លោកុប្បត្តិ 41:33-46
លោកុប្បត្តិ 41:33-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ សូមព្រះករុណារកបុរសណាម្នាក់ដែលមានតម្រិះប្រាជ្ញា ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីព្ទ។ សូមព្រះករុណាតែងតាំងឲ្យមានអ្នកមើលខុសត្រូវនៅក្នុងស្រុក ដើម្បីហូតយកមួយភាគក្នុងប្រាំ ពីភោគផលក្នុងស្រុកអេស៊ីព្ទ ក្នុងរវាងប្រាំពីរឆ្នាំដែលសម្បូរហូរហៀរនេះ។ សូមឲ្យគេប្រមូលស្បៀងអាហារទាំងអស់ក្នុងឆ្នាំល្អដែលនៅខាងមុខ ហើយទុកស្រូវក្នុងឃ្លាំងក្រោមអំណាចរបស់ព្រះករុណា សម្រាប់ជាអាហារនៅតាមទីក្រុងនានា ហើយឲ្យអ្នកទាំងនោះរក្សាទុក។ ស្បៀងអាហារនោះនឹងបម្រុងទុកសម្រាប់ស្រុកកើតមានអំណត់ប្រាំពីរឆ្នាំនៅស្រុកអេស៊ីព្ទ ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសដោយសារអំណត់នោះឡើយ»។ ផារ៉ោនសព្វព្រះហឫទ័យនឹងគម្រោងការនេះណាស់ ហើយមន្ត្រីទាំងអស់ក៏ពេញចិត្តដែរ។ ផារ៉ោនមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «តើយើងអាចរកអ្នកណាទៀតឲ្យដូចអ្នកនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះគង់នៅជាមួយបាន?» ដូច្នេះ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «ព្រះបានបង្ហាញឲ្យលោកដឹងសេចក្ដីទាំងនេះហើយ គ្មានអ្នកណាមានតម្រិះប្រាជ្ញាដូចជាលោកទេ។ គឺលោកហ្នឹងហើយដែលគ្រប់គ្រងលើជនជាតិរបស់យើង ហើយប្រជារាស្ត្ររបស់យើងទាំងអស់នឹងធ្វើតាមបញ្ជារបស់លោក។ មានតែបល្ល័ង្ករាជ្យប៉ុណ្ណោះដែលធ្វើឲ្យយើងធំជាងលោក»។ រួចផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបទៀតថា៖ «មើល៍! យើងតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូលហើយ»។ ពេលនោះ ផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តទ្រង់ ទៅបំពាក់នៅដៃរបស់លោកយ៉ូសែប ហើយយកសម្លៀកបំពាក់ទេសយ៉ាងម៉ដ្តមកបំពាក់ឲ្យលោក ព្រមទាំងបំពាក់ខ្សែមាសនៅករបស់លោកទៀតផង។ ស្ដេចឲ្យលោកជិះរាជរថនៅបន្ទាប់ពីព្រះអង្គ ហើយមានគេស្រែកនៅខាងមុខថា៖ «ចូរក្រាបចុះ!»។ គឺយ៉ាងនេះឯងដែលស្ដេចបានតែងតាំងឲ្យលោកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបទៀតថា៖ «យើងជាផារ៉ោន នៅក្នុងស្រុកអេស៊ីព្ទទាំងមូល បើគ្មានការអនុញ្ញាតពីលោក គ្មានអ្នកណាម្នាក់នឹងកម្រើកដៃ ឬកម្រើកជើងឡើយ»។ ផារ៉ោនប្រទាននាមឲ្យលោកយ៉ូសែបថា "សាប់ណាត់-ផានា" ហើយលើកនាងអាសណាត់ កូនស្រីរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន ធ្វើជាប្រពន្ធ។ ដូច្នេះ លោកយ៉ូសែបចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីព្ទ។ កាលលោកយ៉ូសែបចាប់ផ្ដើមបម្រើផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបចាកចេញពីផារ៉ោន ហើយធ្វើដំណើរពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល។
លោកុប្បត្តិ 41:33-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ សូមព្រះករុណារកបុរសណាម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីប។ សូមព្រះករុណាតែងតាំងមន្ត្រីផ្សេងៗឲ្យមើលខុសត្រូវលើស្រុកអេស៊ីប ដើម្បីហូតពន្ធមួយភាគប្រាំពីភោគផលទុក ក្នុងអំឡុងពេលប្រាំពីរឆ្នាំ ដែលសម្បូណ៌ហូរហៀរខាងមុខនេះ។ មន្ត្រីទាំងនោះត្រូវប្រមែប្រមូលស្បៀងអាហារ ក្នុងរយៈពេលប្រាំពីរឆ្នាំសម្បូណ៌ហូរហៀរ បង្ការទុកនៅក្នុងឃ្លាំងតាមក្រុងនានា ក្រោមព្រះរាជបញ្ជារបស់ព្រះករុណាផ្ទាល់។ ស្បៀងនោះត្រូវរក្សាទុកសម្រាប់ស្រុកទេស ដើម្បីយកមកប្រើប្រាស់ក្នុងពេលទុរ្ភិក្សប្រាំពីរឆ្នាំ នៅស្រុកអេស៊ីប កុំឲ្យប្រជាជនត្រូវស្លាប់ដោយអត់ឃ្លាន»។ ព្រះចៅផារ៉ោនសព្វព្រះហឫទ័យនឹងពាក្យរបស់លោកយ៉ូសែប ហើយមន្ត្រីទាំងអស់ក៏ពេញចិត្តដែរ។ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់មន្ត្រីទាំងនោះថា៖ «យើងពុំអាចរកបុរសផ្សេងទៀត ដែលមានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយ ដូចលោកនេះឡើយ»។ ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ព្រះជាម្ចាស់បានបង្ហាញឲ្យលោកដឹងហេតុការណ៍ទាំងនេះហើយ គឺគ្មាននរណាម្នាក់មានប្រាជ្ញាវាងវៃដូចលោកទេ។ ដូច្នេះ យើងសុំតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីប ហើយប្រជារាស្ត្ររបស់យើងទាំងមូលនឹងស្ថិតនៅក្រោមបញ្ជារបស់លោក។ មានតែព្រះរាជបល្ល័ង្កមួយប៉ុណ្ណោះ ដែលធ្វើឲ្យយើងមានឋានៈខ្ពស់ជាងលោក»។ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «ឥឡូវនេះ យើងតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល»។ ពេលនោះ ព្រះចៅផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តព្រះអង្គ ពាក់ឲ្យលោកយ៉ូសែប ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យលោក និងយកខ្សែកមាសមួយខ្សែពាក់ឲ្យលោកថែមទៀតផង រួចឲ្យលោកឡើងជិះរាជរថ ដែលនៅបន្ទាប់ពីព្រះអង្គ ហើយឲ្យគេរត់ពីមុខលោក ទាំងស្រែកថា៖ «ក្រាបចុះ ថ្វាយបង្គំ!»។ ព្រះចៅផារ៉ោនបានតែងតាំងលោកយ៉ូសែបឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលរបៀបនេះឯង។ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «យើងជាព្រះចៅផារ៉ោន! តែក្នុងស្រុកអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីលោកជាមុននោះឡើយ»។ ព្រះចៅផារ៉ោនប្រទាននាមឲ្យលោកយ៉ូសែបថា “សាប់ណាត់ផានា” ហើយស្ដេចដណ្ដឹងនាងអាសណាត់ ដែលត្រូវជាកូនស្រីរបស់លោកប៉ូទីផេរ៉ា ជាបូជាចារ្យនៅក្រុងអូន មកឲ្យលោកធ្វើជាភរិយា។ ពេលនោះ លោកយ៉ូសែបចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។ កាលលោកយ៉ូសែបចូលទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីបនោះ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបបានចាកចេញពីព្រះចៅផារ៉ោន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
