លោកុប្បត្តិ 45:16-27
លោកុប្បត្តិ 45:16-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលដំណឹងនោះបានឮទៅដល់ដំណាក់របស់ផារ៉ោនថា បងប្អូនរបស់លោកយ៉ូសែបបានមកដល់ នោះទាំងផារ៉ោន និងពួកមហាតលិករបស់ស្ដេចសប្បាយចិត្ត។ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «សូមប្រាប់ពួកបងប្អូនរបស់លោកថា "ត្រូវធ្វើដូច្នេះ គឺសូមផ្ទុកសត្វរបស់អ្នករាល់គ្នា ហើយវិលទៅស្រុកកាណាន រួចនាំយកឪពុក និងក្រុមគ្រួសាររបស់អ្នករាល់គ្នាមកទីនេះ យើងនឹងប្រគល់ដីដ៏ល្អបំផុតក្នុងស្រុកអេស៊ីព្ទឲ្យអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានបរិភោគផលដ៏ល្អបំផុតនៅស្រុកនេះ"។ លោកបានទទួលបង្គាប់ហើយ ចូរធ្វើដូច្នេះ គឺយករទេះពីស្រុកអេស៊ីព្ទនេះទៅ សម្រាប់ដឹកប្រពន្ធ និងកូនតូចៗរបស់អ្នករាល់គ្នា ហើយបញ្ជិះឪពុករបស់អ្នករាល់គ្នាមកទីនេះ។ កុំស្តាយរបស់ទ្រព្យអ្នករាល់គ្នាឡើយ ដ្បិតគ្រប់របស់ល្អនៅស្រុកអេស៊ីព្ទទាំងមូលជារបស់អ្នករាល់គ្នាហើយ»។ កូនៗរបស់លោកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយលោកយ៉ូសែបឲ្យរទេះទៅគេ តាមបញ្ជារបស់ផារ៉ោន ក៏ឲ្យស្បៀងអាហារសម្រាប់បរិភោគតាមផ្លូវដែរ។ លោកឲ្យសម្លៀកបំពាក់មួយបន្លាស់ដល់បងៗគ្រប់គ្នា តែលោកបានឲ្យប្រាក់បីរយដួង និងសម្លៀកបំពាក់ប្រាំបន្លាស់ដល់បេនយ៉ាមីន។ លោកក៏ផ្ញើទៅជូនឪពុកយ៉ាងនេះ គឺលាឈ្មោលដប់ក្បាល ដែលផ្ទុករបស់ល្អៗពីស្រុកអេស៊ីព្ទ និងលាញីដប់ក្បាលដែលផ្ទុកស្រូវ នំបុ័ង និងស្បៀងអាហារសម្រាប់ឪពុកធ្វើដំណើរមកតាមផ្លូវ។ បន្ទាប់មក លោកក៏ជូនដំណើរបងប្អូន ទាំងផ្ដែផ្ដាំគេថា៖ «សូមកុំឈ្លោះប្រកែក គ្នាតាមផ្លូវ» ហើយគេក៏នាំគ្នាចេញទៅ។ ពួកគេចាកចេញពីស្រុកអេស៊ីព្ទ ឡើងទៅជួបលោកយ៉ាកុបជាឪពុកនៅស្រុកកាណាន ហើយគេជម្រាបលោកថា៖ «យ៉ូសែបនៅរស់ទេ ហើយធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល»។ លោកយ៉ាកុបក៏ស្រឡាំងកាំង ដ្បិតលោកមិនជឿពួកគេទេ។ ប៉ុន្ដែ កាលពួកគេជម្រាបលោកតាមគ្រប់ទាំងពាក្យរបស់លោកយ៉ូសែបដែលបានផ្តាំមក ហើយកាលលោកឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីបញ្ជិះលោកទៅ នោះទើបលោកយ៉ាកុបជាឪពុកបានភ្ញាក់ស្មារតី។
លោកុប្បត្តិ 45:16-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដំណឹងនេះបានលេចឮទៅដល់វាំងរបស់ព្រះចៅផារ៉ោនថា បងប្អូនរបស់លោកយ៉ូសែបមកដល់ហើយ ធ្វើឲ្យទាំងស្ដេច ទាំងក្រុមមន្ត្រីសប្បាយចិត្ត។ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «សុំប្រាប់បងប្អូនរបស់លោកថា “ចូរនាំគ្នារៀបចំសត្វពាហនៈចេញដំណើរទៅស្រុកកាណានយ៉ាងប្រញាប់ រួចនាំឪពុក និងក្រុមគ្រួសារត្រឡប់មករកយើងវិញ យើងនឹងប្រគល់ដីមួយកន្លែងដ៏ល្អជាងគេ នៅស្រុកអេស៊ីបនេះឲ្យអ្នករាល់គ្នា ព្រមទាំងឲ្យអ្នករាល់គ្នាបរិភោគភោគផលដ៏ល្អជាងគេ នៅក្នុងស្រុកនេះផង”។ សុំលោកប្រាប់ពួកគេទៀតថា “ចូរយករទេះពីស្រុកអេស៊ីប ទៅដឹកជញ្ជូនប្រពន្ធកូន និងឪពុកអ្នករាល់គ្នាមកទីនេះ។ មិនត្រូវនឹកស្ដាយរបស់ទ្រព្យអ្នករាល់គ្នាឡើយ ដ្បិតនៅស្រុកអេស៊ីបអ្នករាល់គ្នានឹងបានកន្លែងដ៏ល្អជាងគេ”»។ កូនៗរបស់លោកអ៊ីស្រាអែលនាំគ្នាធ្វើតាមរាជឱង្ការនេះ។ លោកយ៉ូសែបយករទេះមកឲ្យពួកគេ តាមបញ្ជារបស់ព្រះចៅផារ៉ោន ហើយលោកក៏ឲ្យស្បៀងអាហារគេ សម្រាប់បរិភោគតាមផ្លូវដែរ។ លោកបានយកសម្លៀកបំពាក់មកឲ្យបងៗទាំងអស់គ្នា។ រីឯបេនយ៉ាមីនវិញ លោកឲ្យប្រាក់សុទ្ធប្រមាណកៅសិបតម្លឹង និងឲ្យសម្លៀកបំពាក់ប្រាំបន្លាស់។ លោកក៏ផ្ញើលាឈ្មោលដប់ក្បាល ដែលមានផ្ទុកភោគផលដ៏ល្អបំផុតនៅស្រុកអេស៊ីប ព្រមទាំងលាញីដប់ក្បាលដែលផ្ទុកស្រូវ និងស្បៀងអាហារផ្សេងៗ ទៅជូនឪពុករបស់លោក ទុកសម្រាប់ធ្វើដំណើរមក។ បន្ទាប់មក លោកឲ្យបងប្អូនចេញដំណើរទៅ ទាំងផ្ដាំថា៖ «កុំឈ្លោះប្រកែកគ្នានៅតាមផ្លូវឡើយ»។ ពួកគេចាកចេញពីស្រុកអេស៊ីប មកជួបលោកយ៉ាកុប ជាឪពុក នៅស្រុកកាណានវិញ។ គេនាំគ្នាជម្រាបលោកយ៉ាកុបថា៖ «យ៉ូសែបនៅរស់នៅឡើយទេ ហើយកំពុងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលផង»។ ប៉ុន្តែ លោកយ៉ាកុបមិនរំភើបចិត្តសោះ ព្រោះលោកមិនជឿសម្ដីរបស់ពួកគេទេ។ ពួកគេក៏ជម្រាបជូននូវសេចក្ដីទាំងប៉ុន្មានដែលលោកយ៉ូសែបបានផ្ដាំមក។ ពេលឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីដឹកលោកទៅស្រុកអេស៊ីប លោកយ៉ាកុប ជាឪពុក ក៏ភ្ញាក់ស្មារតីឡើងវិញ
លោកុប្បត្តិ 45:16-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដំណឹងនោះបានឮទៅដល់ក្នុងដំណាក់ផារ៉ោនថា បងប្អូនយ៉ូសែបបានមកដល់ហើយ សេចក្ដីនោះក៏គាប់ព្រះទ័យដល់ផារ៉ោន នឹងពួកមហាតលិកទ្រង់ រួចផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែប ឲ្យប្រាប់ដល់ពួកបងប្អូនថា ត្រូវធ្វើដូច្នេះ គឺឲ្យផ្ទុកសត្វរបស់ឯងរាល់គ្នាទៅឯស្រុកកាណានទៅ រួចនាំយកឪពុក នឹងពួកគ្រួសាររបស់ឯងរាល់គ្នាមកឯណេះ អញនឹងឲ្យទីកន្លែងដ៏ល្អក្នុងស្រុកអេស៊ីព្ទដល់ឯងរាល់គ្នា នោះឯងរាល់គ្នានឹងបានបរិភោគរបស់ល្អបំផុតនៅស្រុកនេះតទៅ ឯងបានទទួលបង្គាប់ហើយ ដូច្នេះចូរធ្វើយ៉ាងនេះចុះ គឺឲ្យយករទេះពីស្រុកអេស៊ីព្ទនេះទៅ សំរាប់ប្រពន្ធឯងរាល់គ្នា ព្រមទាំងកូនតូចៗផង ហើយបញ្ជិះឪពុកឯងរាល់គ្នានាំចុះមកឯណេះ កុំឲ្យស្តាយរបស់ទ្រព្យឯងរាល់គ្នាឡើយ ពីព្រោះគ្រប់ទាំងរបស់ល្អនៅស្រុកអេស៊ីព្ទទាំងមូល ជារបស់ផងឯងរាល់គ្នាហើយ។ ពួកកូនអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយយ៉ូសែបគាត់ឲ្យរទេះទៅគេតាមបង្គាប់ផារ៉ោន ក៏ឲ្យស្បៀងអាហារបរិភោគតាមផ្លូវផង គាត់ឲ្យសំលៀកបំពាក់ពីរបីបន្លាស់ដល់គ្រប់គ្នា តែគាត់បានឲ្យប្រាក់៣០០ដួង នឹងសំលៀកបំពាក់៥បន្លាស់ដល់បេនយ៉ាមីន រួចក៏ផ្ញើទៅជូនឪពុកយ៉ាងនេះ គឺលា១០ ផ្ទុកសុទ្ធតែរបស់ល្អពីស្រុកអេស៊ីព្ទ ហើយលាញី១០ ផ្ទុកសុទ្ធតែស្រូវ ព្រមទាំងនំបុ័ងនឹងស្បៀងសំរាប់ឪពុកមកតាមផ្លូវ គាត់ក៏បញ្ជូនឲ្យបងប្អូនទៅ ដោយពាក្យបណ្តាំថា កុំឲ្យឈ្លោះប្រកែកគ្នាតាមផ្លូវណ៎ះ នោះគេក៏នាំគ្នាចេញទៅ។ គេចេញពីស្រុកអេស៊ីព្ទ ឡើងទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណាន ក៏ជំរាបថា យ៉ូសែបនៅរស់ទេ គឺវាហើយដែលធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល នោះគាត់មានចិត្តភាំងស្លុត ដោយមិនបានជឿទេ តែគេជំរាបគាត់តាមគ្រប់ទាំងពាក្យរបស់យ៉ូសែប ដែលបានផ្តាំមក ហើយកាលគាត់ឃើញរទេះទាំងនោះ ដែលយ៉ូសែបឲ្យមកសំរាប់បញ្ជិះគាត់ទៅ នោះទើបយ៉ាកុបជាឪពុកបានភ្ញាក់ខ្លួនឡើង