លោកុប្បត្តិ 43:1-34

លោកុប្បត្តិ 43:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ អំណត់​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ។ កាល​គេ​បរិ‌ភោគ​ស្រូវ​ដែល​បាន​យក​ពី​ស្រុក​អេស៊ីព្ទ​មក​អស់​ហើយ ឪពុក​មាន​ប្រសាសន៍​ទៅពួក​គេ​ថា៖ «ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​ខ្លះ​មក​ទៀត»។ ប៉ុន្ដែ យូដា​តប​ទៅ​ឪពុក​ថា៖ «លោក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​យ៉ាង​ច្បាស់​ថា "ឯង​រាល់​គ្នានឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ លើក​តែ​ប្អូន​របស់​ឯង​មក​ជា‌មួយ"។ ប្រសិន​បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា‌មួយ ទើប​យើង​ខ្ញុំ​ព្រម​ចុះ​ទៅ​ទិញ​ស្បៀង​អាហារ​យក​មក​ជូន តែ​បើ​លោក​ឪពុក​មិន​ព្រម​ឲ្យ​វា​ទៅ​ទេ យើង​ខ្ញុំ​នឹង​មិន​ចុះ​ទៅ​ឡើយ ដ្បិត​លោក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​ថា "ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ លើក​តែ​ប្អូន​របស់​ឯង​មក​ជា‌មួយ"»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​ប្រព្រឹត្ត​អាក្រក់​នឹង​ពុក​ដល់​ម៉្លេះ ដោយ​ប្រាប់​លោក​នោះ​ថា មាន​ប្អូន​ម្នាក់​ទៀត​ដូច្នេះ?» ពួក​គេ​ឆ្លើយ​ថា៖ «លោក​នោះ​បាន​សាក​សួរ​យើង​ខ្ញុំ​ល្អិត​ល្អន់​ណាស់ អំពី​យើង​ខ្ញុំ និង​ញាតិ‌សន្តាន​របស់​យើង​ថា "តើ​ឪពុក​ឯង​រាល់​គ្នា​នៅ​រស់​ទេ​ឬ? តើ​មាន​ប្អូន​ម្នាក់​ទៀត​ឬ​ទេ?" យើង​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​លោក​តាម​សំណួររបស់​លោក។ ធ្វើ​ដូច​ម្ដេច​ឲ្យ​ពួក​យើង​ដឹងបាន​ថា លោក​នោះ​នឹង​ប្រាប់​ឲ្យ​យើង​នាំ​ប្អូន​ចុះ​ទៅ​ដូច្នេះ?»។ ពេល​នោះ យូដា​អង្វរ​លោក​អ៊ីស្រា‌អែល ជា​ឪពុក​ថា៖ «សូម​ឲ្យ​អាពៅ​ទៅ​ជា‌មួយខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​រៀបចំ​ខ្លួន​ចេញ​ទៅ ដើម្បី​ឲ្យ​យើង​ខ្ញុំ ទាំង​លោក​ឪពុក និង​កូន​ចៅ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​រស់ កុំ​ឲ្យ​ស្លាប់។ ខ្ញុំ​ធានា​ចំពោះ​សុវត្ថិ‌ភាព​របស់​វា សូម​លោក​ឪពុក​ទារ​វា​ពី​ដៃ​ខ្ញុំ​ចុះ ប្រសិន​បើ​ខ្ញុំ​មិន​នាំ​វា​មក​ជូន​លោក​ឪពុក ហើយ​ដាក់​វា​ឲ្យ​នៅ​ចំពោះ​មុខ​លោក​ឪពុក​វិញ​ទេ នោះ​សូម​ឲ្យ​ខ្ញុំ​ជាប់​មាន​ទោស​រហូត​ចុះ។ ប្រសិន‌បើ​យើង​មិន​បាន​ពន្យារ​ពេល​ទេ ម៉្លេះ​សម​ពេល​នេះ យើង​ខ្ញុំ​បាន​ទៅ​មក​ពីរ​សារួច​ទៅ​ហើយ»។ លោក​អ៊ីស្រា‌អែល​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​ដូច្នោះ ធ្វើ​យ៉ាង​នេះទៅ ចូរ​យក​ផល​យ៉ាង​ល្អៗ​ពី​ស្រុក​នេះ ដាក់​ចូល​ក្នុង​បាវ​របស់​ឯង​រាល់​គ្នា ទៅ​ជូន​លោក​នោះ​ផង គឺ​ជ័រ​ពិដោរ​បន្ដិច ទឹក​ឃ្មុំ​បន្តិច គ្រឿង​ម្ហូប ជ័រ​ល្វីង‌ទេស គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ចំបក់។ ចូរ​យក​ប្រាក់​មួយ​ទ្វេ​ជា​ពីរ​ទៅ​ជា‌មួយ ព្រម​ទាំង​ប្រាក់​ដែល​គេ​ដាក់​មក​នៅ​មាត់​បាវ​នោះ​ផង