លោកុប្បត្តិ 41:33-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ គួរតែព្រះករុណាពិនិត្យរកមនុស្សមានដំរិះមានប្រាជ្ញា ដើម្បីនឹងតាំងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទៅ គួរឲ្យទ្រង់ព្រះករុណាបានធ្វើដូច្នោះ ហើយតាំងឲ្យមានពួកដំរួតនៅក្នុងស្រុក សំរាប់ឲ្យហូតយក១ភាគក្នុង៥ ពីអស់ទាំងផលក្នុងស្រុកអេស៊ីព្ទ នៅរវាង៧ឆ្នាំដែលសម្បូរផង ឲ្យគេប្រមូលស្បៀងអាហារទាំងអស់ក្នុងឆ្នាំងល្អដែលត្រូវមកនេះ ហើយទុកស្រូវនៅក្រោមអំណាចទ្រង់ព្រះករុណា សំរាប់ជាអាហារនៅក្នុងទីក្រុងទាំងប៉ុន្មាន ហើយឲ្យអ្នកទាំងនោះគ្រប់គ្រងរក្សាទុក ឯស្បៀងអាហារនោះ នឹងបានបំរុងទុកសំរាប់ស្រុកអំណត់ទាំង៧ឆ្នាំដែលត្រូវមកក្នុងស្រុកអេស៊ីព្ទ ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសទៅដោយសារអំណត់នោះឡើយ។ សេចក្ដីនោះក៏គាប់ព្រះទ័យដល់ផារ៉ោន នឹងពួកមហាតលិកទ្រង់ទាំងអស់គ្នា នោះផារ៉ោនទ្រង់មានបន្ទូលទៅពួកមហាតលិកទ្រង់ថា តើយើងនឹងរកមនុស្សឯណាឲ្យដូចមនុស្សនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះសណ្ឋិតនឹងគាត់បាន រួចផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា ដែលព្រះបានសំដែងឲ្យឯងដឹងសេចក្ដីទាំងនេះ នោះគ្មានអ្នកណាមានដំរិះមានប្រាជ្ញាដូចឯងនេះទេ គឺឯងនេះហើយ ដែលត្រូវកាន់កាប់ត្រួតត្រាលើជនជាតិរបស់យើង ហើយរាស្ត្រយើងទាំងអស់នឹងចុះចូលតាមបង្គាប់ឯង យើងនឹងធំជាងឯងតែនៅបល្ល័ង្ករាជ្យប៉ុណ្ណោះ រួចផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា នែ យើងតាំងឯងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលហើយ ផារ៉ោនទ្រង់ដោះព្រះទំរង់ពីព្រះហស្ត ទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសំលៀកបំពាក់ទេសយ៉ាងម៉ដ្ត មកបំពាក់គាត់ ព្រមទាំងបំពាក់ខ្សែមាសនៅកឲ្យគាត់ផង ទ្រង់ឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខថា ចូរក្រាបចុះទាំងអស់គ្នាទៅ ដូច្នេះទ្រង់បានតាំងគាត់ឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូល ផារ៉ោនទ្រង់ក៏មានបន្ទូលទៅយ៉ូសែបថា យើងនេះជាផារ៉ោន បើឯងមិនបង្គាប់ នោះគ្មានអ្នកណានឹងលើកដៃលើកជើង នៅគ្រប់ក្នុងស្រុកអេស៊ីព្ទទេ ផារ៉ោនក៏ហៅឈ្មោះយ៉ូសែបថា សាប់ន៉ាត់-ផានា ក៏ឲ្យនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន ធ្វើជាប្រពន្ធ រួចយ៉ូសែបចេញដើរទៅពេញក្នុងស្រុកអេស៊ីព្ទ។ កាលយ៉ូសែបឈរនៅចំពោះផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ នោះគាត់មានអាយុ៣០ឆ្នាំហើយ គាត់ក៏ចេញពីចំពោះផារ៉ោន ដើរទៅពេញក្នុងស្រុកអេស៊ីព្ទទាំងអស់