លោកុ‌ប្បត្តិ 50:15-21

លោកុ‌ប្បត្តិ 50:15-21 គកស១៦

កាល​បងៗ​របស់​លោក​យ៉ូសែប​ឃើញ​ថា ឪពុក​របស់​គេ​បាន​ស្លាប់​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យ៉ូសែប​នឹង​ស្អប់​យើង ហើយ​សង‌សឹក​យើង ព្រោះ​តែ​អំពើ​អាក្រក់​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ជា​មិន​ខាន»។ ដូច្នេះ គេ​ក៏​ចាត់​ម្នាក់​ឲ្យ​ទៅ​ជម្រាប លោក​យ៉ូសែប​ថា៖ «មុន​នឹង​ឪពុក​របស់​យើង​ស្លាប់ លោក​បាន​ផ្តាំ​ថា "ចូរប្រាប់​យ៉ូសែប​ថា សូម​អត់​ទោស​អំពើ​រំលង និង​អំពើ​បាបឲ្យ​បងៗ​របស់​កូន​ផង ដ្បិត​គេ​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ប្អូន​មែន" ដូច្នេះ សូម​អត់​ទោស​ឲ្យ​ពួក​អ្នក​បម្រើ​ព្រះ​របស់​ឪពុក​ប្អូន​ផង​ទៅ»។ កាល​លោក​យ៉ូសែប​ឮ​គេ​និយាយ លោក​ក៏​យំ។ ពេល​នោះ បងៗ​របស់​លោក​ក៏​ចូល​មក ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក ហើយពោល​ថា៖ «មើល៍! យើងខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ប្អូន​ហើយ»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​តើ​ខ្ញុំ​ជា​ព្រះ​ឬ? បងៗ​មាន​បំណង​ធ្វើ​បាប​ខ្ញុំ តែ​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​ការ​នោះ​ប្រែ​ទៅ​ជា​ល្អ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន ដូចជា​បាន​កើត​មាន​សព្វ‌ថ្ងៃ​នេះ។ ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នឹងផ្គត់​ផ្គង់​បងៗ និង​កូន​ចៅ​របស់​បងៗ»។ គឺ​យ៉ាង​នេះ​ដែល​លោក​កម្សាន្ត​ចិត្ត​គេ ហើយ​និយាយ​ជាមួយ​គេ​យ៉ាង​ស្រទន់។