លោកុប្បត្តិ 46:8-34
លោកុប្បត្តិ 46:8-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាបញ្ជីរាយនាមរបស់ពួកកូនចៅអ៊ីស្រាអែល ដែលចូលទៅក្នុងស្រុកអេស៊ីព្ទ គឺលោកយ៉ាកុប និងកូនប្រុសៗរបស់លោក។ រូបេនជាកូនច្បងរបស់លោកយ៉ាកុប ហើយកូនរបស់រូបេន គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី។ កូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីសាសន៍កាណានម្នាក់។ កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។ កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។ កូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ាសុប និងស៊ីមរ៉ុន។ កូនរបស់សាប់យូឡូន គឺសេរែក អេឡូន និងយ៉ាលាល (អ្នកទាំងនេះជាកូនប្រុសៗរបស់លេអា ដែលនាងបានបង្កើតឲ្យលោកយ៉ាកុបនៅស្រុកប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាជាកូនស្រីរបស់លោកដែរ។ កូនប្រុស និងកូនស្រីរបស់លោក ទាំងអស់មានសាមសិបបីនាក់)។ កូនរបស់កាដ គឺសេផុន ហាក់គី ស៊ូនី អែសបូន អេរី អើរ៉ូត និងអើរេលី។ កូនរបស់អេស៊ើរ គឺយីមណា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាប្អូនស្រី។ កូនរបស់បេរា គឺហេប៊ើរ និងម៉ាលគាល (អ្នកទាំងនេះជាកូនរបស់នាងស៊ីលផា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនេះឲ្យលោកយ៉ាកុប គឺទាំងអស់មានដប់ប្រាំមួយនាក់)។ កូនរបស់នាងរ៉ាជែល ជាប្រពន្ធរបស់លោកយ៉ាកុប គឺយ៉ូសែប និងបេនយ៉ាមីន។ នៅស្រុកអេស៊ីព្ទ លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺម៉ាណាសេ និងអេប្រាអិម ដែលនាងអាសណាត់ កូនស្រីរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន បានបង្កើតឲ្យលោក។ កូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន អេហ៊ី រ៉ុស មូភីម ហ៊ូភីម និងអើឌ (អ្នកទាំងនេះជាកូនចៅរបស់រ៉ាជែល ដែលនាងបានបង្កើតឲ្យលោកយ៉ាកុប ទាំងអស់មានដប់បួននាក់)។ កូនរបស់ដាន់ គឺហ៊ូស៊ីម។ កូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម។ (អ្នកទាំងនេះជាកូនចៅរបស់នាងប៊ីលហា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់នាងរ៉ាជែលជាកូន ហើយនាងបង្កើតកូនទាំងនេះឲ្យលោកយ៉ាកុប ទាំងអស់មានប្រាំពីរនាក់)។ មនុស្សទាំងប៉ុន្មានដែលចូលទៅក្នុងស្រុកអេស៊ីព្ទជាមួយលោកយ៉ាកុប ដែលសុទ្ធតែជាកូនចៅរបស់លោក ទាំងអស់មានហុកសិបប្រាំមួយនាក់ ឥតរាប់កូនប្រសាស្រីរបស់កូនលោកយ៉ាកុបទេ។ កូនរបស់លោកយ៉ូសែប ដែលលោកបង្កើតនៅស្រុកអេស៊ីព្ទ មានពីរនាក់។ សរុបមនុស្សទាំងអស់នៅក្នុងក្រុមគ្រួសាររបស់លោកយ៉ាកុប ដែលចូលមកក្នុងស្រុកអេស៊ីព្ទ ទាំងអស់មានចិតសិបនាក់។ លោកអ៊ីស្រាអែល បានចាត់យូដាឲ្យទៅមុន ទៅជួបលោកយ៉ូសែប ដើម្បីសួរផ្លូវដែលត្រូវនាំលោកចូលទៅក្នុងស្រុកកូសែន។ កាលគេចូលមកដល់ស្រុកកូសែន លោកយ៉ូសែបបានរៀបចំរថរបស់លោក ឡើងទៅទទួលលោកអ៊ីស្រាអែលជាឪពុក នៅកូសែន។ កាលបានជួបហើយ លោកក៏ចូលទៅឱបកឪពុក ហើយយំយ៉ាងយូរ។ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏ស្លាប់ចុះ ព្រោះពុកបានឃើញមុខកូន ហើយដឹងថាកូននៅមានជីវិតរស់នៅឡើយ»។ លោកយ៉ូសែបមានប្រសាសន៍ទៅបងៗ និងក្រុមគ្រួសារឪពុករបស់លោកទាំងអស់ថា៖ «ខ្ញុំនឹងឡើងទៅគាល់ផារ៉ោន ហើយទូលស្ដេចថា "បងៗ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំដែលនៅស្រុកកាណាន បានមកជួបជុំនឹងទូលបង្គំហើយ។ អ្នកទាំងនោះសុទ្ធតែជាអ្នកឃ្វាលសត្វ ដ្បិតគេធ្លាប់ចិញ្ចឹមហ្វូងសត្វ ហើយគេបាននាំទាំងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ"។ កាលណាផារ៉ោនមានរាជឱង្ការហៅបងៗ ហើយសួរថា "តើអ្នករាល់គ្នាមានមុខរបរអ្វី?" នោះត្រូវឆ្លើយថា "យើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណា ជាអ្នកឃ្វាលសត្វតាំងពីក្មេងរហូតមកដល់ពេលនេះ ទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំតរៀងមក" ដើម្បីឲ្យបងៗបានរស់នៅក្នុងស្រុកកូសែននេះ ព្រោះពួកគង្វាលសត្វទាំងអស់ជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទណាស់»។
លោកុប្បត្តិ 46:8-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអ៊ីស្រាអែល ដែលធ្វើដំណើរទៅស្រុកអេស៊ីប។ លោកយ៉ាកុប និងកូនប្រុសរបស់លោក កូនច្បងរបស់លោកយ៉ាកុប គឺរូបេន។ កូនប្រុសរបស់លោករូបេនមាន ហេណុក ប៉ាលូវ ហេស្រុន និងកើមី។ កូនប្រុសរបស់លោកស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ កូនប្រុសរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។ កូនប្រុសរបស់លោកយូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អ៊ើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។ កូនប្រុសរបស់លោកអ៊ីសាខារមាន ថូឡា ពូវ៉ា យ៉ូប និងស៊ីមរ៉ូន។ កូនប្រុសរបស់លោកសាប់យូឡូនមាន សេរែក អេឡូន និងយ៉ាលាល។ លោកទាំងនោះជាកូនដែលលោកស្រីលេអាបានបង្កើតជូនលោកយ៉ាកុប នៅស្រុកប៉ាដាន់-អើរ៉ាម។ ក្រៅពីលោកទាំងនេះនៅមាននាងឌីណាដែរ។ កូន និងចៅប្រុសស្រីរបស់លោកស្រីលេអាមានទាំងអស់សាមសិបបីនាក់។ កូនប្រុសរបស់លោកកាដមាន សេផុន ហាក់គី ស៊ូនី អេសបូន អេរី អើរ៉ូត និងអើរេលី។ កូនរបស់លោកអេស៊ើរមាន យីមណា យីសវ៉ា យីសវី និងបេរា ព្រមទាំងនាងសេរ៉ា។ កូនរបស់បេរាមាន ហេប៊ើរ និងម៉ាលគាល។ លោកទាំងនោះជាកូនរបស់នាងស៊ីលផា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លោកស្រីលេអា។ នាងស៊ីលផាបានបង្កើតកូនពីរនាក់នេះជូនលោកយ៉ាកុប។ កូន និងចៅរបស់នាងមានចំនួនទាំងអស់ដប់ប្រាំមួយនាក់។ កូនប្រុសរបស់លោកស្រីរ៉ាជែល ជាភរិយាលោកយ៉ាកុប មានយ៉ូសែប និងបេនយ៉ាមីន។ នៅស្រុកអេស៊ីប លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលលោកស្រីអាសណាត់ កូនស្រីលោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតជូនលោក។ កូនប្រុសរបស់បេនយ៉ាមីនមាន បេឡា បេគើរ អ័សបេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និងអើឌ។ លោកទាំងនោះជាកូនដែលលោកស្រីរ៉ាជែលបានបង្កើតជូនលោកយ៉ាកុប។ កូន និងចៅរបស់លោកស្រីរ៉ាជែលមានចំនួនទាំងអស់ដប់បួននាក់។ កូនប្រុសរបស់លោកដាន់មាន ហ៊ូស៊ីម។ កូនប្រុសរបស់លោកណែបថាលីមាន យ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម។ លោកទាំងនេះជាកូនរបស់នាងប៊ីលហា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លោកស្រីរ៉ាជែល។ នាងបានបង្កើតកូនទាំងនោះជូនលោកយ៉ាកុប។ កូន និងចៅរបស់នាងមានចំនួនទាំងអស់ប្រាំពីរនាក់។ ក្រុមគ្រួសាររបស់លោកយ៉ាកុបដែលមកស្រុកអេស៊ីបជាមួយលោក មានគ្នាទាំងអស់ហុកសិបប្រាំមួយនាក់ ដោយឥតបានរាប់បញ្ចូលកូនប្រសាស្រីទេ។ បើរាប់បញ្ចូលកូនទាំងពីររបស់លោកយ៉ូសែប ដែលកើតនៅស្រុកអេស៊ីបផង ចំនួនសរុបនៃក្រុមគ្រួសាររបស់លោកយ៉ាកុប ដែលមករស់នៅក្នុងស្រុកអេស៊ីប មានទាំងអស់ចិតសិបនាក់។ លោកយ៉ាកុបបានចាត់លោកយូដាឲ្យទៅតំបន់កូសែនមុនលោក។ ពេលក្រុមគ្រួសាររបស់លោកយ៉ាកុបទៅដល់តំបន់កូសែន លោកយ៉ូសែបបានទឹមរថរបស់លោក រួចឡើងទៅកូសែន ដើម្បីទទួលលោកអ៊ីស្រាអែលជាឪពុក។ ពេលទៅដល់ភ្លាម លោកឱបឪពុក ហើយយំយ៉ាងយូរ។ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅកាន់លោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏អស់ចិត្តដែរ ព្រោះពុកបានជួបមុខកូនវិញ និងឃើញថាកូននៅមានជីវិតនៅឡើយ!»។ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់បងៗ និងក្រុមគ្រួសារឪពុកលោកថា៖ «ខ្ញុំនឹងទៅទូលព្រះចៅផារ៉ោនថា “បងៗ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំ នៅស្រុកកាណានបានមកជួបជុំនឹងទូលបង្គំហើយ។ ពួកគេទាំងអស់គ្នាសុទ្ធតែជាគង្វាល និងជាអ្នកចិញ្ចឹមសត្វ។ ពួកគេបាននាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ”។ កាលណាព្រះចៅផារ៉ោនកោះហៅបងៗទៅសួរថា “តើអ្នករាល់គ្នាមានមុខរបរអ្វី?” ត្រូវទូលស្ដេចថា “តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំចិញ្ចឹមសត្វ ដូចដូនតារបស់យើងខ្ញុំដែរ”។ បើទូលដូច្នេះ បងៗនឹងអាចរស់នៅក្នុងតំបន់កូសែន ដ្បិតជនជាតិអេស៊ីបស្អប់ពួកគង្វាលណាស់»។
លោកុប្បត្តិ 46:8-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាបញ្ជីឈ្មោះ របស់ពួកកូនចៅអ៊ីស្រាអែលដែលចូលទៅក្នុងស្រុកអេស៊ីព្ទ គឺយ៉ាកុបនឹងកូនចៅគាត់ទាំងប៉ុន្មាន ឯរូបេនជាកូនច្បងបង្អស់ ហើយកូនរបស់រូបេន គឺហេណុក ប៉ាលូវ ហេស្រុន នឹងកើមី ឯកូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ នឹងសូលជាកូនរបស់ស្រីសាសន៍កាណានម្នាក់ ឯកូនរបស់លេវី គឺគើសុន កេហាត់ នឹងម្រ៉ារី ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស នឹងសេរ៉ាស តែអ៊ើរនឹងអូណាន់បានស្លាប់នៅស្រុកកាណានទៅ ឯកូនរបស់ពេរេស គឺហេស្រុន នឹងហាមុល ឯកូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ូប នឹងស៊ីមរ៉ុន ឯកូនរបស់សាប់យូល៉ូន គឺសេរែក អេឡូន នឹងយ៉ាលាល នោះសុទ្ធតែជាកូនចៅរបស់លេអាដែលនាងបានបង្កើតឲ្យយ៉ាកុបនៅស្រុកប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាជាកូនស្រីផង ពួកកូនប្រុសកូនស្រីទាំងនោះមាន៣៣នាក់។ ឯកូនរបស់កាឌ់ គឺសេផុន ហាក់គី ស៊ូនី អែសបូន អេរី អើរ៉ូត នឹងអើរេលី ឯកូនរបស់អេស៊ើរ គឺយីមន៉ា យីសវ៉ា យីសវី បេរា នឹងសេរ៉ាជាប្អូនស្រី ឯកូនរបស់បេរា គឺហេប៊ើរ នឹងម៉ាលគាល នោះសុទ្ធតែជាកូនចៅរបស់ស៊ីលផា ជាបាវស្រីដែលឡាបាន់បានឲ្យដល់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនោះឲ្យយ៉ាកុប ទាំងអស់មាន១៦នាក់។ ឯកូនរបស់រ៉ាជែលជាប្រពន្ធយ៉ាកុប នោះគឺយ៉ូសែប នឹងបេនយ៉ាមីន នៅស្រុកអេស៊ីព្ទ យ៉ូសែបមានកូន២ គឺម៉ាន៉ាសេ នឹងអេប្រាអិម ដែលនាងអាសន៉ាត់ ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ កូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម នឹងអើឌ នោះសុទ្ធតែជាកូនចៅរបស់រ៉ាជែលដែលនាងបង្កើតឲ្យយ៉ាកុបទាំងអស់មាន១៤នាក់។ ឯកូនរបស់ដាន់ គឺហ៊ូស៊ីម ឯកូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ នឹងស៊ីលិម នោះសុទ្ធតែជាកូនចៅរបស់ប៊ីលហា ជាបាវស្រីដែលឡាបាន់បានឲ្យទៅនាងរ៉ាជែលជាកូន នាងបង្កើតកូនទាំងនោះឲ្យយ៉ាកុប ទាំងអស់មាន៧នាក់ ពួកអ្នកដែលចូលទៅឯស្រុកអេស៊ីព្ទជាមួយនឹងយ៉ាកុប ជាពួកអ្នកដែលកើតពីគាត់ទាំងប៉ុន្មាន នោះរួមទាំងអស់មាន៦៦នាក់ ឥតរាប់ប្រពន្ធរបស់កូនយ៉ាកុបទាំងប៉ុន្មានទេ ហើយកូនរបស់យ៉ូសែប ដែលគាត់បង្កើតនៅស្រុកអេស៊ីព្ទ នោះមាន២នាក់ ដូច្នេះ ពួកគ្រួរបស់យ៉ាកុបទាំងអស់ដែលចុះទៅឯស្រុកអេស៊ីព្ទ នោះរួមគ្នាមាន៧០នាក់។ គាត់ចាត់យូដាទៅឯយ៉ូសែបជាមុន ដើម្បីនឹងសួរផ្លូវដែលទៅឯស្រុកកូសែន រួចគេទៅដល់ស្រុកកូសែននោះ ឯយ៉ូសែបគាត់ទឹមរថរបស់គាត់ឡើងទៅទទួលអ៊ីស្រាអែលជាឪពុកនៅត្រង់កូសែន ក៏ចូលទៅឱបកឪពុក ហើយយំជាយូរ អ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ឥឡូវនេះ បើអញស្លាប់ក៏ស្លាប់ចុះ ដ្បិតអញបានឃើញមុខឯងដែលឯងនៅរស់នៅឡើយ យ៉ូសែបក៏និយាយទៅបងប្អូន នឹងពួកគ្រួឪពុកទាំងអស់ថា ខ្ញុំនឹងឡើងទៅគាល់ផារ៉ោនទូលថា ពួកបងប្អូនខ្ញុំ នឹងគ្រួឪពុកខ្ញុំដែលនៅស្រុកកាណានបានមកដល់ខ្ញុំហើយ អ្នកទាំងនោះជាអ្នកធ្លាប់ឃ្វាលសត្វ ពីព្រោះគេមានរបររកស៊ីដោយចិញ្ចឹមហ្វូងសត្វ ហើយគេបាននាំទាំងហ្វូងចៀម ហ្វូងគោ នឹងរបស់គេទាំងអស់មកផង ដូច្នេះ កាលណាផារ៉ោនមានបន្ទូលហៅបងប្អូនទៅសួរពីរបររកស៊ី នោះត្រូវឆ្លើយថាយើងខ្ញុំ ជាបាវបំរើទ្រង់ បានធ្លាប់ឃ្វាលសត្វតាំងតែពីក្មេងដរាបមកដល់ឥឡូវនេះ ទាំងយើងខ្ញុំនឹងឪពុកយើងខ្ញុំតរៀងមកផង នោះដើម្បីឲ្យបងប្អូនបាននៅក្នុងស្រុកកូសែននោះ ពីព្រោះគ្រប់អស់ទាំងអ្នកគង្វាលសត្វជាទីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ។