លោកុ‌ប្បត្តិ 43

43
បេនយ៉ាមីន​ទៅ​ស្រុក​អេស៊ីព្ទ​ជា‌មួយ​បងៗ
1គ្រា​នោះ អំណត់​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ។ 2កាល​គេ​បរិ‌ភោគ​ស្រូវ​ដែល​បាន​យក​ពី​ស្រុក​អេស៊ីព្ទ​មក​អស់​ហើយ ឪពុក​មាន​ប្រសាសន៍​ទៅពួក​គេ​ថា៖ «ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​ខ្លះ​មក​ទៀត»។ 3ប៉ុន្ដែ យូដា​តប​ទៅ​ឪពុក​ថា៖ «លោក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​យ៉ាង​ច្បាស់​ថា "ឯង​រាល់​គ្នានឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ លើក​តែ​ប្អូន​របស់​ឯង​មក​ជា‌មួយ"។ 4ប្រសិន​បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា‌មួយ ទើប​យើង​ខ្ញុំ​ព្រម​ចុះ​ទៅ​ទិញ​ស្បៀង​អាហារ​យក​មក​ជូន 5តែ​បើ​លោក​ឪពុក​មិន​ព្រម​ឲ្យ​វា​ទៅ​ទេ យើង​ខ្ញុំ​នឹង​មិន​ចុះ​ទៅ​ឡើយ ដ្បិត​លោក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​ថា "ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ លើក​តែ​ប្អូន​របស់​ឯង​មក​ជា‌មួយ"»។ 6លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​ប្រព្រឹត្ត​អាក្រក់​នឹង​ពុក​ដល់​ម៉្លេះ ដោយ​ប្រាប់​លោក​នោះ​ថា មាន​ប្អូន​ម្នាក់​ទៀត​ដូច្នេះ?» 7ពួក​គេ​ឆ្លើយ​ថា៖ «លោក​នោះ​បាន​សាក​សួរ​យើង​ខ្ញុំ​ល្អិត​ល្អន់​ណាស់ អំពី​យើង​ខ្ញុំ និង​ញាតិ‌សន្តាន​របស់​យើង​ថា "តើ​ឪពុក​ឯង​រាល់​គ្នា​នៅ​រស់​ទេ​ឬ? តើ​មាន​ប្អូន​ម្នាក់​ទៀត​ឬ​ទេ?" យើង​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​លោក​តាម​សំណួររបស់​លោក។ ធ្វើ​ដូច​ម្ដេច​ឲ្យ​ពួក​យើង​ដឹងបាន​ថា លោក​នោះ​នឹង​ប្រាប់​ឲ្យ​យើង​នាំ​ប្អូន​ចុះ​ទៅ​ដូច្នេះ?»។ 8ពេល​នោះ យូដា​អង្វរ​លោក​អ៊ីស្រា‌អែល ជា​ឪពុក​ថា៖ «សូម​ឲ្យ​អាពៅ​ទៅ​ជា‌មួយខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​រៀបចំ​ខ្លួន​ចេញ​ទៅ ដើម្បី​ឲ្យ​យើង​ខ្ញុំ ទាំង​លោក​ឪពុក និង​កូន​ចៅ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​រស់ កុំ​ឲ្យ​ស្លាប់។ 9ខ្ញុំ​ធានា​ចំពោះ​សុវត្ថិ‌ភាព​របស់​វា សូម​លោក​ឪពុក​ទារ​វា​ពី​ដៃ​ខ្ញុំ​ចុះ ប្រសិន​បើ​ខ្ញុំ​មិន​នាំ​វា​មក​ជូន​លោក​ឪពុក ហើយ​ដាក់​វា​ឲ្យ​នៅ​ចំពោះ​មុខ​លោក​ឪពុក​វិញ​ទេ នោះ​សូម​ឲ្យ​ខ្ញុំ​ជាប់​មាន​ទោស​រហូត​ចុះ។ 10ប្រសិន‌បើ​យើង​មិន​បាន​ពន្យារ​ពេល​ទេ ម៉្លេះ​សម​ពេល​នេះ យើង​ខ្ញុំ​បាន​ទៅ​មក​ពីរ​សារួច​ទៅ​ហើយ»។
