លោកុ‌ប្បត្តិ 9

9
ព្រះ​តាំង​សញ្ញា​ជា‌មួយ​លោក​ណូអេ
1ព្រះ‌ទ្រង់​ប្រទាន​ពរ​ដល់​លោក​ណូអេ និង​កូន​ប្រុស​របស់​លោក ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក‌គេ​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​ពាស‌ពេញ​លើ​ផែន‌ដី​ទៅ 2គ្រប់​ទាំង​សត្វ​នៅ​ផែន‌ដី សត្វ​ហើរ​លើ​អាកាស សត្វ​លូន​វារ​នៅ​ដី និង​ត្រី​ក្នុង​សមុទ្រ​ទាំង​ប៉ុន្មាន នឹង​កោត​ខ្លាច ហើយ​ស្ញប់‌ស្ញែង​ដល់​អ្នក​រាល់​គ្នា។ យើង​ប្រគល់​សត្វ​ទាំង​នោះ​មក​ក្នុង​ដៃ​របស់​អ្នក​ហើយ។ 3បណ្ដា​សត្វ​ទាំង​ប៉ុន្មាន​ដែល​កម្រើក ហើយ​នៅ​រស់ នោះ​នឹង​បាន​ជា​អាហារ​ដល់​អ្នក។ យើង​ឲ្យ​អ្វីៗ​ដល់​អ្នករាល់​គ្នា ដូច​យើង​បាន​ឲ្យ​ជា​តិណ‌ជាតិ​ទាំង​ឡាយ​ដល់​អ្នក​រាល់​គ្នា​ដែរ។ 4ប៉ុន្ដែ អ្នក​មិន​ត្រូវ​បរិ‌ភោគ​សាច់​ដែល​នៅ​មាន​ជីវិត​ឡើយ គឺ​សាច់​ដែល​ជាប់​មាន​ឈាម​របស់​វា។ 5ប្រសិន‌បើ​អ្នក​ណា​យក​ជីវិត​អ្នក​ណា​ម្នាក់ យើង​នឹង​ទារ​ឈាម​ពី​អ្នក​នោះ។ ប្រសិន‌បើ​សត្វ​ណា​សម្លាប់​មនុស្ស សត្វ​នោះ​ត្រូវ​តែ​ស្លាប់ ហើយ​អ្នក​ណា​សម្លាប់​មនុស្ស​ដូច​គ្នា អ្នក​នោះ​ត្រូវ​តែ​ស្លាប់។
6អ្នក​ណា​ដែល​កម្ចាយ​ឈាម​របស់​មនុស្ស
អ្នក​នោះ​នឹង​ត្រូវ​គេ​កម្ចាយ​ឈាម​វិញ
ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​មក
ឲ្យ​ដូច​រូប​អង្គ​ទ្រង់។
7ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស​ពេញ​លើ​ផែន‌ដី ហើយ​ឲ្យ​ច្រើន​កុះ​ករ​លើ​ផែន​ដី​ចុះ»។
8ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ណូអេ និង​កូន​ប្រុស​របស់​លោក​ថា៖ 9«មើល៍ យើង​នឹង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ្នក​រាល់​គ្នា និង​ជា‌មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​ជំនាន់​ក្រោយ 10ជា‌មួយសត្វ​មាន​ជីវិត​ទាំង‌ឡាយ​ដែល​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ទាំង​សត្វ​ស្លាប សត្វ​ស្រុក និង​គ្រប់​ទាំង​សត្វ​ព្រៃ​នៅ​ផែន​ដី​ជា‌មួយ​អ្នក​រាល់​គ្នា គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​បាន​ចេញ​ពី​ទូក​ធំ ។ 11យើង​តាំង​សញ្ញា​ជា‌មួយ​អ្នក​រាល់​គ្នា​ថា គ្រប់​សាច់​ទាំង​អស់​នឹង​មិន​ត្រូវ​វិនាស​ដោយ​ទឹក​ជំនន់​ទៀត​ឡើយ ហើយ​ក៏​នឹង​លែង​មាន​ទឹក​ជំនន់​បំផ្លាញ​ផែន‌ដី​ទៀត​ដែរ»។ 12ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា​ដែល​យើង​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា និង​អ្វីៗទាំង​អស់​ដែល​មាន​ជីវិត ដែល​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា នៅ​គ្រប់​ជំនាន់​តរៀង​ទៅ 13គឺ​យើង​ដាក់​ឥន្ទ‌ធនូ​របស់​យើង​នៅ​ក្នុង​ពពក ហើយ​ឥន្ទ‌ធនូ​នេះ​នឹង​បាន​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​ជា‌មួយ​ផែន‌ដី។ 14កាល​ណា​យើង​ប្រមូល​ពពក​មក​លើ​ផែន‌ដី នោះ​នឹង​ឃើញ​ឥន្ទ‌ធនូ​ស្ថិត​នៅ​ក្នុង​ពពក 15ពេល​នោះ យើង​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​យើង ដែល​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា និង​ជា‌មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ហើយ​ទឹក​នឹង​មិន​ជន់​ឡើង​លិច​ផែន‌ដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ទៀត​ឡើយ។ 16កាល​ណា​ឥន្ទ‌ធនូ​ស្ថិត​នៅ​ក្នុង​ពពក យើង​នឹង​មើល​ឃើញ ហើយ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ដែល​យើង​បាន​តាំង​ជា‌មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​មាន​ជីវិត​នៅ​លើ​ផែន‌ដី»។ 17ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ណូអេ​ថា៖ «នេះ​ហើយ​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​ជា‌មួយ​គ្រប់​ទាំង​សាច់​នៅ​លើ​ផែន‌ដី»។
លោក​ណូអេ និងកូន​ប្រុស​ទាំង​បី​របស់​លោក
18កូន​របស់​លោក​ណូអេ​ដែល​ចេញ​ពី​ទូក​ធំ​មក មាន​សិម ហាំ និង​យ៉ាផែត។ ហាំ​ជា​ឪពុក​របស់​កាណាន។ 19អ្នក​ទាំង​បី​នេះ​ជា​កូន​របស់​លោក​ណូអេ គឺ​កូន​ចៅ​អ្នក​ទាំង​នេះ​ហើយ ដែល​បាន​ចេញ​ទៅ​នៅ​ពាស‌ពេញ​លើ​ផែន‌ដី។
20លោក​ណូអេ​បាន​ចាប់​ផ្ដើម​ភ្ជួរ​រាស់​ដី​ធ្វើ​ចម្ការ ហើយ​ដាំ​ទំពាំង‌បាយ​ជូ​រ​មុន​គេ​ប​ង្អស់។ 21លោក​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ក៏​ស្រវឹង រួច​ដេក​អាក្រាត​នៅ​ក្នុងជំរំ​របស់​លោក។ 22ឯ​ហាំ ជាឪពុក​របស់​កាណាន បាន​ឃើញ​ឪពុក​នៅ​អាក្រាត​ដូច្នេះ ក៏​ទៅ​ប្រាប់​បង‌ប្អូន​ពីរនាក់ទៀត ដែល​នៅ​ខាង​ក្រៅ។ 23ពេល​នោះ សិម និង​យ៉ាផែត នាំ​គ្នា​យក​អាវ​វែង​មក ត្រដាង​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ដើរ​ថយ​ក្រោយ ទៅ​បាំង​កេរ‌ខ្មាស​ឪពុក ទាំង​មើល​ចំ​ទៅ​ខាង​មុខ មិន​ឲ្យ​ឃើញ​កេរ‌ខ្មាស​របស់​ឪពុក​ឡើយ។ 24កាល​លោក​ណូអេ​ស្វាង​ពី​ស្រា ហើយ​ដឹង​ការ​ដែល​កូន​ពៅ​របស់​លោក​បាន​ធ្វើ​ចំពោះ​លោក 25លោក​ក៏​ពោល​ថា៖
«កាណាន​ត្រូវ​បណ្ដា‌សា​ហើយ
វា​នឹង​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​ដល់​បង‌ប្អូន​របស់​វា»។
26លោក​ពោល​ទៀត​ថា៖
«សូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា
ជា​ព្រះ​របស់​សិម
ហើយ​សូម​ឲ្យ​កាណាន​ធ្វើ​ជា​បាវ​បម្រើ
របស់​សិម​ចុះ!
27សូម​ព្រះ‌ទ្រង់​វាត​ទី​ឲ្យ យ៉ាផែត
សូម​ឲ្យ​វា​បាន​អាស្រ័យ​នៅ​ក្នុង​ជំរំ​របស់​សិម
ហើយ​សូម​ឲ្យ​កាណាន​ធ្វើ​ជា​បាវ​បម្រើ​របស់​វា»។
28ក្រោយ​ពី​ទឹក​ជំនន់​មក លោក​ណូអេ​រស់​នៅ​បាន បី​រយ​ហាសិប​ឆ្នាំ​ទៀត។ 29អាយុ​របស់​លោក​ណូអេ​ទាំង​អស់​បាន​ប្រាំ​បួន​រយ​ហា​សិប​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