លោកុប្បត្តិ 41:14-16

លោកុប្បត្តិ 41:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ផារ៉ោន​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​យ៉ូសែប​មក ហើយ​គេ​ក៏​ប្រញាប់​ប្រញាល់​នាំ​គាត់​ចេញ​ពី​គុក​ជ្រៅ​ភ្លាម។ កាល​លោក​បាន​កោរ​ពុក​មាត់ ហើយ​ផ្លាស់​សម្លៀក‌បំពាក់​ស្រេច​ហើយ លោក​ក៏​ចូល​គាល់​ផារ៉ោន។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​បាន​ឡើយ ហើយ​យើង​បានឮ​ថា ពេល​គេ​តំណាល​សប្តិ​ប្រាប់​អ្នក អ្នក​អាច​កាត់​ស្រាយ​បាន»។ លោក​យ៉ូសែប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា៖ «កិច្ច‌ការ​នោះ​មិន​ស្រេច​លើ​ទូល‌បង្គំ​ទេ តែ​ព្រះនឹងឆ្លើយ​មក​ព្រះ‌ករុណា​ជា​សេចក្ដី​សុខ​វិញ»។

លោកុប្បត្តិ 41:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះចៅ​ផារ៉ោន​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ូសែប​មក។ គេ​ក៏​ដោះ​លែង​លោក​ចេញ​ពី​ពន្ធ‌នាគារ​ជា​បន្ទាន់ គេ​កោរ​ពុក​មាត់​ឲ្យ​លោក ហើយ​លោក​ផ្លាស់​សម្លៀក‌បំពាក់ ចូល​គាល់​ព្រះចៅ​ផារ៉ោន។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ដែល​ពុំ​មាន​នរណា​អាច​កាត់​ស្រាយ​ន័យ​បាន​ឡើយ តែ​យើង​ឮ​ថា ពេល​គេ​តំណាល​សុបិន​ប្រាប់​អ្នក អ្នក​ចេះ​កាត់​ស្រាយ​ន័យ​បាន»។ លោក​យ៉ូសែប​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «មិន​មែន​ទូលបង្គំ​ទេ​ដែល​ចេះ​កាត់​ស្រាយ​ន័យ! មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ទើប​អាច​កាត់​ស្រាយ​ន័យ​ថ្វាយ​ព្រះ‌ករុណា​បាន»។