លោកុប្បត្តិ 41:14-25
លោកុប្បត្តិ 41:14-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ផារ៉ោនក៏ចាត់គេឲ្យទៅហៅលោកយ៉ូសែបមក ហើយគេក៏ប្រញាប់ប្រញាល់នាំគាត់ចេញពីគុកជ្រៅភ្លាម។ កាលលោកបានកោរពុកមាត់ ហើយផ្លាស់សម្លៀកបំពាក់ស្រេចហើយ លោកក៏ចូលគាល់ផារ៉ោន។ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «យើងបានយល់សប្តិ តែគ្មានអ្នកណាអាចកាត់ស្រាយបានឡើយ ហើយយើងបានឮថា ពេលគេតំណាលសប្តិប្រាប់អ្នក អ្នកអាចកាត់ស្រាយបាន»។ លោកយ៉ូសែបទូលឆ្លើយទៅផារ៉ោនថា៖ «កិច្ចការនោះមិនស្រេចលើទូលបង្គំទេ តែព្រះនឹងឆ្លើយមកព្រះករុណាជាសេចក្ដីសុខវិញ»។ ផារ៉ោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «ក្នុងសប្តិរបស់យើងនោះឃើញថា យើងឈរនៅមាត់ទន្លេនីល ហើយមានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេនីលមកស៊ីស្មៅនៅទីវាល។ បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក វាស្គមៗ ហើយអាក្រក់មើលណាស់ យើងមិនដែលឃើញសត្វអាក្រក់បែបនេះ នៅស្រុកអេស៊ីព្ទទាំងមូលឡើយ។ គោស្គមៗដែលអាក្រក់មើលនោះ បានស៊ីលេបគោទាំងប្រាំពីរធាត់ៗល្អនោះអស់ទៅ តែកាលគោញីស្គមៗបានស៊ីគោធាត់ៗហើយ នោះគ្មានអ្នកណាបានដឹងថាវាបានស៊ីអ្វីផង ព្រោះគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។ យើងក៏លង់លក់ម្ដងទៀត ហើយយើងយល់សប្ដិឃើញមានកួរស្រូវប្រាំពីរ មានគ្រាប់ធំៗថ្លោសល្អ លូតចេញពីរដើមតែមួយ រួចមានកួរស្រូវប្រាំពីរទៀត មានគ្រាប់តូចៗ ហើយស្កកដោយខ្យល់ពីទិសខាងកើត លូតចេញមកតាមក្រោយ ឯកួរស្រូវគ្រាប់តូចៗក៏លេបកួរស្រូវធំៗថ្លោសល្អទាំងប្រាំពីរនោះទៅ។ យើងបានតំណាលសប្តិនេះប្រាប់ពួកគ្រូទាយដែរ តែគ្មានអ្នកណាម្នាក់អាចកាត់ស្រាយប្រាប់យើងបានឡើយ»។ លោកយ៉ូសែបទូលទៅផារ៉ោនថា៖ «សុបិនរបស់ព្រះករុណាគឺតែមួយទេ ព្រះបានសម្ដែងឲ្យព្រះករុណាជ្រាបពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើ។
លោកុប្បត្តិ 41:14-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅផារ៉ោនឲ្យគេទៅហៅលោកយ៉ូសែបមក។ គេក៏ដោះលែងលោកចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យលោក ហើយលោកផ្លាស់សម្លៀកបំពាក់ ចូលគាល់ព្រះចៅផារ៉ោន។ ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «យើងបានយល់សុបិនដែលពុំមាននរណាអាចកាត់ស្រាយន័យបានឡើយ តែយើងឮថា ពេលគេតំណាលសុបិនប្រាប់អ្នក អ្នកចេះកាត់ស្រាយន័យបាន»។ លោកយ៉ូសែបទូលព្រះចៅផារ៉ោនថា៖ «មិនមែនទូលបង្គំទេដែលចេះកាត់ស្រាយន័យ! មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះ ទើបអាចកាត់ស្រាយន័យថ្វាយព្រះករុណាបាន»។ ពេលនោះ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបថា៖ «យើងបានយល់សុបិនថា យើងកំពុងតែឈរនៅមាត់ទន្លេ។ ពេលនោះ មានគោញីធាត់ៗល្អប្រាំពីរក្បាល ឡើងពីទន្លេមកស៊ីស្មៅតាមមាត់ច្រាំង។ បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗ អាក្រក់មើល សល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយដែរ យើងមិនដែលឃើញគោណាអាក្រក់មើលបែបនេះ នៅស្រុកអេស៊ីបទាំងមូលឡើយ។ គោញីស្គមៗសល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗដែលឡើងមកមុននោះអស់ទៅ។ ទោះបីគោញីស្គមៗលេបគោញីធាត់ៗចូលទៅក្នុងពោះ ក៏មិនឃើញមានអ្វីប្លែកខុសពីមុនទេ គឺគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។ បន្ទាប់មក យើងយល់សុបិនម្ដងទៀត ឃើញមានកួរស្រូវប្រាំពីរ ដាក់គ្រាប់ពេញល្អ លូតចេញពីដើមតែមួយ ហើយមានកួរស្រូវប្រាំពីរទៀត ដែលស្កក ស្វិត និងស្លោកដោយចំហាយខ្យល់ក្ដៅពីទិសខាងកើត លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។ កួរស្រូវស្កកៗបានលេបកួរស្រូវល្អៗអស់ទៅ។ យើងបានតំណាលសុបិននេះប្រាប់ពួកគ្រូទាយដែរ តែគ្មាននរណាអាចកាត់ស្រាយអត្ថន័យឲ្យយើងបានឡើយ»។ លោកយ៉ូសែបទូលព្រះចៅផារ៉ោនថា៖ «សុបិនរបស់ព្រះករុណាមានអត្ថន័យដូចគ្នាទេ គឺព្រះជាម្ចាស់បានបង្ហាញឲ្យព្រះករុណាជ្រាបអំពីកិច្ចការ ដែលព្រះអង្គបម្រុងនឹងធ្វើ។
លោកុប្បត្តិ 41:14-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះផារ៉ោន ទ្រង់ចាត់គេ ឲ្យទៅហៅយ៉ូសែបមក គេក៏ទៅនាំគាត់ចេញពីគុកជ្រៅនោះមកជាប្រញាប់ គាត់កោរពុកមាត់ហើយផ្លាស់សំលៀកបំពាក់ រួចចូលទៅគាល់ផារ៉ោន ផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា យើងបានយល់សប្តិ តែគ្មានអ្នកណាចេះកាត់សោះ ឥឡូវបានឮនិយាយពីឯងថា ឯងចេះកាត់សប្តិបាន យ៉ូសែបទូលឆ្លើយទៅផារ៉ោនថា ការនោះមិនស្រេចលើទូលបង្គំទេ គឺព្រះនឹងឆ្លើយមកទ្រង់ព្រះករុណាជាសេចក្ដីសុខវិញ ផារ៉ោនមានបន្ទូលទៅយ៉ូសែបថា ក្នុងសប្តិរបស់យើងនោះឃើញថា យើងឈរនៅមាត់ទន្លេ ស្រាប់តែមានគោញី៧ មានសាច់ធាត់ល្អឡើងពីទន្លេមកស៊ីនៅទីវាល រួចឃើញមានគោញី៧ទៀតឡើងមកតាមក្រោយ វាស្គមហើយអាក្រក់មើលណាស់ គឺស្គមដល់ម៉្លេះបានជាយើងមិនដែលឃើញសត្វអាក្រក់យ៉ាងនោះ នៅគ្រប់ក្នុងស្រុកអេស៊ីព្ទផង គោសំគម ហើយអាក្រក់មើលនោះ ក៏ស៊ីលេបគោញីមុន ដែលធាត់ៗទាំង៧អស់ទៅ តែកាលបានស៊ីទៅហើយ នោះក៏មិនដឹងជាបានស៊ីអ្វីផង ដ្បិតនៅតែអាក្រក់មើលដូចកាលពីមុនដែរ នោះយើងក៏ភ្ញាក់ឡើង រួចយល់សប្តិទៀតថា មានគួរស្រូវ៧ មានគ្រាប់ធំថ្លោសល្អបែកឡើងនៅដើមតែ១ រួចមានគួរ៧ទៀតមានគ្រាប់តូចៗ ស្វិតហើយស្កកដោយខ្យល់ពីទិសខាងកើត បែកឡើងជាខាងក្រោយ ហើយគួរស្រូវគ្រាប់តូចៗក៏លេបគួរដែលមានគ្រាប់ធំថ្លោសទាំង៧នោះទៅ យើងបានរ៉ាយរ៉ាប់សប្តិនេះប្រាប់ដល់ពួកហោរដែរ តែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយឲ្យយើងបានសោះ។ យ៉ូសែបគាត់ទូលទៅផារ៉ោនថា ឯសុបិនរបស់ទ្រង់ព្រះករុណា នោះតែ១ទេ ព្រះបានសំដែងឲ្យព្រះករុណាជ្រាបពីការដែលរៀបនឹងធ្វើ