លោកុប្បត្តិ 9:1-29

លោកុប្បត្តិ 9:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌ទ្រង់​ប្រទាន​ពរ​ដល់​លោក​ណូអេ និង​កូន​ប្រុស​របស់​លោក ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក‌គេ​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​ពាស‌ពេញ​លើ​ផែន‌ដី​ទៅ គ្រប់​ទាំង​សត្វ​នៅ​ផែន‌ដី សត្វ​ហើរ​លើ​អាកាស សត្វ​លូន​វារ​នៅ​ដី និង​ត្រី​ក្នុង​សមុទ្រ​ទាំង​ប៉ុន្មាន នឹង​កោត​ខ្លាច ហើយ​ស្ញប់‌ស្ញែង​ដល់​អ្នក​រាល់​គ្នា។ យើង​ប្រគល់​សត្វ​ទាំង​នោះ​មក​ក្នុង​ដៃ​របស់​អ្នក​ហើយ។ បណ្ដា​សត្វ​ទាំង​ប៉ុន្មាន​ដែល​កម្រើក ហើយ​នៅ​រស់ នោះ​នឹង​បាន​ជា​អាហារ​ដល់​អ្នក។ យើង​ឲ្យ​អ្វីៗ​ដល់​អ្នករាល់​គ្នា ដូច​យើង​បាន​ឲ្យ​ជា​តិណ‌ជាតិ​ទាំង​ឡាយ​ដល់​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្ដែ អ្នក​មិន​ត្រូវ​បរិ‌ភោគ​សាច់​ដែល​នៅ​មាន​ជីវិត​ឡើយ គឺ​សាច់​ដែល​ជាប់​មាន​ឈាម​របស់​វា។ ប្រសិន‌បើ​អ្នក​ណា​យក​ជីវិត​អ្នក​ណា​ម្នាក់ យើង​នឹង​ទារ​ឈាម​ពី​អ្នក​នោះ។ ប្រសិន‌បើ​សត្វ​ណា​សម្លាប់​មនុស្ស សត្វ​នោះ​ត្រូវ​តែ​ស្លាប់ ហើយ​អ្នក​ណា​សម្លាប់​មនុស្ស​ដូច​គ្នា អ្នក​នោះ​ត្រូវ​តែ​ស្លាប់។ អ្នក​ណា​ដែល​កម្ចាយ​ឈាម​របស់​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​គេ​កម្ចាយ​ឈាម​វិញ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់។ ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស​ពេញ​លើ​ផែន‌ដី ហើយ​ឲ្យ​ច្រើន​កុះ​ករ​លើ​ផែន​ដី​ចុះ»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ណូអេ និង​កូន​ប្រុស​របស់​លោក​ថា៖ «មើល៍ យើង​នឹង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ្នក​រាល់​គ្នា និង​ជា‌មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​ជំនាន់​ក្រោយ ជា‌មួយសត្វ​មាន​ជីវិត​ទាំង‌ឡាយ​ដែល​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ទាំង​សត្វ​ស្លាប សត្វ​ស្រុក និង​គ្រប់​ទាំង​សត្វ​ព្រៃ​នៅ​ផែន​ដី​ជា‌មួយ​អ្នក​រាល់​គ្នា គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​បាន​ចេញ​ពី​ទូក​ធំ ។ យើង​តាំង​សញ្ញា​ជា‌មួយ​អ្នក​រាល់​គ្នា​ថា គ្រប់​សាច់​ទាំង​អស់​នឹង​មិន​ត្រូវ​វិនាស​ដោយ​ទឹក​ជំនន់​ទៀត​ឡើយ ហើយ​ក៏​នឹង​លែង​មាន​ទឹក​ជំនន់​បំផ្លាញ​ផែន‌ដី​ទៀត​ដែរ»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា​ដែល​យើង​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា និង​អ្វីៗទាំង​អស់​ដែល​មាន​ជីវិត ដែល​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា នៅ​គ្រប់​ជំនាន់​តរៀង​ទៅ គឺ​យើង​ដាក់​ឥន្ទ‌ធនូ​របស់​យើង​នៅ​ក្នុង​ពពក ហើយ​ឥន្ទ‌ធនូ​នេះ​នឹង​បាន​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​ជា‌មួយ​ផែន‌ដី។ កាល​ណា​យើង​ប្រមូល​ពពក​មក​លើ​ផែន‌ដី នោះ​នឹង​ឃើញ​ឥន្ទ‌ធនូ​ស្ថិត​នៅ​ក្នុង​ពពក ពេល​នោះ យើង​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​យើង ដែល​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា និង​ជា‌មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ហើយ​ទឹក​នឹង​មិន​ជន់​ឡើង​លិច​ផែន‌ដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ទៀត​ឡើយ។ កាល​ណា​ឥន្ទ‌ធនូ​ស្ថិត​នៅ​ក្នុង​ពពក យើង​នឹង​មើល​ឃើញ ហើយ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ដែល​យើង​បាន​តាំង​ជា‌មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​មាន​ជីវិត​នៅ​លើ​ផែន‌ដី»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ណូអេ​ថា៖ «នេះ​ហើយ​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​ជា‌មួយ​គ្រប់​ទាំង​សាច់​នៅ​លើ​ផែន‌ដី»។ កូន​របស់​លោក​ណូអេ​ដែល​ចេញ​ពី​ទូក​ធំ​មក មាន​សិម ហាំ និង​យ៉ាផែត។ ហាំ​ជា​ឪពុក​របស់​កាណាន។ អ្នក​ទាំង​បី​នេះ​ជា​កូន​របស់​លោក​ណូអេ គឺ​កូន​ចៅ​អ្នក​ទាំង​នេះ​ហើយ ដែល​បាន​ចេញ​ទៅ​នៅ​ពាស‌ពេញ​លើ​ផែន‌ដី។ លោក​ណូអេ​បាន​ចាប់​ផ្ដើម​ភ្ជួរ​រាស់​ដី​ធ្វើ​ចម្ការ ហើយ​ដាំ​ទំពាំង‌បាយ​ជូ​រ​មុន​គេ​ប​ង្អស់។ លោក​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ក៏​ស្រវឹង រួច​ដេក​អាក្រាត​នៅ​ក្នុងជំរំ​របស់​លោក។ ឯ​ហាំ ជាឪពុក​របស់​កាណាន បាន​ឃើញ​ឪពុក​នៅ​អាក្រាត​ដូច្នេះ ក៏​ទៅ​ប្រាប់​បង‌ប្អូន​ពីរនាក់ទៀត ដែល​នៅ​ខាង​ក្រៅ។ ពេល​នោះ សិម និង​យ៉ាផែត នាំ​គ្នា​យក​អាវ​វែង​មក ត្រដាង​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ដើរ​ថយ​ក្រោយ ទៅ​បាំង​កេរ‌ខ្មាស​ឪពុក ទាំង​មើល​ចំ​ទៅ​ខាង​មុខ មិន​ឲ្យ​ឃើញ​កេរ‌ខ្មាស​របស់​ឪពុក​ឡើយ។ កាល​លោក​ណូអេ​ស្វាង​ពី​ស្រា ហើយ​ដឹង​ការ​ដែល​កូន​ពៅ​របស់​លោក​បាន​ធ្វើ​ចំពោះ​លោក លោក​ក៏​ពោល​ថា៖ «កាណាន​ត្រូវ​បណ្ដា‌សា​ហើយ វា​នឹង​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​ដល់​បង‌ប្អូន​របស់​វា»។ លោក​ពោល​ទៀត​ថា៖ «សូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សិម ហើយ​សូម​ឲ្យ​កាណាន​ធ្វើ​ជា​បាវ​បម្រើ របស់​សិម​ចុះ! សូម​ព្រះ‌ទ្រង់​វាត​ទី​ឲ្យ យ៉ាផែត សូម​ឲ្យ​វា​បាន​អាស្រ័យ​នៅ​ក្នុង​ជំរំ​របស់​សិម ហើយ​សូម​ឲ្យ​កាណាន​ធ្វើ​ជា​បាវ​បម្រើ​របស់​វា»។ ក្រោយ​ពី​ទឹក​ជំនន់​មក លោក​ណូអេ​រស់​នៅ​បាន បី​រយ​ហាសិប​ឆ្នាំ​ទៀត។ អាយុ​របស់​លោក​ណូអេ​ទាំង​អស់​បាន​ប្រាំ​បួន​រយ​ហា​សិប​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។

លោកុប្បត្តិ 9:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​លោក​ណូអេ ព្រម​ទាំង​កូន​ប្រុស​ទាំង​បី​នាក់​របស់​លោក ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​ពាស‌ពេញ​ផែនដី​ទៅ! សត្វ​ចតុប្បាទ​នៅ​លើ​ផែនដី បក្សា‌បក្សី​នៅ​លើ​មេឃ សត្វ​លូន​វារ​លើ​ដី និង​ត្រី​នៅ​ក្នុង​ទឹក​ទាំង​ប៉ុន្មាន​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា។ យើង​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ម្ចាស់​លើ​សត្វ​ទាំង​នោះ។ សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ ហើយ​មាន​ជីវិត នឹង​បាន​ទៅ​ជា​អាហារ​សម្រាប់​អ្នក​រាល់​គ្នា គឺ​យើង​ឲ្យ​អ្វីៗ​មក​អ្នក​រាល់​គ្នា ដូច​យើង​បាន​ឲ្យ​ធញ្ញជាតិ​ដល់​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ មិន​ត្រូវ​បរិភោគ​សត្វ​ដែល​នៅ​មាន​ជីវិត​ឡើយ ពោល​គឺ​មិន​ត្រូវ​បរិភោគ​សាច់ ដែល​មាន​ជាប់​ឈាម​របស់​វា​ជា​ដាច់​ខាត។ ប្រសិន​បើ​សត្វ​ណា​សម្លាប់​អ្នក​រាល់​គ្នា យើង​នឹង​ឲ្យ​វា​សង​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​រាល់​គ្នា​ពី​សត្វ​នោះ​វិញ ដូច​យើង​ឲ្យ​មនុស្ស​សង​ជីវិត នៅ​ពេល​ណា​ដែល​គេ​សម្លាប់​មនុស្ស​ដូច​គ្នា​ដែរ។ អ្នក​ណា​បង្ហូរ​ឈាម​មនុស្ស អ្នក​នោះ​មុខ​ជា​ត្រូវ​មនុស្ស​បង្ហូរ​ឈាម​វិញ មិន​ខាន។ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្ស​លោក​មក​ជា​តំណាង​របស់​ព្រះអង្គ។ ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​កុះ‌ករ​លើ​ផែនដី ហើយ​ឲ្យ​មាន​ពាស‌ពេញ​លើ​ផែនដី​ចុះ»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ និង​កូន​ប្រុស​ទាំង​បី​របស់​លោក​ទៀត​ថា៖ «យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មាន​បក្សា‌បក្សី សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​នៅ​លើ​ផែនដី ពោល​គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​ទូក​ធំ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា គឺ​គ្មាន​សត្វ​លោក​ណា​មួយ​ត្រូវ​បាត់​បង់​ជីវិត ដោយ‌សារ​ទឹក​ជំនន់​ធំ​ទៀត​ឡើយ ហើយ​ក៏​លែង​មាន​ទឹក​ជំនន់​ធំ​លិច​បំផ្លាញ​ផែនដី​ទៀត​ដែរ»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នេះ​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ហើយ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត​រៀង​ទៅ គឺ​យើង​ដាក់​ឥន្ទធនូ​របស់​យើង​នៅ​លើ​មេឃ ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​ផែនដី។ ពេល​ណា​យើង​ប្រមូល​ពពក​ឲ្យ​មូល​ផ្ដុំ​គ្នា​ពី​លើ​ផែនដី ឥន្ទធនូ​ក៏​នឹង​លេច​ចេញ​នៅ​លើ​មេឃ​ដែរ។ ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​អស់ ទឹក​នឹង​លែង​ជន់​លិច​បំផ្លាញ​សត្វ​លោក​ទាំង​អស់​ទៀត​ហើយ។ ឥន្ទធនូ​នឹង​ស្ថិត​នៅ​លើ​មេឃ ពេល​ណា​យើង​មើល​ឥន្ទធនូ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដ៏​នៅ​ស្ថិត‌ស្ថេរ​ជា​អង្វែង​ត​រៀង​ទៅ ជា​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​មាន​ជីវិត​រស់​នៅ​លើ​ផែនដី»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «ឥន្ទធនូ​នេះ​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​អស់ នៅ​លើ​ផែនដី»។ កូន​ប្រុស​របស់​លោក​ណូអេ​ដែល​បាន​ចេញ​ពី​ទូក​ធំ​នោះ ឈ្មោះ សិម ហាំ និង​យ៉ាផេត។ លោក​ហាំ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន។ កូន​ប្រុស​ទាំង​បី​របស់​លោក​ណូអេ​បាន​បង្កើត​កូន​ចៅ​នៅ​ពាស‌ពេញ​លើ​ផែនដី​ឡើង​វិញ។ លោក​ណូអេ​បាន​ភ្ជួរ​រាស់​ដី ដាំ​ចម្ការ​ទំពាំង‌បាយជូរ មុន​គេ​បង្អស់។ លោក​បាន​ពិសា​ស្រា​ទំពាំង‌បាយជូរ ហើយ​ស្រវឹង របូត​ខោ‌អាវ​នៅ​ក្នុង​ជំរំ​របស់​លោក។ លោក​ហាំ​ដែល​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ដូច្នេះ ក៏​ទៅ​ប្រាប់​បងប្អូន​ពីរ​នាក់​ទៀត​ដែល​នៅ​ខាង​ក្រៅ។ ពេល​នោះ លោក​សិម និង​លោក​យ៉ាផេត បាន​យក​អាវ​ធំ​របស់​ឪពុក​មក​ដាក់​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ហើយ​នាំ​គ្នា​ដើរ​ថយៗ​ចូល​ទៅ​យក​អាវ​គ្រប​ពី​លើ​ឪពុក ដែល​នៅ​ខ្លួន​ទទេ។ ដោយ​អ្នក​ទាំង​ពីរ​បាន​បែរ​មុខ​ចេញ​នោះ គេ​ពុំ​បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ឡើយ។ ពេល​លោក​ណូអេ​ស្វាង​ស្រា ហើយ​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​កូន​ពៅ​របស់​លោក​ធ្វើ លោក​ក៏​ពោល​ថា៖ «កាណាន​ត្រូវ​បណ្ដាសា​ហើយ! សូម​ឲ្យ​បងប្អូន​របស់​វា​ប្រើ​វា ទុក​ជា​ទាសករ​ដ៏​ថោក​ទាប​ជាង​គេ​បំផុត!»។ លោក​ពោល​ទៀត​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​សិម សូម​ឲ្យ​កាណាន​បាន​ទៅ​ជា ទាសករ​របស់​សិម​ចុះ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យ៉ាផេត មាន​ចិត្ត​ទូលំ​ទូលាយ ឲ្យ​គេ​បាន​ស្នាក់​នៅ ក្នុង​ជំរំ​របស់​សិម ហើយ​ឲ្យ​កាណាន បាន​ទៅ​ជា​ទាសករ​របស់​អ្នក​ទាំង​ពីរ»។ ក្រោយ​ទឹក​ជំនន់​ធំ លោក​ណូអេ​រស់​បាន​បី​រយ​ហា‌សិប​ឆ្នាំ​ទៀត។ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហា‌សិប​ឆ្នាំ បន្ទាប់​មក លោក​ក៏​ទទួល​មរណ‌ភាព។

