លោកុប្បត្តិ 41:53-57

លោកុប្បត្តិ 41:53-57 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រាំពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​នៅ​ស្រុក​អេស៊ីព្ទ ក៏​បាន​កន្លង​ផុត​ទៅ ហើយ​ប្រាំពីរ​ឆ្នាំ​ដែល​កើត​មាន​អំណត់​ក៏​ចូល​មក​ដល់ ដូច​លោក​យ៉ូសែប​មាន​ប្រសាសន៍​មែន។ ពេល​នោះ កើត​មាន​អំណត់​នៅ​គ្រប់​ស្រុក​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​មាន​ស្បៀង​អាហារ​វិញ។ កាល​ប្រជា​ជន​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ចាប់​ផ្ដើម​អត់​ឃ្លាន គេ​ក៏​នាំ​គ្នា​ស្រែក​សុំ​អាហារ​ពី​ផារ៉ោន។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សាសន៍​អេស៊ីព្ទ​ទាំង​អស់​ថា៖ «ចូរ​ទៅ​ជួប​លោក​យ៉ូសែប ហើយ​ធ្វើ​តាម​អ្វី​ដែល​លោក​បង្គាប់​ចុះ»។ កាល​អំណត់​នោះ​បាន​រាល​ដាល​ពាស​ពេញ​ស្រុក លោក​យ៉ូសែប​ក៏​បើក​គ្រប់​ទាំង​ជង្រុក​ស្រូវ​លក់​ឲ្យ​សាសន៍​អេស៊ីព្ទ ដ្បិត​អំណត់​នោះ​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ស្រុក​អេស៊ីព្ទ។ មនុស្ស​ម្នា​គ្រប់​ទិស​ទី​នៅ​លើ​ផែន​ដី នាំ​គ្នា​ចូល​មក​រក​លោក​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ទិញ​ស្រូវ ព្រោះ​អំណត់​នោះ​ខ្លាំង​ណាស់​នៅ​ពាស​ពេញ​លើ​ផែន‌ដី​ទាំង​មូល។

លោកុប្បត្តិ 41:53-57 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ស្រុក​អេស៊ីប​បាន​សម្បូណ៌​ហូរ‌ហៀរ​គម្រប់​ប្រាំ‌ពីរ​ឆ្នាំ​ហើយ ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ​ក៏​ចាប់​ផ្ដើម​កើត​មាន ដូច​លោក​យ៉ូសែប​មាន​ប្រសាសន៍​មែន។ នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​គ្រប់​ប្រទេស​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីប​ទាំង​មូល​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ ក្រោយ​មក ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ចាប់​ផ្ដើម​ខ្វះ​ខាត គេ​ក៏​នាំ​គ្នា​ទាម‌ទារ​សុំ​ស្បៀង​អាហារ​ពី​ព្រះចៅ​ផារ៉ោន ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​ទៅ​ជួប​លោក​យ៉ូសែប បើ​លោក​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។ ពេល​នោះ ទុរ្ភិក្ស​បាន​រាល‌ដាល​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។ លោក​យ៉ូសែប​បាន​បើក​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​តាម​ក្រុង​នានា លក់​ស្រូវ​ឲ្យ​ជន‌ជាតិ​អេស៊ីប ប៉ុន្តែ​ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ​ក្នុង​ស្រុក​អេស៊ីប។ មនុស្ស‌ម្នា​ពី​គ្រប់​ប្រទេស​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ស្រុក​អេស៊ីប ដើម្បី​រក​ទិញ​ស្រូវ​ពី​លោក​យ៉ូសែប ដ្បិត​ទុរ្ភិក្ស​រាល‌ដាល​កាន់​តែ​ខ្លាំង​ឡើងៗ គ្រប់​ប្រទេស​នៅ​លើ​ផែនដី​ទាំង​មូល។

លោកុប្បត្តិ 41:53-57 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ឆ្នាំ​សម្បូរ​ទាំង​៧​នៅ​ស្រុក​អេស៊ីព្ទ​ក៏​កន្លង​ផុត​ទៅ ឯ​ឆ្នាំ​អំណត់​ទាំង​៧​ក៏​ចាប់​តាំង​ផ្តើម​ឡើង ដូច​ជា​យ៉ូសែប​បាន​ទាយ​មែន ក៏​មាន​អំណត់​នៅ​គ្រប់​ស្រុក​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​មាន​ស្បៀង​អាហារ​វិញ កាល​ជន​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់​បាន​អត់‌ឃ្លាន ហើយ​គេ​ស្រែក​សូម​អាហារ​ពី​ផារ៉ោន នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​ថា ចូរ​ទៅ​ឯ​យ៉ូសែប​ទៅ ហើយ​ធ្វើ​តាម​ដែល​លោក​បង្គាប់​ចុះ នោះ​មាន​អំណត់​អត់​នៅ​ពេញ​លើ​ផែនដី រួច​យ៉ូសែប​គាត់​បើក​គ្រប់​ទាំង​ជង្រុក​ស្រូវ​លក់​ទៅ​ពួក​សាសន៍​អេស៊ីព្ទ អំណត់​នោះ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ស្រុក​អេស៊ីព្ទ គ្រប់​ទាំង​ស្រុក​ក៏​នាំ​គ្នា​ចូល​មក​ឯ​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​ទិញ​ស្រូវ ពី​ព្រោះ​អំណត់​នោះ​ជា​ខ្លាំង​ណាស់​នៅ​ពេញ​លើ​ផែនដី។