ហូសេ 4:1-19

ហូសេ 4:1-19 គកស១៦

ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​រឿង​ទាស់​នឹង​ពួក​អ្នក​ស្រុក​នេះ ដ្បិត​គ្មាន​សេចក្ដី​ស្មោះ​ត្រង់ គ្មាន​ភក្ដី‌ភាព ហើយ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ នៅ​ក្នុង​ស្រុក​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ប្រទេច​ផ្ដាសា ភូត​កុហក កាប់​សម្លាប់ លួច​ប្លន់ ហើយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ គេ​រឹប​ជាន់ ហើយ​កម្ចាយ​ឈាម​ជា​បន្ត​បន្ទាប់។ ហេតុនេះ ស្រុក​នេះ​នឹង​ត្រូវ​សោយ‌សោក ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​ល្វើយ​ទៅ ព្រម​ទាំង​សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ផង សូម្បី​តែ​ត្រី​នៅ​សមុទ្រ​ក៏​ត្រូវ​ដក​ចេញ​ដែរ។ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​អ្នក​ណា​ជំទាស់ ឬ​ស្តី​បន្ទោស​គ្នា​ឡើយ ដ្បិត ឱ​សង្ឃ​អើយ យើង​ជំទាស់​នឹង​អ្នក​តែ​ប៉ុណ្ណោះ។ អ្នក​នឹង​ត្រូវ​ជំពប់​ដួល​នៅ​ពេល​ថ្ងៃ ហោរា​ក៏​នឹង​ជំពប់​ដួល​ជា​មួយ​អ្នក នៅ​ពេល​យប់​ដែរ យើង​នឹង​បំផ្លាញ​ម្តាយ​របស់​អ្នក។ ប្រជា‌រាស្ត្រ​របស់​យើង​ត្រូវ​វិនាស​ទៅ ដោយ​ព្រោះ​មិន​ស្គាល់​យើង ដោយ​ព្រោះ​អ្នក​មិន​ព្រម​ស្គាល់​យើង នោះ​យើង​ក៏​មិន​ព្រម​ទទួល​អ្នក​ជា​សង្ឃ​ដល់​យើង​ដែរ ហើយ​ដោយ​ហេតុ​ដែល​អ្នក បាន​បំ​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​អ្នក យើង​ក៏​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដូច​គ្នា។ គេ​មាន​ចំនួន​កាន់​តែ​ច្រើន​ប៉ុណ្ណា គេ​ក៏​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង កាន់​តែ​ច្រើន​ប៉ុណ្ណោះ​ដែរ គេ​បាន​ប្ដូរ​សិរីល្អ​របស់​គេ ឲ្យ​ទៅ​ជា​សេចក្ដី​អាម៉ាស់! គេ​ចិញ្ចឹម​ជីវិត​ដោយ​តង្វាយ​លោះ​បាប របស់​ប្រជា​រាស្ត្រ​យើង គេសប្បាយ​ចិត្ត ពេល​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប។ នៅ​គ្រា​នោះ ប្រជា‌ជន​ជា​យ៉ាង​ណា សង្ឃ​ក៏​នឹង​យ៉ាង​នោះ​ដែរ ហើយ​យើង​នឹង​ដាក់​ទោស​គេ ដោយ​ព្រោះ​អំពើ​ដែល​គេ​ប្រព្រឹត្ត ព្រម​ទាំង​សង​ដល់​គេ តាម​កិរិយា​របស់​គេ​ផង។ គេ​នឹង​បរិភោគ តែ​មិនចេះ​ឆ្អែត ក៏​នឹង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ តែ​ឥត​បាន​ចម្រើន​គ្នា​ឡើង​ទេ ព្រោះ​គេ​បាន​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ។ ស្រា​ចាស់ និង​ស្រា​ថ្មី ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​លែង​ចេះ​ពិចារណា។ ប្រជា‌រាស្ត្រ​របស់​យើង​ទៅសុំ​យោបល់​ពី​ដុំ​ឈើ ហើយឲ្យ​ដំបង​របស់​គេ​និយាយ​ប្រាប់​គេ ដ្បិត​និស្ស័យ​នៃ​អំពើ​ពេស្យា​ចារ​បាន​នាំ​ឲ្យ​គេ​វង្វេង គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន។ គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ដុត​កំញាន​នៅ​លើ​ទួល​ខ្ពស់ៗ នៅ​ក្រោម​ដើម​ម៉ៃសាក់ ដើម​រលួស និង​ដើម​ពោធិ៍ ព្រោះ​ដើម​ទាំង​នោះ​មាន​ម្លប់​ល្អ។ ហេតុ​នេះ​ហើយ​បាន​ជា​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ហើយ​កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ។ យើង​នឹង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នករាល់​គ្នា នៅ​ពេល​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា នៅ​ពេល​គេ​ប្រព្រឹត្ត​អំពើ​ផិតក្បត់​ដែរ ដ្បិត​ខ្លួន​គេ​ជា​បុរស ក៏​បាន​ដក​ខ្លួន​ទៅ​ជា​មួយ​ស្រី​ពេស្យា​ដែរ គេ​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​ពួក​ស្រី​ពេស្យា​ក្នុង​ទីសក្ការៈ ប្រជា‌ជន​ដែល​ឥត​គំនិត​យោបល់​បែប​នេះ នឹង​ត្រូវ​វិនាស​ទៅ។ ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​អ្នក​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ​ក៏​ដោយ ក៏​មិន​ត្រូវ​ឲ្យ​យូដា​ជាប់​មាន​ទោស​ឡើយ។ មិន​ត្រូវ​ចូល​ទៅ​គីល‌កាល ក៏​មិន​ត្រូវ​ឡើង​ទៅ​បេត-អាវេន ឬក៏​ស្បថ ក្នុង​នាម​ព្រះ‌យេហូវ៉ា មាន​ព្រះ‌ជន្ម​រស់​នៅ​នោះ​ដែរ។ ដ្បិត​អ៊ីស្រា‌អែល​រឹង​ចចេសដូច​គោ​ក្រមុំ​ក្រាញ ឥឡូវ​នេះ តើ​ព្រះ‌យេហូវ៉ា​ត្រូវ​ឃ្វាល​គេ ដូច​ឃ្វាល​កូន​ចៀម នៅ​វាល​ស្មៅ​ដ៏​ទូលំ​ទូលាយ​បាន​ឬ? អេប្រាអិម​បាន​ភ្ជាប់​ខ្លួន​នឹង​រូប​ព្រះ​ហើយ តាម​តែ​គេ​ចុះ កាល​គេ​ផឹក​ស្រា​របស់​គេ​អស់​ហើយ គេ​ក៏​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ពួក​មេ​ដឹក​នាំ​របស់​គេ​ចូល​ចិត្ត​តែ​អំពើ​ដ៏​អាម៉ាស់។ ខ្យល់​បាន​ក្តោប​គេ​ដោយ​ស្លាប ហើយ​គេ​នឹង​ត្រូវ​ខ្មាស ដោយ​ព្រោះ​យញ្ញ‌បូជា​របស់​ខ្លួន។

អាន ហូសេ 4