លោកុប្បត្តិ 46:26-34

លោកុប្បត្តិ 46:26-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ចូល​ទៅក្នុង​ស្រុក​អេស៊ីព្ទ​ជា‌មួយ​លោក​យ៉ាកុប ដែល​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក ទាំង​អស់​មាន​ហុកសិប​ប្រាំ​មួយ​នាក់ ឥត​រាប់កូន​ប្រសា​ស្រី​របស់​កូន​លោក​យ៉ាកុប​ទេ។ កូន​របស់​លោក​យ៉ូសែប ដែល​លោក​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ មាន​ពីរ​នាក់។ សរុប​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ ទាំង​អស់​មាន​ចិតសិប​នាក់។ លោក​អ៊ីស្រា‌អែល បាន​ចាត់​យូដា​ឲ្យ​ទៅ​មុន ទៅ​ជួប​លោក​យ៉ូសែប ដើម្បី​សួរ​ផ្លូវ​ដែល​ត្រូវ​នាំ​លោក​ចូល​ទៅ​ក្នុង​ស្រុក​កូសែន។ កាល​គេ​ចូល​មក​ដល់​ស្រុក​កូសែន លោក​យ៉ូសែប​បាន​រៀប​ចំ​រថ​របស់​លោក ឡើង​ទៅ​ទទួល​លោក​អ៊ីស្រា‌អែល​ជា​ឪពុក នៅ​កូសែន។ កាល​បាន​ជួប​ហើយ លោក​ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​យ៉ាង​យូរ។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «ឥឡូវ​នេះ បើ​ពុក​ស្លាប់​ក៏​ស្លាប់​ចុះ ព្រោះ​ពុក​បាន​ឃើញ​មុខ​កូន ហើយ​ដឹង​ថា​កូន​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បង‌ៗ និង​ក្រុម​គ្រួសារ​ឪពុក​របស់​លោក​ទាំង​អស់​ថា៖ «ខ្ញុំ​នឹង​ឡើង​ទៅ​គាល់​ផារ៉ោន ហើយ​ទូល​ស្ដេច​ថា "បង‌ៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូល​បង្គំ​ដែល​នៅ​ស្រុក​កាណាន បាន​មក​ជួប​ជុំ​នឹង​ទូល​បង្គំ​ហើយ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​អ្នក​ឃ្វាល​សត្វ ដ្បិត​គេ​ធ្លាប់​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​គេ​បាន​នាំ​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និងអ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជាមួយ​ដែរ"។ កាល​ណា​ផារ៉ោន​មាន​រាជ‌ឱង្ការ​ហៅ​បង‌ៗ ហើយ​សួរ​ថា "តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?" នោះ​ត្រូវ​ឆ្លើយ​ថា "យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​ករុណា ជា​អ្នក​ឃ្វាល​សត្វ​តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ ទាំង​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ​ត​រៀង​មក" ដើម្បី​ឲ្យ​បង‌ៗ​បានរស់​នៅ​ក្នុង​ស្រុក​កូសែន​នេះ ព្រោះ​ពួក​គង្វាល​សត្វ​ទាំង​អស់​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ណាស់»។

លោកុប្បត្តិ 46:26-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប​ដែល​មក​ស្រុក​អេស៊ីប​ជា​មួយ​លោក មាន​គ្នា​ទាំង​អស់​ហុក‌សិប​ប្រាំ​មួយ​នាក់ ដោយ​ឥត​បាន​រាប់​បញ្ចូល​កូន​ប្រសា​ស្រី​ទេ។ បើ​រាប់​បញ្ចូល​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ដែល​កើត​នៅ​ស្រុក​អេស៊ីប​ផង ចំនួន​សរុប​នៃ​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប មាន​ទាំង​អស់​ចិត‌សិប​នាក់។ លោក​យ៉ាកុប​បាន​ចាត់​លោក​យូដា​ឲ្យ​ទៅ​តំបន់​កូសែន​មុន​លោក។ ពេល​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប​ទៅ​ដល់​តំបន់​កូសែន លោក​យ៉ូសែប​បាន​ទឹម​រថ​របស់​លោក រួច​ឡើង​ទៅ​កូសែន ដើម្បី​ទទួល​លោក​អ៊ីស្រា‌អែល​ជា​ឪពុក។ ពេល​ទៅ​ដល់​ភ្លាម លោក​ឱប​ឪពុក ហើយ​យំ​យ៉ាង​យូរ។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ឥឡូវ​នេះ បើ​ពុក​ស្លាប់​ក៏​អស់​ចិត្ត​ដែរ ព្រោះ​ពុក​បាន​ជួប​មុខ​កូន​វិញ និង​ឃើញ​ថា​កូន​នៅ​មាន​ជីវិត​នៅ​ឡើយ!»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​បងៗ និង​ក្រុម​គ្រួសារ​ឪពុក​លោក​ថា៖ «ខ្ញុំ​នឹង​ទៅ​ទូល​ព្រះចៅ​ផារ៉ោន​ថា “បងៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូលបង្គំ នៅ​ស្រុក​កាណាន​បាន​មក​ជួប‌ជុំ​នឹង​ទូលបង្គំ​ហើយ។ ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​គង្វាល និង​ជា​អ្នក​ចិញ្ចឹម​សត្វ។ ពួក​គេ​បាន​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ដែរ”។ កាល​ណា​ព្រះចៅ​ផារ៉ោន​កោះ​ហៅ​បងៗ​ទៅ​សួរ​ថា “តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?” ត្រូវ​ទូល​ស្ដេច​ថា “តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ចិញ្ចឹម​សត្វ ដូច​ដូនតា​របស់​យើង​ខ្ញុំ​ដែរ”។ បើ​ទូល​ដូច្នេះ បងៗ​នឹង​អាច​រស់​នៅ​ក្នុង​តំបន់​កូសែន ដ្បិត​ជន‌ជាតិ​អេស៊ីប​ស្អប់​ពួក​គង្វាល​ណាស់»។

លោកុប្បត្តិ 46:26-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​អ្នក​ដែល​ចូល​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​នឹង​យ៉ាកុប ជា​ពួក​អ្នក​ដែល​កើត​ពី​គាត់​ទាំង​ប៉ុន្មាន នោះ​រួម​ទាំង​អស់​មាន​៦៦​នាក់ ឥត​រាប់​ប្រពន្ធ​របស់​កូន​យ៉ាកុប​ទាំង​ប៉ុន្មាន​ទេ ហើយ​កូន​របស់​យ៉ូសែប ដែល​គាត់​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ នោះ​មាន​២​នាក់ ដូច្នេះ ពួក​គ្រួ​របស់​យ៉ាកុប​ទាំង​អស់​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ នោះ​រួម​គ្នា​មាន​៧០​នាក់។ គាត់​ចាត់​យូដា​ទៅ​ឯ​យ៉ូសែប​ជា​មុន ដើម្បី​នឹង​សួរ​ផ្លូវ​ដែល​ទៅ​ឯ​ស្រុក​កូសែន រួច​គេ​ទៅ​ដល់​ស្រុក​កូសែន​នោះ ឯ​យ៉ូសែប​គាត់​ទឹម​រថ​របស់​គាត់​ឡើង​ទៅ​ទទួល​អ៊ីស្រាអែល​ជា​ឪពុក​នៅ​ត្រង់​កូសែន ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​ជា​យូរ អ៊ីស្រាអែល​និយាយ​ទៅ​យ៉ូសែប​ថា ឥឡូវ​នេះ បើ​អញ​ស្លាប់​ក៏​ស្លាប់​ចុះ ដ្បិត​អញ​បាន​ឃើញ​មុខ​ឯង​ដែល​ឯង​នៅ​រស់​នៅ​ឡើយ យ៉ូសែប​ក៏​និយាយ​ទៅ​បង​ប្អូន នឹង​ពួក​គ្រួ​ឪពុក​ទាំង​អស់​ថា ខ្ញុំ​នឹង​ឡើង​ទៅ​គាល់​ផារ៉ោន​ទូល​ថា ពួក​បង​ប្អូន​ខ្ញុំ នឹង​គ្រួ​ឪពុក​ខ្ញុំ​ដែល​នៅ​ស្រុក​កាណាន​បាន​មក​ដល់​ខ្ញុំ​ហើយ អ្នក​ទាំង​នោះ​ជា​អ្នក​ធ្លាប់​ឃ្វាល​សត្វ ពី​ព្រោះ​គេ​មាន​របរ​រក​ស៊ី​ដោយ​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​គេ​បាន​នាំ​ទាំង​ហ្វូង​ចៀម ហ្វូង​គោ នឹង​របស់​គេ​ទាំង​អស់​មក​ផង ដូច្នេះ កាល​ណា​ផារ៉ោន​មាន​បន្ទូល​ហៅ​បង​ប្អូន​ទៅ​សួរ​ពី​របរ​រក​ស៊ី នោះ​ត្រូវ​ឆ្លើយ​ថា​យើង​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ បាន​ធ្លាប់​ឃ្វាល​សត្វ​តាំង​តែ​ពី​ក្មេង​ដរាប​មក​ដល់​ឥឡូវ​នេះ ទាំង​យើង​ខ្ញុំ​នឹង​ឪពុក​យើង​ខ្ញុំ​ត​រៀង​មក​ផង នោះ​ដើម្បី​ឲ្យ​បង​ប្អូន​បាន​នៅ​ក្នុង​ស្រុក​កូសែន​នោះ ពី​ព្រោះ​គ្រប់​អស់​ទាំង​អ្នក​គង្វាល​សត្វ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ។