ហេព្រើរ 9:2-14

ហេព្រើរ 9:2-14 គកស១៦

ដ្បិត​គេ​បាន​រៀប​ចំ​រោង​ឧបោសថ​មួយ ដែល​ផ្នែក​ខាង​មុខ​ហៅ​ថា ទី​បរិសុទ្ធ ជា​កន្លែង​មាន​ជើង​ចង្កៀង តុ និង​នំបុ័ង​តាំង​ទុក។ ខាង​ក្រោយ​វាំងនន​ទី​ពីរ គឺ​ជា​ផ្នែក​ទីពីរ​ហៅ​ថា ទី​បរិសុទ្ធ​បំផុត នៅ​ទី​នោះ​មាន​អាសនា​មាស​សម្រាប់​ដុង​គ្រឿង​ក្រអូប និង​ហឹប​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំ​វិញ​ទាំង​អស់ នៅ​ក្នុង​ហឹប​នោះ មាន​ពាន​មាស​ដាក់​នំ​ម៉ាណា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ដុះ​ពន្លក និង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា។ នៅ​ពី​លើ​ហឹប​នោះ មាន​រូប​ចេរូ‌ប៊ីន​ដ៏​មាន​សិរី‌ល្អ ដែល​បាំង​ទី​សន្តោស​ប្រោស។ ប៉ុន្ដែ យើង​មិន​អាច​និយាយ​ពី​របស់​ទាំង​នេះ​ដោយ​ពិស្តារ ក្នុង​ពេល​នេះ​បាន​ទេ។ កាល​បាន​រៀប​ចំ​របស់​ទាំង​នោះ​រួច​ហើយ ពួក​សង្ឃ​ក៏​ចូល​ទៅ​បំពេញ​ការ‌ងារ​នៅ​ក្នុង​រោង​ឧបោសថ ផ្នែក​ខាង​មុខ​ជានិច្ច តែ​ផ្នែក​ខាង​ក្នុង មាន​តែ​សម្តេច​សង្ឃ​ម្នាក់​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​បាន ក្នុង​មួយ​ឆ្នាំ​ម្តង ទាំង​យក​ឈាម​ដែល​លោក​ថ្វាយ​សម្រាប់​ខ្លួន​លោក និងសម្រាប់​អំពើ​បាប​ដែល​ប្រជា‌ជន​ប្រព្រឹត្ត​ដោយ​អចេតនា។ ចំណុច​នេះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បង្ហាញ​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​រោង​ឧបោ​សថ​នៅ​មាន​នៅ​ឡើយ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ក៏​មិន​ទាន់​បើក​ចំហដែរ (ដែល​នេះ​ជា​និមិត្ត​រូប​សម្រាប់​ពេល​បច្ចុប្បន្ន) ជា​គ្រា​ដែល​គេ​នៅ​តែ​ថ្វាយ​តង្វាយ និង​យញ្ញ‌បូជា​នៅ​ឡើយ ដែល​តង្វាយ​ទាំង​នោះ ពុំ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដែលមក​ថ្វាយ​បង្គំ បាន​គ្រប់​លក្ខណ៍​ខាង​មនសិការ​បាន​ឡើយ គឺ​ដោះ​ស្រាយ​បាន​តែ​ខាង​ម្ហូប​អាហារ ភេសជ្ជៈ ហើយ​ការ​លាង​សម្អាត​ផ្សេងៗ ជា​បញ្ញត្តិ​ខាង​សាច់​ឈាម​ដែល​បង្គាប់​មក​ប៉ុណ្ណោះ ទម្រាំ​ដល់​ពេល​កែ​ទម្រង់​អ្វីៗ​ឡើង​វិញ។ ប៉ុន្ដែ ពេល​ព្រះ‌គ្រីស្ទ​បាន​យាង​មក​ក្នុង​ឋានៈ​ជា​សម្តេច​សង្ឃ ខាង​ឯ​ការ​ល្អ​ដែល​ត្រូវ​មក នោះ​ដោយ​សារ​រោង​ឧបោសថ​ដ៏​វិសេស​ជាង ហើយ​គ្រប់​លក្ខណ៍​ជាង (ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស គឺ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ) ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ម្ដង​ជា​សូរេច ទាំង​បាន​ការ​ប្រោស​លោះ​អស់​កល្បជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។ ប្រសិន‌បើ​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​ឈ្មោល ព្រម​ទាំង​ផេះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​មនុស្ស​ស្មោក​គ្រោក បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ ខាង​សាច់​ឈាម​បាន​ទៅ​ហើយ នោះ​ចំណង់​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដោយ​ឥត​សៅ‌ហ្មង​ដល់​ព្រះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច នឹង​សម្អាត​មនសិការរប​ស់​យើង​ឲ្យ​បាន​បរិសុទ្ធ ពី​កិច្ច‌ការ​ដែល​ស្លាប់ ដើម្បី​គោរព​បម្រើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។

អាន ហេព្រើរ 9