លោកុប្បត្តិ 9:1-17

លោកុប្បត្តិ 9:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌ទ្រង់​ប្រទាន​ពរ​ដល់​លោក​ណូអេ និង​កូន​ប្រុស​របស់​លោក ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក‌គេ​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​ពាស‌ពេញ​លើ​ផែន‌ដី​ទៅ គ្រប់​ទាំង​សត្វ​នៅ​ផែន‌ដី សត្វ​ហើរ​លើ​អាកាស សត្វ​លូន​វារ​នៅ​ដី និង​ត្រី​ក្នុង​សមុទ្រ​ទាំង​ប៉ុន្មាន នឹង​កោត​ខ្លាច ហើយ​ស្ញប់‌ស្ញែង​ដល់​អ្នក​រាល់​គ្នា។ យើង​ប្រគល់​សត្វ​ទាំង​នោះ​មក​ក្នុង​ដៃ​របស់​អ្នក​ហើយ។ បណ្ដា​សត្វ​ទាំង​ប៉ុន្មាន​ដែល​កម្រើក ហើយ​នៅ​រស់ នោះ​នឹង​បាន​ជា​អាហារ​ដល់​អ្នក។ យើង​ឲ្យ​អ្វីៗ​ដល់​អ្នករាល់​គ្នា ដូច​យើង​បាន​ឲ្យ​ជា​តិណ‌ជាតិ​ទាំង​ឡាយ​ដល់​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្ដែ អ្នក​មិន​ត្រូវ​បរិ‌ភោគ​សាច់​ដែល​នៅ​មាន​ជីវិត​ឡើយ គឺ​សាច់​ដែល​ជាប់​មាន​ឈាម​របស់​វា។ ប្រសិន‌បើ​អ្នក​ណា​យក​ជីវិត​អ្នក​ណា​ម្នាក់ យើង​នឹង​ទារ​ឈាម​ពី​អ្នក​នោះ។ ប្រសិន‌បើ​សត្វ​ណា​សម្លាប់​មនុស្ស សត្វ​នោះ​ត្រូវ​តែ​ស្លាប់ ហើយ​អ្នក​ណា​សម្លាប់​មនុស្ស​ដូច​គ្នា អ្នក​នោះ​ត្រូវ​តែ​ស្លាប់។ អ្នក​ណា​ដែល​កម្ចាយ​ឈាម​របស់​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​គេ​កម្ចាយ​ឈាម​វិញ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់។ ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស​ពេញ​លើ​ផែន‌ដី ហើយ​ឲ្យ​ច្រើន​កុះ​ករ​លើ​ផែន​ដី​ចុះ»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ណូអេ និង​កូន​ប្រុស​របស់​លោក​ថា៖ «មើល៍ យើង​នឹង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ្នក​រាល់​គ្នា និង​ជា‌មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​ជំនាន់​ក្រោយ ជា‌មួយសត្វ​មាន​ជីវិត​ទាំង‌ឡាយ​ដែល​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ទាំង​សត្វ​ស្លាប សត្វ​ស្រុក និង​គ្រប់​ទាំង​សត្វ​ព្រៃ​នៅ​ផែន​ដី​ជា‌មួយ​អ្នក​រាល់​គ្នា គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​បាន​ចេញ​ពី​ទូក​ធំ ។ យើង​តាំង​សញ្ញា​ជា‌មួយ​អ្នក​រាល់​គ្នា​ថា គ្រប់​សាច់​ទាំង​អស់​នឹង​មិន​ត្រូវ​វិនាស​ដោយ​ទឹក​ជំនន់​ទៀត​ឡើយ ហើយ​ក៏​នឹង​លែង​មាន​ទឹក​ជំនន់​បំផ្លាញ​ផែន‌ដី​ទៀត​ដែរ»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា​ដែល​យើង​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា និង​អ្វីៗទាំង​អស់​ដែល​មាន​ជីវិត ដែល​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា នៅ​គ្រប់​ជំនាន់​តរៀង​ទៅ គឺ​យើង​ដាក់​ឥន្ទ‌ធនូ​របស់​យើង​នៅ​ក្នុង​ពពក ហើយ​ឥន្ទ‌ធនូ​នេះ​នឹង​បាន​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​ជា‌មួយ​ផែន‌ដី។ កាល​ណា​យើង​ប្រមូល​ពពក​មក​លើ​ផែន‌ដី នោះ​នឹង​ឃើញ​ឥន្ទ‌ធនូ​ស្ថិត​នៅ​ក្នុង​ពពក ពេល​នោះ យើង​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​យើង ដែល​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា និង​ជា‌មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ហើយ​ទឹក​នឹង​មិន​ជន់​ឡើង​លិច​ផែន‌ដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ទៀត​ឡើយ។ កាល​ណា​ឥន្ទ‌ធនូ​ស្ថិត​នៅ​ក្នុង​ពពក យើង​នឹង​មើល​ឃើញ ហើយ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ដែល​យើង​បាន​តាំង​ជា‌មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​មាន​ជីវិត​នៅ​លើ​ផែន‌ដី»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ណូអេ​ថា៖ «នេះ​ហើយ​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​ជា‌មួយ​គ្រប់​ទាំង​សាច់​នៅ​លើ​ផែន‌ដី»។

លោកុប្បត្តិ 9:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​លោក​ណូអេ ព្រម​ទាំង​កូន​ប្រុស​ទាំង​បី​នាក់​របស់​លោក ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​ពាស‌ពេញ​ផែនដី​ទៅ! សត្វ​ចតុប្បាទ​នៅ​លើ​ផែនដី បក្សា‌បក្សី​នៅ​លើ​មេឃ សត្វ​លូន​វារ​លើ​ដី និង​ត្រី​នៅ​ក្នុង​ទឹក​ទាំង​ប៉ុន្មាន​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា។ យើង​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ម្ចាស់​លើ​សត្វ​ទាំង​នោះ។ សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ ហើយ​មាន​ជីវិត នឹង​បាន​ទៅ​ជា​អាហារ​សម្រាប់​អ្នក​រាល់​គ្នា គឺ​យើង​ឲ្យ​អ្វីៗ​មក​អ្នក​រាល់​គ្នា ដូច​យើង​បាន​ឲ្យ​ធញ្ញជាតិ​ដល់​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ មិន​ត្រូវ​បរិភោគ​សត្វ​ដែល​នៅ​មាន​ជីវិត​ឡើយ ពោល​គឺ​មិន​ត្រូវ​បរិភោគ​សាច់ ដែល​មាន​ជាប់​ឈាម​របស់​វា​ជា​ដាច់​ខាត។ ប្រសិន​បើ​សត្វ​ណា​សម្លាប់​អ្នក​រាល់​គ្នា យើង​នឹង​ឲ្យ​វា​សង​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​រាល់​គ្នា​ពី​សត្វ​នោះ​វិញ ដូច​យើង​ឲ្យ​មនុស្ស​សង​ជីវិត នៅ​ពេល​ណា​ដែល​គេ​សម្លាប់​មនុស្ស​ដូច​គ្នា​ដែរ។ អ្នក​ណា​បង្ហូរ​ឈាម​មនុស្ស អ្នក​នោះ​មុខ​ជា​ត្រូវ​មនុស្ស​បង្ហូរ​ឈាម​វិញ មិន​ខាន។ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្ស​លោក​មក​ជា​តំណាង​របស់​ព្រះអង្គ។ ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​កុះ‌ករ​លើ​ផែនដី ហើយ​ឲ្យ​មាន​ពាស‌ពេញ​លើ​ផែនដី​ចុះ»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ និង​កូន​ប្រុស​ទាំង​បី​របស់​លោក​ទៀត​ថា៖ «យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មាន​បក្សា‌បក្សី សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​នៅ​លើ​ផែនដី ពោល​គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​ទូក​ធំ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា គឺ​គ្មាន​សត្វ​លោក​ណា​មួយ​ត្រូវ​បាត់​បង់​ជីវិត ដោយ‌សារ​ទឹក​ជំនន់​ធំ​ទៀត​ឡើយ ហើយ​ក៏​លែង​មាន​ទឹក​ជំនន់​ធំ​លិច​បំផ្លាញ​ផែនដី​ទៀត​ដែរ»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នេះ​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ហើយ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត​រៀង​ទៅ គឺ​យើង​ដាក់​ឥន្ទធនូ​របស់​យើង​នៅ​លើ​មេឃ ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​ផែនដី។ ពេល​ណា​យើង​ប្រមូល​ពពក​ឲ្យ​មូល​ផ្ដុំ​គ្នា​ពី​លើ​ផែនដី ឥន្ទធនូ​ក៏​នឹង​លេច​ចេញ​នៅ​លើ​មេឃ​ដែរ។ ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​អស់ ទឹក​នឹង​លែង​ជន់​លិច​បំផ្លាញ​សត្វ​លោក​ទាំង​អស់​ទៀត​ហើយ។ ឥន្ទធនូ​នឹង​ស្ថិត​នៅ​លើ​មេឃ ពេល​ណា​យើង​មើល​ឥន្ទធនូ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដ៏​នៅ​ស្ថិត‌ស្ថេរ​ជា​អង្វែង​ត​រៀង​ទៅ ជា​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​មាន​ជីវិត​រស់​នៅ​លើ​ផែនដី»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «ឥន្ទធនូ​នេះ​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​អស់ នៅ​លើ​ផែនដី»។

លោកុប្បត្តិ 9:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ណូអេ នឹង​កូន​គាត់ ព្រម​ទាំង​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​បាន​នៅ​ពេញ‌ពាស​លើ​ផែនដី​ចុះ ឯ​គ្រប់​ទាំង​សត្វ​នៅ​ផែនដី សត្វ​ហើរ​លើ​អាកាស សត្វ​លូន​វារ​នៅ​ដី នឹង​ត្រី​ក្នុង​សមុទ្រ​ទាំង​ប៉ុន្មាន​នឹង​កោត‌ខ្លាច ហើយ​ស្ញប់‌ស្ញែង​ដល់​ឯង​រាល់​គ្នា អញ​ប្រគល់​វា​មក​ក្នុង​អំណាច​ឯង​ហើយ បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​កំរើក ហើយ​នៅ​រស់ នោះ​នឹង​បាន​ជា​អាហារ​ដល់​ឯង ដូច​ជា​តិណ‌ជាតិ​ទាំង​អស់​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​នោះ​ដែរ តែ​សាច់​ណា​ដែល​មាន​ជីវិត គឺ​ជា​ឈាម នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ រីឯ​ជីវិត​មនុស្ស​វិញ បើ​អ្នក​ណា​យក​ជីវិត​គេ នោះ​អញ​នឹង​ទារ​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​នោះ​ជា​មិន​ខាន អញ​នឹង​ទារ​ឈាម​អ្នក​នោះ ដោយ‌សារ​អស់​ទាំង​សត្វ ហើយ​ដោយ‌សារ​ដៃ​របស់​មនុស្ស គឺ​ដោយ‌សារ​ដៃ​របស់​បង​ប្អូន​នៃ​អ្នក​ដែល​ស្លាប់​នោះ​ផង អ្នក​ណា​ដែល​កំចាយ​ឈាម​របស់​មនុស្ស នោះ​ឈាម​អ្នក​នោះ​ឯង​នឹង​ត្រូវ​ខ្ចាយ​ដោយ‌សារ​មនុស្ស​ដែរ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់ ឯ​ឯង​រាល់​គ្នា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​សាយ‌គ្រាយ​នៅ​ផែនដី​ជា​បរិបូរ​ចុះ។ រួច​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​ណូអេ​នឹង​ពួក​កូន​គាត់​ថា ឯ​អញ មើល អញ​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​ពូជ​ឯង​រាល់​គ្នា​ត​រៀង​ទៅ នឹង​គ្រប់​ទាំង​ជីវិត​ទាំង‌ឡាយ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ទាំង​សត្វ​ស្លាប សត្វ​ស្រុក នឹង​សត្វ​ព្រៃ​នៅ​ផែនដី​ផង គឺ​នឹង​គ្រប់​ទាំង​សត្វ​នៅ​ផែនដី ដែល​បាន​ចេញ​ពី​ទូក​ធំ​មក អញ​នឹង​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា​ថា គ្រប់​សាច់​ទាំង​អស់​នឹង​មិន​ត្រូវ​វិនាស​ដោយ​ទឹក​ជន់​ទៀត​ឡើយ នឹង​លែង​មាន​ទឹក​ជន់​បំផ្លាញ​ផែនដី​ទៀត ព្រះ​ទ្រង់​ក៏​មាន​បន្ទូល​ថា នេះ​ជា​ទី​សំគាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​តាំង​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​គ្រប់​ជីវិត​ទាំង‌ឡាយ​ដែល​នៅ​ជា​មួយ​នឹង​ឯង នៅ​អស់​ទាំង​ដំណ​អស់​‌កល្ប​ជានិច្ច គឺ​អញ​ដាក់​ធ្នូ​របស់​អញ​នៅ​នា​ពពក នោះ​ហើយ​ជា​ទី​សំគាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​តាំង​នឹង​ផែនដី កាល​ណា​អញ​ប្រមូល​ពពក​មក​លើ​ផែនដី នោះ​នឹង​ឃើញ​ឥន្ទ‌ធនូ​ស្ថិត​នៅ​លើ​ពពក​នោះ ហើយ​អញ​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​អស់​ទាំង​សត្វ​គ្រប់​ពូជ​ដែរ នោះ​នឹង​គ្មាន​ទឹក​ជន់​ឡើង​លិច​ផែនដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ទៀត​ឡើយ ឥន្ទ‌ធនូ​នោះ​នឹង​នៅ​លើ​ពពក ហើយ​អញ​នឹង​មើល​ឃើញ ដើម្បី​ឲ្យ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ព្រះ​បាន​តាំង​នឹង​អស់​ទាំង​ជីវិត​គ្រប់​ពូជ​នៅ​ផែនដី ព្រះ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ណូអេ​ថា នេះ​ហើយ​ជា​ទី​សំគាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គ្រប់​ទាំង​សាច់​នៅ​លើ​ផែនដី។