លោកុប្បត្តិ 9:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ណូអេ នឹង​កូន​គាត់ ព្រម​ទាំង​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​បាន​នៅ​ពេញ‌ពាស​លើ​ផែនដី​ចុះ ឯ​គ្រប់​ទាំង​សត្វ​នៅ​ផែនដី សត្វ​ហើរ​លើ​អាកាស សត្វ​លូន​វារ​នៅ​ដី នឹង​ត្រី​ក្នុង​សមុទ្រ​ទាំង​ប៉ុន្មាន​នឹង​កោត‌ខ្លាច ហើយ​ស្ញប់‌ស្ញែង​ដល់​ឯង​រាល់​គ្នា អញ​ប្រគល់​វា​មក​ក្នុង​អំណាច​ឯង​ហើយ បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​កំរើក ហើយ​នៅ​រស់ នោះ​នឹង​បាន​ជា​អាហារ​ដល់​ឯង ដូច​ជា​តិណ‌ជាតិ​ទាំង​អស់​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​នោះ​ដែរ តែ​សាច់​ណា​ដែល​មាន​ជីវិត គឺ​ជា​ឈាម នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ រីឯ​ជីវិត​មនុស្ស​វិញ បើ​អ្នក​ណា​យក​ជីវិត​គេ នោះ​អញ​នឹង​ទារ​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​នោះ​ជា​មិន​ខាន អញ​នឹង​ទារ​ឈាម​អ្នក​នោះ ដោយ‌សារ​អស់​ទាំង​សត្វ ហើយ​ដោយ‌សារ​ដៃ​របស់​មនុស្ស គឺ​ដោយ‌សារ​ដៃ​របស់​បង​ប្អូន​នៃ​អ្នក​ដែល​ស្លាប់​នោះ​ផង អ្នក​ណា​ដែល​កំចាយ​ឈាម​របស់​មនុស្ស នោះ​ឈាម​អ្នក​នោះ​ឯង​នឹង​ត្រូវ​ខ្ចាយ​ដោយ‌សារ​មនុស្ស​ដែរ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់ ឯ​ឯង​រាល់​គ្នា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​សាយ‌គ្រាយ​នៅ​ផែនដី​ជា​បរិបូរ​ចុះ។ រួច​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​ណូអេ​នឹង​ពួក​កូន​គាត់​ថា ឯ​អញ មើល អញ​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​ពូជ​ឯង​រាល់​គ្នា​ត​រៀង​ទៅ នឹង​គ្រប់​ទាំង​ជីវិត​ទាំង‌ឡាយ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ទាំង​សត្វ​ស្លាប សត្វ​ស្រុក នឹង​សត្វ​ព្រៃ​នៅ​ផែនដី​ផង គឺ​នឹង​គ្រប់​ទាំង​សត្វ​នៅ​ផែនដី ដែល​បាន​ចេញ​ពី​ទូក​ធំ​មក អញ​នឹង​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា​ថា គ្រប់​សាច់​ទាំង​អស់​នឹង​មិន​ត្រូវ​វិនាស​ដោយ​ទឹក​ជន់​ទៀត​ឡើយ នឹង​លែង​មាន​ទឹក​ជន់​បំផ្លាញ​ផែនដី​ទៀត ព្រះ​ទ្រង់​ក៏​មាន​បន្ទូល​ថា នេះ​ជា​ទី​សំគាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​តាំង​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​គ្រប់​ជីវិត​ទាំង‌ឡាយ​ដែល​នៅ​ជា​មួយ​នឹង​ឯង