លោកុ‌ប្បត្តិ 41

41
លោក​យ៉ូសែប​កាត់​ស្រាយ​សុបិន​របស់​ផារ៉ោន
1ពីរ​ឆ្នាំ​ក្រោយ​មក ផារ៉ោន​បាន​យល់​សប្ដិ​ឃើញ​ថា ទ្រង់​ឈរ​នៅ​មាត់​ទន្លេ​នីល 2ហើយ​ឃើញ​មាន​គោ​ញី​ប្រាំពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​នៅ​ទី​វាល។ 3បន្ទាប់​មក មាន​គោ​ញី​ប្រាំពីរ​ក្បាល​ទៀត​ឡើង​ពី​ទន្លេ​មក ស្គមៗ ហើយ​អាក្រក់​មើល ក៏​ឈរ​នៅ​មាត់​ទន្លេ​ជិត​គោ​ឯ​ទៀត។ 4គោ​ស្គមៗ​ដែល​អាក្រក់​មើល​នោះ បាន​ស៊ី​លេប​គោ​ទាំង​ប្រាំពីរ​ដែល​ធាត់​ល្អ​នោះ​អស់​ទៅ ហើយ​ផារ៉ោន​ក៏​តើន​ឡើង។ 5បន្ទាប់​មក ស្ដេច​ក៏​ផ្ទំ​លក់​ទៅ​វិញ ហើយ​យល់​សប្ដិ​ម្ដង​ទៀត ឃើញ​មាន​ស្រូវ​ប្រាំពីរ​កួរ មាន​គ្រាប់​ធំ​ថ្លោស​ល្អ លូត​ចេញ​មក​ពី​ដើម​តែ​មួយ។ 6រួច​មក មាន​ស្រូវ​ប្រាំពីរ​កួរ​តូចៗ ដែល​ស្កក​ដោយ​សារ​ខ្យល់​ពី​ទិស​ខាង​កើត លូតចេញ​មក​តាម​ក្រោយ។ 7កួរ​ស្រូវ​តូចៗ​ក៏​លេប​កួរ​ស្រូវ​ធំ​ថ្លោស​ល្អ​ទាំង​ប្រាំពីរ​នោះ​អស់​ទៅ រួច​ផារ៉ោន​ក៏​តើន​ឡើង ហើយ​មើល៍ នោះ​ជា​សុបិន​ទេ។ 8លុះ​ព្រឹក​ឡើង ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​ខ្វល់​ខ្វាយ​ណាស់ ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​គ្រូ​ទាយ និង​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីព្ទ​មក រួច​ផារ៉ោន​តំណាល​សប្ដិ​នោះ​ប្រាប់​ពួក‌គេ តែ​គ្មាន​អ្នក​ណា​ម្នាក់​អាច​កាត់​ស្រាយ​ថ្វាយ​ស្ដេច​បាន​ឡើយ។
9ពេល​នោះ មេ​ថ្វាយ​ពែង​ក៏​ទូល​ថ្វាយ​ផារ៉ោន​ថា៖ «ថ្ងៃ​នេះ ទូល‌បង្គំ​នឹក​ឃើញ​កំហុស​របស់​ទូល​បង្គំ​ហើយ។ 10កាល​ព្រះ‌ករុណា​ខ្ញាល់​នឹង​អ្នក​បម្រើ​ព្រះ‌អង្គ ហើយ​ក៏​បាន​ឃុំ​ទូល‌បង្គំ និង​មេ​អ្នក​ដុត​នំ នៅ​ក្នុង​គុក​របស់​មេ​កង​រក្សា​ព្រះ‌អង្គ 11ទូល​បង្គំ​ទាំង​ពីរ​នាក់​បាន​យល់​សប្តិ​ក្នុង​យប់​តែ​មួយ ហើយ​ដែល​យើង​ខ្ញុំ​បាន​យល់​សប្តិ​នោះ ក៏​មាន​ន័យ​ផ្សេង​ពី​គ្នា។ 12នៅ​ទី​នោះ មាន​យុវជន​សាសន៍​ហេព្រើរ​ម្នាក់ ជា​អ្នក​បម្រើ​របស់​មេ​កង​រក្សា​ព្រះ​អង្គ​នៅ​ជា‌មួយ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​តំណាល​សប្តិ​ប្រាប់​គាត់ រួច​គាត់​បាន​កាត់​ស្រាយ​ប្រាប់​យើង​ខ្ញុំ តាម​សប្តិ​រៀងៗ​ខ្លួន។ 13ហេតុ‌ការណ៍​នោះ​ក៏​កើត​មាន ដូច​គាត់​បាន​កាត់​ស្រាយ​មែន គឺ​ទូល‌បង្គំ​បាន​ទទួល​តំណែង​របស់​ទូល‌បង្គំ​ដូច​ដើម​វិញ ហើយ​អ្នក​ដុត​នំ​ត្រូវ​ព្យួរ​ក»។
14ពេល​នោះ ផារ៉ោន​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​យ៉ូសែប​មក ហើយ​គេ​ក៏​ប្រញាប់​ប្រញាល់​នាំ​គាត់​ចេញ​ពី​គុក​ជ្រៅ​ភ្លាម។ កាល​លោក​បាន​កោរ​ពុក​មាត់ ហើយ​ផ្លាស់​សម្លៀក‌បំពាក់​ស្រេច​ហើយ លោក​ក៏​ចូល​គាល់​ផារ៉ោន។ 15ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​បាន​ឡើយ ហើយ​យើង​បានឮ​ថា ពេល​គេ​តំណាល​សប្តិ​ប្រាប់​អ្នក អ្នក​អាច​កាត់​ស្រាយ​បាន»។ 16លោក​យ៉ូសែប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា៖ «កិច្ច‌ការ​នោះ​មិន​ស្រេច​លើ​ទូល‌បង្គំ​ទេ តែ​ព្រះនឹងឆ្លើយ​មក​ព្រះ‌ករុណា​ជា​សេចក្ដី​សុខ​វិញ»។ 17ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​លោក​យ៉ូសែប​ថា៖ «ក្នុង​សប្តិ​របស់​យើង​នោះ​ឃើញ​ថា យើង​ឈរ​នៅ​មាត់​ទន្លេ​នីល 18ហើយ​មាន​គោ​ញី​ប្រាំពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ​នីល​មក​ស៊ី​ស្មៅ​នៅទី​វាល។ 19បន្ទាប់​មក មាន​គោ​ញី​ប្រាំពីរ​ក្បាល​ទៀត​ឡើង​ពី​ទន្លេ​មក វា​ស្គមៗ ហើយ​អាក្រក់​មើល​ណាស់ យើង​មិន​ដែល​ឃើញ​សត្វ​អាក្រក់​បែប​នេះ នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ឡើយ។ 20គោ​ស្គមៗ​ដែល​អាក្រក់​មើល​នោះ បាន​ស៊ី​លេប​គោ​ទាំង​ប្រាំពីរ​ធាត់ៗ​ល្អ​នោះ​អស់​ទៅ 21តែ​កាល​គោ​ញី​ស្គមៗ​បាន​ស៊ី​គោ​ធាត់ៗ​ហើយ នោះ​គ្មាន​អ្នក​ណា​បាន​ដឹង​ថា​វា​បាន​ស៊ី​អ្វី​ផង ព្រោះ​គោ​ញី​ស្គមៗ​នៅ​តែ​អាក្រក់​មើល​ដូច​មុន​ដដែល ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។ 22យើង​ក៏​លង់​លក់​ម្ដង​ទៀត ហើយ​យើង​យល់​សប្ដិ​ឃើញ​មាន​កួរ​ស្រូវ​ប្រាំពីរ មាន​គ្រាប់​ធំៗ​ថ្លោស​ល្អ លូត​ចេញ​ពីរ​ដើម​តែ​មួយ 23រួច​មាន​កួរ​ស្រូវ​ប្រាំពីរ​ទៀត មាន​គ្រាប់​តូចៗ ហើយ​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ 24ឯ​កួរ​ស្រូវ​គ្រាប់​តូចៗ​ក៏​លេប​កួរ​ស្រូវ​ធំៗ​ថ្លោស​ល្អ​ទាំង​ប្រាំពីរ​នោះ​ទៅ។ យើង​បាន​តំណាល​សប្តិ​នេះ​ប្រាប់​ពួក​គ្រូ​ទាយ​ដែរ តែ​គ្មាន​អ្នក​ណា​ម្នាក់​អាច​កាត់​ស្រាយ​ប្រាប់​យើង​បាន​ឡើយ»។
25លោក​យ៉ូសែប​ទូល​ទៅ​ផារ៉ោន​ថា៖ «សុបិន​របស់​ព្រះ‌ករុណា​គឺ​តែ​មួយ​ទេ ព្រះ​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បម្រុង​នឹង​ធ្វើ។ 26គោ​ញី​ល្អ​ៗ​ទាំង​ប្រាំពីរ​នោះ គឺ​ប្រាំពីរ​ឆ្នាំ ហើយ​កួរ​ស្រូវ​ល្អ​ៗ​ទាំង​ប្រាំពីរ​នោះ ក៏​ប្រាំពីរ​ឆ្នាំ​ដែរ នេះ​ជា​សុបិន​តែ​មួយ​ទេ។ 27គោ​ញី​ស្គមៗ ហើយ​អាក្រក់​មើល​ទាំង​ប្រាំពីរ​ដែល​ឡើង​តាម​ក្រោយ​មក​នោះ គឺ​ប្រាំពីរ​ឆ្នាំ ឯកួរ​ស្រូវ​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត គឺ​ប្រាំ​ពីរ​ឆ្នាំ​ដែល​កើត​មាន​អំណត់។ 28សេចក្ដី​នេះ​ហើយ​ទូល‌បង្គំ​បាន​ទូល​ថ្វាយ​ព្រះ‌ករុណា គឺ​ព្រះ​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ហេតុ‌ការណ៍​ដែល​ព្រះ‌អង្គ​បម្រុង​នឹង​ធ្វើ។ 29គឺ​នឹង​មាន​ប្រាំ​ពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​ពាស​ពេញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ 30ក្រោយ​ប្រាំ​ពីរ​ឆ្នាំ​នោះ​ទៅ នឹង​មាន​អំណត់​ប្រាំពីរ​ឆ្នាំ​វិញ ហើយ​គេ​នឹង​ភ្លេច​ពី​ភោគ​ផល​បរិបូរ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ព្រោះ​អំណត់​នោះ​នឹង​បង្ហិន​បង្ហោច​ស្រុក​នេះ​អស់ 31ហើយ​គេ​នឹង​លែង​ស្គាល់​គ្រា​បរិបូរ​នៅ​ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អំណត់​ដែល​ត្រូវ​មក​តាម​ក្រោយ ដ្បិត​អំណត់​នោះ​ខ្លាំង​ណាស់។ 32សុបិន​ដែល​ព្រះ‌ករុណា​បាន​ឃើញ​ដល់​ទៅ​ពីរ​ដង​ដូច្នេះ គឺ​ដោយ​ព្រោះ​ព្រះ​បាន​សម្រេច​ការ​នោះ ហើយ​ព្រះ​នឹង​ធ្វើ​ឲ្យ​បាន​សម្រេច​ក្នុង​ពេល​ឆាប់ៗ។ 33ដូច្នេះ សូម​ព្រះ‌ករុណា​រក​បុរស​ណា​ម្នាក់​ដែល​មាន​តម្រិះ​ប្រាជ្ញា ហើយ​តែង​តាំង​គាត់​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ។ 34សូម​ព្រះ‌ករុណា​តែង​តាំង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​នៅ​ក្នុង​ស្រុក ដើម្បី​ហូត​យក​មួយ​ភាគ​ក្នុង​ប្រាំ ពី​ភោគ​ផល​ក្នុង​ស្រុក​អេស៊ីព្ទ ក្នុង​រវាង​ប្រាំពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​នេះ។ 35សូម​ឲ្យ​គេ​ប្រមូល​ស្បៀង​អាហារ​ទាំង​អស់​ក្នុង​ឆ្នាំ​ល្អ​ដែល​នៅ​ខាង​មុខ ហើយ​ទុក​ស្រូវ​ក្នុង​ឃ្លាំង​ក្រោម​អំណាច​របស់​ព្រះ​ករុណា សម្រាប់​ជា​អាហារ​នៅ​តាម​ទី​ក្រុង​នានា ហើយ​ឲ្យ​អ្នក​ទាំង​នោះ​រក្សា​ទុក។ 36ស្បៀង​អាហារ​នោះ​នឹង​បម្រុង​ទុក​សម្រាប់​ស្រុក​កើត​មាន​អំណត់​ប្រាំពីរ​ឆ្នាំ​នៅ​ស្រុក​អេស៊ីព្ទ ដើម្បី​កុំ​ឲ្យ​ស្រុក​នេះ​ត្រូវ​វិនាស​ដោយ‌សារ​អំណត់​នោះ​ឡើយ»។
លោក​យ៉ូសែប​ឡើង​កាន់​អំណាច