11លោក​អ៊ីស្រា‌អែល​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​ដូច្នោះ ធ្វើ​យ៉ាង​នេះទៅ ចូរ​យក​ផល​យ៉ាង​ល្អៗ​ពី​ស្រុក​នេះ ដាក់​ចូល​ក្នុង​បាវ​របស់​ឯង​រាល់​គ្នា ទៅ​ជូន​លោក​នោះ​ផង គឺ​ជ័រ​ពិដោរ​បន្ដិច ទឹក​ឃ្មុំ​បន្តិច គ្រឿង​ម្ហូប ជ័រ​ល្វីង‌ទេស គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ចំបក់។ 12ចូរ​យក​ប្រាក់​មួយ​ទ្វេ​ជា​ពីរ​ទៅ​ជា‌មួយ ព្រម​ទាំង​ប្រាក់​ដែល​គេ​ដាក់​មក​នៅ​មាត់​បាវ​នោះ​ផង យក​ទៅ​ប្រគល់​ឲ្យ​គេ​វិញ ក្រែង​គេ​ដាក់​ច្រឡំ។ 13ចូរ​នាំ​ប្អូន​របស់​ឯង ហើយ​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​នោះ​ចុះ 14សូម​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ប្រោស​ប្រទាន​ឲ្យ​អ្នក​នោះ​អាណិត​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យលោក​អនុញ្ញាត​ឲ្យ​បង​ឯង និង​បេនយ៉ាមីន​ត្រឡប់​មក​វិញ​ដែរ។ ចំណែក​ឯ​ពុក បើ​ពុក​ត្រូវ​អស់​កូន ឲ្យ​ពុក​អស់​ទៅ​ចុះ!»។ 15ពួក​គេ​ក៏​យក​ជំនូន​ទាំង​នោះ និង​ប្រាក់​មួយ​ទ្វេ​ជា​ពីរ ព្រម​ទាំង​បេនយ៉ាមីន​ទៅ​ជាមួយ រួច​គេ​ក្រោក​ឡើង ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ទៅ​ឈរ​នៅ​ចំពោះ​មុខ​លោក​យ៉ូសែប។
16កាល​លោក​យ៉ូសែប​ឃើញ​បេនយ៉ាមីន​មក​ជា‌មួយ លោក​ប្រាប់​ទៅ​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ រៀប​ចំ​ម្ហូប‌ម្ហា​ទៅ ព្រោះ​មនុស្ស​ទាំង​នេះ​នឹង​បរិ‌ភោគ​ជា‌មួយ​ខ្ញុំ នៅ​ពេល​ថ្ងៃ​ត្រង់»។ 17បុរស​នោះ​ក៏​បាន​ធ្វើ​តាម​ពាក្យ​របស់​លោក​យ៉ូសែប ហើយ​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប។ 18ពួក‌គេមាន​ការ​‌ភ័យ​ខ្លាច ព្រោះ​មាន​គេ​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប ហើយ​គេ​ពិគ្រោះ​គ្នា​ថា៖ «គឺ​ព្រោះ​តែ​ប្រាក់​ដែល​គេ​បាន​ដាក់​ក្នុង​បាវ ឲ្យ​មក​យើង​វិញ​កាល​ពី​លើក​មុន​នោះ​ហើយ បាន​ជា​គេ​នាំ​យើង​ចូល​មក​ដូច្នេះ ដើម្បី​រក​រឿង​នឹង​យើង ហើយ​ចាប់​យើង​ធ្វើ​ជា​បាវ​បម្រើ ព្រម​ទាំង​សត្វ​លា​របស់​យើង​ផង»។ 19គេ​ក៏​ចូល​ទៅ​ជិត​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​យ៉ូសែប ហើយ​និយាយ​ទៅ​គាត់​នៅ​មាត់​ទ្វារ​ផ្ទះ​ថា៖ 20«ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ លើក​មុនយើង​ខ្ញុំ​បាន​ចុះ​មក​ទិញ​ស្បៀង​អាហារ 21ហើយ​ពេល​យើង​ខ្ញុំ​បាន​ទៅ​ដល់​កន្លែង​សម្រាក យើង​ខ្ញុំ​បាន​ស្រាយ​បាវ​ទៅ ឃើញ​មាន​ប្រាក់​រៀងៗ​ខ្លួន​នៅ​ក្នុង​មាត់​បាវ គឺ​ប្រាក់​របស់​យើង​ខ្ញុំ​នៅ​គ្រប់​ចំនួន។ ឥឡូវ​នេះ យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ​មក​វិញ​ហើយ 22ក៏​បាន​យក​ប្រាក់​ផ្សេងទៀត​មក​ជាមួយ​ដែរ ដើម្បី​ទិញ​ស្បៀង​អាហារ។ យើង​ខ្ញុំ​មិន​ដឹងថា អ្នក​ណា​បាន​ដាក់​ប្រាក់​នោះនៅ​ក្នុង​បាវ​របស់​យើង​ខ្ញុំ​ឡើយ»។ 23គាត់​ឆ្លើយ​ថា៖ «ចូរ​សុខ​សាន្ត​ចុះ កុំ​ខ្លាច​អ្វី​ឡើយ គឺ​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា​ទេ ដែល​បាន​ដាក់​ទ្រព្យ​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ»។ បន្ទាប់​មក គាត់​ក៏​នាំ​ស៊ីម្មាន​ចេញ​មក​ជួប​ពួក​គេ។ 24កាល​បុរស​នោះ​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប​ហើយ គាត់​ក៏​យក​ទឹក​មក​ឲ្យ​ពួក​គេ​លាង​ជើង ហើយ​កាល​គាត់​យក​ចំបើង​ឲ្យ​លា​របស់​ពួក​គេ​ស៊ី 25ពួក‌គេ​ក៏​រៀបចំ​ជំនូន ចាំ​លោក​យ៉ូសែប​មក​ដល់​នៅ​វេលា​ថ្ងៃ​ត្រង់ ដ្បិត​គេ​បាន​ឮ​ថា គេ​ត្រូវ​បរិ‌ភោគ​អាហារ​នៅ​ទី​នេះ។
26កាល​លោក​យ៉ូសែប​បាន​មក​ដល់​ផ្ទះ ពួក​គេ​ក៏​យក​ជំនូន​ដែល​គេ​បាន​កាន់​ចូល​មក​ក្នុង​ផ្ទះ ជូន​ដល់​លោក ហើយ​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី នៅ​ចំពោះ​លោក។ 27លោកក៏​សួរអំពី​សុខ​ទុក្ខ​របស់​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «តើ​លោក​តា​ជា​ឪពុក​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​សុខ​សប្បាយ​ទេ​ឬ? គាត់​នៅ​រស់​ទេឬ?» 28ពួក​គេ​ឆ្លើយ​ថា៖ «ប្របាទ​លោក​ម្ចាស់ ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​ទេ ហើយ​ក៏​សុខ​សប្បាយ​ដែរ»។ រួច​គេ​ក៏​ឱន​ក្បាល​គោរព​លោក។ 29លោក​យ៉ូសែប​ងើប​មុខ​ឡើង​ឃើញ​បេនយ៉ាមីន ជា​ប្អូន​ពោះ​មួយ​របស់​លោក លោក​ក៏​សួរ​ថា៖ «តើ​នេះ​ជា​ប្អូន​ពៅ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​ឬ?» លោក​ពោល​ទៅ​ប្អូន​ថា៖ «កូន​អើយ សូម​ព្រះ​ប្រោស​ប្រណី​ដល់​ឯង!»។ 30ពេល​នោះ លោក​យ៉ូសែប​ក៏​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​រក​កន្លែង​យំ ព្រោះ​លោក​មាន​ចិត្ត​ក្តួល​អាណិត​ដល់​ប្អូន​ជា​ខ្លាំង ហើយ​លោក​ក៏​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់។ 31បន្ទាប់​មក លោក​លុប​មុខ ហើយ​ចេញ​មក​វិញ ទាំង​ខំ​ទប់ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូ​រ​លើក​ម្ហូប​អាហារ​មក»។ 32គេ​ក៏​លើក​ម្ហូប​អាហារ​មក​ជូន​លោក​ដោយ​ឡែក ជូន​អ្នក​ទាំង​នោះ​ដោយ​ឡែក ហើយ​ពួក​សាសន៍​អេស៊ីព្ទ​ដែល​បរិ‌ភោគ​ជា‌មួយ​លោក​ដោយ​ឡែក ព្រោះ​សាសន៍​អេស៊ីព្ទ​គ្មាន​ច្បាប់​នឹង​បរិ‌ភោគ​ជា‌មួយ​សាសន៍​ហេព្រើរ​ឡើយ ព្រោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ។ 33កាល​ពួក​គេ​អង្គុយទល់​មុខ​លោក គេ​អង្គុយ​តាម​លំដាប់ គឺ​បង​ច្បងតាម​បងច្បង ហើយ​ប្អូន​ពៅ​តាម​ប្អូន​ពៅ អ្នក​ទាំង​នោះ​គេ​ក៏​ឆ្ងល់​ទាំង​អស់​គ្នា។ 34មាន​គេ​យក​ចំណែក​ភោជនា‌ហារ​ពី​តុ​របស់​លោក​យ៉ូសែប​ទៅ​ជូនពួក​គេ តែ​បេនយ៉ាមីន​បាន​ចំណែក​មួយ​ជា​ប្រាំ ច្រើន​ជាងគេទាំង​អស់ ហើយ​គេ​ក៏​ផឹក​ស្រា​យ៉ាង​សប្បាយ​រីក​រាយ​ជា‌មួយ​លោក​យ៉ូសែប។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 43: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