​ក្រុង​បាប៊ីឡូន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​បំផ្លាស់​ទី​នោះ​ឲ្យ​ទៅ​ជា​លំនៅ​របស់​សត្វ​ប្រមា ហើយ​ជា​ត្រពាំង​ទឹក អញ​ក៏​នឹង​បោស​ដោយ​អំបោស​ជា​ការ​បំផ្លាញ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ស្បថ​ថា ពិត​ប្រាកដ​ជា​នឹង​កើត​មាន​ដូច​ជា​អញ​បាន​គិត​ហើយ ក៏​នឹង​សំរេច​ដូច​ជា​អញ​បាន​កំណត់​ទុក​ផង គឺ​អញ​នឹង​បំបាក់​ទ័ព​ពួក​អាសស៊ើរ ដែល​នៅ​ក្នុង​ស្រុក​អញ ហើយ​នឹង​ជាន់​ឈ្លី​គេ​នៅ​លើ​ភ្នំ​របស់​អញ គ្រា​នោះ នឹម​របស់​គេ​នឹង​បាត់​ទៅ ហើយ​បន្ទុក​របស់​គេ​នឹង​បាត់​ពី​ស្មា​ចេញ នេះ​ហើយ​ជា​ការ ដែល​បាន​សំរេច​នឹង​ធ្វើ នៅ​លើ​ផែនដី​ទាំង​មូល ហើយ​នេះ​ជា​ព្រះ‌ហស្ត ដែល​បាន​សន្ធឹង​ទៅ​លើ​នគរ​ទាំង​ពួង ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​សំរេច​នឹង​ធ្វើ​ហើយ តើ​អ្នក​ណា​នឹង​រំលប់‌រំលាង​បាន ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​លូក​ទៅ​ហើយ តើ​អ្នក​ណា​នឹង​បង្វិល​ឲ្យ​ត្រឡប់​ទៅ​វិញ​បាន។ នៅ​ឆ្នាំ​ដែល​ស្តេច​អេហាស​សុគត​ទៅ នោះ​មាន​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​នេះ គឺ​ថា នែ ពួក​ភីលីស្ទីន​អើយ កុំ​ឲ្យ​រីក‌រាយ​ពេញ​ល្បុង ដោយ​ព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​ឯង​បាន​ចាក់​ហើយ​នោះ​ឡើយ ដ្បិត​នឹង​កើត​មាន​ពស់‌វែក​ចេញ​ពី​ពូជ​សត្វ​ពស់​មក ហើយ​កូន​របស់​វា​នឹង​ទៅ​ជា​ពស់​ភ្លើង​ហោះ នោះ​កូន​ច្បង​របស់​ពួក​មនុស្ស​ទាល់​ក្រ​នឹង​មាន​អាហារ​បរិភោគ ហើយ​មនុស្ស​កំសត់​ទុគ៌ត​នឹង​ដេក​ទៅ​ដោយ​សុខ‌សាន្ត តែ​អញ​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ឯង​ស្លាប់​ទៅ​ដោយ​អំណត់​អត់​វិញ ហើយ​សំណល់​នៃ​ឯង​នឹង​ត្រូវ​គេ​សំឡាប់​បង់ ឱ​ទ្វារ​ក្រុង​អើយ ចូរ​ស្រែក​ទ្រហោ ឱ​ទី​ក្រុង​អើយ ចូរ​យំ​ពិលាប​ចុះ ឱ​ស្រុក​ភីលីស្ទីន​អើយ ឯង​ត្រូវ​រលាយ​ទាំង​អស់​ហើយ ដ្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​កង‌ទ័ព​របស់​គេ ដែល​តាម​គ្នា​មិន​ទាន់​ឡើយ ដូច្នេះ តើ​ត្រូវ​ឆ្លើយ​ដល់​ពួក​រាជ‌ទូត​នៃ​នគរ​នោះ​យ៉ាង​ណា​ទៅ គឺ​ត្រូវ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ពួក​រាស្ត្រ​របស់​ទ្រង់​ដែល​មាន​ទុក្ខ​វេទនា គេ​នឹង​ពឹង​ជ្រក​ក្នុង​ក្រុង​នោះ។

ចែក​រំលែក
អាន អេសាយ 14