លោកុប្បត្តិ 45:3-8

លោកុប្បត្តិ 45:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​មាន​ប្រសាសន៍​ទៅ​បង‌ប្អូន​របស់​លោក​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប តើ​ឪពុក​ខ្ញុំ​នៅ​រស់​ឬ​ទេ?» ប៉ុន្ដែ បង‌ប្អូន​របស់​លោក​ឆ្លើយ​មិន​បាន​ទេ ដ្បិត​គេ​មាន​ចិត្ត​រន្ធត់​ជា​ខ្លាំង​នៅ​ចំពោះ​លោក។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បង‌ប្អូន​របស់​លោក​ថា៖ «សូម​មក​ជិត​ខ្ញុំ​មក៍» គេ​ក៏​ចូល​ទៅ​ជិត។ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប ជា​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់ឲ្យ​គេ​នៅ​ស្រុក​អេស៊ីព្ទ​នេះ។ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ដ្បិត​គឺ​ព្រះ​ទេ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​រក្សា​ជីវិត​បងៗ។ ដ្បិត​មើល៍! មាន​អំណត់​នៅ​ក្នុង​ស្រុក​ពីរ​ឆ្នាំ​នេះ​ហើយ ក៏​ត្រូវ​មាន​ប្រាំ​ឆ្នាំ​ទៀត ដែល​នឹង​គ្មាន​អ្នក​ណា​ភ្ជួរ​រាស់ ឬ​ច្រូត​កាត់​អ្វី​ឡើយ។ ព្រះ‌ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​រក្សា​ជីវិត​បងៗ​ឲ្យ​បាន​សល់​នៅ​លើ​ផែន‌ដី និង​រក្សា​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជីវិត​រស់​នៅ។ ដូច្នេះ មិន​មែន​បងៗ​ទេ គឺ​ព្រះ​វិញ​ទេ​តើ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ ព្រះ‌អង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផា​រ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទាំង​មូល​របស់​ស្ដេច និង​ជា​អ្នក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។

លោកុប្បត្តិ 45:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​មាន​ប្រសាសន៍​ទៅ​បងប្អូន​លោក​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប! តើ​ឪពុក​យើង​នៅ​រស់​ទេ​ឬ?»។ ប៉ុន្តែ បងប្អូន​របស់​លោក​រក​ឆ្លើយ​ពុំ​បាន​ទេ គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ដោយ​ឃើញ​លោក​នៅ​នឹង​មុខ​ដូច្នេះ។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «សូម​ខិត​ចូល​មក​ជិត​ខ្ញុំ​មក៍» ពួក​គេ​ក៏​ខិត​ចូល​ទៅ​ជិត​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់​ឲ្យ​គេ​នាំ​យក​មក​ស្រុក​អេស៊ីប​នេះ។ ប៉ុន្តែ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​ធ្វើ​អ្វី ហើយ​ក៏​កុំ​ស្ដាយ​ក្រោយ ព្រោះ​តែ​បាន​លក់​ប្អូន​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​ការពារ​អាយុ​ជីវិត​របស់​បងៗ។ មើល៍ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ត​ទៅ​មុខ​ទៀត ក៏​គ្មាន​នរណា​អាច​ភ្ជួរ​រាស់ និង​ច្រូត​កាត់​បាន​ដែរ។ ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​ប្រមែ‌ប្រមូល​ស្បៀង​អាហារ​បង្ការ​ទុក សម្រាប់​រក្សា​ជីវិត​បងៗ​ឲ្យ​បាន​រស់​នៅ​ក្នុង​ស្រុក ដោយ‌សារ​ការ​សង្គ្រោះ​ដ៏​អស្ចារ្យ​នេះ។ ដូច្នេះ ពុំ​មែន​បងៗ​ទេ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​តើ ដែល​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ ព្រះអង្គ​បាន​តែង‌តាំង​ប្អូន​ឲ្យ​ធ្វើ​ជា​មន្ត្រី​ដ៏​ខ្ពស់​បំផុត​របស់​ព្រះចៅ​ផារ៉ោន គឺ​ឲ្យ​ប្អូន​ត្រួត‌ត្រា​លើ​រាជ​វាំង​របស់​ស្ដេច និង​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល។

លោកុប្បត្តិ 45:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គាត់​ប្រាប់​ទៅ​បង​ប្អូន​ថា ខ្ញុំ​នេះ​ជា​យ៉ូសែប តើ​ឪពុក​ខ្ញុំ​នៅ​រស់​ទេ​ឬ ឯ​បង​ប្អូន​គាត់​ឆ្លើយ​មិន​បាន ពី​ព្រោះ​គេ​ស្រឡាំង‌កាំង​ទាំង​អស់​គ្នា​នៅ​មុខ​គាត់ តែ​យ៉ូសែប​និយាយ​ទៅ​បង​ប្អូន​ថា សូម​មក​ជិត​ខ្ញុំ គេ​ក៏​ចូល​ទៅ​ជិត រួច​គាត់​ប្រាប់​ថា ខ្ញុំ​នេះ​ជា​យ៉ូសែប ជា​ប្អូន​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​លក់​មក​នៅ​ស្រុក​អេស៊ីព្ទ​នេះ ឥឡូវ​នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ពី​ព្រោះ​គឺ​ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក ដ្បិត​មើល មាន​អំណត់​នៅ​លើ​ផែនដី​២​ឆ្នាំ​នេះ​ហើយ ក៏​ត្រូវ​មាន​៥​ឆ្នាំ​ទៀត ដែល​នឹង​គ្មាន​អ្នក​ណា​ភ្ជួរ‌រាស់​ឬ​ច្រូត​កាត់​អ្វី​ឡើយ ព្រះ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​អ្នក​រាល់​គ្នា ដើម្បី​នឹង​រក្សា​អ្នក​រាល់​គ្នា​ឲ្យ​មាន​សំណល់​សល់​នៅ​ផែនដី ហើយ​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ប្រោស‌ប្រាណ​យ៉ាង​ធំ ដូច្នេះ មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ ទ្រង់​បាន​តាំង​ខ្ញុំ​ទុក​ជា​ឪពុក​ដល់​ផារ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទ្រង់​ទាំង​អស់ ហើយ​ជា​ចៅហ្វាយ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង