ហូសេ 4:1-19
ហូសេ 4:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានរឿងទាស់នឹងពួកអ្នកស្រុកនេះ ដ្បិតគ្មានសេចក្ដីស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ ផ្ទុយទៅវិញ មានតែការប្រទេចផ្ដាសា ភូតកុហក កាប់សម្លាប់ លួចប្លន់ ហើយប្រព្រឹត្តអំពើផិតក្បត់ គេរឹបជាន់ ហើយកម្ចាយឈាមជាបន្តបន្ទាប់។ ហេតុនេះ ស្រុកនេះនឹងត្រូវសោយសោក ហើយអស់អ្នកដែលនៅក្នុងស្រុក គេនឹងល្វើយទៅ ព្រមទាំងសត្វព្រៃ និងសត្វហើរលើអាកាសផង សូម្បីតែត្រីនៅសមុទ្រក៏ត្រូវដកចេញដែរ។ ប៉ុន្តែ មិនត្រូវឲ្យអ្នកណាជំទាស់ ឬស្តីបន្ទោសគ្នាឡើយ ដ្បិត ឱសង្ឃអើយ យើងជំទាស់នឹងអ្នកតែប៉ុណ្ណោះ។ អ្នកនឹងត្រូវជំពប់ដួលនៅពេលថ្ងៃ ហោរាក៏នឹងជំពប់ដួលជាមួយអ្នក នៅពេលយប់ដែរ យើងនឹងបំផ្លាញម្តាយរបស់អ្នក។ ប្រជារាស្ត្ររបស់យើងត្រូវវិនាសទៅ ដោយព្រោះមិនស្គាល់យើង ដោយព្រោះអ្នកមិនព្រមស្គាល់យើង នោះយើងក៏មិនព្រមទទួលអ្នកជាសង្ឃដល់យើងដែរ ហើយដោយហេតុដែលអ្នក បានបំភ្លេចច្បាប់របស់ព្រះនៃអ្នក យើងក៏នឹងបំភ្លេចកូនចៅរបស់អ្នកដូចគ្នា។ គេមានចំនួនកាន់តែច្រើនប៉ុណ្ណា គេក៏ប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង កាន់តែច្រើនប៉ុណ្ណោះដែរ គេបានប្ដូរសិរីល្អរបស់គេ ឲ្យទៅជាសេចក្ដីអាម៉ាស់! គេចិញ្ចឹមជីវិតដោយតង្វាយលោះបាប របស់ប្រជារាស្ត្រយើង គេសប្បាយចិត្ត ពេលប្រជាជនប្រព្រឹត្តអំពើបាប។ នៅគ្រានោះ ប្រជាជនជាយ៉ាងណា សង្ឃក៏នឹងយ៉ាងនោះដែរ ហើយយើងនឹងដាក់ទោសគេ ដោយព្រោះអំពើដែលគេប្រព្រឹត្ត ព្រមទាំងសងដល់គេ តាមកិរិយារបស់គេផង។ គេនឹងបរិភោគ តែមិនចេះឆ្អែត ក៏នឹងប្រព្រឹត្តអំពើពេស្យាចារ តែឥតបានចម្រើនគ្នាឡើងទេ ព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ទៅប្រព្រឹត្តអំពើពេស្យាចារ។ ស្រាចាស់ និងស្រាថ្មី ធ្វើឲ្យប្រជារាស្ត្ររបស់យើងលែងចេះពិចារណា។ ប្រជារាស្ត្ររបស់យើងទៅសុំយោបល់ពីដុំឈើ ហើយឲ្យដំបងរបស់គេនិយាយប្រាប់គេ ដ្បិតនិស្ស័យនៃអំពើពេស្យាចារបាននាំឲ្យគេវង្វេង គេបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន។ គេថ្វាយយញ្ញបូជានៅលើកំពូលភ្នំទាំងប៉ុន្មាន ក៏ដុតកំញាននៅលើទួលខ្ពស់ៗ នៅក្រោមដើមម៉ៃសាក់ ដើមរលួស និងដើមពោធិ៍ ព្រោះដើមទាំងនោះមានម្លប់ល្អ។ ហេតុនេះហើយបានជាកូនស្រីរបស់អ្នករាល់គ្នា ប្រព្រឹត្តអំពើពេស្យាចារ ហើយកូនប្រសាស្រីរបស់អ្នករាល់គ្នា ក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ។ យើងនឹងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើពេស្យាចារ ក៏មិនដាក់ទោសកូនប្រសាស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើផិតក្បត់ដែរ ដ្បិតខ្លួនគេជាបុរស ក៏បានដកខ្លួនទៅជាមួយស្រីពេស្យាដែរ គេថ្វាយយញ្ញបូជាជាមួយពួកស្រីពេស្យាក្នុងទីសក្ការៈ ប្រជាជនដែលឥតគំនិតយោបល់បែបនេះ នឹងត្រូវវិនាសទៅ។ ឱអ៊ីស្រាអែលអើយ ទោះបើអ្នកប្រព្រឹត្តអំពើពេស្យាចារក៏ដោយ ក៏មិនត្រូវឲ្យយូដាជាប់មានទោសឡើយ។ មិនត្រូវចូលទៅគីលកាល ក៏មិនត្រូវឡើងទៅបេត-អាវេន ឬក៏ស្បថ ក្នុងនាមព្រះយេហូវ៉ា មានព្រះជន្មរស់នៅនោះដែរ។ ដ្បិតអ៊ីស្រាអែលរឹងចចេសដូចគោក្រមុំក្រាញ ឥឡូវនេះ តើព្រះយេហូវ៉ាត្រូវឃ្វាលគេ ដូចឃ្វាលកូនចៀម នៅវាលស្មៅដ៏ទូលំទូលាយបានឬ? អេប្រាអិមបានភ្ជាប់ខ្លួននឹងរូបព្រះហើយ តាមតែគេចុះ កាលគេផឹកស្រារបស់គេអស់ហើយ គេក៏ទៅប្រព្រឹត្តអំពើពេស្យាចារ ពួកមេដឹកនាំរបស់គេចូលចិត្តតែអំពើដ៏អាម៉ាស់។ ខ្យល់បានក្តោបគេដោយស្លាប ហើយគេនឹងត្រូវខ្មាស ដោយព្រោះយញ្ញបូជារបស់ខ្លួន។
ហូសេ 4:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់កំពុងតែប្ដឹងនឹងអ្នកស្រុកនេះ ដ្បិតនៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មាននរណាស្គាល់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា ការបោកប្រាស់គ្នា សម្លាប់គ្នា អំពើចោរកម្ម និងការផិតក្បត់ ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម ជាបន្តបន្ទាប់គ្នា។ ហេតុនេះ ស្រុករបស់ពួកគេនឹងរាំងស្ងួត អស់អ្នកដែលរស់នៅក្នុងស្រុក ព្រមទាំង សត្វព្រៃ និងបក្សាបក្សី ធ្លាក់ទន់ខ្សោយ សូម្បីតែត្រីនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យ ជាមួយពួកគេដែរ។ ប៉ុន្តែ បូជាចារ្យអើយ មិនត្រូវឲ្យនរណាជំទាស់ ឬស្ដីបន្ទោសប្រជាជនឡើយ ដ្បិតយើងចោទប្រកាន់តែអ្នក។ នៅពេលថ្ងៃ អ្នកនឹងជំពប់ដួល នៅពេលយប់ ព្យាការីជំពប់ដួលជាមួយអ្នក ហើយយើងនឹងធ្វើឲ្យម្ដាយរបស់អ្នក ត្រូវវិនាសដែរ។ ប្រជាជនរបស់យើងវិនាស ព្រោះពួកគេមិនស្គាល់យើង។ ដោយអ្នកមិនទទួលស្គាល់យើង យើងនឹងបណ្ដេញអ្នកមិនឲ្យបំពេញមុខងារ ជាបូជាចារ្យរបស់យើងទៀតដែរ។ ដោយអ្នកបានបំភ្លេចក្រឹត្យវិន័យនៃព្រះរបស់អ្នក យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។ ពួកបូជាចារ្យទាំងប៉ុន្មានសុទ្ធតែប្រព្រឹត្ត អំពើបាបប្រឆាំងនឹងយើង យើងនឹងដូរកិត្តិយសរបស់ពួកគេ ឲ្យទៅជាភាពអាម៉ាស់។ អ្នកទាំងនោះបំប៉នខ្លួនឲ្យធំធាត់ ដោយសារ តង្វាយលោះបាបនៃប្រជាជនរបស់យើង ហើយសប្បាយចិត្ត ដោយឃើញពួកគេប្រព្រឹត្តអំពើអាក្រក់។ បូជាចារ្យក៏ដូចជាប្រជាជនដែរ យើងនឹងដាក់ទោសពួកគេ តាមអំពើដែលខ្លួនប្រព្រឹត្ត គឺពួកគេប្រព្រឹត្តយ៉ាងណា យើងនឹងដាក់ទោសពួកគេយ៉ាងនោះដែរ។ ពួកគេបរិភោគ តែមិនចេះឆ្អែត ពួកគេប្រព្រឹត្តអំពើពេស្យាចារ តែមិនបានចម្រុងចម្រើនទេ ដ្បិតពួកគេបោះបង់ចោលយើង ដែលជាព្រះអម្ចាស់ ទៅប្រព្រឹត្ត អំពើពេស្យាចារ ចិត្តប្រាថ្នាចង់ បានស្រាចាស់ និងស្រាថ្មី បាននាំពួកគេឲ្យវង្វេង។ ប្រជារាស្ត្ររបស់យើងទៅរកព្រះធ្វើពីឈើ ឲ្យទស្សន៍ទាយ ដំបងរបស់គេប្រាប់សេចក្ដីដែលគេចង់ដឹង! គំនិតពេស្យាចារបាននាំពួកគេឲ្យវង្វេង ពួកគេប្រព្រឹត្តអំពើពេស្យាចារ ដោយងាកចេញពីព្រះជាម្ចាស់របស់ខ្លួន។ ពួកគេតែងតែធ្វើយញ្ញបូជានៅតាមកំពូលភ្នំ ហើយដុតគ្រឿងក្រអូបនៅតាមទួលខ្ពស់ នៅក្រោមដើមជ្រៃ ក្រោមដើមពោធិ និងក្រោមដើមម៉ៃសាក់ ដែលមានម្លប់ដ៏ត្រជាក់ត្រជុំ! ហេតុនេះ កូនស្រីរបស់អ្នករាល់គ្នា ប្រព្រឹត្តអំពើពេស្យាចារ កូនប្រសាស្រីរបស់អ្នករាល់គ្នា ប្រព្រឹត្តអំពើផិតក្បត់។ យើងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា ព្រោះគេបានប្រព្រឹត្តអំពើពេស្យាចារ ហើយក៏មិនដាក់ទោសកូនប្រសាស្រីរបស់ អ្នករាល់គ្នា ព្រោះតែអំពើផិតក្បត់របស់គេដែរ ដ្បិតអ្នករាល់គ្នាផ្ទាល់បានដកខ្លួន ទៅជាមួយស្រីពេស្យា និងធ្វើយញ្ញបូជារួមជាមួយស្រីពេស្យាសក្ការៈ។ ប្រជាជនដែលមិនចេះគិតពិចារណាបែបនេះ រមែងបោះជំហានទៅរកសេចក្ដីវិនាស។ អ៊ីស្រាអែលអើយ ប្រសិនបើអ្នកប្រព្រឹត្តអំពើពេស្យាចារដូច្នេះ មិនគប្បីឲ្យយូដាធ្វើខុសដូចអ្នកទេ កុំទៅគីលកាល់ កុំឡើងទៅបេតអាវេន ឬក៏ស្បថក្នុងនាម ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅដែរ។ អ៊ីស្រាអែលមានចិត្តរឹងរូសដូចគោញីកៀច ហេតុអ្វីបានជាព្រះអម្ចាស់ត្រូវឃ្វាលពួកគេដូចឃ្វាលកូនចៀម នៅតាមវាលស្មៅដ៏ទូលំទូលាយដូច្នេះ? បើអេប្រាអ៊ីមចូលរួមជាមួយព្រះក្លែងក្លាយ ទុកឲ្យគេចូលរួមទៅ! ពួកគេផឹកស្រាមិនទាន់អស់ចិត្តផង នោះពួកគេបែរទៅប្រព្រឹត្តអំពើពេស្យាចារ។ មេដឹកនាំរបស់ពួកគេចូលចិត្តអំពើដ៏អាម៉ាស់។ ខ្យល់កំបុតត្បូងនឹងកួចពួកគេយកទៅ ហើយពួកគេនឹងត្រូវខ្មាស ព្រោះតែយញ្ញបូជារបស់ខ្លួន។
ហូសេ 4:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានរឿងនឹងពួកអ្នកស្រុកនេះ ពីព្រោះគ្មានសេចក្ដីពិត ឬសេចក្ដីសប្បុរស ក៏ឥតមានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ មានសុទ្ធតែការប្រទេចផ្តាសា ភូតកុហក កាប់សំឡាប់ លួចប្លន់ ហើយផិតគ្នាទទេ គេរឹបជាន់ ហើយកំចាយឈាមតៗគ្នា ហេតុនោះ ស្រុកនេះនឹងត្រូវសោយសោក ហើយអស់អ្នកដែលនៅក្នុងស្រុក គេនឹងល្វើយទៅ ព្រមទាំងសត្វនៅដី នឹងសត្វហើរលើអាកាសផង អើ ទាំងត្រីនៅសមុទ្រក៏ត្រូវដកចេញដែរ ប៉ុន្តែមិនត្រូវឲ្យអ្នកណាតតាំង ឬស្តីបន្ទោសអ្នកណាឡើយ ដ្បិតជនជាតិឯងប្រៀបដូចជាមនុស្សដែលតតាំងនឹងសង្ឃ ហេតុនោះ ឯងនឹងត្រូវចំពប់ទាំងថ្ងៃ ហើយហោរានឹងចំពប់ជាមួយនឹងឯង នៅពេលយប់ដែរ អញនឹងបំផ្លាញទាំងម្តាយឯងផង។ រាស្ត្រអញ គេត្រូវបំផ្លាញទៅ ដោយខ្វះខាតដំរិះដូច្នេះដោយព្រោះឯងមិនព្រមទទួលដំរិះ បានជាអញក៏នឹងបោះបង់ចោលឯង មិនឲ្យធ្វើជាសង្ឃដល់អញទៀតដែរ ហើយដោយហេតុ ដែលឯងបានភ្លេចច្បាប់របស់ព្រះនៃឯង នោះអញក៏នឹងភ្លេចកូនចៅរបស់ឯងដូចគ្នា វាវាល់គ្នាមានចំនួនច្រើនឡើងប៉ុណ្ណា នោះក៏បានធ្វើបាបនឹងអញជាច្រើនប៉ុណ្ណោះដែរ ដូច្នេះ អញនឹងបំផ្លាញកិត្តិសព្ទរបស់គេឲ្យទៅជាសេចក្ដីអាម៉ាស់ខ្មាសវិញ គេចិញ្ចឹមជីវិតដោយអំពើបាបរបស់រាស្ត្រអញ ក៏តាំងចិត្តចំពោះអំពើទុច្ចរិតរបស់វារាល់គ្នា នៅគ្រានោះ បណ្តាជនជាយ៉ាងណា សង្ឃក៏នឹងយ៉ាងនោះដែរ ហើយអញនឹងធ្វើទោសគេ ដោយព្រោះអំពើប្រព្រឹត្តរបស់គេ ព្រមទាំងសងដល់គេ តាមកិរិយារបស់គេផង នោះគេនឹងស៊ីតែមិនបានឆ្អែតទេ ក៏នឹងប្រព្រឹត្តសេចក្ដីកំផិត តែឥតបានចំរើនគ្នាដែរ គឺដោយព្រោះគេបានលែងប្រយ័តចំពោះព្រះយេហូវ៉ាទៅ។ ឯការកំផិត ស្រាទំពាំងបាយជូរ នឹងទឹកទំពាំងបាយជូរថ្មី នោះរមែងដកយោបល់ចេញ រាស្ត្រអញគេសូមសេចក្ដីប្រឹក្សាចំពោះដុំឈើ គឺជាឈើផ្សងរបស់គេដែលឲ្យគេយល់វិញ ដ្បិតនិស្ស័យនៃការកំផិតបានឲ្យគេប្រព្រឹត្តកន្លង គេបានប្រព្រឹត្តការកំផិត ដោយក្បត់ចំពោះព្រះរបស់ខ្លួនហើយ គេថ្វាយយញ្ញបូជានៅលើកំពូលភ្នំទាំងប៉ុន្មាន ក៏ដុតកំញាននៅលើភ្នំតូច នៅក្រោមដើមម៉ៃសាក់ ដើមរលួស នឹងដើមពោធិ៍ទាំងអស់ដែរ ពីព្រោះដើមទាំងនោះមានម្លប់ល្អ គឺហេតុនោះបានជាកូនស្រីរបស់ឯងរាល់គ្នាបានកន្លងបវេណី ហើយអស់ទាំងប្រពន្ធថ្មោងថ្មីក្នុងពួកឯងរាល់គ្នាក៏ប្រព្រឹត្តកំផិតដែរ អញនឹងមិនធ្វើទោសដល់កូនស្រីរបស់ឯង ក្នុងកាលដែលប្រព្រឹត្តកន្លងបវេណី ឬដល់ប្រពន្ធថ្មោងថ្មី ក្នុងកាលដែលប្រព្រឹត្តកំផិតនោះទេ ដ្បិតពួកប្រុសៗក៏ដកខ្លួនទៅដោយឡែក ជាមួយនឹងពួកសំផឹងដែរ គេថ្វាយយញ្ញបូជាជាមួយនឹងពួកកំផិត ដូច្នេះ ជនទាំងឡាយដែលឥតមានយោបល់នេះ គេនឹងត្រូវវិនាសបង់។ ឱអ៊ីស្រាអែលអើយ ទោះបើឯងប្រព្រឹត្តការកំផិតក៏មែនហើយ ប៉ុន្តែមិនត្រូវឲ្យយូដាទៅជាមានទោសឡើយ កុំឲ្យឯងឡើងមកឯគីលកាល ក៏កុំឲ្យឯងឡើងទៅឯបេត-អាវេន ឬស្បថថា «ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ» នោះដែរ ដ្បិតអ៊ីស្រាអែលបានប្រព្រឹត្តដោយរឹងចចេស ដូចជាគោក្រមុំក្រាញ ឥឡូវនេះ តើព្រះយេហូវ៉ាទ្រង់ត្រូវឃ្វាលគេ ដូចជាកូនចៀម នៅទីវាលធំទូលាយឬអី ឯអេប្រាអិមវាភ្ជាប់ខ្លួនតាមរូបព្រះហើយ តាមតែវាចុះ គ្រឿងផឹករបស់គេបានទៅជាជួរហើយ គេប្រព្រឹត្តសេចក្ដីកំផិតជានិច្ច ឯពួកគ្រប់គ្រងលើគេក៏គាប់ចិត្តចំពោះតែអំពើគួរខ្មាស ខ្យល់បានក្តោបគេដោយស្លាប គេនឹងត្រូវមានសេចក្ដីខ្មាស ដោយព្រោះយញ្ញបូជាទាំងប៉ុន្មានរបស់ខ្លួន។