ហូសេ 10
10
ការវិនាសរបស់អាណាចក្រអ៊ីស្រាអែល
1ពីដើម ប្រជាជនអ៊ីស្រាអែល
ប្រៀបដូចជាចម្ការទំពាំងបាយជូរ
ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។
ប៉ុន្តែ ផ្លែចម្រើនឡើងយ៉ាងណា
ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ
ក៏កើនឡើងច្រើនយ៉ាងនោះដែរ។
ស្រុករបស់គេកាន់តែល្អយ៉ាងណា
គេក៏តុបតែងស្តូបសម្រាប់ព្រះក្លែងក្លាយ
កាន់តែល្អឡើងៗយ៉ាងនោះដែរ។
2ដោយពួកគេមានចិត្តមិនស្មោះ
ពួកគេត្រូវតែទទួលទោស
គឺព្រះអម្ចាស់នឹងផ្ដួលរំលំអាសនៈរបស់ពួកគេ
ព្រមទាំងកម្ទេចស្តូបរបស់ពួកគេទៀតផង។
3ឥឡូវនេះ ពួកគេនិយាយគ្នាថា:
«យើងគ្មានស្ដេចទេ ព្រោះយើងមិនបាន
គោរពកោតខ្លាចព្រះអម្ចាស់។
(ប៉ុន្តែ ប្រសិនបើយើងមានស្ដេច
តើស្ដេចអាចជួយយើងបានឬទេ?)»។
4ពួកគេពោលពាក្យឥតបានការ
និយាយស្បថបំពាន
ហើយនាំគ្នាចុះសន្ធិសញ្ញាទៀតផង។
ប៉ុន្តែ ចំពោះពួកគេ យុត្តិធម៌ប្រៀបបាននឹង
ពន្លកតិណជាតិមានជាតិពុល
ដុះនៅតាមចម្ការដែលគេភ្ជួររាស់។
5អ្នកក្រុងសាម៉ារីនឹងភ័យតក់ស្លុត
ព្រោះតែរូបគោញីដែលគេគោរព
នៅបេត-អាវេន
ប្រជាជន និងពួកបូជាចារ្យដែលគោរពបូជា
រូបកូនគោ នាំគ្នាធ្វើពិធីកាន់ទុក្ខ។
ទុកឲ្យពួកគេលើកតម្កើងរូបកូនគោទៅ
ព្រោះបន្តិចទៀត រូបកូនគោនឹងត្រូវដកចេញ
ពីចំណោមពួកគេ។
6គេនឹងយករូបកូនគោនេះទៅស្រុកអាស្ស៊ីរី
ថ្វាយព្រះចៅអធិរាជ។
អេប្រាអ៊ីមនឹងត្រូវអាម៉ាស់
អ៊ីស្រាអែលនឹងត្រូវបាក់មុខ
ព្រោះតែនយោបាយរបស់ខ្លួន#១០.៦ យើងអាចបកប្រែឃ្លានេះថា «ព្រោះតែព្រះក្លែងក្លាយរបស់ខ្លួន»។។
7អ្នកក្រុងសាម៉ារី និងស្ដេចរបស់គេប្រៀបបីដូច
កម្ទេចឈើអណ្ដែតត្រសែតនៅលើផ្ទៃទឹក#១០.៧ អ្នកក្រុងសាម៉ារី និងស្ដេចរបស់គេនឹងរលាយសូន្យទៅដូចពពុះទឹក។។
8 #
លក. ២៣.៣០; វវ. ៦.១៦ ចំណែកឯទីសក្ការៈទាំងឡាយនៅអាវេន
ជាកន្លែងដែលប្រជាជនអ៊ីស្រាអែល
ប្រព្រឹត្តអំពើបាប ក៏ត្រូវបំផ្លាញចោលដែរ។
រពាក់ និងអញ្ចាញ នឹងដុះលើអាសនៈរបស់គេ។
ពេលនោះ គេនឹងនិយាយទៅកាន់ភ្នំធំៗថា:
ចូរជួយលាក់យើងខ្ញុំផង!
