ហូសេ 10:1-15 - Compare All Versions
ហូសេ 10:1-15 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
អ៊ីស្រាអែលជាដើមទំពាំងបាយជូរ ដុះទ្រុបទ្រុលដែលមានផ្លែ។ គេមានផលកាន់តែច្រើនឡើងយ៉ាងណា គេក៏សង់អាសនារបស់ខ្លួន កាន់តែច្រើនឡើងយ៉ាងនោះដែរ ហើយស្រុករបស់គេចម្រើនឡើងយ៉ាងណា គេក៏តុបតែងបង្គោលគោរពរបស់គេ ឲ្យកាន់តែល្អឡើងយ៉ាងនោះដែរ។ គេមានចិត្តមិនទៀងត្រង់ ឥឡូវនេះ គេត្រូវតែទទួលទោស ព្រះយេហូវ៉ានឹងផ្តួលរំលំអាសនារបស់គេ ហើយបំផ្លាញបង្គោលគោរពរបស់គេ។ ឥឡូវនេះ គេនឹងពោលថា៖ «យើងគ្មានស្តេចទេ ដ្បិតយើងមិនបានកោតខ្លាចព្រះយេហូវ៉ា តែបើមានស្តេចវិញ តើស្ដេចអាចជួយអ្វីដល់យើងបាន?» គេពោលចេញតែពាក្យឥតបានការ គេស្បថកុហកក្នុងការតាំងសញ្ញានឹងគ្នា ហេតុនេះហើយការវិនិច្ឆ័យក៏ដុះពន្លកឡើង ដូចតិណជាតិមានជាតិពុល ដុះតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។ ពួកអ្នកនៅក្រុងសាម៉ារីនឹងភ័យស្លុត ពីដំណើររូបកូនគោនៅបេត-អាវេន។ ប្រជាជននឹងសោយសោកដោយព្រោះរូបនោះ ហើយពួកសង្ឃដែលគោរពរូបនោះក៏ដូច្នោះដែរ គឺជាអស់អ្នកដែលអរសប្បាយនឹងរូបនោះ ដ្បិតសិរីល្អរបស់រូបនោះបានចេញពីគេបាត់ហើយ។ គេនឹងដឹករូបកូនគោនោះយកទៅស្រុកអាសស៊ើរ ទុកជាតង្វាយថ្វាយដល់ស្តេចដ៏ជាធំ អេប្រាអិមនឹងត្រូវអាម៉ាស់ ហើយអ៊ីស្រាអែលនឹងត្រូវបាក់មុខ ព្រោះតែរូបព្រះ របស់ខ្លួន។ ស្ដេចស្រុកសាម៉ារីនឹងត្រូវវិនាសបាត់ ប្រៀបដូចជាកម្ទេចអណ្ដែតនៅលើផ្ទៃទឹក។ ទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺអំពើបាបរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញចោល។ បន្លា និងអញ្ចាញនឹងដុះឡើងនៅលើអាសនារបស់គេ ហើយគេនឹងពោលទៅកាន់ភ្នំធំៗថា សូមគ្របបាំងពួកយើងផង ហើយពោលទៅកាន់ភ្នំតូចៗថា សូមធ្លាក់មកលើយើងមក! ឱអ៊ីស្រាអែលអើយ អ្នកបានប្រព្រឹត្តអំពើបាប ចាប់តាំងពីគ្រានៅគីបៀរ នៅទីនោះ អ្នកចេះតែប្រព្រឹត្តឥតរាងចាល។ តើចម្បាំងមិនបានដេញទាន់ មនុស្សទុច្ចរិតនៅគីបៀរទេឬ? កាលណាយើងពេញចិត្ត យើងនឹងវាយផ្ចាលគេ ហើយសាសន៍ទាំងប៉ុន្មាននឹងមូលគ្នាទាស់នឹងគេ នៅពេលដែលគេទទួលទោស ព្រោះតែអំពើទុច្ចរិតទ្វេដងរបស់គេ។ អេប្រាអិមជាគោក្រមុំដែលគេបានបង្ហាត់ ដែលចូលចិត្តបញ្ជាន់ស្រូវ តែយើងបានបំពាក់នឹមលើកដ៏ល្អរបស់គេ យើងនឹងឲ្យម្នាក់ជិះលើអេប្រាអិម ត្រូវឲ្យយូដាភ្ជួរ ហើយត្រូវឲ្យយ៉ាកុបរាស់សម្រាប់ខ្លួន។ ចូរសាបព្រោះសេចក្ដីសុចរិតសម្រាប់ខ្លួន ចូរច្រូតកាត់សេចក្ដីសប្បុរស ចូរធ្វើឲ្យដីរបស់អ្នករាល់គ្នាផុលឡើង ដ្បិតនេះជាពេលដែលត្រូវស្វែងរកព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គយាងមក ហើយបង្អុរភ្លៀងជាសេចក្ដីសុចរិតលើអ្នករាល់គ្នា។ អ្នករាល់គ្នាបានភ្ជួរជាអំពើអាក្រក់ ហើយបានច្រូតកាត់ជាអំពើទុច្ចរិត អ្នករាល់គ្នាបានបរិភោគផលនៃការភូតកុហក។ ដោយព្រោះអ្នករាល់គ្នាបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយទុកចិត្តនឹងមនុស្សខ្លាំងពូកែដ៏ច្រើនសន្ធឹករបស់ខ្លួន ដូច្នេះ ភាពវឹកវរក្នុងសង្គ្រាម នឹងកើតឡើងក្នុងចំណោមជនជាតិរបស់អ្នក បន្ទាយទាំងប៉ុន្មានរបស់អ្នកនឹងត្រូវបំផ្លាញ ដូចស្តេចសាលម៉ានបានបំផ្លាញក្រុងបេត-អើបេល នៅថ្ងៃធ្វើសង្គ្រាម គេបោកកម្ទេចម្តាយ ព្រមទាំងកូនឲ្យខ្ទេចខ្ទីជាមួយគ្នា។ ឱបេត-អែលអើយ គឺការយ៉ាងនេះនឹងកើតឡើងដល់អ្នក ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់អ្នក។ នៅពេលព្រលឹមស្រាង ស្តេចអ៊ីស្រាអែលនឹងត្រូវវិនាសសូន្យទៅ។
ហូសេ 10:1-15 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ពីដើម ប្រជាជនអ៊ីស្រាអែល ប្រៀបដូចជាចម្ការទំពាំងបាយជូរ ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ ប៉ុន្តែ ផ្លែចម្រើនឡើងយ៉ាងណា ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ ក៏កើនឡើងច្រើនយ៉ាងនោះដែរ។ ស្រុករបស់គេកាន់តែល្អយ៉ាងណា គេក៏តុបតែងស្តូបសម្រាប់ព្រះក្លែងក្លាយ កាន់តែល្អឡើងៗយ៉ាងនោះដែរ។ ដោយពួកគេមានចិត្តមិនស្មោះ ពួកគេត្រូវតែទទួលទោស គឺព្រះអម្ចាស់នឹងផ្ដួលរំលំអាសនៈរបស់ពួកគេ ព្រមទាំងកម្ទេចស្តូបរបស់ពួកគេទៀតផង។ ឥឡូវនេះ ពួកគេនិយាយគ្នាថា: «យើងគ្មានស្ដេចទេ ព្រោះយើងមិនបាន គោរពកោតខ្លាចព្រះអម្ចាស់។ (ប៉ុន្តែ ប្រសិនបើយើងមានស្ដេច តើស្ដេចអាចជួយយើងបានឬទេ?)»។ ពួកគេពោលពាក្យឥតបានការ និយាយស្បថបំពាន ហើយនាំគ្នាចុះសន្ធិសញ្ញាទៀតផង។ ប៉ុន្តែ ចំពោះពួកគេ យុត្តិធម៌ប្រៀបបាននឹង ពន្លកតិណជាតិមានជាតិពុល ដុះនៅតាមចម្ការដែលគេភ្ជួររាស់។ អ្នកក្រុងសាម៉ារីនឹងភ័យតក់ស្លុត ព្រោះតែរូបគោញីដែលគេគោរព នៅបេត-អាវេន ប្រជាជន និងពួកបូជាចារ្យដែលគោរពបូជា រូបកូនគោ នាំគ្នាធ្វើពិធីកាន់ទុក្ខ។ ទុកឲ្យពួកគេលើកតម្កើងរូបកូនគោទៅ ព្រោះបន្តិចទៀត រូបកូនគោនឹងត្រូវដកចេញ ពីចំណោមពួកគេ។ គេនឹងយករូបកូនគោនេះទៅស្រុកអាស្ស៊ីរី ថ្វាយព្រះចៅអធិរាជ។ អេប្រាអ៊ីមនឹងត្រូវអាម៉ាស់ អ៊ីស្រាអែលនឹងត្រូវបាក់មុខ ព្រោះតែនយោបាយរបស់ខ្លួន។ អ្នកក្រុងសាម៉ារី និងស្ដេចរបស់គេប្រៀបបីដូច កម្ទេចឈើអណ្ដែតត្រសែតនៅលើផ្ទៃទឹក។ ចំណែកឯទីសក្ការៈទាំងឡាយនៅអាវេន ជាកន្លែងដែលប្រជាជនអ៊ីស្រាអែល ប្រព្រឹត្តអំពើបាប ក៏ត្រូវបំផ្លាញចោលដែរ។ រពាក់ និងអញ្ចាញ នឹងដុះលើអាសនៈរបស់គេ។ ពេលនោះ គេនឹងនិយាយទៅកាន់ភ្នំធំៗថា: ចូរជួយលាក់យើងខ្ញុំផង! ហើយគេក៏និយាយទៅកាន់ភ្នំតូចៗថា: ចូររលំសង្កត់លើយើងខ្ញុំមក!។ ចាប់តាំងពីគ្រានៅគីបៀរ អ៊ីស្រាអែលចេះតែ ប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។ ដូច្នេះ គួរឲ្យសង្គ្រាមកើតមាននៅគីបៀរ សម្រាប់ដាក់ទោសជនពាល! យើងនឹងធ្វើទោសពួកគេ តាមចិត្តយើង ជាតិសាសន៍នានានឹងលើកគ្នាមកវាយពួកគេ ដើម្បីដាក់ទោសពួកគេ ព្រោះតែកំហុស ទាំងពីរដែលពួកគេបានប្រព្រឹត្ត។ អេប្រាអ៊ីមប្រៀបបាននឹងគោញី ដែលគេបង្ហាត់ឲ្យចូលចិត្តបញ្ជាន់ស្រូវ ពេលយើងឃើញ ករបស់អេប្រាអ៊ីមមាំល្អដូច្នេះ យើងទឹមអេប្រាអ៊ីម យូដាកំពុងភ្ជួរ ហើយយ៉ាកុបកំពុងរាស់។ ចំណែកឯអ្នករាល់គ្នាវិញ ចូរនាំគ្នាសាបព្រោះសេចក្ដីសុចរិត អ្នករាល់គ្នានឹងច្រូតបានភក្ដីភាពយ៉ាងបរិបូណ៌! ចូរកាប់គាស់ដីចម្ការថ្មី! ដល់ពេលត្រូវស្វែងរកព្រះអម្ចាស់ហើយ គឺចាប់ពីពេលនេះ រហូតដល់ព្រះអង្គយាងមក ចាក់បង្ហូរសេចក្ដីសុចរិតលើអ្នករាល់គ្នា។ អ្នករាល់គ្នាសាបព្រោះអំពើអាក្រក់ នោះអ្នករាល់គ្នាទទួលផលជាអំពើទុច្ចរិត ហើយអ្នករាល់គ្នានឹងបរិភោគផ្លែបោកប្រាស់។ អ្នកបានពឹងផ្អែកលើរទេះចម្បាំង និងលើចំនួនទាហានដ៏អង់អាចរបស់អ្នក។ ហេតុនេះ សម្រែកបរាជ័យលេចឮ ក្នុងកងទ័ពរបស់អ្នក ទីក្រុងដ៏មានកំពែងរឹងមាំរបស់អ្នក នឹងត្រូវខ្មាំងបំផ្លាញ ដូចស្ដេចសាលម៉ាន បានបំផ្លាញក្រុងបេត-អើបេល នៅថ្ងៃធ្វើសឹកសង្គ្រាម គេបានកិនកម្ទេចម្ដាយពីលើកូនរបស់ខ្លួន។ នេះជាផលវិបាកនៃអំពើអាក្រក់ដ៏ហួសហេតុ ដែលអ្នករាល់គ្នាបានប្រព្រឹត្តនៅបេតអែល។ នៅពេលថ្ងៃរះ ស្ដេចស្រុកអ៊ីស្រាអែលនឹងត្រូវ វិនាសសូន្យ។
ហូសេ 10:1-15 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
អ៊ីស្រាអែលជាដើមទំពាំងបាយជូរទ្របទ្រល់ដែលកើតមានផ្លែ គេមានផលកាន់តែច្រើនឡើងយ៉ាងណា នោះក៏ចំរើនអាសនារបស់ខ្លួនជាច្រើនឡើងយ៉ាងនោះដែរ ហើយស្រុកគេបានល្អយ៉ាងណា នោះគេបានធ្វើបង្គោលគោរពឲ្យល្អយ៉ាងនោះដែរ ចិត្តគេចែកជាពីរហើយ គេនឹងត្រូវឃើញថាមានទោសឥឡូវ ទ្រង់នឹងវាយអស់ទាំងអាសនារបស់គេ ហើយបំផ្លាញបង្គោលគោរពរបស់គេបង់ ឥឡូវនេះ ពិតប្រាកដជាគេនឹងពោលថា យើងគ្មានស្តេចទេ ដ្បិតយើងមិនបានកោតខ្លាចដល់ព្រះយេហូវ៉ា តែបើមានស្តេចវិញ តើនឹងមានប្រយោជន៍អ្វីដល់យើង។ គេពោលចេញតែពាក្យប៉ុណ្ណោះ ដោយស្បថកុហកក្នុងការតាំងសញ្ញាគ្នា ហេតុនោះមានការវិនិច្ឆ័យដុះឡើងដូចជាដើមពុល តាមគន្លងក្នុងចំការ ឯពួកអ្នកនៅក្រុងសាម៉ារី គេនឹងភ័យស្លុតពីដំណើររូបកូនគោដែលនៅបេត-អាវេន ដ្បិតពួកជនទាំងឡាយនឹងសោយសោកព្រោះរូបនោះ ព្រមទាំងពួកសង្ឃដែលបានយករូបនោះជាទីរីករាយចិត្តផង ពីព្រោះសិរីល្អរបស់រូបនោះបានបាត់ទៅហើយ គេនឹងដឹកនាំទៅឯស្រុកអាសស៊ើរ ទុកជាដង្វាយថ្វាយដល់ស្តេចយ៉ារែប អេប្រាអិមនឹងទទួលតែសេចក្ដីអាម៉ាស់ខ្មាស ហើយអ៊ីស្រាអែលនឹងត្រូវខ្មាសចំពោះសេចក្ដីប្រឹក្សារបស់ខ្លួន ចំណែកក្រុងសាម៉ារី ស្តេចគេបានសូន្យបាត់ដូចជាពពុះនៅលើទឹក ឯទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺជាអំពើបាបរបស់ពួកអ៊ីស្រាអែល នោះនឹងត្រូវបំផ្លាញ ហើយមានបន្លា នឹងអញ្ចាញដុះឡើង នៅលើអាសនារបស់គេ ហើយគេនឹងនិយាយដល់ភ្នំធំទាំងប៉ុន្មានថា ចូរគ្របបាំងយើងរាល់គ្នាចុះ ហើយដល់ភ្នំតូចទាំងប៉ុន្មានថា ចូរធ្លាក់មកលើយើងចុះ។ ឱអ៊ីស្រាអែលអើយ ឯងបានប្រព្រឹត្តអំពើបាបចាប់តាំងពីគ្រាក្រុងគីបៀររៀងមក នៅទីនោះគេបានឈរនឹងនៅ នៅត្រង់គីបៀរនោះ ចំបាំងទាស់នឹងមនុស្សទុច្ចរិតមិនទាន់មកលើគេនៅឡើយ កាលណាអញពេញចិត្ត នោះអញនឹងវាយផ្ចាលគេ ហើយជនទាំងប៉ុន្មាននឹងមូលគ្នាទាស់នឹងគេ ក្នុងកាលដែលគេបានទឹមនឹមជាមួយនឹងអំពើបាបរបស់គេទាំង២នោះ អេប្រាអិមជាគោក្រមុំថ្នឹកហើយ ដែលចូលចិត្តបញ្ជាន់ស្រូវ តែអញបានបំពាក់នឹមទៅលើកដ៏ល្អរបស់គេ អញនឹងឲ្យម្នាក់ជិះលើអេប្រាអិម ឯយូដាគេនឹងភ្ជួរ ហើយយ៉ាកុបនឹងរាស់។ ចូរសាបព្រោះសំរាប់ខ្លួនដោយសុចរិត ហើយច្រូតកាត់ដោយសេចក្ដីសប្បុរស ចូរកំសុលដីរបស់ឯងរាល់គ្នាឡើង ដ្បិតដល់ពេលដែលគួរស្វែងរកព្រះយេហូវ៉ា ទាល់តែទ្រង់យាងមកបង្អុរ ឲ្យភ្លៀងជាសេចក្ដីសុចរិតមកលើឯងរាល់គ្នា ឯងរាល់គ្នាបានភ្ជួរជាអំពើអាក្រក់ ហើយបានច្រូតកាត់ជាសេចក្ដីទុច្ចរិត ឯងរាល់គ្នាបានស៊ីផលនៃការកុហកហើយ ដ្បិតឯងបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយនឹងចំនួនច្រើននៃមនុស្សខ្លាំងពូកែរបស់ឯង ហេតុនោះ នឹងមានការជ្រួលជ្រើមកើតឡើងក្នុងជនជាតិឯង អស់ទាំងបន្ទាយរបស់ឯងនឹងត្រូវបំផ្លាញ ដូចជាស្តេចសាលម៉ានបានបំផ្លាញក្រុងបេត-អើបេល ក្នុងថ្ងៃចំបាំង នៅគ្រានោះទាំងម្តាយ នឹងកូនផង ក៏ត្រូវបោកខ្ទេចខ្ទីជាមួយគ្នា ឯបេត-អែល នឹងនាំឲ្យឯងបានដូច្នោះដែរ ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់ឯង គឺនៅពេលព្រលឹមស្រាង នោះស្តេចអ៊ីស្រាអែលនឹងត្រូវផ្តាច់ចេញអស់ទៅ។