លោកុប្បត្តិ 9:7-17
លោកុប្បត្តិ 9:7-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដី ហើយឲ្យច្រើនកុះករលើផែនដីចុះ»។ ព្រះទ្រង់មានព្រះបន្ទូលទៅលោកណូអេ និងកូនប្រុសរបស់លោកថា៖ «មើល៍ យើងនឹងតាំងសញ្ញារបស់យើងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នករាល់គ្នាជំនាន់ក្រោយ ជាមួយសត្វមានជីវិតទាំងឡាយដែលនៅជាមួយអ្នករាល់គ្នា ទាំងសត្វស្លាប សត្វស្រុក និងគ្រប់ទាំងសត្វព្រៃនៅផែនដីជាមួយអ្នករាល់គ្នា គឺសត្វទាំងប៉ុន្មានដែលបានចេញពីទូកធំ ។ យើងតាំងសញ្ញាជាមួយអ្នករាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវវិនាសដោយទឹកជំនន់ទៀតឡើយ ហើយក៏នឹងលែងមានទឹកជំនន់បំផ្លាញផែនដីទៀតដែរ»។ ព្រះទ្រង់មានព្រះបន្ទូលថា៖ «នេះជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលយើងតាំងជាមួយអ្នករាល់គ្នា និងអ្វីៗទាំងអស់ដែលមានជីវិត ដែលនៅជាមួយអ្នករាល់គ្នា នៅគ្រប់ជំនាន់តរៀងទៅ គឺយើងដាក់ឥន្ទធនូរបស់យើងនៅក្នុងពពក ហើយឥន្ទធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលយើងបានតាំងជាមួយផែនដី។ កាលណាយើងប្រមូលពពកមកលើផែនដី នោះនឹងឃើញឥន្ទធនូស្ថិតនៅក្នុងពពក ពេលនោះ យើងនឹងនឹកចាំពីសេចក្ដីសញ្ញារបស់យើង ដែលបានតាំងជាមួយអ្នករាល់គ្នា និងជាមួយសត្វលោកទាំងប៉ុន្មានដែលមានជីវិត ហើយទឹកនឹងមិនជន់ឡើងលិចផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយ។ កាលណាឥន្ទធនូស្ថិតនៅក្នុងពពក យើងនឹងមើលឃើញ ហើយនឹកចាំពីសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដែលយើងបានតាំងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតនៅលើផែនដី»។ ព្រះទ្រង់មានព្រះបន្ទូលទៅលោកណូអេថា៖ «នេះហើយជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលយើងបានតាំងជាមួយគ្រប់ទាំងសាច់នៅលើផែនដី»។
លោកុប្បត្តិ 9:7-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើនកុះករលើផែនដី ហើយឲ្យមានពាសពេញលើផែនដីចុះ»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេ និងកូនប្រុសទាំងបីរបស់លោកទៀតថា៖ «យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ជាមួយពូជពង្សរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ ជាមួយសត្វមានជីវិតទាំងប៉ុន្មាន ដែលនៅជាមួយអ្នករាល់គ្នា មានបក្សាបក្សី សត្វស្រុក និងសត្វព្រៃទាំងអស់នៅលើផែនដី ពោលគឺសត្វទាំងប៉ុន្មានដែលចេញពីទូកធំ។ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា គឺគ្មានសត្វលោកណាមួយត្រូវបាត់បង់ជីវិត ដោយសារទឹកជំនន់ធំទៀតឡើយ ហើយក៏លែងមានទឹកជំនន់ធំលិចបំផ្លាញផែនដីទៀតដែរ»។ ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «នេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នករាល់គ្នា ព្រមទាំងអ្វីៗទាំងអស់ដែលមានជីវិត ហើយនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។ ពេលណាយើងប្រមូលពពកឲ្យមូលផ្ដុំគ្នាពីលើផែនដី ឥន្ទធនូក៏នឹងលេចចេញនៅលើមេឃដែរ។ ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។ ឥន្ទធនូនឹងស្ថិតនៅលើមេឃ ពេលណាយើងមើលឥន្ទធនូ យើងនឹងនឹកដល់សម្ពន្ធមេត្រីដ៏នៅស្ថិតស្ថេរជាអង្វែងតរៀងទៅ ជាសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតរស់នៅលើផែនដី»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ឥន្ទធនូនេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយសត្វលោកទាំងអស់ នៅលើផែនដី»។
លោកុប្បត្តិ 9:7-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯឯងរាល់គ្នា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ហើយឲ្យបានសាយគ្រាយនៅផែនដីជាបរិបូរចុះ។ រួចព្រះទ្រង់មានបន្ទូលទៅណូអេនឹងពួកកូនគាត់ថា ឯអញ មើល អញតាំងសញ្ញានឹងឯងរាល់គ្នា ហើយនឹងពូជឯងរាល់គ្នាតរៀងទៅ នឹងគ្រប់ទាំងជីវិតទាំងឡាយ ដែលនៅជាមួយនឹងឯងរាល់គ្នា ទាំងសត្វស្លាប សត្វស្រុក នឹងសត្វព្រៃនៅផែនដីផង គឺនឹងគ្រប់ទាំងសត្វនៅផែនដី ដែលបានចេញពីទូកធំមក អញនឹងតាំងសញ្ញានឹងឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវវិនាសដោយទឹកជន់ទៀតឡើយ នឹងលែងមានទឹកជន់បំផ្លាញផែនដីទៀត ព្រះទ្រង់ក៏មានបន្ទូលថា នេះជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងឯងរាល់គ្នា ហើយនឹងគ្រប់ជីវិតទាំងឡាយដែលនៅជាមួយនឹងឯង នៅអស់ទាំងដំណអស់កល្បជានិច្ច គឺអញដាក់ធ្នូរបស់អញនៅនាពពក នោះហើយជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងផែនដី កាលណាអញប្រមូលពពកមកលើផែនដី នោះនឹងឃើញឥន្ទធនូស្ថិតនៅលើពពកនោះ ហើយអញនឹងនឹកចាំពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងឯងរាល់គ្នា ហើយនឹងអស់ទាំងសត្វគ្រប់ពូជដែរ នោះនឹងគ្មានទឹកជន់ឡើងលិចផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយ ឥន្ទធនូនោះនឹងនៅលើពពក ហើយអញនឹងមើលឃើញ ដើម្បីឲ្យនឹកចាំពីសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដែលព្រះបានតាំងនឹងអស់ទាំងជីវិតគ្រប់ពូជនៅផែនដី ព្រះទ្រង់ក៏មានបន្ទូលទៅណូអេថា នេះហើយជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញបានតាំងនឹងគ្រប់ទាំងសាច់នៅលើផែនដី។