លោកុប្បត្តិ 41:38-46

លោកុប្បត្តិ 41:38-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅកាន់​ពួក​មន្ត្រី​ថា៖ «តើ​យើង​អាច​រក​អ្នក​ណា​ទៀត​ឲ្យ​ដូច​អ្នក​នេះ ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​គង់​នៅ​ជា‌មួយ​បាន?» ដូច្នេះ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ព្រះ​បាន​បង្ហាញ​ឲ្យ​លោក​ដឹង​សេចក្ដី​ទាំង​នេះ​ហើយ គ្មាន​អ្នក​ណា​មាន​តម្រិះ​ប្រាជ្ញា​ដូច​ជា​លោក​ទេ។ គឺ​លោក​ហ្នឹង​ហើយ​ដែល​គ្រប់​គ្រង​លើ​ជន​ជាតិ​របស់​យើង ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​អស់​នឹង​ធ្វើ​តាម​បញ្ជា​របស់​លោក។ មាន​តែ​បល្ល័ង្ក​រាជ្យ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​យើង​ធំ​ជាង​លោក»។ រួច​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ទៀត​ថា៖ «មើល៍! យើង​តែង​តាំង​លោក​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ហើយ»។ ពេល​នោះ ផារ៉ោន​ដោះ​ព្រះ​ទម្រង់​ពី​ព្រះ‌ហស្ត​ទ្រង់ ទៅ​បំពាក់​នៅ​ដៃ​របស់​លោក​យ៉ូសែប ហើយ​យក​សម្លៀក​បំពាក់​ទេស​យ៉ាង​ម៉ដ្ត​មក​បំពាក់​ឲ្យ​លោក ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​របស់​លោក​ទៀត​ផង។ ស្ដេច​ឲ្យ​លោក​ជិះ​រាជ‌រថ​នៅ​បន្ទាប់​ពី​ព្រះ‌អង្គ ហើយ​មាន​គេ​ស្រែក​នៅ​ខាង​មុខ​ថា៖ «ចូរ​ក្រាប​ចុះ!»។ គឺយ៉ាង​នេះ​ឯង​ដែល​ស្ដេច​បាន​តែង​តាំង​ឲ្យ​លោក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ទៀត​ថា៖ «យើង​ជា​ផារ៉ោន នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល បើ​គ្មាន​ការ​អនុញ្ញាត​ពី​លោក គ្មាន​អ្នក​ណា​ម្នាក់​នឹង​កម្រើក​ដៃ ឬ​កម្រើក​ជើង​ឡើយ»។ ផារ៉ោន​ប្រទាន​នាម​ឲ្យ​លោក​យ៉ូសែប​ថា "សាប់ណាត់-ផានា" ហើយ​លើក​នាង​អាសណាត់ កូន​ស្រី​របស់​លោក​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន ធ្វើ​ជា​ប្រពន្ធ។ ដូច្នេះ លោក​យ៉ូសែប​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីព្ទ។ កាល​លោក​យ៉ូសែប​ចាប់‌ផ្ដើម​បម្រើ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ លោក​មាន​អាយុ​សាមសិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​ចាក​ចេញ​ពី​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល។

លោកុប្បត្តិ 41:38-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​នោះ​ថា៖ «យើង​ពុំ​អាច​រក​បុរស​ផ្សេង​ទៀត ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ ដូច​លោក​នេះ​ឡើយ»។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​លោក​ដឹង​ហេតុ‌ការណ៍​ទាំង​នេះ​ហើយ គឺ​គ្មាន​នរណា​ម្នាក់​មាន​ប្រាជ្ញា​វាង‌វៃ​ដូច​លោក​ទេ។ ដូច្នេះ យើង​សុំ​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​មូល​នឹង​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក។ មាន​តែ​ព្រះ‌រាជ​បល្ល័ង្ក​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​យើង​មាន​ឋានៈ​ខ្ពស់​ជាង​លោក»។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ទៀត​ថា៖ «ឥឡូវ​នេះ យើង​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល»។ ពេល​នោះ ព្រះចៅ​ផារ៉ោន​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ព្រះអង្គ ពាក់​ឲ្យ​លោក​យ៉ូសែប ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​ឲ្យ​លោក និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​លោក​ថែម​ទៀត​ផង រួច​ឲ្យ​លោក​ឡើង​ជិះ​រាជ‌រថ ដែល​នៅ​បន្ទាប់​ពី​ព្រះអង្គ ហើយ​ឲ្យ​គេ​រត់​ពី​មុខ​លោក ទាំង​ស្រែក​ថា៖ «ក្រាប​ចុះ ថ្វាយ‌បង្គំ!»។ ព្រះចៅ​ផារ៉ោន​បាន​តែង‌តាំង​លោក​យ៉ូសែប​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​របៀប​នេះ​ឯង។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ទៀត​ថា៖ «យើង​ជា​ព្រះចៅ​ផារ៉ោន! តែ​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​លោក​ជា​មុន​នោះ​ឡើយ»។ ព្រះចៅ​ផារ៉ោន​ប្រទាន​នាម​ឲ្យ​លោក​យ៉ូសែប​ថា “សាប់‌ណាត់‌ផានា” ហើយ​ស្ដេច​ដណ្ដឹង​នាង​អាស‌ណាត់ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ប៉ូទី‌ផេរ៉ា ជា​បូជា‌ចារ្យ​នៅ​ក្រុង​អូន មក​ឲ្យ​លោក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​យ៉ូសែប​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីប។ កាល​លោក​យ៉ូសែប​ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​នោះ លោក​មាន​អាយុ​សាម‌សិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​បាន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។

លោកុប្បត្តិ 41:38-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ថា តើ​យើង​នឹង​រក​មនុស្ស​ឯ​ណា​ឲ្យ​ដូច​មនុស្ស​នេះ ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​នឹង​គាត់​បាន រួច​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា ដែល​ព្រះ​បាន​សំដែង​ឲ្យ​ឯង​ដឹង​សេចក្ដី​ទាំង​នេះ នោះ​គ្មាន​អ្នក​ណា​មាន​ដំរិះ​មាន​ប្រាជ្ញា​ដូច​ឯង​នេះ​ទេ គឺ​ឯង​នេះ​ហើយ ដែល​ត្រូវ​កាន់‌កាប់​ត្រួត‌ត្រា​លើ​ជន‌ជាតិ​របស់​យើង ហើយ​រាស្ត្រ​យើង​ទាំង​អស់​នឹង​ចុះ​ចូល​តាម​បង្គាប់​ឯង យើង​នឹង​ធំ​ជាង​ឯង​តែ​នៅ​បល្ល័ង្ក​រាជ្យ​ប៉ុណ្ណោះ រួច​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា នែ យើង​តាំង​ឯង​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ហើយ ផារ៉ោន​ទ្រង់​ដោះ​ព្រះ​ទំរង់​ពី​ព្រះ‌ហស្ត ទៅ​បំពាក់​នៅ​ដៃ​យ៉ូសែប​វិញ ក៏​យក​សំលៀក‌បំពាក់​ទេស​យ៉ាង​ម៉ដ្ត មក​បំពាក់​គាត់ ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​ឲ្យ​គាត់​ផង ទ្រង់​ឲ្យ​គាត់​ជិះ​រាជ‌រថ​បន្ទាប់​របស់​ទ្រង់ ហើយ​មាន​គេ​ស្រែក​នៅ​ខាង​មុខ​ថា ចូរ​ក្រាប​ចុះ​ទាំង​អស់​គ្នា​ទៅ ដូច្នេះ​ទ្រង់​បាន​តាំង​គាត់​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ផារ៉ោន​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា យើង​នេះ​ជា​ផារ៉ោន បើ​ឯង​មិន​បង្គាប់ នោះ​គ្មាន​អ្នក​ណា​នឹង​លើក​ដៃ​លើក​ជើង នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ទេ ផារ៉ោន​ក៏​ហៅ​ឈ្មោះ​យ៉ូសែប​ថា សាប់‌ន៉ាត់-ផានា ក៏​ឲ្យ​នាង​អាស‌ន៉ាត់​ជា​កូន​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន ធ្វើ​ជា​ប្រពន្ធ រួច​យ៉ូសែប​ចេញ​ដើរ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ។ កាល​យ៉ូសែប​ឈរ​នៅ​ចំពោះ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ នោះ​គាត់​មាន​អាយុ​៣០​ឆ្នាំ​ហើយ គាត់​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន ដើរ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់