យក​ទៅ​ប្រគល់​ឲ្យ​គេ​វិញ ក្រែង​គេ​ដាក់​ច្រឡំ។ ចូរ​នាំ​ប្អូន​របស់​ឯង ហើយ​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​នោះ​ចុះ សូម​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ប្រោស​ប្រទាន​ឲ្យ​អ្នក​នោះ​អាណិត​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យលោក​អនុញ្ញាត​ឲ្យ​បង​ឯង និង​បេនយ៉ាមីន​ត្រឡប់​មក​វិញ​ដែរ។ ចំណែក​ឯ​ពុក បើ​ពុក​ត្រូវ​អស់​កូន ឲ្យ​ពុក​អស់​ទៅ​ចុះ!»។ ពួក​គេ​ក៏​យក​ជំនូន​ទាំង​នោះ និង​ប្រាក់​មួយ​ទ្វេ​ជា​ពីរ ព្រម​ទាំង​បេនយ៉ាមីន​ទៅ​ជាមួយ រួច​គេ​ក្រោក​ឡើង ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ទៅ​ឈរ​នៅ​ចំពោះ​មុខ​លោក​យ៉ូសែប។ កាល​លោក​យ៉ូសែប​ឃើញ​បេនយ៉ាមីន​មក​ជា‌មួយ លោក​ប្រាប់​ទៅ​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ រៀប​ចំ​ម្ហូប‌ម្ហា​ទៅ ព្រោះ​មនុស្ស​ទាំង​នេះ​នឹង​បរិ‌ភោគ​ជា‌មួយ​ខ្ញុំ នៅ​ពេល​ថ្ងៃ​ត្រង់»។ បុរស​នោះ​ក៏​បាន​ធ្វើ​តាម​ពាក្យ​របស់​លោក​យ៉ូសែប ហើយ​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប។ ពួក‌គេមាន​ការ​‌ភ័យ​ខ្លាច ព្រោះ​មាន​គេ​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប ហើយ​គេ​ពិគ្រោះ​គ្នា​ថា៖ «គឺ​ព្រោះ​តែ​ប្រាក់​ដែល​គេ​បាន​ដាក់​ក្នុង​បាវ ឲ្យ​មក​យើង​វិញ​កាល​ពី​លើក​មុន​នោះ​ហើយ បាន​ជា​គេ​នាំ​យើង​ចូល​មក​ដូច្នេះ ដើម្បី​រក​រឿង​នឹង​យើង ហើយ​ចាប់​យើង​ធ្វើ​ជា​បាវ​បម្រើ ព្រម​ទាំង​សត្វ​លា​របស់​យើង​ផង»។ គេ​ក៏​ចូល​ទៅ​ជិត​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​យ៉ូសែប ហើយ​និយាយ​ទៅ​គាត់​នៅ​មាត់​ទ្វារ​ផ្ទះ​ថា៖ «ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ លើក​មុនយើង​ខ្ញុំ​បាន​ចុះ​មក​ទិញ​ស្បៀង​អាហារ ហើយ​ពេល​យើង​ខ្ញុំ​បាន​ទៅ​ដល់​កន្លែង​សម្រាក យើង​ខ្ញុំ​បាន​ស្រាយ​បាវ​ទៅ ឃើញ​មាន​ប្រាក់​រៀងៗ​ខ្លួន​នៅ​ក្នុង​មាត់​បាវ គឺ​ប្រាក់​របស់​យើង​ខ្ញុំ​នៅ​គ្រប់​ចំនួន។ ឥឡូវ​នេះ យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ​មក​វិញ​ហើយ ក៏​បាន​យក​ប្រាក់​ផ្សេងទៀត​មក​ជាមួយ​ដែរ ដើម្បី​ទិញ​ស្បៀង​អាហារ។ យើង​ខ្ញុំ​មិន​ដឹងថា អ្នក​ណា​បាន​ដាក់​ប្រាក់​នោះនៅ​ក្នុង​បាវ​របស់​យើង​ខ្ញុំ​ឡើយ»។ គាត់​ឆ្លើយ​ថា៖ «ចូរ​សុខ​សាន្ត​ចុះ កុំ​ខ្លាច​អ្វី​ឡើយ គឺ​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា​ទេ ដែល​បាន​ដាក់​ទ្រព្យ​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ»។ បន្ទាប់​មក គាត់​ក៏​នាំ​ស៊ីម្មាន​ចេញ​មក​ជួប​ពួក​គេ។ កាល​បុរស​នោះ​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប​ហើយ គាត់​ក៏​យក​ទឹក​មក​ឲ្យ​ពួក​គេ​លាង​ជើង ហើយ​កាល​គាត់​យក​ចំបើង​ឲ្យ​លា​របស់​ពួក​គេ​ស៊ី ពួក‌គេ​ក៏​រៀបចំ​ជំនូន ចាំ​លោក​យ៉ូសែប​មក​ដល់​នៅ​វេលា​ថ្ងៃ​ត្រង់ ដ្បិត​គេ​បាន​ឮ​ថា គេ​ត្រូវ​បរិ‌ភោគ​អាហារ​នៅ​ទី​នេះ។ កាល​លោក​យ៉ូសែប​បាន​មក​ដល់​ផ្ទះ ពួក​គេ​ក៏​យក​ជំនូន​ដែល​គេ​បាន​កាន់​ចូល​មក​ក្នុង​ផ្ទះ ជូន​ដល់​លោក ហើយ​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី នៅ​ចំពោះ​លោក។ លោកក៏​សួរអំពី​សុខ​ទុក្ខ​របស់​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «តើ​លោក​តា​ជា​ឪពុក​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​សុខ​សប្បាយ​ទេ​ឬ? គាត់​នៅ​រស់​ទេឬ?» ពួក​គេ​ឆ្លើយ​ថា៖ «ប្របាទ​លោក​ម្ចាស់ ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​ទេ ហើយ​ក៏​សុខ​សប្បាយ​ដែរ»។ រួច​គេ​ក៏​ឱន​ក្បាល​គោរព​លោក។ លោក​យ៉ូសែប​ងើប​មុខ​ឡើង​ឃើញ​បេនយ៉ាមីន ជា​ប្អូន​ពោះ​មួយ​របស់​លោក លោក​ក៏​សួរ​ថា៖ «តើ​នេះ​ជា​ប្អូន​ពៅ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​ឬ?» លោក​ពោល​ទៅ​ប្អូន​ថា៖ «កូន​អើយ សូម​ព្រះ​ប្រោស​ប្រណី​ដល់​ឯង!»។ ពេល​នោះ លោក​យ៉ូសែប​ក៏​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​រក​កន្លែង​យំ ព្រោះ​លោក​មាន​ចិត្ត​ក្តួល​អាណិត​ដល់​ប្អូន​ជា​ខ្លាំង ហើយ​លោក​ក៏​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់។ បន្ទាប់​មក លោក​លុប​មុខ ហើយ​ចេញ​មក​វិញ ទាំង​ខំ​ទប់ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូ​រ​លើក​ម្ហូប​អាហារ​មក»។ គេ​ក៏​លើក​ម្ហូប​អាហារ​មក​ជូន​លោក​ដោយ​ឡែក ជូន​អ្នក​ទាំង​នោះ​ដោយ​ឡែក ហើយ​ពួក​សាសន៍​អេស៊ីព្ទ​ដែល​បរិ‌ភោគ​ជា‌មួយ​លោក​ដោយ​ឡែក ព្រោះ​សាសន៍​អេស៊ីព្ទ​គ្មាន​ច្បាប់​នឹង​បរិ‌ភោគ​ជា‌មួយ​សាសន៍​ហេព្រើរ​ឡើយ ព្រោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ។ កាល​ពួក​គេ​អង្គុយទល់​មុខ​លោក គេ​អង្គុយ​តាម​លំដាប់ គឺ​បង​ច្បងតាម​បងច្បង ហើយ​ប្អូន​ពៅ​តាម​ប្អូន​ពៅ អ្នក​ទាំង​នោះ​គេ​ក៏​ឆ្ងល់​ទាំង​អស់​គ្នា។ មាន​គេ​យក​ចំណែក​ភោជនា‌ហារ​ពី​តុ​របស់​លោក​យ៉ូសែប​ទៅ​ជូនពួក​គេ តែ​បេនយ៉ាមីន​បាន​ចំណែក​មួយ​ជា​ប្រាំ ច្រើន​ជាងគេទាំង​អស់ ហើយ​គេ​ក៏​ផឹក​ស្រា​យ៉ាង​សប្បាយ​រីក​រាយ​ជា‌មួយ​លោក​យ៉ូសែប។

លោកុប្បត្តិ 43:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទុរ្ភិក្ស​កើត​មាន​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ។ កាល​បរិភោគ​ស្រូវ​ដែល​គេ​បាន​យក​មក​ពី​ស្រុក​អេស៊ីប​នោះ​អស់​ហើយ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កូនៗ​ថា៖ «ចូរ​កូន​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​ខ្លះ​ពី​ស្រុក​អេស៊ីប​មក»។ លោក​យូដា​តប​ថា៖ «លោក​នោះ​បាន​ប្រាប់​កូនៗ​យ៉ាង​ច្បាស់​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ នោះ​កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ!”។ ប្រសិន​បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា​មួយ ទើប​កូន​សុខ​ចិត្ត​ចុះ​ទៅ​រក​ទិញ​ស្បៀង​អាហារ​មក។ ប៉ុន្តែ បើ​លោក​ឪពុក​មិន​ឲ្យ​វា​ទៅ​ទេ​នោះ កូន​ក៏​មិន​ទៅ​ដែរ ដ្បិត​លោក​នោះ​មាន​ប្រសាសន៍​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ​នោះ កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ!”»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​កូនៗ​ធ្វើ​បាប​ពុក ដោយ​ជម្រាប​លោក​នោះ​ថា មាន​ប្អូន​ម្នាក់​ទៀត​ដូច្នេះ?»។ ពួក​គេ​តប​វិញ​ថា៖ «លោក​បាន​ជំរិត​សួរ​ចម្លើយ​ពួក​កូន ឲ្យ​និយាយ​រៀប​រាប់​អំពី​ពួក​កូន និង​អំពី​ញាតិ‌សន្ដាន​របស់​យើង​ថា “ឪពុក​អ្នក​រាល់​គ្នា​នៅ​រស់​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​មាន​ប្អូន​ទេ?” ពួក​កូន​ត្រូវ​តែ​ឆ្លើយ​នឹង​សំនួរ​របស់​លោក។ ពួក​កូន​មិន​នឹក​ស្មាន​ថា លោក​នឹង​ប្រាប់​ឲ្យ​យើង​នាំ​ប្អូន​ទៅ​ស្រុក​អេស៊ីប​ដូច្នេះ​ឡើយ»។ លោក​យូដា​ជម្រាប​លោក​អ៊ីស្រា‌អែល ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​អា​ពៅ​ទៅ​ជា​មួយ​កូន​ចុះ។ យើង​ត្រូវ​តែ​រៀបចំ​ខ្លួន​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ស្លាប់ គឺ​ឲ្យ​យើង​បាន​រួច​ជីវិត ទាំង​លោក​ឪពុក ទាំង​ចៅៗ និង​ពួក​កូន​ផ្ទាល់។ កូន​នឹង​ធានា​មើល​ថែ‌រក្សា​វា កូន​សូម​រ៉ាប់‌រង​ទាំង​អស់ ប្រសិន​បើ​កូន​មិន​យក​វា​មក​ឲ្យ​លោក​ឪពុក​ឃើញ​មុខ​ទេ​នោះ កូន​នឹង​មាន​ទោស​ចំពោះ​លោក​ឪពុក​អស់​មួយ​ជីវិត។ មួយ​វិញ​ទៀត ប្រសិន​បើ​យើង​មិន​ពន្យារ​ពេល​ទេ​នោះ ម៉្លេះ​សម​យើង​ត្រឡប់​មក​វិញ​ពីរ​ដង​រួច​ទៅ​ហើយ»។ លោក​អ៊ីស្រា‌អែល​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​ដូច្នោះ ចូរ​កូន​នាំ​គ្នា​ទៅ​ចុះ! ចូរ​យក​ភោគ‌ផល​ពី​ស្រុក​យើង​ទៅ​ជូន​លោក​នោះ​ផង គឺ​យក​ជ័រ​ពិដោរ​បន្តិច ទឹក​ឃ្មុំ​បន្តិច គ្រឿង​ក្រអូប​ខ្លះ ជ័រ​ល្វីង‌ទេស​ខ្លះ ព្រម​ទាំង​យក​គ្រាប់​សណ្ដែក និង​គ្រាប់​ស្វាយ‌ចន្ទី​ទៅ​ជា​មួយ​ផង។ ចូរ​យក​ប្រាក់​ទៅ​ជា​មួយ​ពីរ​ដង​ច្រើន​ជាង​មុន គឺ​យក​ប្រាក់​ដែល​ពួក​កូន​បាន​ឃើញ​នៅ​ក្នុង​បាវ​ស្រូវ​នោះ​ទៅ​ផង ប្រហែល​មក​ពី​គេ​ដាក់​ច្រឡំ។ ចូរ​យក​ប្អូន ហើយ​នាំ​គ្នា​វិល​ទៅ​ជួប​លោក​នោះ​ទៅ។ សូម​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​ប្រទាន​ឲ្យ​លោក​នោះ មាន​ចិត្ត​អាណិត​មេត្តា​ដល់​កូន​ទាំង​អស់​គ្នា ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ស៊ីម្មាន និង​បេន‌យ៉ាមីន​វិល​ត្រឡប់​មក​វិញ​ជា​មួយ​កូនៗ​ផង។ ចំណែក​ឯ​ពុក បើ​សិន​ជា​ពុក​ត្រូវ​បែក​ពី​កូន​ដូច្នេះ ឲ្យ​ពុក​គ្រាំ‌គ្រា​ទៅ​ចុះ!»