អស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនៃផ្នូររបស់គេរៀងខ្លួន តែអ្នកវិញត្រូវបោះចោលទៅឆ្ងាយ ដូចជាមែកដែលគួរខ្ពើម គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសម្លាប់ ជាអ្នកដែលត្រូវគេចាក់ទម្លុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង។ អ្នកនឹងមិនបានមូលទៅជាមួយគេនៅក្នុងផ្នូរទេ ពីព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក ហើយបានសម្លាប់ប្រជាជនរបស់អ្នកផង ឯពូជនៃមនុស្សអាក្រក់ នឹងគ្មានអ្នកណា ចេញឈ្មោះគេនៅអស់កល្បជានិច្ច។ ចូរចាត់ចែងការសម្លាប់ពួកកូន ដោយព្រោះអំពើទុច្ចរិតរបស់ឪពុកវា ដើម្បីកុំឲ្យវាតាំងខ្លួនឡើងធ្វើជាម្ចាស់ផែនដីទៀត ហើយសង់ទីក្រុងឲ្យពេញពាសក្នុងលោកីយ។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើងទាស់នឹងគេ ហើយកាត់ទាំងឈ្មោះសំណល់មនុស្ស ទាំងកូន និងចៅ ចេញពីក្រុងបាប៊ីឡូន» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «យើងនឹងបំផ្លាស់ស្រុកឲ្យទៅជាលំនៅរបស់សត្វប្រមា ហើយជាត្រពាំងទឹក យើងក៏នឹងបោសដោយអំបោសជាការបំផ្លាញ»។ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានស្បថថា៖ «ពិតប្រាកដជានឹងកើតមានដូចជាយើងបានគិតហើយ ក៏នឹងសម្រេចដូចជាយើងបានកំណត់ទុក គឺយើងនឹងបំបាក់ទ័ពពួកអាសស៊ើរ ដែលនៅក្នុងស្រុករបស់យើង ហើយនឹងជាន់ឈ្លីគេនៅលើភ្នំរបស់យើង គ្រានោះ នឹមរបស់គេនឹងបាត់ទៅ ហើយបន្ទុករបស់គេនឹងបាត់ចេញពីស្មា។ នេះហើយជាការដែលបានសម្រេចនឹងធ្វើ នៅលើផែនដីទាំងមូល ហើយនេះជាព្រះហស្ត ដែលបានសន្ធឹងទៅលើប្រជាជាតិទាំងអស់។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានសម្រេចនឹងធ្វើហើយ តើអ្នកណានឹងកែប្រែបាន? ព្រះហស្តព្រះអង្គបានលូកទៅហើយ តើអ្នកណានឹងបញ្ឈប់បាន? នៅឆ្នាំដែលស្តេចអេហាសសុគតទៅ នោះមានសេចក្ដីទំនាយថា៖ ឱពួកភីលីស្ទីនអើយ កុំរីករាយ ដោយព្រោះរំពាត់ដែលធ្លាប់វាយអ្នក បានបាក់ហើយនោះឡើយ ដ្បិតនឹងកើតមានពស់វែកចេញពីពូជសត្វពស់មក ហើយកូនរបស់វានឹងទៅជាពស់ភ្លើងហោះ។ នោះកូនច្បងរបស់ពួកមនុស្សទាល់ក្រ នឹងមានអាហារបរិភោគ ហើយមនុស្សកម្សត់ទុគ៌តនឹងដេកទៅដោយសុខសាន្ត តែយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក ស្លាប់ទៅដោយអំណត់វិញ ហើយអ្នកដែលនៅសល់នឹងត្រូវគេសម្លាប់។ ឱទ្វារក្រុងអើយ ចូរស្រែកទ្រហោ ឱទីក្រុងអើយ ចូរស្រែកយំចុះ ឱស្រុកភីលីស្ទីនអើយ អ្នកត្រូវរលាយទាំងអស់ហើយ ដ្បិតមានផ្សែងចេញមកពីទិសខាងជើង ឥតមានអ្នកណាមួយក្នុងកងទ័ពរបស់គេ ដែលតាមគ្នាមិនទាន់ឡើយ។ តើត្រូវឆ្លើយដល់ពួករាជទូតនៃនគរនោះ យ៉ាងណាទៅ? គឺត្រូវថា ព្រះយេហូវ៉ាបានតាំងក្រុងស៊ីយ៉ូនឡើង ហើយពួកប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានទុក្ខវេទនា គេនឹងពឹងជ្រកក្នុងក្រុងនោះ។
អាន អេសាយ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 14:18-32
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