ហើយគេក៏និយាយទៅកាន់ភ្នំតូចៗថា:
ចូររលំសង្កត់លើយើងខ្ញុំមក!។
9 #
ចហ. ១៩.១-៣០
ចាប់តាំងពីគ្រានៅគីបៀរ អ៊ីស្រាអែលចេះតែ
ប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។
ដូច្នេះ គួរឲ្យសង្គ្រាមកើតមាននៅគីបៀរ
សម្រាប់ដាក់ទោសជនពាល!
10យើងនឹងធ្វើទោសពួកគេ តាមចិត្តយើង
ជាតិសាសន៍នានានឹងលើកគ្នាមកវាយពួកគេ
ដើម្បីដាក់ទោសពួកគេ ព្រោះតែកំហុស
ទាំងពីរដែលពួកគេបានប្រព្រឹត្ត។
11អេប្រាអ៊ីមប្រៀបបាននឹងគោញី
ដែលគេបង្ហាត់ឲ្យចូលចិត្តបញ្ជាន់ស្រូវ
ពេលយើងឃើញ ករបស់អេប្រាអ៊ីមមាំល្អដូច្នេះ
យើងទឹមអេប្រាអ៊ីម
យូដាកំពុងភ្ជួរ ហើយយ៉ាកុបកំពុងរាស់។
12 #
យរ. ៤.៣
ចំណែកឯអ្នករាល់គ្នាវិញ
ចូរនាំគ្នាសាបព្រោះសេចក្ដីសុចរិត
អ្នករាល់គ្នានឹងច្រូតបានភក្ដីភាពយ៉ាងបរិបូណ៌!
ចូរកាប់គាស់ដីចម្ការថ្មី!
ដល់ពេលត្រូវស្វែងរកព្រះអម្ចាស់ហើយ
គឺចាប់ពីពេលនេះ រហូតដល់ព្រះអង្គយាងមក
ចាក់បង្ហូរសេចក្ដីសុចរិតលើអ្នករាល់គ្នា។
13អ្នករាល់គ្នាសាបព្រោះអំពើអាក្រក់
នោះអ្នករាល់គ្នាទទួលផលជាអំពើទុច្ចរិត
ហើយអ្នករាល់គ្នានឹងបរិភោគផ្លែបោកប្រាស់។
អ្នកបានពឹងផ្អែកលើរទេះចម្បាំង#១០.១៣ ភាសាក្រិក: រទេះចម្បាំង។ ក្នុងគម្ពីរជាភាសាហេប្រឺមានសរសេរថា: ផ្លូវ ឬក្បួនរបស់អ្នក។
និងលើចំនួនទាហានដ៏អង់អាចរបស់អ្នក។
14ហេតុនេះ សម្រែកបរាជ័យលេចឮ
ក្នុងកងទ័ពរបស់អ្នក
ទីក្រុងដ៏មានកំពែងរឹងមាំរបស់អ្នក
នឹងត្រូវខ្មាំងបំផ្លាញ ដូចស្ដេចសាលម៉ាន
បានបំផ្លាញក្រុងបេត-អើបេល
នៅថ្ងៃធ្វើសឹកសង្គ្រាម
គេបានកិនកម្ទេចម្ដាយពីលើកូនរបស់ខ្លួន។
15នេះជាផលវិបាកនៃអំពើអាក្រក់ដ៏ហួសហេតុ
ដែលអ្នករាល់គ្នាបានប្រព្រឹត្តនៅបេតអែល។
នៅពេលថ្ងៃរះ ស្ដេចស្រុកអ៊ីស្រាអែលនឹងត្រូវ
វិនាសសូន្យ។
ទើបបានជ្រើសរើសហើយ៖
ហូសេ 10: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.