។ កូនៗ​របស់​លោក​យ៉ាកុប​បាន​នាំ​គ្នា​យក​ជំនូន យក​ប្រាក់​មួយ​ជា​ទ្វេ ព្រម​ទាំង​យក​បេន‌យ៉ាមីន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អេស៊ីប ហើយ​ចូល​ជួប​លោក​យ៉ូសែប។ កាល​លោក​យ៉ូសែប​ឃើញ​បេន‌យ៉ាមីន​មក​ជា​មួយ​បងៗ លោក​ក៏​ប្រាប់​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ​ធ្វើ​ម្ហូប​ទៅ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​រួម​ជា​មួយ​ខ្ញុំ»។ បុរស​នោះ​ធ្វើ​តាម​ពាក្យ​លោក​យ៉ូសែប​បង្គាប់ រួច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ។ កាល​បងប្អូន​របស់​លោក​យ៉ូសែប​ឃើញ​គេ​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​ផ្ទះ​ដូច្នេះ ពួក​គេ​តក់‌ស្លុត​ជា​ខ្លាំង ក៏​និយាយ​ថា៖ «គេ​បញ្ជូន​យើង​មក​ទី​នេះ ព្រោះ​តែ​ប្រាក់​នៅ​ក្នុង​បាវ កាល​ពី​លើក​មុន​នោះ​ហើយ។ គេ​នាំ​ទាំង​យើង ទាំង​លា​របស់​យើង​មក​ដូច្នេះ ព្រោះ​គេ​ចង់​ចាប់​យើង​ធ្វើ​ទោស និង​យក​យើង​ធ្វើ​ជា​ទាសករ​ទៀត​ផង!»។ ពេល​មក​ដល់​មាត់​ទ្វារ​ផ្ទះ ពួក​គេ​ខិត​ទៅ​ជិត​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​លោក​យ៉ូសែប ហើយ​ពោល​ទៅ​គាត់​ថា៖ «សូម​ទោស​លោក​ម្ចាស់ យើង​ខ្ញុំ​ធ្លាប់​មក​រក​ទិញ​ស្បៀង​នៅ​ទី​នេះ​ម្ដង​រួច​មក​ហើយ។ ប៉ុន្តែ ពេល​ទៅ​ដល់​កន្លែង​សម្រាក យើង​ខ្ញុំ​ស្រាយ​បាវ ក៏​ឃើញ​ប្រាក់​រៀងៗ​ខ្លួន​នៅ​ក្នុង​នោះ គ្រប់​ចំនួន។ យើង​ខ្ញុំ​បាន​យក​ប្រាក់​នេះ​មក​ជូន​វិញ ហើយ​យើង​ខ្ញុំ​ក៏​បាន​យក​ប្រាក់​ផ្សេង​ទៀត​មក​ជា​មួយ​ដែរ ដើម្បី​សុំ​ទិញ​ស្បៀង​អាហារ។ យើង​ខ្ញុំ​ពុំ​ដឹង​ថា នរណា​បាន​ដាក់​ប្រាក់​នេះ ក្នុង​បាវ​ស្រូវ​របស់​យើង​ខ្ញុំ​ឡើយ»។ បុរស​នោះ​តប​វិញ​ថា៖ «កុំ​ព្រួយ​បារម្ភ ហើយ​កុំ​ភ័យ​ខ្លាច​ធ្វើ​អ្វី! គឺ​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​នោះ។ រីឯ​ប្រាក់​ថ្លៃ​ស្រូវ ខ្ញុំ​បាន​ទទួល​គ្រប់​អស់​ហើយ»។ បន្ទាប់​មក គាត់​ដោះ​លែង​ស៊ីម្មាន​ឲ្យ​ជួប‌ជុំ​នឹង​ពួក​គេ​វិញ​ដែរ។ បុរស​នោះ​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប គាត់​យក​ទឹក​ឲ្យ​ពួក​គេ​លាង​ជើង ហើយ​យក​ស្មៅ​មក​ឲ្យ​លា​ស៊ី​ផង​ដែរ។ ក្នុង​ពេល​រង់‌ចាំ​លោក​យ៉ូសែប​មក​ដល់​នៅ​វេលា​ថ្ងៃ​ត្រង់​នោះ ពួក​គេ​បាន​រៀបចំ​ជំនូន​សម្រាប់​លោក​យ៉ូសែប ដ្បិត​ពួក​គេ​ឮ​ដំណឹង​ថា ពួក​គេ​នឹង​ពិសា​បាយ​នៅ​ទី​នេះ។ ពេល​លោក​យ៉ូសែប​មក​ដល់​ផ្ទះ​វិញ បងៗ​ក៏​នាំ​គ្នា​យក​ជំនូន​មក​ជូន​លោក ហើយ​ក្រាប​ដល់​ដី​ថ្វាយ‌បង្គំ​លោក។ លោក​សួរ​សុខ​ទុក្ខ​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ពី​មុន អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ​ថា​មាន​ឪពុក​ចាស់​ហើយ តើ​គាត់​សុខ​សប្បាយ​ជា​ទេ? គាត់​នៅ​រស់​ទេ​ឬ?» ពួក​គេ​តប​ថា៖ «ប្របាទ​លោក​ម្ចាស់ ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​គាត់​ក៏​សុខ​សប្បាយ​ដែរ»។ ពោល​ដូច្នោះ​រួច​ហើយ គេ​នាំ​គ្នា​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​លោក។ លោក​យ៉ូសែប​សម្លឹង​មើល​ទៅ​ឃើញ​បេន‌យ៉ាមីន ជា​ប្អូន​ពោះ​មួយ​របស់​លោក លោក​សួរ​ថា៖ «តើ​អ្នក​នេះ​ត្រូវ​ជា​ប្អូន​ប្រុស ដែល​អ្នក​រាល់​គ្នា​បាន​តំណាល​ប្រាប់​ខ្ញុំ​នោះ​មែន​ឬ?» រួច​លោក​បន្ថែម​ថា៖ «សូម​ព្រះ‌ជាម្ចាស់​ប្រណី​សន្តោស​ដល់​អ្នក!»។ ពេល​លោក​យ៉ូសែប​ឃើញ​ប្អូន លោក​អួល​ដើម​ក លោក​ក៏​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់ ព្រោះ​ទប់​ទឹក​ភ្នែក​ពុំ​បាន។ ក្រោយ​លុប‌លាង​មុខ​រួច​ហើយ លោក​ក៏​ចេញ​មក​វិញ ទាំង​ខំ​ប្រឹង​ទប់​ចិត្ត​ឲ្យ​ស្ងប់ ហើយ​ប្រាប់​គេ​ឲ្យ​លើក​ម្ហូប​អាហារ​មក។ គេ​លើក​ម្ហូប​អាហារ​មក​ជូន​លោក​ដោយ​ឡែក បងប្អូន​លោក​ដោយ​ឡែក និង​ជន‌ជាតិ​អេស៊ីប​ដែល​បរិភោគ​ជា​មួយ​លោក ដោយ​ឡែក ដ្បិត​ជន‌ជាតិ​អេស៊ីប​គ្មាន​សិទ្ធិ​បរិភោគ​ជា​មួយ​នឹង​ជន‌ជាតិ​ហេប្រឺ​ទេ ពី‌ព្រោះ​ជន‌ជាតិ​អេស៊ីប​ប្រកាន់​ណាស់។ បងប្អូន​របស់​លោក​យ៉ូសែប​អង្គុយ​បរិភោគ នៅ​ទល់​មុខ​លោក តាម​លំដាប់‌លំដោយ​អាយុ​របស់​គេ គឺ​ចាប់​តាំង​ពី​អ្នក​ចាស់​ជាង​គេ​រហូត​ដល់​អ្នក​ក្មេង​ជាង​គេ ម្នាក់ៗ​ចេះ​តែ​សម្លឹង​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង។ លោក​យ៉ូសែប​ឲ្យ​អ្នក​បម្រើ​យក​ម្ហូប​អាហារ​ពី​តុ​របស់​លោក​ទៅ​ជូន​បងប្អូន បេន‌យ៉ាមីន​ទទួល​ប្រាំ​ដង​ច្រើន​ជាង​បងៗ​ទាំង​អស់​សរុប​គ្នា។ ពួក​គេ​ក៏​ផឹក​ស្រា​យ៉ាង​ច្រើន​ជា​មួយ​លោក​យ៉ូសែប​ដែរ។

លោកុប្បត្តិ 43:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អំណត់​អត់​នៅ​ក្នុង​ស្រុក​នោះ​ក៏​ខ្លាំង​ណាស់ កាល​គេ​បាន​បរិភោគ​ស្រូវ​ដែល​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក​អស់​ហើយ នោះ​ឪពុក​ប្រាប់​ថា ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​មក​ទៀត តែ​យូដា​ឆ្លើយ​ទៅ​ឪពុក​ថា អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​យ៉ាង​ច្បាស់​ថា ឯង​រាល់​គ្នា​នឹង​ខាន​ឃើញ​មុខ​អញ​ទៀត លើក​តែ​ប្អូន​ឯង​មក​ជា​មួយ បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា​មួយ នោះ​យើង​ខ្ញុំ​នឹង​ទៅ​ទិញ​ស្បៀង​អាហារ​យក​មក​ជូន តែ​បើ​លោក​ឪពុក​មិន​ព្រម​ឲ្យ​វា​ទៅ​ទេ នោះ​យើង​ខ្ញុំ​ក៏​មិន​ចុះ​ទៅ​ដែរ ពី​ព្រោះ​អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​ថា ឯង​រាល់​គ្នា​លែង​បាន​ឃើញ​មុខ​អញ​ទៀត​ហើយ លើក​តែ​ប្អូន​ឯង​មក​ជា​មួយ នោះ​អ៊ីស្រាអែល​គាត់​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ប្រព្រឹត្ត​អាក្រក់​នឹង​អញ​ដល់​ម៉្លេះ ដោយ​ប្រាប់​អ្នក​នោះ​ថា មាន​ប្អូន​១​ទៀត គេ​ឆ្លើយ​ថា អ្នក​នោះ​បាន​សាក​សួរ​យើង​ខ្ញុំ​យ៉ាង​ល្អិត​ណាស់ ពី​ដំណើរ​យើង​ខ្ញុំ នឹង​ញាតិ‌សន្តាន​នៃ​យើង​ខ្ញុំ​ថា តើ​ឪពុក​ឯង​រាល់​គ្នា​នៅ​រស់​ទេ​ឬ តើ​មាន​ប្អូន​១​ទៀត​ឬ​ទេ យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​តាម​ពាក្យ​ទាំង​នោះ​ទៅ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​បាន​ដឹង​ថា លោក​នឹង​ប្រាប់​ឲ្យ​នាំ​ប្អូន​យើង​ចុះ​ទៅ​ដូច្នេះ នោះ​យូដា​ក៏​អង្វរ​អ៊ីស្រាអែល​ជា​ឪពុក​ថា សូម​ឲ្យ​កូន​កំឡោះ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​រៀបចំ​ទៅ ដើម្បី​ឲ្យ​យើង​ខ្ញុំ ព្រម​ទាំង​លោក​ឪពុក ហើយ​នឹង​កូន​ចៅ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​នៅ​រស់ កុំ​ឲ្យ​ស្លាប់ ខ្ញុំ​នឹង​ធានា​ពី​ដំណើរ​វា លោក​ឪពុក​នឹង​ទារ​វា​ពី​ដៃ​ខ្ញុំ​វិញ បើ​ខ្ញុំ​មិន​នាំ​វា​មក​ជូន​ដល់​លោក​ឪពុក ឲ្យ​បាន​នៅ​ចំពោះ​មុខ​លោក​ឪពុក​វិញ​ទេ នោះ​សូម​ឲ្យ​ខ្ញុំ​ជាប់​មាន​ទោស​ជា​ដរាប​ចុះ ដ្បិត​បើ​យើង​ខ្ញុំ​មិន​បាន​បង្អង់​នៅ នោះ​ប្រាកដ​ជា​យើង​ខ្ញុំ​បាន​ទៅ​មក​២​សា​ហើយ អ៊ីស្រាអែល​ជា​ឪពុក​ក៏​ប្រាប់​ថា បើ​ដូច្នេះ​ធ្វើ​យ៉ាង​នេះ​ចុះ ចូរ​យក​ផល​យ៉ាង​ល្អៗ​ពី​ស្រុក​នេះ​ដាក់​ចុះ​ក្នុង​បាវ​របស់​ឯង​រាល់​គ្នា​យក​ទៅ​ជូន​លោក​ផង គឺ​ជ័រ​ពិដោរ នឹង​ទឹក​ឃ្មុំ​បន្តិច ព្រម​ទាំង​គ្រឿង​ម្ហូប ជ័រ​ល្វីង‌ទេស គ្រាប់​ឈើ នឹង​គ្រាប់​ចំបក់ ហើយ​យក​ប្រាក់​១​ជា​២​នៅ​ដៃ​ឯង​រាល់​គ្នា​ទៅ ព្រម​ទាំង​ប្រាក់​ដែល​គេ​ដាក់​មក​នៅ​មាត់​បាវ​នោះ​ផង យក​ទៅ​ប្រគល់​ឲ្យ​គេ​វិញ ក្រែង​លោ​គេ​ច្រឡំ រួច​ឲ្យ​នាំ​យក​ប្អូន​ឯង​វិល​ទៅ​ឯ​អ្នក​នោះ​ចុះ សូម​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា បណ្តាល​ឲ្យ​អ្នក​នោះ​អាណិត​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​គេ​បើក​ឲ្យ​បង​ឯង ហើយ​នឹង​បេន‌យ៉ាមីន​មក​វិញ​ដែរ ណ្ហើយ​ចុះ បើ​អញ​ត្រូវ​អត់​កូន នោះ​ក៏​ត្រូវ​តែ​ទ្រាំ​អត់​ទៅ​ចុះ។ គេ​ក៏​យក​ជំនូន​ទាំង​នោះ នឹង​ប្រាក់​១​ជា​២​នៅ​ដៃ ហើយ​នាំ​បេន‌យ៉ាមីន​ទៅ​ដែរ រួច​គេ​ក្រោក​ឡើង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ទៅ​ឈរ​នៅ​ចំពោះ​មុខ​យ៉ូសែប កាល​យ៉ូសែប​ឃើញ​បេន‌យ៉ាមីន​មក​ជា​មួយ នោះ​គាត់​ប្រាប់​ទៅ​អ្នក​ដំរួត​ដែល​ត្រួត​មើល​ផ្ទះ​គាត់​ថា ចូរ​នាំ​មនុស្ស​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ រួច​ឲ្យ​សំឡាប់​សត្វ​រៀប​ម្ហូប‌ម្ហា​ទៅ ពី​ព្រោះ​មនុស្ស​ទាំង​នេះ​នឹង​បរិភោគ​ជា​មួយ​នឹង​អញ​នៅ​ពេល​ថ្ងៃ​ត្រង់ អ្នក​នោះ​ក៏​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​តាម​បង្គាប់​យ៉ូសែប គេ​ក៏​មាន​សេចក្ដី​ភិត‌ភ័យ ពី​ព្រោះ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប ហើយ​គេ​ពិគ្រោះ​គ្នា​ថា គឺ​ដោយ​ព្រោះ​ប្រាក់​ដែល​បាន​ដាក់​ចុះ​ក្នុង​បាវ ឲ្យ​មក​យើង​វិញ ពី​កាល​ជាន់​មុន​នោះ​ហើយ បាន​ជា​គេ​នាំ​យើង​ចូល​មក​នេះ ដើម្បី​ឲ្យ​លោក​បាន​រក​រឿង​នឹង​យើង ហើយ​ចាប់​យើង​យក​ធ្វើ​ជា​បាវ ព្រម​ទាំង​សត្វ​លា​ផង គេ​ក៏​ចូល​ទៅ​ឯ​អ្នក​ដំរួត​ដែល​ត្រួត​លើ​ផ្ទះ​យ៉ូសែប និយាយ​នឹង​គាត់​នៅ​ត្រង់​មាត់​ទ្វារ​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ កាល​មុន​នោះ​យើង​ខ្ញុំ​បាន​ចុះ​មក​ទិញ​ស្បៀង​អាហារ រួច​កាល​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​សំណាក់ នោះ​យើង​ខ្ញុំ​បាន​ស្រាយ​បាវ​ទៅ ឃើញ​មាន​ប្រាក់​របស់​យើង​ខ្ញុំ​គ្រប់​ចំនួន​នៅ​ក្នុង​បាវ​រៀង​ខ្លួន ឥឡូវ​យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ​មក​វិញ​នៅ​ដៃ​យើង​ខ្ញុំ​នេះ ក៏​បាន​យក​ប្រាក់​ផ្សេង​សំរាប់​នឹង​ទិញ​ស្បៀង​អាហារ​នៅ​ដៃ​យើង​ខ្ញុំ​ដែរ យើង​ខ្ញុំ​មិន​ដឹង​ជា​អ្នក​ណា​បាន​ដាក់​ប្រាក់​នោះ​ទៅ​ក្នុង​បាវ​ទេ តែ​អ្នក​នោះ​ឆ្លើយ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ គឺ​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា ទ្រង់​បាន​ប្រទាន​ទ្រព្យ​មក​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ រួច​អ្នក​នោះ​នាំ​ស៊ីម្មាន​ចេញ​មក​ឯ​គេ ហើយ​ក៏​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប ទាំង​យក​ទឹក​មក​ឲ្យ​លាង​ជើង រួច​គាត់​យក​ចំបើង​ឲ្យ​លា​គេ​ស៊ី​ដែរ ឯ​គេ​ក៏​រៀបចំ​ជំនូន​ចាំ​យ៉ូសែប​មក​ដល់​នៅ​ពេល​ថ្ងៃ​ត្រង់ ដ្បិត​គេ​បាន​ឮ​ថា ខ្លួន​គេ​ត្រូវ​បរិភោគ​បាយ​នៅ​ទី​នោះ។ កាល​យ៉ូសែប​បាន​មក​ដល់​ផ្ទះ នោះ​គេ​យក​ជំនូន​ដែល​នៅ​ដៃ​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​ជូន​គាត់ ហើយ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ចំពោះ​គាត់ គាត់​ក៏​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​គេ​ថា តើ​លោក​តា ជា​ឪពុក​អ្នក​រាល់​គ្នា ដែល​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​នៅ​រស់ ហើយ​សុខ​សប្បាយ​ជា​ទេ​ឬ គេ​ឆ្លើយ​ថា ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បំរើ​លោក​គាត់​រស់​នៅ​ហើយ​សុខ​សប្បាយ​ជា​ទេ រួច​ក៏​ឱន​គោរព​ដល់​គាត់។ លុះ​យ៉ូសែប​ក្រឡេក​ភ្នែក​ទៅ ឃើញ​បេន‌យ៉ាមីន​ជា​ប្អូន​ពោះ​មួយ​នឹង​ខ្លួន នោះ​ក៏​សួរ​ថា នេះ​គឺ​ជា​ប្អូន​ពៅ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​ឬ​អី ហើយ​ក៏​និយាយ​ទៅ​ប្អូន​ថា កូន​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ប្រោស​មេត្តា​ដល់​ឯង យ៉ូសែប​ក៏​ប្រញាប់‌ប្រញាល់​ទៅ​រក​កន្លែង​យំ ពី​ព្រោះ​គាត់​មាន​សេចក្ដី​ក្តួល​នឹង​ប្អូន​ខ្លាំង​ណាស់ នោះ​គាត់​ចូល​ទៅ​យំ​ក្នុង​បន្ទប់ រួច​លប់​មុខ​ចេញ​មក​វិញ ទាំង​ខំ​ទប់ ហើយ​ប្រាប់​ថា ចូរ​លើក​ម្ហូប​មក គេ​ក៏​លើក​មក​ជូន​គាត់​ដោយ​ខ្លួន ឲ្យ​អ្នក​ទាំង​នោះ​ដោយ​ខ្លួន ហើយ​ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ ដែល​បរិភោគ​ជា​មួយ​នឹង​គាត់ ដោយ​ខ្លួន​ដែរ ពី​ព្រោះ​ពួក​សាសន៍​អេស៊ីព្ទ គេ​គ្មាន​ច្បាប់​នឹង​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ហេព្រើរ​ទេ ព្រោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ ពួក​បង​ប្អូន​គាត់​ក៏​អង្គុយ​នៅ​មុខ​គាត់​ដោយ​លំដាប់ គឺ​បង​ច្បង​តាម​បង​ច្បង ហើយ​ប្អូន​ពៅ​តាម​ប្អូន​ពៅ អ្នក​ទាំង​នោះ​គេ​ក៏​ឆ្ងល់​ទាំង​អស់​គ្នា មាន​គេ​យក​ចំណែក​ភោជ‌នាហារ​ពី​ចំពោះ​គាត់​ទៅ​ឲ្យ​គេ​គ្រប់​គ្នា តែ​បេន‌យ៉ាមីន​បាន​លើស​ជាង​គេ​១​ជា​៥​ភាគ នោះ​ទាំង​អស់​គ្នា​ក៏​បាន​បរិភោគ ដោយ​អរ​សប្បាយ​ជា​មួយ​គ្នា​ទៅ។