លោកុប្បត្តិ 50:15-21
លោកុប្បត្តិ 50:15-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលបងៗរបស់លោកយ៉ូសែបឃើញថា ឪពុករបស់គេបានស្លាប់ហើយ គេនិយាយគ្នាថា៖ «ប្រហែលជាយ៉ូសែបនឹងស្អប់យើង ហើយសងសឹកយើង ព្រោះតែអំពើអាក្រក់ដែលយើងបានប្រព្រឹត្តចំពោះគេជាមិនខាន»។ ដូច្នេះ គេក៏ចាត់ម្នាក់ឲ្យទៅជម្រាប លោកយ៉ូសែបថា៖ «មុននឹងឪពុករបស់យើងស្លាប់ លោកបានផ្តាំថា "ចូរប្រាប់យ៉ូសែបថា សូមអត់ទោសអំពើរំលង និងអំពើបាបឲ្យបងៗរបស់កូនផង ដ្បិតគេបានប្រព្រឹត្តអាក្រក់ចំពោះប្អូនមែន" ដូច្នេះ សូមអត់ទោសឲ្យពួកអ្នកបម្រើព្រះរបស់ឪពុកប្អូនផងទៅ»។ កាលលោកយ៉ូសែបឮគេនិយាយ លោកក៏យំ។ ពេលនោះ បងៗរបស់លោកក៏ចូលមក ហើយក្រាបចុះនៅចំពោះមុខលោក ហើយពោលថា៖ «មើល៍! យើងខ្ញុំជាអ្នកបម្រើរបស់លោកប្អូនហើយ»។ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតតើខ្ញុំជាព្រះឬ? បងៗមានបំណងធ្វើបាបខ្ញុំ តែព្រះទ្រង់ធ្វើឲ្យការនោះប្រែទៅជាល្អ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ខ្ញុំនឹងផ្គត់ផ្គង់បងៗ និងកូនចៅរបស់បងៗ»។ គឺយ៉ាងនេះដែលលោកកម្សាន្តចិត្តគេ ហើយនិយាយជាមួយគេយ៉ាងស្រទន់។
លោកុប្បត្តិ 50:15-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលបងៗរបស់លោកយ៉ូសែបឃើញឪពុករបស់គេទទួលមរណភាពហើយ គេនិយាយគ្នាថា៖ «ប្រហែលជាយ៉ូសែបស្អប់យើង ព្រមទាំងសងសឹកនឹងអំពើអាក្រក់ ដែលយើងបានប្រព្រឹត្តចំពោះគេហើយមើលទៅ!»។ ដូច្នេះ បងប្អូនបានឲ្យគេជម្រាបលោកយ៉ូសែបដូចតទៅ៖ «មុននឹងទទួលមរណភាព ឪពុកយើងបានផ្ដាំថា: ចូរកូនៗប្រាប់យ៉ូសែបថា “កូនអើយ ចូរអត់ទោសឲ្យបងៗរបស់កូន ចំពោះអំពើអាក្រក់ និងអំពើបាបដែលគេបានប្រព្រឹត្តចំពោះកូនផង។ បងៗបានធ្វើបាបកូនយ៉ាងខ្លាំងមែន តែឥឡូវនេះ សូមកូនមេត្តាអត់ទោសឲ្យគេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលពុកគោរពនោះផងទៅ!”»។ លោកយ៉ូសែបឮដូច្នេះ លោកក៏យំ។ បងៗរបស់លោកនាំគ្នាមកជួបលោកផ្ទាល់ ពួកគេក្រាបនៅទៀបជើងលោក ហើយពោលថា៖ «យើងខ្ញុំសុខចិត្តធ្វើជាទាសកររបស់លោកប្អូន»។ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «សូមកុំព្រួយបារម្ភអ្វីឡើយ ប្អូនមិនវិនិច្ឆ័យជំនួសព្រះជាម្ចាស់ទេ! បងៗបានឃុបឃិតគ្នាធ្វើបាបខ្ញុំ តែព្រះជាម្ចាស់បានធ្វើឲ្យការនោះ ប្រែទៅជាល្អ ដូចយើងឃើញសព្វថ្ងៃនេះស្រាប់ គឺព្រះអង្គបានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំ។ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភអ្វី ខ្ញុំនឹងជួយទំនុកបម្រុងបងៗ និងកូនចៅរបស់បងៗ»។ លោកយ៉ូសែបបានលើកទឹកចិត្តបងៗ ដោយនិយាយជាមួយគេយ៉ាងស្និទ្ធស្នាល។
លោកុប្បត្តិ 50:15-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលពួកបងរបស់យ៉ូសែបឃើញថា ឪពុកបានស្លាប់ហើយ នោះគេជំនុំគ្នាថា ប្រហែលជាយ៉ូសែបនឹងស្អប់យើងហើយ មុខជាវានឹងសងសឹកចំពោះយើងជាមិនខាន ដោយព្រោះគ្រប់ទាំងការអាក្រក់ដែលយើងបានធ្វើដល់វា រួចគេចាត់ម្នាក់ឲ្យទៅនិយាយនឹងយ៉ូសែបថា ឪពុកប្អូនបានផ្តាំទុកមុនដែលគាត់ស្លាប់ថា ចូរឯងរាល់គ្នានិយាយនឹងយ៉ូសែបដូច្នេះថា សូមអត់ទោសសេចក្ដីរំលងនឹងអំពើបាបរបស់ពួកបងឥឡូវ ដ្បិតគេបានប្រព្រឹត្តអាក្រក់នឹងប្អូនទៅហើយ ដូច្នេះ សូមអត់ទោសពួកអ្នកបំរើរបស់ព្រះនៃឪពុកប្អូនឥឡូវ កាលយ៉ូសែបបានឮសេចក្ដីដែលគេនិយាយ នោះក៏យំ ហើយពួកបងគាត់ក៏ទៅទំលាក់ខ្លួនក្រាបចុះនៅចំពោះមុខគាត់ដែរ ដោយពាក្យថា មើល យើងខ្ញុំជាអ្នកបំរើប្អូន នោះយ៉ូសែបឆ្លើយតបថា កុំឲ្យខ្លាចឡើយ ដ្បិតតើខ្ញុំជាព្រះឬអី អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ ដូច្នេះ កុំឲ្យខ្លាចឡើយ ខ្ញុំនឹងចិញ្ចឹមអ្នករាល់គ្នា ហើយនឹងកូនចៅរបស់អ្នករាល់គ្នាដែរ គាត់ក៏កំសាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ។