ហេប្រឺ 9:2-14
ហេប្រឺ 9:2-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតគេបានរៀបចំរោងឧបោសថមួយ ដែលផ្នែកខាងមុខហៅថា ទីបរិសុទ្ធ ជាកន្លែងមានជើងចង្កៀង តុ និងនំបុ័ងតាំងទុក។ ខាងក្រោយវាំងននទីពីរ គឺជាផ្នែកទីពីរហៅថា ទីបរិសុទ្ធបំផុត នៅទីនោះមានអាសនាមាសសម្រាប់ដុងគ្រឿងក្រអូប និងហឹបសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះ មានពានមាសដាក់នំម៉ាណា ក៏មានដំបងរបស់លោកអើរ៉ុនដែលមានដុះពន្លក និងបន្ទះថ្មនៃសេចក្ដីសញ្ញា។ នៅពីលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសន្តោសប្រោស។ ប៉ុន្ដែ យើងមិនអាចនិយាយពីរបស់ទាំងនេះដោយពិស្តារ ក្នុងពេលនេះបានទេ។ កាលបានរៀបចំរបស់ទាំងនោះរួចហើយ ពួកសង្ឃក៏ចូលទៅបំពេញការងារនៅក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច តែផ្នែកខាងក្នុង មានតែសម្តេចសង្ឃម្នាក់ប៉ុណ្ណោះដែលចូលទៅបាន ក្នុងមួយឆ្នាំម្តង ទាំងយកឈាមដែលលោកថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់អំពើបាបដែលប្រជាជនប្រព្រឹត្តដោយអចេតនា។ ចំណុចនេះ ព្រះវិញ្ញាណបរិសុទ្ធបង្ហាញថា ដរាបណាផ្នែកខាងមុខនៃរោងឧបោសថនៅមាននៅឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតក៏មិនទាន់បើកចំហដែរ (ដែលនេះជានិមិត្តរូបសម្រាប់ពេលបច្ចុប្បន្ន) ជាគ្រាដែលគេនៅតែថ្វាយតង្វាយ និងយញ្ញបូជានៅឡើយ ដែលតង្វាយទាំងនោះ ពុំអាចនឹងធ្វើឲ្យអ្នកដែលមកថ្វាយបង្គំ បានគ្រប់លក្ខណ៍ខាងមនសិការបានឡើយ គឺដោះស្រាយបានតែខាងម្ហូបអាហារ ភេសជ្ជៈ ហើយការលាងសម្អាតផ្សេងៗ ជាបញ្ញត្តិខាងសាច់ឈាមដែលបង្គាប់មកប៉ុណ្ណោះ ទម្រាំដល់ពេលកែទម្រង់អ្វីៗឡើងវិញ។ ប៉ុន្ដែ ពេលព្រះគ្រីស្ទបានយាងមកក្នុងឋានៈជាសម្តេចសង្ឃ ខាងឯការល្អដែលត្រូវមក នោះដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង (ដែលមិនបានធ្វើដោយដៃមនុស្ស គឺមិនមែននៅក្នុងលោកនេះទេ) ព្រះអង្គបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុតម្ដងជាសូរេច ទាំងបានការប្រោសលោះអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ប្រសិនបើឈាមគោឈ្មោល និងឈាមពពែឈ្មោល ព្រមទាំងផេះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ នោះចំណង់ព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដោយឥតសៅហ្មងដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នឹងសម្អាតមនសិការរបស់យើងឲ្យបានបរិសុទ្ធ ពីកិច្ចការដែលស្លាប់ ដើម្បីគោរពបម្រើព្រះដ៏មានព្រះជន្មរស់ ជាជាងអម្បាលម៉ានទៅទៀត។
ហេប្រឺ 9:2-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រោះគេបានដំឡើងព្រះពន្លា*មួយ ហើយគេហៅផ្នែកខាងមុខថា“ទីសក្ការៈ” នៅទីនោះមានដាក់ជើងចង្កៀង តុ និងនំប៉័ងតង្វាយ។ បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានព្រះពន្លាមួយទៀតហៅថា “ទីសក្ការៈបំផុត”។ នៅទីនោះ មានភាជន៍មួយធ្វើពីមាសសម្រាប់ដុតគ្រឿងក្រអូប និងមានហិប*នៃសម្ពន្ធមេត្រី ស្រោបមាសជុំវិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់លោកអើរ៉ុនដែលមានផ្ការីកចេញមក និងមានបន្ទះថ្មនៃសម្ពន្ធមេត្រីផង។ នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបចេរូប៊ីន* ត្រដាងស្លាបបាំងពីលើកន្លែងថ្វាយឈាមសុំឲ្យរួចពីបាប* រូបនោះបង្ហាញពីវត្តមានរបស់ព្រះជាម្ចាស់។ ប៉ុន្តែ យើងមិនបាច់រៀបរាប់ឲ្យបានល្អិតល្អន់នៅពេលនេះទេ។ អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមបូជាចារ្យក៏នាំគ្នាចូលទៅគោរពបម្រើនៅផ្នែកខាងមុខនៃព្រះពន្លានោះជាប្រក្រតី។ រីឯព្រះពន្លាខាងក្នុងវិញ មានតែលោកមហាបូជាចារ្យប៉ុណ្ណោះ ដែលចូលទៅបាន មួយឆ្នាំម្ដង។ លោកត្រូវតែយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ ដើម្បីលាងកំហុសរបស់ខ្លួនលោកផ្ទាល់ និងកំហុសរបស់ប្រជាជន។ ត្រង់នេះ ព្រះវិញ្ញាណដ៏វិសុទ្ធ*បង្ហាញឲ្យយើងដឹងថា ដរាបណាផ្នែកខាងមុខនៃព្រះពន្លានៅស្ថិតស្ថេរនៅឡើយ ផ្លូវចូលទៅក្នុងទីសក្ការៈក៏ពុំទាន់បើកចំហឲ្យយើងចូលទៅបានដែរ។ នេះហើយជានិមិត្តរូបសម្រាប់បច្ចុប្បន្នកាល គឺមានន័យថា តង្វាយ និងយញ្ញបូជាដែលមនុស្សយកមកថ្វាយព្រះជាម្ចាស់ ពុំអាចធ្វើឲ្យមនសិការរបស់អ្នកដែលមកគោរពបម្រើ ទៅជាគ្រប់លក្ខណៈឡើយ។ ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារ ភេសជ្ជៈ និងអំពីការប្រោះទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទម្រាំដល់ពេលព្រះជាម្ចាស់កែទម្រង់អ្វីៗទាំងអស់ឡើងវិញ។ រីឯព្រះគ្រិស្តវិញ ព្រះអង្គបានយាងមកក្នុងឋានៈជាមហាបូជាចារ្យ ដែលនាំទៅកាន់សម្បត្តិនៅលោកខាងមុខ។ ព្រះអង្គបានយាងកាត់ព្រះពន្លាមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាព្រះពន្លាដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។ ព្រះអង្គពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ ចូលទៅថ្វាយក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។ ប្រសិនបើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើឲ្យរូបកាយគេបរិសុទ្ធ និងឲ្យគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ ចំណង់បើព្រះលោហិតរបស់ព្រះគ្រិស្តវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ខ្លាំងយ៉ាងណាទៅទៀត? គឺដោយសារព្រះវិញ្ញាណដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រិស្តបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ ទុកដូចជាយញ្ញបូជាឥតសៅហ្មង។
ហេប្រឺ 9:2-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតគេបានធ្វើរោងឧបោសថ ដែលប៉ែកខាងមុខហៅថា ទីបរិសុទ្ធ ជាកន្លែងមានជើងចង្កៀង នឹងតុ ហើយនំបុ័ងតាំងទុក ខាងក្រោយវាំងននទី២ មានកន្លែងហៅថា ទីបរិសុទ្ធបំផុត ទីនោះមានជើងពានមាស សំរាប់ដុតគ្រឿងក្រអូប នឹងហឹបនៃសេចក្ដីសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះមានចានមាសដាក់នំម៉ាន៉ា ក៏មានដំបងរបស់លោកអើរ៉ុនដែលប៉ិចឡើង នឹងបន្ទះថ្មនៃសេចក្ដីសញ្ញាផង ឯខាងលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសន្តោសប្រោស តែយើងខ្ញុំថ្លែងពីរបស់ទាំងនោះដោយពិស្តារ ក្នុងពេលឥឡូវនេះមិនបានទេ។ កាលរបស់ទាំងនោះបានរៀបជាស្រេចហើយ នោះពួកសង្ឃក៏ចូលទៅ សំរេចការងារក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច តែឯផ្នែកខាងក្នុង នោះមានតែសំដេចសង្ឃតែឯងប៉ុណ្ណោះ ដែលចូលទៅបាន ក្នុង១ឆ្នាំ១ដង ក៏មិនមែនឥតយកឈាម ដែលលោកថ្វាយដោយព្រោះខ្លួនលោក នឹងអំពើបាបដែលប្រជាជនប្រព្រឹត្ត ដោយឥតដឹងនោះដែរ យ៉ាងនោះ ព្រះវិញ្ញាណបរិសុទ្ធសំដែងថា កាលរោងឧបោសថមុននោះនៅៗឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតមិនទាន់បើកទេ នេះជាសេចក្ដីប្រៀបពន្យល់ដល់ជាន់ឥឡូវនេះ ជាគ្រាដែលគេនៅតែថ្វាយដង្វាយ នឹងយញ្ញបូជានៅឡើយ ដែលដង្វាយទាំងនោះពុំអាចនឹងធ្វើឲ្យអ្នកដែលថ្វាយបានគ្រប់លក្ខណ៍ខាងឯបញ្ញាចិត្តបានឡើយ ដ្បិតមានតែសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ ដែលសំដែងពីម្ហូបម្ហា នឹងគ្រឿងផឹក ហើយការលាងសំអាតផ្សេងៗ ដែលបង្គាប់មក ដរាបដល់វេលាដែលរៀបចំឲ្យត្រឹមត្រូវឡើងវិញ។ ប៉ុន្តែ កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ ខាងឯសេចក្ដីល្អដែលត្រូវមក គឺធ្វើដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនបានធ្វើដោយដៃ គឺថា មិនមែនជារបស់ផងលោកីយនេះទេ នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ ដ្បិតបើសិនជាឈាមគោឈ្មោល នឹងឈាមពពែឈ្មោល ហើយផេះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មង ដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នោះនឹងសំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់ តើជាជាងអម្បាលម៉ានទៅទៀត