លោកុប្បត្តិ 41:37-57
លោកុប្បត្តិ 41:37-57 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ផារ៉ោនសព្វព្រះហឫទ័យនឹងគម្រោងការនេះណាស់ ហើយមន្ត្រីទាំងអស់ក៏ពេញចិត្តដែរ។ ផារ៉ោនមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «តើយើងអាចរកអ្នកណាទៀតឲ្យដូចអ្នកនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះគង់នៅជាមួយបាន?» ដូច្នេះ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «ព្រះបានបង្ហាញឲ្យលោកដឹងសេចក្ដីទាំងនេះហើយ គ្មានអ្នកណាមានតម្រិះប្រាជ្ញាដូចជាលោកទេ។ គឺលោកហ្នឹងហើយដែលគ្រប់គ្រងលើជនជាតិរបស់យើង ហើយប្រជារាស្ត្ររបស់យើងទាំងអស់នឹងធ្វើតាមបញ្ជារបស់លោក។ មានតែបល្ល័ង្ករាជ្យប៉ុណ្ណោះដែលធ្វើឲ្យយើងធំជាងលោក»។ រួចផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបទៀតថា៖ «មើល៍! យើងតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូលហើយ»។ ពេលនោះ ផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តទ្រង់ ទៅបំពាក់នៅដៃរបស់លោកយ៉ូសែប ហើយយកសម្លៀកបំពាក់ទេសយ៉ាងម៉ដ្តមកបំពាក់ឲ្យលោក ព្រមទាំងបំពាក់ខ្សែមាសនៅករបស់លោកទៀតផង។ ស្ដេចឲ្យលោកជិះរាជរថនៅបន្ទាប់ពីព្រះអង្គ ហើយមានគេស្រែកនៅខាងមុខថា៖ «ចូរក្រាបចុះ!»។ គឺយ៉ាងនេះឯងដែលស្ដេចបានតែងតាំងឲ្យលោកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបទៀតថា៖ «យើងជាផារ៉ោន នៅក្នុងស្រុកអេស៊ីព្ទទាំងមូល បើគ្មានការអនុញ្ញាតពីលោក គ្មានអ្នកណាម្នាក់នឹងកម្រើកដៃ ឬកម្រើកជើងឡើយ»។ ផារ៉ោនប្រទាននាមឲ្យលោកយ៉ូសែបថា "សាប់ណាត់-ផានា" ហើយលើកនាងអាសណាត់ កូនស្រីរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន ធ្វើជាប្រពន្ធ។ ដូច្នេះ លោកយ៉ូសែបចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីព្ទ។ កាលលោកយ៉ូសែបចាប់ផ្ដើមបម្រើផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបចាកចេញពីផារ៉ោន ហើយធ្វើដំណើរពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល។ ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូរហូរហៀរនោះ ដីបានផ្ដល់ភោគផលយ៉ាងច្រើនបរិបូរ ហើយលោកក៏ប្រមូលស្បៀងអាហារនៅស្រុកអេស៊ីព្ទទាំងអស់ ក្នុងរវាងប្រាំពីរឆ្នាំនោះ ហើយបានរក្សាទុកស្បៀងទាំងនោះនៅតាមទីក្រុងទាំងប៉ុន្មាន គឺលោកប្រមូលស្បៀងពីស្រែចម្ការដែលនៅជុំវិញ មករក្សាទុកនៅគ្រប់ទីក្រុងទាំងនោះ។ លោកយ៉ូសែបបានប្រមូលស្រូវយ៉ាងសន្ធឹកណាស់ ដូចខ្សាច់នៅឆ្នេរសមុទ្រ រហូតទាល់តែលោកលែងរាប់ ដ្បិតមានច្រើនពេករាប់មិនអស់។ នៅមុនឆ្នាំកើតមានអំណត់ លោកយ៉ូសែបមានកូនប្រុសពីរ ដែលនាងអាសណាត់ជាកូនរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យលោក។ លោកយ៉ូសែបដាក់ឈ្មោះកូនច្បងថា "ម៉ាណាសេ" ដ្បិតលោកពោលថា៖ «ព្រះទ្រង់បានធ្វើឲ្យខ្ញុំភ្លេចទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្ញុំ និងក្រុមគ្រួសារទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ»។ កូនមួយទៀតលោកដាក់ឈ្មោះថា "អេប្រាអិម" ដោយពោលថា៖ «ព្រះទ្រង់បានប្រទានឲ្យខ្ញុំមានកូននៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនា»។ ប្រាំពីរឆ្នាំដែលសម្បូរហូរហៀរនៅស្រុកអេស៊ីព្ទ ក៏បានកន្លងផុតទៅ ហើយប្រាំពីរឆ្នាំដែលកើតមានអំណត់ក៏ចូលមកដល់ ដូចលោកយ៉ូសែបមានប្រសាសន៍មែន។ ពេលនោះ កើតមានអំណត់នៅគ្រប់ស្រុកទាំងអស់ តែនៅស្រុកអេស៊ីព្ទទាំងមូលមានស្បៀងអាហារវិញ។ កាលប្រជាជនក្នុងស្រុកអេស៊ីព្ទទាំងអស់ចាប់ផ្ដើមអត់ឃ្លាន គេក៏នាំគ្នាស្រែកសុំអាហារពីផារ៉ោន។ ផារ៉ោនមានរាជឱង្ការទៅកាន់សាសន៍អេស៊ីព្ទទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែប ហើយធ្វើតាមអ្វីដែលលោកបង្គាប់ចុះ»។ កាលអំណត់នោះបានរាលដាលពាសពេញស្រុក លោកយ៉ូសែបក៏បើកគ្រប់ទាំងជង្រុកស្រូវលក់ឲ្យសាសន៍អេស៊ីព្ទ ដ្បិតអំណត់នោះកើតមានកាន់តែខ្លាំងឡើងៗនៅស្រុកអេស៊ីព្ទ។ មនុស្សម្នាគ្រប់ទិសទីនៅលើផែនដី នាំគ្នាចូលមករកលោកយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីទិញស្រូវ ព្រោះអំណត់នោះខ្លាំងណាស់នៅពាសពេញលើផែនដីទាំងមូល។
លោកុប្បត្តិ 41:37-57 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅផារ៉ោនសព្វព្រះហឫទ័យនឹងពាក្យរបស់លោកយ៉ូសែប ហើយមន្ត្រីទាំងអស់ក៏ពេញចិត្តដែរ។ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់មន្ត្រីទាំងនោះថា៖ «យើងពុំអាចរកបុរសផ្សេងទៀត ដែលមានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយ ដូចលោកនេះឡើយ»។ ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ព្រះជាម្ចាស់បានបង្ហាញឲ្យលោកដឹងហេតុការណ៍ទាំងនេះហើយ គឺគ្មាននរណាម្នាក់មានប្រាជ្ញាវាងវៃដូចលោកទេ។ ដូច្នេះ យើងសុំតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីប ហើយប្រជារាស្ត្ររបស់យើងទាំងមូលនឹងស្ថិតនៅក្រោមបញ្ជារបស់លោក។ មានតែព្រះរាជបល្ល័ង្កមួយប៉ុណ្ណោះ ដែលធ្វើឲ្យយើងមានឋានៈខ្ពស់ជាងលោក»។ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «ឥឡូវនេះ យើងតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល»។ ពេលនោះ ព្រះចៅផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តព្រះអង្គ ពាក់ឲ្យលោកយ៉ូសែប ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យលោក និងយកខ្សែកមាសមួយខ្សែពាក់ឲ្យលោកថែមទៀតផង រួចឲ្យលោកឡើងជិះរាជរថ ដែលនៅបន្ទាប់ពីព្រះអង្គ ហើយឲ្យគេរត់ពីមុខលោក ទាំងស្រែកថា៖ «ក្រាបចុះ ថ្វាយបង្គំ!»។ ព្រះចៅផារ៉ោនបានតែងតាំងលោកយ៉ូសែបឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលរបៀបនេះឯង។ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «យើងជាព្រះចៅផារ៉ោន! តែក្នុងស្រុកអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីលោកជាមុននោះឡើយ»។ ព្រះចៅផារ៉ោនប្រទាននាមឲ្យលោកយ៉ូសែបថា “សាប់ណាត់ផានា” ហើយស្ដេចដណ្ដឹងនាងអាសណាត់ ដែលត្រូវជាកូនស្រីរបស់លោកប៉ូទីផេរ៉ា ជាបូជាចារ្យនៅក្រុងអូន មកឲ្យលោកធ្វើជាភរិយា។ ពេលនោះ លោកយ៉ូសែបចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។ កាលលោកយ៉ូសែបចូលទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីបនោះ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបបានចាកចេញពីព្រះចៅផារ៉ោន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។ ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូណ៌ហូរហៀរនោះ ដីស្រុកអេស៊ីបបានផ្ដល់ភោគផលយ៉ាងច្រើនបរិបូណ៌។ ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ លោកយ៉ូសែបប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលជាភោគផលតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។ លោកយ៉ូសែបប្រមូលស្រូវបានយ៉ាងច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រ គឺមានចំនួនយ៉ាងច្រើនឥតគណនា រហូតដល់គេឈប់រាប់ទៀត ព្រោះមានចំនួនច្រើនពេកមិនអាចរាប់អស់ឡើយ។ នៅឆ្នាំមុនកើតទុរ្ភិក្ស លោកស្រីអាសណាត់ជាកូនរបស់លោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតកូនប្រុសពីរជូនលោកយ៉ូសែប។ លោកយ៉ូសែបដាក់ឈ្មោះកូនបងថា “ម៉ាណាសេ” ដ្បិតលោកពោលថា “ព្រះជាម្ចាស់បានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាន និងភ្លេចញាតិសន្ដានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ”។ លោកបានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតលោកពោលថា “ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនានេះ”។ លុះស្រុកអេស៊ីបបានសម្បូណ៌ហូរហៀរគម្រប់ប្រាំពីរឆ្នាំហើយ ទុរ្ភិក្សប្រាំពីរឆ្នាំក៏ចាប់ផ្ដើមកើតមាន ដូចលោកយ៉ូសែបមានប្រសាសន៍មែន។ នៅគ្រានោះ មានកើតទុរ្ភិក្សគ្រប់ប្រទេសទាំងអស់ តែនៅស្រុកអេស៊ីបទាំងមូលមានអាហារបរិភោគគ្រប់គ្រាន់។ ក្រោយមក ប្រជាជននៅស្រុកអេស៊ីបចាប់ផ្ដើមខ្វះខាត គេក៏នាំគ្នាទាមទារសុំស្បៀងអាហារពីព្រះចៅផារ៉ោន ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់ជនជាតិអេស៊ីបទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែប បើលោកប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមពាក្យលោកចុះ»។ ពេលនោះ ទុរ្ភិក្សបានរាលដាលពាសពេញស្រុកអេស៊ីបទាំងមូល។ លោកយ៉ូសែបបានបើកឃ្លាំងទាំងប៉ុន្មាននៅតាមក្រុងនានា លក់ស្រូវឲ្យជនជាតិអេស៊ីប ប៉ុន្តែទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗក្នុងស្រុកអេស៊ីប។ មនុស្សម្នាពីគ្រប់ប្រទេសនាំគ្នាធ្វើដំណើរមកស្រុកអេស៊ីប ដើម្បីរកទិញស្រូវពីលោកយ៉ូសែប ដ្បិតទុរ្ភិក្សរាលដាលកាន់តែខ្លាំងឡើងៗ គ្រប់ប្រទេសនៅលើផែនដីទាំងមូល។
លោកុប្បត្តិ 41:37-57 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សេចក្ដីនោះក៏គាប់ព្រះទ័យដល់ផារ៉ោន នឹងពួកមហាតលិកទ្រង់ទាំងអស់គ្នា នោះផារ៉ោនទ្រង់មានបន្ទូលទៅពួកមហាតលិកទ្រង់ថា តើយើងនឹងរកមនុស្សឯណាឲ្យដូចមនុស្សនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះសណ្ឋិតនឹងគាត់បាន រួចផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា ដែលព្រះបានសំដែងឲ្យឯងដឹងសេចក្ដីទាំងនេះ នោះគ្មានអ្នកណាមានដំរិះមានប្រាជ្ញាដូចឯងនេះទេ គឺឯងនេះហើយ ដែលត្រូវកាន់កាប់ត្រួតត្រាលើជនជាតិរបស់យើង ហើយរាស្ត្រយើងទាំងអស់នឹងចុះចូលតាមបង្គាប់ឯង យើងនឹងធំជាងឯងតែនៅបល្ល័ង្ករាជ្យប៉ុណ្ណោះ រួចផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា នែ យើងតាំងឯងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលហើយ ផារ៉ោនទ្រង់ដោះព្រះទំរង់ពីព្រះហស្ត ទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសំលៀកបំពាក់ទេសយ៉ាងម៉ដ្ត មកបំពាក់គាត់ ព្រមទាំងបំពាក់ខ្សែមាសនៅកឲ្យគាត់ផង ទ្រង់ឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខថា ចូរក្រាបចុះទាំងអស់គ្នាទៅ ដូច្នេះទ្រង់បានតាំងគាត់ឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូល ផារ៉ោនទ្រង់ក៏មានបន្ទូលទៅយ៉ូសែបថា យើងនេះជាផារ៉ោន បើឯងមិនបង្គាប់ នោះគ្មានអ្នកណានឹងលើកដៃលើកជើង នៅគ្រប់ក្នុងស្រុកអេស៊ីព្ទទេ ផារ៉ោនក៏ហៅឈ្មោះយ៉ូសែបថា សាប់ន៉ាត់-ផានា ក៏ឲ្យនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន ធ្វើជាប្រពន្ធ រួចយ៉ូសែបចេញដើរទៅពេញក្នុងស្រុកអេស៊ីព្ទ។ កាលយ៉ូសែបឈរនៅចំពោះផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ នោះគាត់មានអាយុ៣០ឆ្នាំហើយ គាត់ក៏ចេញពីចំពោះផារ៉ោន ដើរទៅពេញក្នុងស្រុកអេស៊ីព្ទទាំងអស់ នៅក្នុងឆ្នាំសម្បូរទាំង៧នោះ ដីបានបង្កើតផលជាបរិបូរ គាត់ក៏ប្រមូលស្បៀងអាហារនៅស្រុកអេស៊ីព្ទទាំងអស់ក្នុងរវាង៧ឆ្នាំនោះ ហើយបានទុកស្បៀងទាំងនោះនៅក្នុងទីក្រុងទាំងប៉ុន្មាន គឺថា ស្បៀងពីស្រែចំការដែលនៅជុំវិញទីក្រុងណា នោះគាត់បានប្រមូលទុកក្នុងដីក្រុងនោះឯង យ៉ូសែបបានប្រមូលស្រូវយ៉ាងសន្ធឹកណាស់ ដូចជាខ្សាច់នៅនាសមុទ្រ ទាល់តែគាត់លែងរាប់ ពីព្រោះរាប់មិនបាន គ្រាមុនដែលកើតមានឆ្នាំអំណត់ នោះយ៉ូសែបមានកូនប្រុស២ ដែលនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ យ៉ូសែបឲ្យកូនច្បងឈ្មោះថា ម៉ាន៉ាសេ ដោយគិតថា ព្រះទ្រង់បានធ្វើឲ្យអញភ្លេចសេចក្ដីទុក្ខលំបាករបស់អញទាំងប៉ុន្មាន ព្រមទាំងពួកគ្រួឪពុកអញផង ហើយកូន១ទៀតគាត់ឲ្យឈ្មោះថា អេប្រាអិម ដោយគិតថា ព្រះទ្រង់បានប្រទានឲ្យអញមានកូន នៅក្នុងស្រុកនៃសេចក្ដីទុក្ខព្រួយរបស់អញ។ គ្រានោះ ឆ្នាំសម្បូរទាំង៧នៅស្រុកអេស៊ីព្ទក៏កន្លងផុតទៅ ឯឆ្នាំអំណត់ទាំង៧ក៏ចាប់តាំងផ្តើមឡើង ដូចជាយ៉ូសែបបានទាយមែន ក៏មានអំណត់នៅគ្រប់ស្រុកទាំងអស់ តែនៅស្រុកអេស៊ីព្ទទាំងមូលមានស្បៀងអាហារវិញ កាលជនក្នុងស្រុកអេស៊ីព្ទទាំងអស់បានអត់ឃ្លាន ហើយគេស្រែកសូមអាហារពីផារ៉ោន នោះទ្រង់មានបន្ទូលទៅពួកសាសន៍អេស៊ីព្ទទាំងអស់ថា ចូរទៅឯយ៉ូសែបទៅ ហើយធ្វើតាមដែលលោកបង្គាប់ចុះ នោះមានអំណត់អត់នៅពេញលើផែនដី រួចយ៉ូសែបគាត់បើកគ្រប់ទាំងជង្រុកស្រូវលក់ទៅពួកសាសន៍អេស៊ីព្ទ អំណត់នោះកាន់តែខ្លាំងឡើងនៅស្រុកអេស៊ីព្ទ គ្រប់ទាំងស្រុកក៏នាំគ្នាចូលមកឯយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីនឹងទិញស្រូវ ពីព្រោះអំណត់នោះជាខ្លាំងណាស់នៅពេញលើផែនដី។