លោកុប្បត្តិ 46:1-27
លោកុប្បត្តិ 46:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអ៊ីស្រាអែលក៏នាំយករបស់លោកទាំងអស់ ធ្វើដំណើរចេញទៅ។ លុះទៅដល់បៀរ-សេបា លោកថ្វាយយញ្ញបូជាដល់ព្រះនៃលោកអ៊ីសាក ជាឪពុករបស់លោក។ ព្រះទ្រង់មានព្រះបន្ទូលទៅកាន់លោកអ៊ីស្រាអែលក្នុងនិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!» លោកទូលឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់!» ពេលនោះ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាព្រះ គឺជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាតិសាសន៍មួយដ៏ធំ។ យើងនឹងចុះទៅស្រុកអេស៊ីព្ទជាមួយអ្នក យើងក៏នឹងនាំអ្នកឡើងមកវិញដែរ ហើយដៃរបស់យ៉ូសែបនឹងបិទភ្នែកអ្នក»។ បន្ទាប់មក លោកយ៉ាកុបក៏ចេញពីបៀរ-សេបា។ កូនៗរបស់លោកអ៊ីស្រាអែលក៏បញ្ជិះឪពុក និងប្រពន្ធកូនរបស់គេ ក្នុងរទេះដែលផារ៉ោនបានបញ្ជូនមកនោះ។ គេក៏យកហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេមាននៅស្រុកកាណាន យកទៅស្រុកអេស៊ីព្ទ គឺលោកយ៉ាកុប និងពូជពង្សរបស់លោកទាំងអស់ដែលនៅជាមួយ មានកូនប្រុស ចៅប្រុស កូនស្រី និងចៅស្រីរបស់លោកទាំងប៉ុន្មាន គឺលោកបាននាំពូជពង្សទាំងអស់របស់លោកទៅឯស្រុកអេស៊ីព្ទជាមួយគ្នា។ នេះជាបញ្ជីរាយនាមរបស់ពួកកូនចៅអ៊ីស្រាអែល ដែលចូលទៅក្នុងស្រុកអេស៊ីព្ទ គឺលោកយ៉ាកុប និងកូនប្រុសៗរបស់លោក។ រូបេនជាកូនច្បងរបស់លោកយ៉ាកុប ហើយកូនរបស់រូបេន គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី។ កូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីសាសន៍កាណានម្នាក់។ កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។ កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។ កូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ាសុប និងស៊ីមរ៉ុន។ កូនរបស់សាប់យូឡូន គឺសេរែក អេឡូន និងយ៉ាលាល (អ្នកទាំងនេះជាកូនប្រុសៗរបស់លេអា ដែលនាងបានបង្កើតឲ្យលោកយ៉ាកុបនៅស្រុកប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាជាកូនស្រីរបស់លោកដែរ។ កូនប្រុស និងកូនស្រីរបស់លោក ទាំងអស់មានសាមសិបបីនាក់)។ កូនរបស់កាដ គឺសេផុន ហាក់គី ស៊ូនី អែសបូន អេរី អើរ៉ូត និងអើរេលី។ កូនរបស់អេស៊ើរ គឺយីមណា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាប្អូនស្រី។ កូនរបស់បេរា គឺហេប៊ើរ និងម៉ាលគាល (អ្នកទាំងនេះជាកូនរបស់នាងស៊ីលផា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនេះឲ្យលោកយ៉ាកុប គឺទាំងអស់មានដប់ប្រាំមួយនាក់)។ កូនរបស់នាងរ៉ាជែល ជាប្រពន្ធរបស់លោកយ៉ាកុប គឺយ៉ូសែប និងបេនយ៉ាមីន។ នៅស្រុកអេស៊ីព្ទ លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺម៉ាណាសេ និងអេប្រាអិម ដែលនាងអាសណាត់ កូនស្រីរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន បានបង្កើតឲ្យលោក។ កូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន អេហ៊ី រ៉ុស មូភីម ហ៊ូភីម និងអើឌ (អ្នកទាំងនេះជាកូនចៅរបស់រ៉ាជែល ដែលនាងបានបង្កើតឲ្យលោកយ៉ាកុប ទាំងអស់មានដប់បួននាក់)។ កូនរបស់ដាន់ គឺហ៊ូស៊ីម។ កូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម។ (អ្នកទាំងនេះជាកូនចៅរបស់នាងប៊ីលហា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់នាងរ៉ាជែលជាកូន ហើយនាងបង្កើតកូនទាំងនេះឲ្យលោកយ៉ាកុប ទាំងអស់មានប្រាំពីរនាក់)។ មនុស្សទាំងប៉ុន្មានដែលចូលទៅក្នុងស្រុកអេស៊ីព្ទជាមួយលោកយ៉ាកុប ដែលសុទ្ធតែជាកូនចៅរបស់លោក ទាំងអស់មានហុកសិបប្រាំមួយនាក់ ឥតរាប់កូនប្រសាស្រីរបស់កូនលោកយ៉ាកុបទេ។ កូនរបស់លោកយ៉ូសែប ដែលលោកបង្កើតនៅស្រុកអេស៊ីព្ទ មានពីរនាក់។ សរុបមនុស្សទាំងអស់នៅក្នុងក្រុមគ្រួសាររបស់លោកយ៉ាកុប ដែលចូលមកក្នុងស្រុកអេស៊ីព្ទ ទាំងអស់មានចិតសិបនាក់។
លោកុប្បត្តិ 46:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអ៊ីស្រាអែលចេញដំណើរទៅ ដោយយកអ្វីៗទាំងអស់ ដែលលោកមានទៅជាមួយផង។ លុះទៅដល់បៀរសេបា លោកបានធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ជាព្រះរបស់លោកអ៊ីសាក ជាឪពុក។ ព្រះជាម្ចាស់មានព្រះបន្ទូលហៅលោកអ៊ីស្រាអែល ក្នុងសុបិននិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!»។ លោកអ៊ីស្រាអែលឆ្លើយថា៖ «បពិត្រព្រះអម្ចាស់!»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះជាម្ចាស់ ជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាប្រជាជាតិមួយដ៏ធំ។ យើងនឹងចុះទៅស្រុកអេស៊ីបជាមួយអ្នក ហើយយើងក៏នឹងនាំអ្នកឡើងមកវិញដែរ។ ពេលអ្នកស្លាប់ យ៉ូសែបនឹងបិទភ្នែកឲ្យអ្នក»។ លោកយ៉ាកុបចាកចេញពីបៀរសេបា។ កូនរបស់លោកអ៊ីស្រាអែលបាននាំឪពុក និងប្រពន្ធកូនរបស់ខ្លួនជិះរទេះ ដែលព្រះចៅផារ៉ោនបានបញ្ជូនឲ្យមកទទួលនោះ។ គេក៏នាំហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេមាននៅស្រុកកាណាន យកទៅជាមួយដែរ។ លោកយ៉ាកុបធ្វើដំណើរទៅស្រុកអេស៊ីប ទាំងនាំពូជពង្សទាំងអស់ទៅជាមួយផង។ លោកនាំកូនប្រុស ចៅប្រុស កូនស្រី ចៅស្រី គឺនាំពូជពង្សទាំងប៉ុន្មានរបស់លោក ទៅស្រុកអេស៊ីប។ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអ៊ីស្រាអែល ដែលធ្វើដំណើរទៅស្រុកអេស៊ីប។ លោកយ៉ាកុប និងកូនប្រុសរបស់លោក កូនច្បងរបស់លោកយ៉ាកុប គឺរូបេន។ កូនប្រុសរបស់លោករូបេនមាន ហេណុក ប៉ាលូវ ហេស្រុន និងកើមី។ កូនប្រុសរបស់លោកស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ កូនប្រុសរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។ កូនប្រុសរបស់លោកយូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អ៊ើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។ កូនប្រុសរបស់លោកអ៊ីសាខារមាន ថូឡា ពូវ៉ា យ៉ូប និងស៊ីមរ៉ូន។ កូនប្រុសរបស់លោកសាប់យូឡូនមាន សេរែក អេឡូន និងយ៉ាលាល។ លោកទាំងនោះជាកូនដែលលោកស្រីលេអាបានបង្កើតជូនលោកយ៉ាកុប នៅស្រុកប៉ាដាន់-អើរ៉ាម។ ក្រៅពីលោកទាំងនេះនៅមាននាងឌីណាដែរ។ កូន និងចៅប្រុសស្រីរបស់លោកស្រីលេអាមានទាំងអស់សាមសិបបីនាក់។ កូនប្រុសរបស់លោកកាដមាន សេផុន ហាក់គី ស៊ូនី អេសបូន អេរី អើរ៉ូត និងអើរេលី។ កូនរបស់លោកអេស៊ើរមាន យីមណា យីសវ៉ា យីសវី និងបេរា ព្រមទាំងនាងសេរ៉ា។ កូនរបស់បេរាមាន ហេប៊ើរ និងម៉ាលគាល។ លោកទាំងនោះជាកូនរបស់នាងស៊ីលផា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លោកស្រីលេអា។ នាងស៊ីលផាបានបង្កើតកូនពីរនាក់នេះជូនលោកយ៉ាកុប។ កូន និងចៅរបស់នាងមានចំនួនទាំងអស់ដប់ប្រាំមួយនាក់។ កូនប្រុសរបស់លោកស្រីរ៉ាជែល ជាភរិយាលោកយ៉ាកុប មានយ៉ូសែប និងបេនយ៉ាមីន។ នៅស្រុកអេស៊ីប លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលលោកស្រីអាសណាត់ កូនស្រីលោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតជូនលោក។ កូនប្រុសរបស់បេនយ៉ាមីនមាន បេឡា បេគើរ អ័សបេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និងអើឌ។ លោកទាំងនោះជាកូនដែលលោកស្រីរ៉ាជែលបានបង្កើតជូនលោកយ៉ាកុប។ កូន និងចៅរបស់លោកស្រីរ៉ាជែលមានចំនួនទាំងអស់ដប់បួននាក់។ កូនប្រុសរបស់លោកដាន់មាន ហ៊ូស៊ីម។ កូនប្រុសរបស់លោកណែបថាលីមាន យ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម។ លោកទាំងនេះជាកូនរបស់នាងប៊ីលហា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លោកស្រីរ៉ាជែល។ នាងបានបង្កើតកូនទាំងនោះជូនលោកយ៉ាកុប។ កូន និងចៅរបស់នាងមានចំនួនទាំងអស់ប្រាំពីរនាក់។ ក្រុមគ្រួសាររបស់លោកយ៉ាកុបដែលមកស្រុកអេស៊ីបជាមួយលោក មានគ្នាទាំងអស់ហុកសិបប្រាំមួយនាក់ ដោយឥតបានរាប់បញ្ចូលកូនប្រសាស្រីទេ។ បើរាប់បញ្ចូលកូនទាំងពីររបស់លោកយ៉ូសែប ដែលកើតនៅស្រុកអេស៊ីបផង ចំនួនសរុបនៃក្រុមគ្រួសាររបស់លោកយ៉ាកុប ដែលមករស់នៅក្នុងស្រុកអេស៊ីប មានទាំងអស់ចិតសិបនាក់។
លោកុប្បត្តិ 46:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ៊ីស្រាអែលក៏នាំយករបស់គាត់ទាំងអស់ ធ្វើដំណើរចេញទៅ លុះដល់បៀរ-សេបាហើយ នោះគាត់ថ្វាយយញ្ញបូជាដល់ព្រះនៃអ៊ីសាកជាឪពុកខ្លួន ព្រះទ្រង់មានបន្ទូលនឹងអ៊ីស្រាអែល ក្នុងការជាក់ស្តែងនៅពេលយប់ថា យ៉ាកុបៗអើយ គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់អើយ រួចទ្រង់មានបន្ទូលថា អញជាព្រះ គឺជាព្រះនៃឪពុកឯង កុំឲ្យខ្លាចនឹងចុះទៅឯស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងចុះទៅឯស្រុកអេស៊ីព្ទជាមួយនឹងឯងដែរ ហើយនឹងនាំឯងឡើងមកវិញជាមិនខាន ឯយ៉ូសែបវានឹងបិទភ្នែកឯង រួចយ៉ាកុបក្រោកឡើងចេញពីបៀរ-សេបាទៅ ហើយពួកកូនចៅអ៊ីស្រាអែលក៏បញ្ជិះឪពុក នឹងប្រពន្ធកូនគេលើរទេះដែលផារ៉ោនបានផ្ញើមកសំរាប់នាំយកទៅ គេក៏យកហ្វូងសត្វនឹងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេបាន ពីកាលនៅស្រុកកាណាន នាំទៅស្រុកអេស៊ីព្ទដែរ គឺយ៉ាកុបនឹងពូជគាត់ទាំងអស់គ្នា គាត់បាននាំ ទាំងកូនប្រុស កូនស្រី នឹងចៅទាំងប៉ុន្មាន ហើយពូជពង្សទាំងអស់ទៅឯស្រុកអេស៊ីព្ទជាមួយគ្នា។ នេះជាបញ្ជីឈ្មោះ របស់ពួកកូនចៅអ៊ីស្រាអែលដែលចូលទៅក្នុងស្រុកអេស៊ីព្ទ គឺយ៉ាកុបនឹងកូនចៅគាត់ទាំងប៉ុន្មាន ឯរូបេនជាកូនច្បងបង្អស់ ហើយកូនរបស់រូបេន គឺហេណុក ប៉ាលូវ ហេស្រុន នឹងកើមី ឯកូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ នឹងសូលជាកូនរបស់ស្រីសាសន៍កាណានម្នាក់ ឯកូនរបស់លេវី គឺគើសុន កេហាត់ នឹងម្រ៉ារី ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស នឹងសេរ៉ាស តែអ៊ើរនឹងអូណាន់បានស្លាប់នៅស្រុកកាណានទៅ ឯកូនរបស់ពេរេស គឺហេស្រុន នឹងហាមុល ឯកូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ូប នឹងស៊ីមរ៉ុន ឯកូនរបស់សាប់យូល៉ូន គឺសេរែក អេឡូន នឹងយ៉ាលាល នោះសុទ្ធតែជាកូនចៅរបស់លេអាដែលនាងបានបង្កើតឲ្យយ៉ាកុបនៅស្រុកប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាជាកូនស្រីផង ពួកកូនប្រុសកូនស្រីទាំងនោះមាន៣៣នាក់។ ឯកូនរបស់កាឌ់ គឺសេផុន ហាក់គី ស៊ូនី អែសបូន អេរី អើរ៉ូត នឹងអើរេលី ឯកូនរបស់អេស៊ើរ គឺយីមន៉ា យីសវ៉ា យីសវី បេរា នឹងសេរ៉ាជាប្អូនស្រី ឯកូនរបស់បេរា គឺហេប៊ើរ នឹងម៉ាលគាល នោះសុទ្ធតែជាកូនចៅរបស់ស៊ីលផា ជាបាវស្រីដែលឡាបាន់បានឲ្យដល់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនោះឲ្យយ៉ាកុប ទាំងអស់មាន១៦នាក់។ ឯកូនរបស់រ៉ាជែលជាប្រពន្ធយ៉ាកុប នោះគឺយ៉ូសែប នឹងបេនយ៉ាមីន នៅស្រុកអេស៊ីព្ទ យ៉ូសែបមានកូន២ គឺម៉ាន៉ាសេ នឹងអេប្រាអិម ដែលនាងអាសន៉ាត់ ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ កូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម នឹងអើឌ នោះសុទ្ធតែជាកូនចៅរបស់រ៉ាជែលដែលនាងបង្កើតឲ្យយ៉ាកុបទាំងអស់មាន១៤នាក់។ ឯកូនរបស់ដាន់ គឺហ៊ូស៊ីម ឯកូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ នឹងស៊ីលិម នោះសុទ្ធតែជាកូនចៅរបស់ប៊ីលហា ជាបាវស្រីដែលឡាបាន់បានឲ្យទៅនាងរ៉ាជែលជាកូន នាងបង្កើតកូនទាំងនោះឲ្យយ៉ាកុប ទាំងអស់មាន៧នាក់ ពួកអ្នកដែលចូលទៅឯស្រុកអេស៊ីព្ទជាមួយនឹងយ៉ាកុប ជាពួកអ្នកដែលកើតពីគាត់ទាំងប៉ុន្មាន នោះរួមទាំងអស់មាន៦៦នាក់ ឥតរាប់ប្រពន្ធរបស់កូនយ៉ាកុបទាំងប៉ុន្មានទេ ហើយកូនរបស់យ៉ូសែប ដែលគាត់បង្កើតនៅស្រុកអេស៊ីព្ទ នោះមាន២នាក់ ដូច្នេះ ពួកគ្រួរបស់យ៉ាកុបទាំងអស់ដែលចុះទៅឯស្រុកអេស៊ីព្ទ នោះរួមគ្នាមាន៧០នាក់។