37ផារ៉ោន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គម្រោង​ការ​នេះ​ណាស់ ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។ 38ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅកាន់​ពួក​មន្ត្រី​ថា៖ «តើ​យើង​អាច​រក​អ្នក​ណា​ទៀត​ឲ្យ​ដូច​អ្នក​នេះ ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​គង់​នៅ​ជា‌មួយ​បាន?» 39ដូច្នេះ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ព្រះ​បាន​បង្ហាញ​ឲ្យ​លោក​ដឹង​សេចក្ដី​ទាំង​នេះ​ហើយ គ្មាន​អ្នក​ណា​មាន​តម្រិះ​ប្រាជ្ញា​ដូច​ជា​លោក​ទេ។ 40គឺ​លោក​ហ្នឹង​ហើយ​ដែល​គ្រប់​គ្រង​លើ​ជន​ជាតិ​របស់​យើង ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​អស់​នឹង​ធ្វើ​តាម​បញ្ជា​របស់​លោក។ មាន​តែ​បល្ល័ង្ក​រាជ្យ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​យើង​ធំ​ជាង​លោក»។ 41រួច​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ទៀត​ថា៖ «មើល៍! យើង​តែង​តាំង​លោក​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ហើយ»។ 42ពេល​នោះ ផារ៉ោន​ដោះ​ព្រះ​ទម្រង់​ពី​ព្រះ‌ហស្ត​ទ្រង់ ទៅ​បំពាក់​នៅ​ដៃ​របស់​លោក​យ៉ូសែប ហើយ​យក​សម្លៀក​បំពាក់​ទេស​យ៉ាង​ម៉ដ្ត​មក​បំពាក់​ឲ្យ​លោក ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​របស់​លោក​ទៀត​ផង។ 43ស្ដេច​ឲ្យ​លោក​ជិះ​រាជ‌រថ​នៅ​បន្ទាប់​ពី​ព្រះ‌អង្គ ហើយ​មាន​គេ​ស្រែក​នៅ​ខាង​មុខ​ថា៖ «ចូរ​ក្រាប​ចុះ!»។ គឺយ៉ាង​នេះ​ឯង​ដែល​ស្ដេច​បាន​តែង​តាំង​ឲ្យ​លោក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ 44ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ទៀត​ថា៖ «យើង​ជា​ផារ៉ោន នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល បើ​គ្មាន​ការ​អនុញ្ញាត​ពី​លោក គ្មាន​អ្នក​ណា​ម្នាក់​នឹង​កម្រើក​ដៃ ឬ​កម្រើក​ជើង​ឡើយ»។ 45ផារ៉ោន​ប្រទាន​នាម​ឲ្យ​លោក​យ៉ូសែប​ថា "សាប់ណាត់-ផានា" ហើយ​លើក​នាង​អាសណាត់ កូន​ស្រី​របស់​លោក​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន ធ្វើ​ជា​ប្រពន្ធ។ ដូច្នេះ លោក​យ៉ូសែប​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីព្ទ។
46កាល​លោក​យ៉ូសែប​ចាប់‌ផ្ដើម​បម្រើ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ លោក​មាន​អាយុ​សាមសិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​ចាក​ចេញ​ពី​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ 47ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ដ៏​សម្បូរ​ហូរ​ហៀរ​នោះ ដី​បាន​ផ្ដល់​ភោគ​ផល​យ៉ាង​ច្រើន​បរិបូរ 48ហើយ​លោក​ក៏​ប្រមូល​ស្បៀង​អាហារ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់ ក្នុង​រវាង​ប្រាំពីរ​ឆ្នាំ​នោះ ហើយ​បាន​រក្សា​ទុក​ស្បៀង​ទាំង​នោះ​នៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​លោក​ប្រមូល​ស្បៀង​ពី​ស្រែ​ចម្ការ​ដែល​នៅ​ជុំ‌វិញ មក​រក្សា​ទុក​នៅ​គ្រប់​ទី​ក្រុង​ទាំង​នោះ។ 49លោក​យ៉ូសែប​បាន​ប្រមូល​ស្រូវ​យ៉ាង​សន្ធឹក​ណាស់ ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ រហូត​ទាល់​តែ​លោក​លែង​រាប់ ដ្បិត​មាន​ច្រើន​ពេក​រាប់​មិន​អស់។
50នៅ​មុន​ឆ្នាំ​កើត​មាន​អំណត់ លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ ដែល​នាង​អាស‌ណាត់​ជា​កូន​របស់​លោក​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ​លោក។ 51លោក​យ៉ូសែប​ដាក់​ឈ្មោះ​កូន​ច្បង​ថា "ម៉ាណា‌សេ" ដ្បិត​លោក​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ និង​ក្រុម​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ»។ 52កូន​មួយ​ទៀត​លោក​ដាក់​ឈ្មោះ​ថា "អេប្រាអិម" ដោយ​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​រង​ទុក្ខ‌វេទនា»។
53ប្រាំពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​នៅ​ស្រុក​អេស៊ីព្ទ ក៏​បាន​កន្លង​ផុត​ទៅ 54ហើយ​ប្រាំពីរ​ឆ្នាំ​ដែល​កើត​មាន​អំណត់​ក៏​ចូល​មក​ដល់ ដូច​លោក​យ៉ូសែប​មាន​ប្រសាសន៍​មែន។ ពេល​នោះ កើត​មាន​អំណត់​នៅ​គ្រប់​ស្រុក​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​មាន​ស្បៀង​អាហារ​វិញ។ 55កាល​ប្រជា​ជន​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ចាប់​ផ្ដើម​អត់​ឃ្លាន គេ​ក៏​នាំ​គ្នា​ស្រែក​សុំ​អាហារ​ពី​ផារ៉ោន។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សាសន៍​អេស៊ីព្ទ​ទាំង​អស់​ថា៖ «ចូរ​ទៅ​ជួប​លោក​យ៉ូសែប ហើយ​ធ្វើ​តាម​អ្វី​ដែល​លោក​បង្គាប់​ចុះ»។ 56កាល​អំណត់​នោះ​បាន​រាល​ដាល​ពាស​ពេញ​ស្រុក លោក​យ៉ូសែប​ក៏​បើក​គ្រប់​ទាំង​ជង្រុក​ស្រូវ​លក់​ឲ្យ​សាសន៍​អេស៊ីព្ទ ដ្បិត​អំណត់​នោះ​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ស្រុក​អេស៊ីព្ទ។ 57មនុស្ស​ម្នា​គ្រប់​ទិស​ទី​នៅ​លើ​ផែន​ដី នាំ​គ្នា​ចូល​មក​រក​លោក​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ទិញ​ស្រូវ ព្រោះ​អំណត់​នោះ​ខ្លាំង​ណាស់​នៅ​ពាស​ពេញ​លើ​ផែន‌ដី​ទាំង​មូល។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 41: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