នៅ​អស់​ទាំង​ដំណ​អស់​‌កល្ប​ជានិច្ច គឺ​អញ​ដាក់​ធ្នូ​របស់​អញ​នៅ​នា​ពពក នោះ​ហើយ​ជា​ទី​សំគាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​តាំង​នឹង​ផែនដី កាល​ណា​អញ​ប្រមូល​ពពក​មក​លើ​ផែនដី នោះ​នឹង​ឃើញ​ឥន្ទ‌ធនូ​ស្ថិត​នៅ​លើ​ពពក​នោះ ហើយ​អញ​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​អស់​ទាំង​សត្វ​គ្រប់​ពូជ​ដែរ នោះ​នឹង​គ្មាន​ទឹក​ជន់​ឡើង​លិច​ផែនដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ទៀត​ឡើយ ឥន្ទ‌ធនូ​នោះ​នឹង​នៅ​លើ​ពពក ហើយ​អញ​នឹង​មើល​ឃើញ ដើម្បី​ឲ្យ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ព្រះ​បាន​តាំង​នឹង​អស់​ទាំង​ជីវិត​គ្រប់​ពូជ​នៅ​ផែនដី ព្រះ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ណូអេ​ថា នេះ​ហើយ​ជា​ទី​សំគាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គ្រប់​ទាំង​សាច់​នៅ​លើ​ផែនដី។ រីឯ​កូន​ណូអេ​ដែល​ចេញ​ពី​ទូក​ធំ​មក នោះ​គឺ​សិម ហាំ នឹង​យ៉ាផែត ឯ​ហាំ នោះ​ជា​ឪពុក​កាណាន អ្នក​ទាំង​៣​នោះ​ជា​កូន​របស់​ណូអេ គឺ​កូន​ចៅ​អ្នក​ទាំង​នោះ​ហើយ ដែល​បាន​ចេញ​ទៅ​នៅ​ពេញ‌ពាស​លើ​ផែនដី។ ឯ​ណូអេ គាត់​ចាប់​តាំង​ភ្ជួរ‌រាស់​ដី​ធ្វើ​ចំការ ហើយ​ដាំ​ទំពាំង‌បាយ‌ជូរ គាត់​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​នោះ ហើយ​ក៏​ស្រវឹង​ទៅ រួច​ដេក​អាក្រាត​នៅ​ក្នុង​ត្រសាល​គាត់ ឯ​ហាំ ជា​ឪពុក​កាណាន បាន​ឃើញ​ឪពុក​អាក្រាត​ដូច្នោះ ក៏​ទៅ​បក​កេរ្តិ៍​ប្រាប់​ដល់​បង​ប្អូន​ទាំង​២ ដែល​នៅ​ខាង​ក្រៅ នោះ​សិម នឹង​យ៉ាផែត​នាំ​គ្នា​យក​អាវ​វែង​មក​ត្រដាង​ពី​ស្មា​ទាំង​២​នាក់ ដើរ​ថយ​ក្រោយ​ទៅ​បាំង​កេរ‌ខ្មាស​ឪពុក ទាំង​មើល​ចំ​ទៅ​ខាង​មុខ មិន​ឲ្យ​ឃើញ​កេរ‌ខ្មាស​របស់​គាត់​ឡើយ លុះ​កាល​ណូអេ​ស្វាង​ពី​ស្រា​ឡើង ក៏​បាន​ដឹង​ការ​ដែល​កូន​ពៅ​បាន​ធ្វើ នោះ​គាត់​និយាយ​ថា កាណាន​ត្រូវ​បណ្តាសា​ហើយ វា​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​ពួក​បាវ​របស់​បង​ប្អូន​វា ហើយ​គាត់​និយាយ​ទៀត​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សិម​បាន​ប្រកប​ដោយ​ព្រះ​ពរ ហើយ​ត្រូវ​ឲ្យ​កាណាន​ធ្វើ​បាវ​បំរើ​ដល់​សិម​វិញ សូម​ព្រះ‌ទ្រង់​វាត​ទី​ឲ្យ​យ៉ាផែត សូម​ឲ្យ​វា​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លំនៅ​របស់​សិម ហើយ​ឲ្យ​កាណាន​បាន​ធ្វើ​ជា​បាវ​បំរើ​របស់​វា​ដែរ។ លុះ​ក្រោយ​ទឹក​ជន់​លិច​មក នោះ​ណូអេ គាត់​ក៏​រស់​នៅ​បាន​៣៥០​ឆ្នាំ​ទៅ​ទៀត អាយុ​របស់​ណូអេ ទាំង​អស់​រួម​បាន​៩៥០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។