លោកុប្បត្តិ 45:5-8
លោកុប្បត្តិ 45:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភ ឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ដ្បិតគឺព្រះទេដែលចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗ។ ដ្បិតមើល៍! មានអំណត់នៅក្នុងស្រុកពីរឆ្នាំនេះហើយ ក៏ត្រូវមានប្រាំឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ ឬច្រូតកាត់អ្វីឡើយ។ ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗឲ្យបានសល់នៅលើផែនដី និងរក្សាមនុស្សជាច្រើនឲ្យមានជីវិតរស់នៅ។ ដូច្នេះ មិនមែនបងៗទេ គឺព្រះវិញទេតើដែលបានចាត់ខ្ញុំឲ្យមកទីនេះ ព្រះអង្គបានតាំងខ្ញុំជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទាំងមូលរបស់ស្ដេច និងជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។
លោកុប្បត្តិ 45:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី ហើយក៏កុំស្ដាយក្រោយ ព្រោះតែបានលក់ប្អូននោះឡើយ ដ្បិតព្រះជាម្ចាស់បានចាត់ប្អូនឲ្យមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ។ មើល៍ មានកើតទុរ្ភិក្សនៅក្នុងស្រុកអស់រយៈពេលពីរឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលប្រាំឆ្នាំតទៅមុខទៀត ក៏គ្មាននរណាអាចភ្ជួររាស់ និងច្រូតកាត់បានដែរ។ ព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុក សម្រាប់រក្សាជីវិតបងៗឲ្យបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។ ដូច្នេះ ពុំមែនបងៗទេ គឺព្រះជាម្ចាស់វិញទេតើ ដែលចាត់ប្អូនឲ្យមកទីនេះ ព្រះអង្គបានតែងតាំងប្អូនឲ្យធ្វើជាមន្ត្រីដ៏ខ្ពស់បំផុតរបស់ព្រះចៅផារ៉ោន គឺឲ្យប្អូនត្រួតត្រាលើរាជវាំងរបស់ស្ដេច និងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល។
លោកុប្បត្តិ 45:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ កុំឲ្យអ្នករាល់គ្នាព្រួយឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក ដ្បិតមើល មានអំណត់នៅលើផែនដី២ឆ្នាំនេះហើយ ក៏ត្រូវមាន៥ឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ឬច្រូតកាត់អ្វីឡើយ ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឲ្យមានសំណល់សល់នៅផែនដី ហើយនឹងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នា ដោយសេចក្ដីប្រោសប្រាណយ៉ាងធំ ដូច្នេះ មិនមែនអ្នករាល់គ្នាដែលឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំទុកជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទ្រង់ទាំងអស់ ហើយជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលផង