លោកុប្បត្តិ 45:1-28
លោកុប្បត្តិ 45:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកយ៉ូសែបមិនអាចទប់ចិត្ត នៅចំពោះមុខអស់អ្នកដែលនៅជិតលោកបានឡើយ ហើយលោកក៏ស្រែកឡើងថា៖ «ចូរឲ្យមនុស្សទាំងអស់ថយចេញពីខ្ញុំទៅ!»។ ដូច្នេះ ពេលលោកយ៉ូសែបប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់ នោះគ្មានអ្នកណាផ្សេងទៀតនៅជាមួយឡើយ។ លោកទ្រហោយំយ៉ាងខ្លាំង ហើយសាសន៍អេស៊ីព្ទក៏ឮ ព្រមទាំងពួកដំណាក់ផារ៉ោនផង។ លោកមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប តើឪពុកខ្ញុំនៅរស់ឬទេ?» ប៉ុន្ដែ បងប្អូនរបស់លោកឆ្លើយមិនបានទេ ដ្បិតគេមានចិត្តរន្ធត់ជាខ្លាំងនៅចំពោះលោក។ លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «សូមមកជិតខ្ញុំមក៍» គេក៏ចូលទៅជិត។ លោកមានប្រសាសន៍ថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប ជាប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេនៅស្រុកអេស៊ីព្ទនេះ។ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភ ឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ដ្បិតគឺព្រះទេដែលចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗ។ ដ្បិតមើល៍! មានអំណត់នៅក្នុងស្រុកពីរឆ្នាំនេះហើយ ក៏ត្រូវមានប្រាំឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ ឬច្រូតកាត់អ្វីឡើយ។ ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗឲ្យបានសល់នៅលើផែនដី និងរក្សាមនុស្សជាច្រើនឲ្យមានជីវិតរស់នៅ។ ដូច្នេះ មិនមែនបងៗទេ គឺព្រះវិញទេតើដែលបានចាត់ខ្ញុំឲ្យមកទីនេះ ព្រះអង្គបានតាំងខ្ញុំជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទាំងមូលរបស់ស្ដេច និងជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។ សូមបងៗប្រញាប់ទៅជួបឪពុករបស់ខ្ញុំ ហើយជម្រាបលោកថា "យ៉ូសែបជាកូនរបស់លោកឪពុកផ្តាំមកដូច្នេះថា ព្រះទ្រង់បានតាំងខ្ញុំឲ្យធ្វើជាម្ចាស់លើស្រុកអេស៊ីព្ទទាំងមូល ដូច្នេះ សូមអញ្ជើញមកជួបកូន កុំបង្អង់ឡើយ លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន នៅជិតកូន គឺទាំងលោកឪពុក និងកូនចៅរបស់លោកឪពុកទាំងអស់ ទាំងហ្វូងចៀម ហ្វូងគោ ព្រមទាំងអ្វីៗទាំងអស់ដែលលោកឪពុកមានផង។ នៅស្រុកនោះ កូននឹងផ្គត់ផ្គង់លោកឪពុក ក្រែងលោកឪពុកជួបការខ្វះខាត គឺទាំងលោកឪពុក និងក្រុមគ្រួសារលោកឪពុក ព្រមទាំងហ្វូងសត្វរបស់លោកឪពុកទាំងអស់ដែរ ដ្បិតនៅមានអំណត់ប្រាំឆ្នាំទៀត"។ ឥឡូវនេះ បងៗបានឃើញនឹងភ្នែកហើយ ឯបេនយ៉ាមីនជាប្អូនខ្ញុំក៏ឃើញនឹងភ្នែកដែរថា នេះជាមាត់របស់ខ្ញុំផ្ទាល់ដែលនិយាយជាមួយបងៗ។ សូមបងៗជម្រាបឪពុកខ្ញុំ ពីគ្រប់សេចក្ដីរុងរឿងរបស់ខ្ញុំនៅស្រុកអេស៊ីព្ទនេះ និងពីគ្រប់អ្វីៗទាំងអស់ដែលបងៗបានឃើញ។ ចូរប្រញាប់ទៅនាំលោកឪពុករបស់ខ្ញុំ ចុះមកទីនេះកុំបង្អង់ឡើយ»។ ពេលនោះ លោកយ៉ូសែបស្ទុះទៅឱបកបេនយ៉ាមីនជាប្អូន ហើយយំ ឯបេនយ៉ាមីនក៏យំឱបកលោកដែរ។ លោកថើបបងៗទាំងអស់ ហើយយំទាំងអស់គ្នា រួចមក បងប្អូនរបស់លោកក៏សំណេះសំណាលជាមួយលោក។ កាលដំណឹងនោះបានឮទៅដល់ដំណាក់របស់ផារ៉ោនថា បងប្អូនរបស់លោកយ៉ូសែបបានមកដល់ នោះទាំងផារ៉ោន និងពួកមហាតលិករបស់ស្ដេចសប្បាយចិត្ត។ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «សូមប្រាប់ពួកបងប្អូនរបស់លោកថា "ត្រូវធ្វើដូច្នេះ គឺសូមផ្ទុកសត្វរបស់អ្នករាល់គ្នា ហើយវិលទៅស្រុកកាណាន រួចនាំយកឪពុក និងក្រុមគ្រួសាររបស់អ្នករាល់គ្នាមកទីនេះ យើងនឹងប្រគល់ដីដ៏ល្អបំផុតក្នុងស្រុកអេស៊ីព្ទឲ្យអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានបរិភោគផលដ៏ល្អបំផុតនៅស្រុកនេះ"។ លោកបានទទួលបង្គាប់ហើយ ចូរធ្វើដូច្នេះ គឺយករទេះពីស្រុកអេស៊ីព្ទនេះទៅ សម្រាប់ដឹកប្រពន្ធ និងកូនតូចៗរបស់អ្នករាល់គ្នា ហើយបញ្ជិះឪពុករបស់អ្នករាល់គ្នាមកទីនេះ។ កុំស្តាយរបស់ទ្រព្យអ្នករាល់គ្នាឡើយ ដ្បិតគ្រប់របស់ល្អនៅស្រុកអេស៊ីព្ទទាំងមូលជារបស់អ្នករាល់គ្នាហើយ»។ កូនៗរបស់លោកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយលោកយ៉ូសែបឲ្យរទេះទៅគេ តាមបញ្ជារបស់ផារ៉ោន ក៏ឲ្យស្បៀងអាហារសម្រាប់បរិភោគតាមផ្លូវដែរ។ លោកឲ្យសម្លៀកបំពាក់មួយបន្លាស់ដល់បងៗគ្រប់គ្នា តែលោកបានឲ្យប្រាក់បីរយដួង និងសម្លៀកបំពាក់ប្រាំបន្លាស់ដល់បេនយ៉ាមីន។ លោកក៏ផ្ញើទៅជូនឪពុកយ៉ាងនេះ គឺលាឈ្មោលដប់ក្បាល ដែលផ្ទុករបស់ល្អៗពីស្រុកអេស៊ីព្ទ និងលាញីដប់ក្បាលដែលផ្ទុកស្រូវ នំបុ័ង និងស្បៀងអាហារសម្រាប់ឪពុកធ្វើដំណើរមកតាមផ្លូវ។ បន្ទាប់មក លោកក៏ជូនដំណើរបងប្អូន ទាំងផ្ដែផ្ដាំគេថា៖ «សូមកុំឈ្លោះប្រកែក គ្នាតាមផ្លូវ» ហើយគេក៏នាំគ្នាចេញទៅ។ ពួកគេចាកចេញពីស្រុកអេស៊ីព្ទ ឡើងទៅជួបលោកយ៉ាកុបជាឪពុកនៅស្រុកកាណាន ហើយគេជម្រាបលោកថា៖ «យ៉ូសែបនៅរស់ទេ ហើយធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល»។ លោកយ៉ាកុបក៏ស្រឡាំងកាំង ដ្បិតលោកមិនជឿពួកគេទេ។ ប៉ុន្ដែ កាលពួកគេជម្រាបលោកតាមគ្រប់ទាំងពាក្យរបស់លោកយ៉ូសែបដែលបានផ្តាំមក ហើយកាលលោកឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីបញ្ជិះលោកទៅ នោះទើបលោកយ៉ាកុបជាឪពុកបានភ្ញាក់ស្មារតី។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «បានហើយ ពុកជឿហើយ យ៉ូសែបកូនពុកនៅរស់មែន ពុកនឹងទៅជួបវា មុននឹងពុកស្លាប់»។
លោកុប្បត្តិ 45:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយលោកយ៉ូសែបពុំអាចទប់ចិត្ត នៅចំពោះមុខអស់អ្នកដែលនៅជុំវិញលោក លោកក៏បញ្ជាឲ្យពួកគេចេញទៅ។ ពេលលោកយ៉ូសែបបង្ហាញឲ្យបងៗស្គាល់លោកនោះ គ្មានអ្នកឯទៀតៗនៅជាមួយទេ។ លោកទ្រហោយំយ៉ាងខ្លាំង រហូតដល់ជនជាតិអេស៊ីបបានឮ សូម្បីតែអ្នកនៅក្នុងដំណាក់របស់ព្រះចៅផារ៉ោនក៏បានឮដែរ។ លោកមានប្រសាសន៍ទៅបងប្អូនលោកថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប! តើឪពុកយើងនៅរស់ទេឬ?»។ ប៉ុន្តែ បងប្អូនរបស់លោករកឆ្លើយពុំបានទេ គេញ័ររន្ធត់យ៉ាងខ្លាំង ដោយឃើញលោកនៅនឹងមុខដូច្នេះ។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «សូមខិតចូលមកជិតខ្ញុំមក៍» ពួកគេក៏ខិតចូលទៅជិតលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែបប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេនាំយកមកស្រុកអេស៊ីបនេះ។ ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី ហើយក៏កុំស្ដាយក្រោយ ព្រោះតែបានលក់ប្អូននោះឡើយ ដ្បិតព្រះជាម្ចាស់បានចាត់ប្អូនឲ្យមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ។ មើល៍ មានកើតទុរ្ភិក្សនៅក្នុងស្រុកអស់រយៈពេលពីរឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលប្រាំឆ្នាំតទៅមុខទៀត ក៏គ្មាននរណាអាចភ្ជួររាស់ និងច្រូតកាត់បានដែរ។ ព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុក សម្រាប់រក្សាជីវិតបងៗឲ្យបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។ ដូច្នេះ ពុំមែនបងៗទេ គឺព្រះជាម្ចាស់វិញទេតើ ដែលចាត់ប្អូនឲ្យមកទីនេះ ព្រះអង្គបានតែងតាំងប្អូនឲ្យធ្វើជាមន្ត្រីដ៏ខ្ពស់បំផុតរបស់ព្រះចៅផារ៉ោន គឺឲ្យប្អូនត្រួតត្រាលើរាជវាំងរបស់ស្ដេច និងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល។ សូមបងៗវិលទៅរកឪពុកយើងជាប្រញាប់ ហើយជម្រាបលោកថា “យ៉ូសែប ជាកូនលោកឪពុក សូមផ្ដាំមកថា ព្រះជាម្ចាស់បានតែងតាំងកូនឲ្យធ្វើជាម្ចាស់គ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល ដូច្នេះ សូមលោកឪពុកចុះមករកកូនកុំបង្អង់ឡើយ លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន ក្បែរកូន គឺទាំងលោកឪពុក ទាំងកូន ទាំងចៅរបស់លោកឪពុក ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលលោកឪពុកមាននោះផងដែរ។ កូននឹងជួយឧបត្ថម្ភលោកឪពុក មិនឲ្យលោកឪពុក និងក្រុមគ្រួសារ ព្រមទាំងហ្វូងសត្វរបស់លោកឪពុក ខ្វះខាតអ្វីឡើយ ដ្បិតនៅមានកើតទុរ្ភិក្សក្នុងរវាងប្រាំឆ្នាំទៀត”។ បងៗបានឃើញប្អូនផ្ទាល់នឹងភ្នែក ប្អូនបេនយ៉ាមីនក៏បានឃើញផ្ទាល់នឹងភ្នែកដែរថា គឺពិតជាខ្ញុំហ្នឹងហើយ ដែលកំពុងតែនិយាយជាមួយបងៗ។ សូមបងៗរៀបរាប់ជម្រាបលោកឪពុកឲ្យបានជ្រាបផងថា ខ្ញុំមានមុខតំណែងធំយ៉ាងណានៅស្រុកអេស៊ីបនេះ និងឲ្យគាត់បានជ្រាបនូវអ្វីៗទាំងអស់ដែលបងៗបានឃើញ។ សូមបងៗទៅអញ្ជើញលោកឪពុកឲ្យចុះមកទីនេះ កុំបង្អង់ឡើយ»។ លោកយ៉ូសែបស្ទុះទៅឱបបេនយ៉ាមីន ជាប្អូន រួចយំ រីឯបេនយ៉ាមីនក៏យំឱបលោកយ៉ូសែបដែរ។ បន្ទាប់មក លោកថើបបងៗទាំងអស់ ទាំងយំទៀតផង រួចហើយ បងប្អូនលោកក៏និយាយសំណេះសំណាលជាមួយលោក។ ដំណឹងនេះបានលេចឮទៅដល់វាំងរបស់ព្រះចៅផារ៉ោនថា បងប្អូនរបស់លោកយ៉ូសែបមកដល់ហើយ ធ្វើឲ្យទាំងស្ដេច ទាំងក្រុមមន្ត្រីសប្បាយចិត្ត។ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «សុំប្រាប់បងប្អូនរបស់លោកថា “ចូរនាំគ្នារៀបចំសត្វពាហនៈចេញដំណើរទៅស្រុកកាណានយ៉ាងប្រញាប់ រួចនាំឪពុក និងក្រុមគ្រួសារត្រឡប់មករកយើងវិញ យើងនឹងប្រគល់ដីមួយកន្លែងដ៏ល្អជាងគេ នៅស្រុកអេស៊ីបនេះឲ្យអ្នករាល់គ្នា ព្រមទាំងឲ្យអ្នករាល់គ្នាបរិភោគភោគផលដ៏ល្អជាងគេ នៅក្នុងស្រុកនេះផង”។ សុំលោកប្រាប់ពួកគេទៀតថា “ចូរយករទេះពីស្រុកអេស៊ីប ទៅដឹកជញ្ជូនប្រពន្ធកូន និងឪពុកអ្នករាល់គ្នាមកទីនេះ។ មិនត្រូវនឹកស្ដាយរបស់ទ្រព្យអ្នករាល់គ្នាឡើយ ដ្បិតនៅស្រុកអេស៊ីបអ្នករាល់គ្នានឹងបានកន្លែងដ៏ល្អជាងគេ”»។ កូនៗរបស់លោកអ៊ីស្រាអែលនាំគ្នាធ្វើតាមរាជឱង្ការនេះ។ លោកយ៉ូសែបយករទេះមកឲ្យពួកគេ តាមបញ្ជារបស់ព្រះចៅផារ៉ោន ហើយលោកក៏ឲ្យស្បៀងអាហារគេ សម្រាប់បរិភោគតាមផ្លូវដែរ។ លោកបានយកសម្លៀកបំពាក់មកឲ្យបងៗទាំងអស់គ្នា។ រីឯបេនយ៉ាមីនវិញ លោកឲ្យប្រាក់សុទ្ធប្រមាណកៅសិបតម្លឹង និងឲ្យសម្លៀកបំពាក់ប្រាំបន្លាស់។ លោកក៏ផ្ញើលាឈ្មោលដប់ក្បាល ដែលមានផ្ទុកភោគផលដ៏ល្អបំផុតនៅស្រុកអេស៊ីប ព្រមទាំងលាញីដប់ក្បាលដែលផ្ទុកស្រូវ និងស្បៀងអាហារផ្សេងៗ ទៅជូនឪពុករបស់លោក ទុកសម្រាប់ធ្វើដំណើរមក។ បន្ទាប់មក លោកឲ្យបងប្អូនចេញដំណើរទៅ ទាំងផ្ដាំថា៖ «កុំឈ្លោះប្រកែកគ្នានៅតាមផ្លូវឡើយ»។ ពួកគេចាកចេញពីស្រុកអេស៊ីប មកជួបលោកយ៉ាកុប ជាឪពុក នៅស្រុកកាណានវិញ។ គេនាំគ្នាជម្រាបលោកយ៉ាកុបថា៖ «យ៉ូសែបនៅរស់នៅឡើយទេ ហើយកំពុងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលផង»។ ប៉ុន្តែ លោកយ៉ាកុបមិនរំភើបចិត្តសោះ ព្រោះលោកមិនជឿសម្ដីរបស់ពួកគេទេ។ ពួកគេក៏ជម្រាបជូននូវសេចក្ដីទាំងប៉ុន្មានដែលលោកយ៉ូសែបបានផ្ដាំមក។ ពេលឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីដឹកលោកទៅស្រុកអេស៊ីប លោកយ៉ាកុប ជាឪពុក ក៏ភ្ញាក់ស្មារតីឡើងវិញ ហើយមានប្រសាសន៍ថា៖ «បានហើយ ពុកជឿ! យ៉ូសែបកូនប្រុសឪពុកនៅរស់នៅឡើយ! ពុកចង់ទៅជួបមុខវា មុននឹងពុកលាចាកលោកនេះ»។
លោកុប្បត្តិ 45:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូសែបខំអត់ទប់ នៅមុខពួកអ្នកទាំងប៉ុន្មានដែលនៅជិតគាត់ពុំបាន ក៏បន្លឺវាចាថា ចូរឲ្យមនុស្សទាំងអស់ថយចេញពីអញទៅ ដូច្នេះ កំពុងដែលយ៉ូសែបថ្លែងឲ្យពួកបងប្អូនស្គាល់ខ្លួន នោះគ្មានមនុស្សណាមួយឈរនៅជិតខាងឡើយ គាត់ឡើងសំឡេងយំ ឯពួកសាសន៍អេស៊ីព្ទក៏ឮ ព្រមទាំងពួកដំណាក់ផារ៉ោនផង គាត់ប្រាប់ទៅបងប្អូនថា ខ្ញុំនេះជាយ៉ូសែប តើឪពុកខ្ញុំនៅរស់ទេឬ ឯបងប្អូនគាត់ឆ្លើយមិនបាន ពីព្រោះគេស្រឡាំងកាំងទាំងអស់គ្នានៅមុខគាត់ តែយ៉ូសែបនិយាយទៅបងប្អូនថា សូមមកជិតខ្ញុំ គេក៏ចូលទៅជិត រួចគាត់ប្រាប់ថា ខ្ញុំនេះជាយ៉ូសែប ជាប្អូនអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានលក់មកនៅស្រុកអេស៊ីព្ទនេះ ឥឡូវនេះ កុំឲ្យអ្នករាល់គ្នាព្រួយឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក ដ្បិតមើល មានអំណត់នៅលើផែនដី២ឆ្នាំនេះហើយ ក៏ត្រូវមាន៥ឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ឬច្រូតកាត់អ្វីឡើយ ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឲ្យមានសំណល់សល់នៅផែនដី ហើយនឹងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នា ដោយសេចក្ដីប្រោសប្រាណយ៉ាងធំ ដូច្នេះ មិនមែនអ្នករាល់គ្នាដែលឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំទុកជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទ្រង់ទាំងអស់ ហើយជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលផង ចូរអ្នករាល់គ្នាប្រញាប់ឡើងទៅឪពុកខ្ញុំ នឹងជំរាបគាត់ថា យ៉ូសែបជាកូនលោកឪពុកផ្តាំមកដូច្នេះថា ព្រះទ្រង់បានតាំងខ្ញុំឲ្យធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល ដូច្នេះ សូមអញ្ជើញចុះមកឯខ្ញុំ កុំបង្អង់ឡើយ លោកឪពុកនឹងបាននៅក្នុងស្រុកកូសែន ជាស្រុកជិតខ្ញុំនោះ គឺទាំងលោកឪពុក នឹងកូនចៅរបស់លោកឪពុកទាំងអស់ ហើយនឹងហ្វូងចៀម ហ្វូងគោ ព្រមទាំងរបស់លោកឪពុកទាំងប៉ុន្មានផង នៅស្រុកនោះ ខ្ញុំនឹងចិញ្ចឹមលោកឪពុក ក្រែងលោកឪពុកត្រូវអន្តរាយទៅ គឺទាំងលោកឪពុក នឹងពួកគ្រួលោកឪពុក ហើយនឹងរបស់លោកឪពុកទាំងអស់ដែរ ដ្បិតត្រូវមានអំណត់៥ឆ្នាំទៀត មើលភ្នែកបងរាល់គ្នា នឹងភ្នែកបេនយ៉ាមីន ជាប្អូនខ្ញុំក៏ឃើញជាក់ថា គឺជាមាត់របស់ខ្លួនខ្ញុំនេះហើយដែលនិយាយនឹងអ្នករាល់គ្នា ត្រូវឲ្យជំរាបឪពុកខ្ញុំពីគ្រប់ទាំងសេចក្ដីរុងរឿងរបស់ខ្ញុំនៅស្រុកអេស៊ីព្ទនេះ ហើយពីគ្រប់ការទាំងអស់ដែលអ្នករាល់គ្នាបានឃើញផង ត្រូវឲ្យប្រញាប់ទៅនាំយកឪពុកខ្ញុំចុះមកឯណេះកុំខាន នោះគាត់ឱបកបេនយ៉ាមីនជាប្អូន ហើយយំ បេនយ៉ាមីនក៏យំនៅកគាត់ដែរ គាត់ថើបដល់ពួកបងៗទាំងអស់ ព្រមទាំងយំនឹងគេផង រួចមកបងប្អូនក៏និយាយរោះរាយនឹងគាត់។ ដំណឹងនោះបានឮទៅដល់ក្នុងដំណាក់ផារ៉ោនថា បងប្អូនយ៉ូសែបបានមកដល់ហើយ សេចក្ដីនោះក៏គាប់ព្រះទ័យដល់ផារ៉ោន នឹងពួកមហាតលិកទ្រង់ រួចផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែប ឲ្យប្រាប់ដល់ពួកបងប្អូនថា ត្រូវធ្វើដូច្នេះ គឺឲ្យផ្ទុកសត្វរបស់ឯងរាល់គ្នាទៅឯស្រុកកាណានទៅ រួចនាំយកឪពុក នឹងពួកគ្រួសាររបស់ឯងរាល់គ្នាមកឯណេះ អញនឹងឲ្យទីកន្លែងដ៏ល្អក្នុងស្រុកអេស៊ីព្ទដល់ឯងរាល់គ្នា នោះឯងរាល់គ្នានឹងបានបរិភោគរបស់ល្អបំផុតនៅស្រុកនេះតទៅ ឯងបានទទួលបង្គាប់ហើយ ដូច្នេះចូរធ្វើយ៉ាងនេះចុះ គឺឲ្យយករទេះពីស្រុកអេស៊ីព្ទនេះទៅ សំរាប់ប្រពន្ធឯងរាល់គ្នា ព្រមទាំងកូនតូចៗផង ហើយបញ្ជិះឪពុកឯងរាល់គ្នានាំចុះមកឯណេះ កុំឲ្យស្តាយរបស់ទ្រព្យឯងរាល់គ្នាឡើយ ពីព្រោះគ្រប់ទាំងរបស់ល្អនៅស្រុកអេស៊ីព្ទទាំងមូល ជារបស់ផងឯងរាល់គ្នាហើយ។ ពួកកូនអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយយ៉ូសែបគាត់ឲ្យរទេះទៅគេតាមបង្គាប់ផារ៉ោន ក៏ឲ្យស្បៀងអាហារបរិភោគតាមផ្លូវផង គាត់ឲ្យសំលៀកបំពាក់ពីរបីបន្លាស់ដល់គ្រប់គ្នា តែគាត់បានឲ្យប្រាក់៣០០ដួង នឹងសំលៀកបំពាក់៥បន្លាស់ដល់បេនយ៉ាមីន រួចក៏ផ្ញើទៅជូនឪពុកយ៉ាងនេះ គឺលា១០ ផ្ទុកសុទ្ធតែរបស់ល្អពីស្រុកអេស៊ីព្ទ ហើយលាញី១០ ផ្ទុកសុទ្ធតែស្រូវ ព្រមទាំងនំបុ័ងនឹងស្បៀងសំរាប់ឪពុកមកតាមផ្លូវ គាត់ក៏បញ្ជូនឲ្យបងប្អូនទៅ ដោយពាក្យបណ្តាំថា កុំឲ្យឈ្លោះប្រកែកគ្នាតាមផ្លូវណ៎ះ នោះគេក៏នាំគ្នាចេញទៅ។ គេចេញពីស្រុកអេស៊ីព្ទ ឡើងទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណាន ក៏ជំរាបថា យ៉ូសែបនៅរស់ទេ គឺវាហើយដែលធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល នោះគាត់មានចិត្តភាំងស្លុត ដោយមិនបានជឿទេ តែគេជំរាបគាត់តាមគ្រប់ទាំងពាក្យរបស់យ៉ូសែប ដែលបានផ្តាំមក ហើយកាលគាត់ឃើញរទេះទាំងនោះ ដែលយ៉ូសែបឲ្យមកសំរាប់បញ្ជិះគាត់ទៅ នោះទើបយ៉ាកុបជាឪពុកបានភ្ញាក់ខ្លួនឡើង ហើយអ៊ីស្រាអែលនិយាយថា ប៉ុណ្ណេះជឿហើយ យ៉ូសែបកូនអញនៅរស់មែន អញនឹងទៅឲ្យឃើញវាមុនដែលអញស្លាប់។