លោកុប្បត្តិ 9:20-29
លោកុប្បត្តិ 9:20-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកណូអេបានចាប់ផ្ដើមភ្ជួររាស់ដីធ្វើចម្ការ ហើយដាំទំពាំងបាយជូរមុនគេបង្អស់។ លោកបានផឹកស្រាទំពាំងបាយជូរ ហើយក៏ស្រវឹង រួចដេកអាក្រាតនៅក្នុងជំរំរបស់លោក។ ឯហាំ ជាឪពុករបស់កាណាន បានឃើញឪពុកនៅអាក្រាតដូច្នេះ ក៏ទៅប្រាប់បងប្អូនពីរនាក់ទៀត ដែលនៅខាងក្រៅ។ ពេលនោះ សិម និងយ៉ាផែត នាំគ្នាយកអាវវែងមក ត្រដាងលើស្មារបស់ខ្លួនទាំងពីរនាក់ ដើរថយក្រោយ ទៅបាំងកេរខ្មាសឪពុក ទាំងមើលចំទៅខាងមុខ មិនឲ្យឃើញកេរខ្មាសរបស់ឪពុកឡើយ។ កាលលោកណូអេស្វាងពីស្រា ហើយដឹងការដែលកូនពៅរបស់លោកបានធ្វើចំពោះលោក លោកក៏ពោលថា៖ «កាណានត្រូវបណ្ដាសាហើយ វានឹងត្រូវធ្វើជាបាវបម្រើដល់បងប្អូនរបស់វា»។ លោកពោលទៀតថា៖ «សូមថ្វាយព្រះពរព្រះយេហូវ៉ា ជាព្រះរបស់សិម ហើយសូមឲ្យកាណានធ្វើជាបាវបម្រើ របស់សិមចុះ! សូមព្រះទ្រង់វាតទីឲ្យ យ៉ាផែត សូមឲ្យវាបានអាស្រ័យនៅក្នុងជំរំរបស់សិម ហើយសូមឲ្យកាណានធ្វើជាបាវបម្រើរបស់វា»។ ក្រោយពីទឹកជំនន់មក លោកណូអេរស់នៅបាន បីរយហាសិបឆ្នាំទៀត។ អាយុរបស់លោកណូអេទាំងអស់បានប្រាំបួនរយហាសិបឆ្នាំ រួចលោកក៏ស្លាប់ទៅ។
លោកុប្បត្តិ 9:20-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកណូអេបានភ្ជួររាស់ដី ដាំចម្ការទំពាំងបាយជូរ មុនគេបង្អស់។ លោកបានពិសាស្រាទំពាំងបាយជូរ ហើយស្រវឹង របូតខោអាវនៅក្នុងជំរំរបស់លោក។ លោកហាំដែលជាបុព្វបុរសរបស់ជនជាតិកាណាន បានឃើញឪពុកនៅខ្លួនទទេដូច្នេះ ក៏ទៅប្រាប់បងប្អូនពីរនាក់ទៀតដែលនៅខាងក្រៅ។ ពេលនោះ លោកសិម និងលោកយ៉ាផេត បានយកអាវធំរបស់ឪពុកមកដាក់លើស្មារបស់ខ្លួនទាំងពីរនាក់ ហើយនាំគ្នាដើរថយៗចូលទៅយកអាវគ្របពីលើឪពុក ដែលនៅខ្លួនទទេ។ ដោយអ្នកទាំងពីរបានបែរមុខចេញនោះ គេពុំបានឃើញឪពុកនៅខ្លួនទទេឡើយ។ ពេលលោកណូអេស្វាងស្រា ហើយដឹងអំពីហេតុការណ៍ដែលកូនពៅរបស់លោកធ្វើ លោកក៏ពោលថា៖ «កាណានត្រូវបណ្ដាសាហើយ! សូមឲ្យបងប្អូនរបស់វាប្រើវា ទុកជាទាសករដ៏ថោកទាបជាងគេបំផុត!»។ លោកពោលទៀតថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់សិម សូមឲ្យកាណានបានទៅជា ទាសកររបស់សិមចុះ! សូមព្រះជាម្ចាស់ប្រទានឲ្យយ៉ាផេត មានចិត្តទូលំទូលាយ ឲ្យគេបានស្នាក់នៅ ក្នុងជំរំរបស់សិម ហើយឲ្យកាណាន បានទៅជាទាសកររបស់អ្នកទាំងពីរ»។ ក្រោយទឹកជំនន់ធំ លោកណូអេរស់បានបីរយហាសិបឆ្នាំទៀត។ លោករស់បានទាំងអស់ប្រាំបួនរយហាសិបឆ្នាំ បន្ទាប់មក លោកក៏ទទួលមរណភាព។
លោកុប្បត្តិ 9:20-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯណូអេ គាត់ចាប់តាំងភ្ជួររាស់ដីធ្វើចំការ ហើយដាំទំពាំងបាយជូរ គាត់បានផឹកស្រាទំពាំងបាយជូរនោះ ហើយក៏ស្រវឹងទៅ រួចដេកអាក្រាតនៅក្នុងត្រសាលគាត់ ឯហាំ ជាឪពុកកាណាន បានឃើញឪពុកអាក្រាតដូច្នោះ ក៏ទៅបកកេរ្តិ៍ប្រាប់ដល់បងប្អូនទាំង២ ដែលនៅខាងក្រៅ នោះសិម នឹងយ៉ាផែតនាំគ្នាយកអាវវែងមកត្រដាងពីស្មាទាំង២នាក់ ដើរថយក្រោយទៅបាំងកេរខ្មាសឪពុក ទាំងមើលចំទៅខាងមុខ មិនឲ្យឃើញកេរខ្មាសរបស់គាត់ឡើយ លុះកាលណូអេស្វាងពីស្រាឡើង ក៏បានដឹងការដែលកូនពៅបានធ្វើ នោះគាត់និយាយថា កាណានត្រូវបណ្តាសាហើយ វានឹងត្រូវធ្វើជាអ្នកបំរើដល់ពួកបាវរបស់បងប្អូនវា ហើយគាត់និយាយទៀតថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសិមបានប្រកបដោយព្រះពរ ហើយត្រូវឲ្យកាណានធ្វើបាវបំរើដល់សិមវិញ សូមព្រះទ្រង់វាតទីឲ្យយ៉ាផែត សូមឲ្យវាបានអាស្រ័យនៅក្នុងទីលំនៅរបស់សិម ហើយឲ្យកាណានបានធ្វើជាបាវបំរើរបស់វាដែរ។ លុះក្រោយទឹកជន់លិចមក នោះណូអេ គាត់ក៏រស់នៅបាន៣៥០ឆ្នាំទៅទៀត អាយុរបស់ណូអេ ទាំងអស់រួមបាន៩៥០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។