លោកុប្បត្តិ 31:13-55
លោកុប្បត្តិ 31:13-55 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងជាព្រះនៃបេត-អែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោលនោះ ហើយដែលអ្នកបានបន់ដល់យើង។ ឥឡូវនេះ ចូររៀបចំ ហើយចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ"»។ ពេលនោះ នាងរ៉ាជែល និងនាងលេអាឆ្លើយទៅប្តីថា៖ «ចុះយើងនៅមានចំណែក ឬមត៌ក នៅក្នុងផ្ទះឪពុកយើងឯណា? តើគាត់មិនបានរាប់យើងដូចជាអ្នកដទៃទេឬ? ដ្បិតគាត់បានលក់យើង ហើយបានស៊ីបង្ហិនប្រាក់បណ្ណាការរបស់យើងអស់រលីងហើយ។ ទ្រព្យសម្បត្តិទាំងអស់ដែលព្រះបានដកពីឪពុកយើងមក នោះជារបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ អ្វីដែលព្រះបានបង្គាប់មកបង សូមបងធ្វើតាមទៅ»។ លោកយ៉ាកុបក៏ក្រោកឡើង ហើយបញ្ជិះកូនប្រពន្ធលើសត្វអូដ្ឋ នាំហ្វូងសត្វរបស់លោកទាំងអស់ និងទ្រព្យសម្បត្តិដែលរកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលបានពីកាលនៅក្រុងប៉ាដាន់-អើរ៉ាម ដើម្បីទៅរកលោកអ៊ីសាកជាឪពុក នៅស្រុកកាណានវិញ។ ពេលនោះ លោកឡាបាន់បានចេញទៅកាត់រោមចៀម នាងរ៉ាជែលក៏បានលួចយករូបថេរ៉ាភីម របស់ឪពុក។ លោកយ៉ាកុបចេញទៅដោយលួចលាក់ មិនបានប្រាប់ឲ្យលោកឡាបាន់ជាសាសន៍អើរ៉ាមដឹងទេ។ លោកបានរត់ចេញទៅ ទាំងនាំយករបស់ទាំងអស់ដែលលោកមានទៅជាមួយ ក៏ឆ្លងកាត់ទន្លេអ៊ើប្រាត តម្រង់ឆ្ពោះមុខទៅឯស្រុកភ្នំកាឡាត។ លុះកន្លងបានបីថ្ងៃក្រោយមក មានគេជម្រាបលោកឡាបាន់ថា លោកយ៉ាកុបបានរត់បាត់ទៅហើយ។ លោកឡាបាន់ក៏នាំបងប្អូនរបស់គាត់ទៅជាមួយ ហើយធ្វើដំណើរដេញតាមអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់លោកយ៉ាកុបនៅស្រុកភ្នំកាឡាត។ ប៉ុន្តែ ព្រះទ្រង់បានមកពន្យល់សប្តិប្រាប់លោកឡាបាន់ ជាសាសន៍អើរ៉ាមនៅយប់នោះថា៖ «ចូរប្រយ័ត្ន កុំនិយាយអ្វីទៅយ៉ាកុបឡើយ ទោះល្អ ឬអាក្រក់ក្តី»។ លោកឡាបាន់បានតាមទាន់លោកយ៉ាកុប។ ឯលោកយ៉ាកុបបានបោះជំរំនៅស្រុកភ្នំកាឡាត ហើយលោកឡាបាន់ និងបងប្អូនរបស់គាត់ក៏បោះជំរំនៅស្រុកភ្នំកាឡាតនោះដែរ។ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ម្តេចបានជាកូនធ្វើដូច្នេះ? កូនបានបញ្ឆោតពុក ព្រមទាំងនាំពង្រត់កូនស្រីពុកមក ដូចជាឈ្លើយដែលចាប់បានដោយដាវ។ ហេតុអ្វីបានជាកូនលួចរត់ចេញមកស្ងាត់ៗ ហើយបញ្ឆោតពុក មិនប្រាប់ឲ្យពុកដឹងដូច្នេះ? គួរតែឲ្យពុកបានជូនដំណើរដោយអំណរ ដោយច្រៀង វាយស្គរ និងលេងពិណផង។ ហេតុអ្វីបានជាកូនមិនឲ្យពុកថើបលាកូនចៅរបស់ពុកសោះដូច្នេះ? កូនបានប្រព្រឹត្តបែបចម្កួតហើយ។ ពុកមានអំណាចនឹងធ្វើបាបឯងបាន តែព្រះនៃឪពុករបស់ឯងមានព្រះបន្ទូលមកកាន់ពុកពីយប់មិញថា "ចូរប្រយ័ត្ន កុំនិយាយពាក្យអ្វីទៅយ៉ាកុបឡើយ ទោះល្អ ឬអាក្រក់ក្តី"។ ឥឡូវនេះ ឯងបានចេញមក ព្រោះតែឯងនឹករឭកផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយករូបព្រះរបស់ពុកមកដែរ?» លោកយ៉ាកុបឆ្លើយទៅលោកឡាបាន់ថា៖ «ព្រោះខ្ញុំខ្លាច ដ្បិតខ្ញុំគិតក្រែងលោកឪពុកដណ្ដើមយកកូនស្រីពីខ្ញុំទៅវិញដោយកម្លាំង។ ប៉ុន្ដែ បើលោកឪពុករកឃើញមានរូបព្រះទាំងនោះនៅជាមួយអ្នកណា អ្នកនោះមិនត្រូវរស់ទៀតទេ។ សូមឆែកមើលនៅចំពោះមុខបងប្អូនយើងនេះចុះ បើមានរបស់ណាដែលនៅជាមួយខ្ញុំ ជារបស់លោកឪពុក សូមយកវិញចុះ»។ ឯលោកយ៉ាកុបមិនដឹងថា នាងរ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។ ដូច្នេះ លោកឡាបាន់ក៏ចូលទៅក្នុងជំរំរបស់លោកយ៉ាកុប ទៅក្នុងជំរំរបស់នាងលេអា និងទៅក្នុងជំរំរបស់ស្រីបម្រើទាំងពីរ តែរកមិនឃើញសោះ។ គាត់ចេញពីជំរំរបស់នាងលេអា ចូលទៅក្នុងជំរំរបស់នាងរ៉ាជែល។ នាងរ៉ាជែលបានយករូបថេរ៉ាភីម ទាំងនោះទៅដាក់ក្នុងកែបអូដ្ឋ ហើយអង្គុយពីលើ។ លោកឡាបាន់ឆែករកពេញក្នុងជំរំ តែរកមិនឃើញសោះ។ នាងនិយាយទៅឪពុកថា៖ «សូមលោកម្ចាស់កុំខឹងនឹងកូន ដែលកូនក្រោកនៅមុខលោកឪពុកពុំបានឡើយ ដ្បិតកូនកើតមានការដូចស្រីៗធ្លាប់មាន»។ គាត់ក៏ខំរកមើល តែមិនឃើញរូបថេរ៉ាភីមទាំងនោះឡើយ។ លោកយ៉ាកុបក៏ខឹង ហើយរករឿងលោកឡាបាន់។ លោកពោលថា៖ «តើខ្ញុំមានទោសអ្វី? តើខ្ញុំមានអំពើបាបអ្វី បានជាលោកឪពុកដេញតាមខ្ញុំដោយចិត្តក្តៅដូច្នេះ? លោកឪពុកបានឆែកឆេររបស់ខ្ញុំសព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ? ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ និងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជម្រះពីរឿងយើងទាំងពីរ។ ពេញម្ភៃឆ្នាំហើយ ដែលខ្ញុំនៅជាមួយលោកឪពុក ចៀម និងពពែរបស់លោកឪពុកមិនដែលមានរលូតមួយសោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ។ សត្វណាដែលត្រូវសត្វព្រៃខាំ នោះខ្ញុំមិនដែលយកមកជូនទេ គឺខ្ញុំបានសង ទោះបើគេលួចនៅពេលថ្ងៃ ឬពេលយប់ក្តី លោកឪពុកបានចាប់ឲ្យខ្ញុំសងជានិច្ច។ ខ្ញុំទ្រាំទ្រជាមួយហ្វូងសត្វជានិច្ច គឺនៅពេលថ្ងៃ ខ្ញុំតែងត្រូវកម្ដៅថ្ងៃ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយដេកមិនលក់។ ខ្ញុំបាននៅផ្ទះលោកឪពុកអស់ម្ភៃឆ្នាំនេះហើយ គឺខ្ញុំបានបម្រើលោកឪពុកដប់បួនឆ្នាំ ឲ្យបានកូនស្រីរបស់លោកឪពុកទាំងពីរនាក់ ហើយប្រាំមួយឆ្នាំទៀតឲ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំដប់ដងហើយ។ ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់លោកអ័ប្រាហាំ និងព្រះដែលលោកអ៊ីសាកបានកោតខ្លាច ព្រះអង្គមិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកឲ្យខ្ញុំត្រឡប់មកដោយដៃទទេមិនខាន។ ព្រះទ្រង់បានឃើញទុក្ខលំបាករបស់ខ្ញុំ និងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយបានជាព្រះអង្គបន្ទោសលោកឪពុកពីយប់មិញនេះ»។ ពេលនោះ លោកឡាបាន់ឆ្លើយទៅលោកយ៉ាកុបថា៖ «ស្ត្រីទាំងនេះជាកូនស្រីរបស់ពុក ហើយក្មេងទាំងនេះជាចៅរបស់ពុក ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់ពុក ហើយរបស់ទាំងប៉ុន្មានដែលកូនមើលឃើញក៏ជារបស់ពុកដែរ តែថ្ងៃនេះ តើពុកអាចធ្វើអ្វីដល់កូនរបស់ពុក ឬដល់កូនដែលពួកវាបានបង្កើតទាំងប៉ុន្មាននេះបាន? ដូច្នេះ ឥឡូវនេះ ចូរយើងចុះសញ្ញានឹងគ្នាទៅវិញទៅមក ដើម្បីទុកជាបន្ទាល់រវាងកូននឹងពុក»។ លោកយ៉ាកុបបានយកថ្មមួយផ្ទាំង មកដាក់បញ្ឈរធ្វើជាបង្គោល ហើយប្រាប់បងប្អូនរបស់លោកថា៖ «ចូរយកថ្មមក!»។ គេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ។ លោកឡាបាន់ហៅគំនរថ្មនោះថា "យេការ-សាហាឌូថា" តែលោកយ៉ាកុបហៅថា "កាលេឌ" វិញ។ លោកឡាបាន់ពោលថា៖ «គំនរថ្មនេះជាបន្ទាល់រវាងកូននឹងពុកនៅថ្ងៃនេះ»។ ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា "កាលេឌ" ហើយហៅបង្គោលនោះថា "មីសប៉ា" ដ្បិតលោកពោលថា៖ «សូមឲ្យព្រះយេហូវ៉ាទតមើលកូន និងពុក ក្នុងពេលដែលយើងនៅឃ្លាតឆ្ងាយពីគ្នា។ ប្រសិនបើកូនធ្វើបាបកូនស្រីរបស់ពុក ឬយកប្រពន្ធផ្សេងទៀតក្រៅពីកូនស្រីរបស់ពុក ទោះជាគ្មានមនុស្សណានៅជាមួយយើងក្ដី ក៏មានព្រះធ្វើជាសាក្សីរវាងកូននឹងពុកដែរ»។ ពេលនោះ លោកឡាបាន់មានប្រសាសន៍ទៅលោកយ៉ាកុបថា៖ «មើលនែ៎ គំនរថ្ម និងបង្គោលនេះហើយ ដែលពុកបានដាក់នៅចន្លោះកូននឹងពុក។ គំនរ និងបង្គោលនេះជាបន្ទាល់ថា ពុកនឹងមិនរំលងគំនរនេះទៅរករឿងកូន ហើយកូនក៏មិនរំលងគំនរ ឬបង្គោលនេះមករករឿងពុកដែរ។ សូមព្រះរបស់លោកអ័ប្រាហាំ និងព្រះរបស់លោកណាឃរ ជាព្រះនៃបុព្វបុរសរបស់ពួកលោក ធ្វើជាចៅក្រមរវាងយើងចុះ»។ ដូច្នេះ លោកយ៉ាកុបក៏ស្បថនឹងព្រះ ដែលលោកអ៊ីសាកជាឪពុករបស់លោកគោរពកោតខ្លាច រួចលោកយ៉ាកុបក៏ថ្វាយយញ្ញបូជានៅលើភ្នំនោះ ហើយហៅបងប្អូនរបស់លោកមកបរិភោគ។ គេក៏នាំគ្នាបរិភោគ រួចស្នាក់នៅលើភ្នំក្នុងយប់នោះ។ ព្រលឹមស្រាងៗ លោកឡាបាន់ក្រោកឡើង ហើយថើបចៅ និងកូនស្រីរបស់គាត់ទាំងប៉ុន្មាន ព្រមទាំងឲ្យពរពួកគេ រួចក៏វិលត្រឡប់ទៅស្រុករបស់គាត់វិញ។
លោកុប្បត្តិ 31:13-55 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងជាព្រះនៅបេតអែល គឺនៅកន្លែងដែលអ្នកបានចាក់ប្រេងលើស្តូបថ្មមួយ ថែមទាំងបានបន់ស្រន់ទៀតផង។ ឥឡូវនេះ ចូរក្រោកឡើង ចាកចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ”»។ លោកស្រីរ៉ាជែល និងលោកស្រីលេអា ពោលទៅលោកយ៉ាកុបវិញថា៖ «ឪពុកយើងមិនឲ្យយើងមានចំណែកមត៌កអ្វី នៅក្នុងក្រុមគ្រួសារគាត់ទៀតទេ។ គាត់ក៏បានចាត់ទុកយើងដូចជាអ្នកដទៃដូច្នោះដែរ គឺគាត់បានលក់យើងទាំងពីរនាក់ ហើយយកប្រាក់របស់យើងថែមទៀត! ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលព្រះជាម្ចាស់បានដកហូតពីឪពុករបស់យើងនោះ សុទ្ធតែជាទ្រព្យសម្បត្តិរបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ សូមបងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់បងទៅ»។ លោកយ៉ាកុបក្រោកឡើងនាំកូន និងប្រពន្ធ ជិះអូដ្ឋចេញដំណើរទៅ។ លោកនាំហ្វូងសត្វរបស់លោក ព្រមទាំងទ្រព្យសម្បត្តិដែលលោករកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលលោករកបាននៅស្រុកប៉ាដាន់អើរ៉ាម។ លោកធ្វើដំណើរត្រឡប់ទៅរកលោកអ៊ីសាកជាឪពុកនៅស្រុកកាណានវិញ។ ពេលនោះ លោកឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ លោកស្រីរ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។ រីឯលោកយ៉ាកុបវិញ លោកបានលួចរត់ចេញពីលោកឡាបាន់ ជាជនជាតិអើរ៉ាម ដោយពុំប្រាប់ឲ្យគាត់ដឹងមុនឡើយ លោកបានរត់ចេញទៅ ដោយនាំយកអ្វីៗទាំងអស់ដែលលោកមានទៅជាមួយផង។ លោកបានឆ្លងកាត់ទន្លេអឺប្រាត តម្រង់ឆ្ពោះទៅកាន់តំបន់ភ្នំកាឡាដ។ នៅថ្ងៃទីបី មានគេមកជម្រាបលោកឡាបាន់ថា លោកយ៉ាកុបរត់បាត់ទៅហើយ។ គាត់ក៏នាំបងប្អូនដេញតាមលោកយ៉ាកុប។ គាត់ដើរផ្លូវអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់លោកយ៉ាកុប នៅតំបន់ភ្នំកាឡាដ។ ក៏ប៉ុន្តែ ព្រះជាម្ចាស់យាងមកឲ្យលោកឡាបាន់ ជាជនជាតិអើរ៉ាមឃើញ ក្នុងសុបិននៅពេលយប់ ហើយមានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកុបឡើយ ទោះបីល្អឬអាក្រក់ក្ដី»។ លោកឡាបាន់បានតាមលោកយ៉ាកុបទាន់។ លោកយ៉ាកុបបោះជំរំនៅលើភ្នំ រីឯលោកឡាបាន់វិញ លោកក៏បោះជំរំជាមួយបងប្អូនលោក នៅលើភ្នំកាឡាដដែរ។ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ម្ដេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនលួចរត់ចេញពីពុក ហើយនាំកូនស្រីទាំងពីររបស់ពុកមក ដូចជាឈ្លើយសឹកយ៉ាងហ្នឹង? ហេតុអ្វីបានជាកូនលួចរត់មកដូច្នេះ? កូនបានបញ្ឆោតពុកហើយ គឺមិនប្រាប់ឲ្យឪពុកបានដឹងសោះ។ បើពុកដឹងមុន ម៉្លេះសមពុកជូនដំណើរកូន ដោយអំណរសប្បាយ គឺមានច្រៀង វាយស្គរ និងលេងពិណផង។ កូនមិនបានទុកឲ្យពុកថើបលាកូនចៅប្រុសស្រីរបស់ពុកឡើយ កូនធ្វើដូច្នេះពិតជាល្ងីល្ងើមែន។ ពុកមានអំណាចអាចធ្វើទោសឯងរាល់គ្នាបាន តែព្រះនៃដូនតារបស់ឯងរាល់គ្នាមានព្រះបន្ទូលមកកាន់ពុកពីយប់មិញថា “ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកុបឡើយ ទោះបីល្អ ឬអាក្រក់ក្ដី”។ ឥឡូវនេះ បើថាកូនរត់ចេញមក ព្រោះតែនឹកញាតិសន្ដានឪពុករបស់កូននោះ មិនអីទេ ចុះហេតុដូចម្ដេចបានជាលួចយករូបព្រះរបស់ពុកមកដែរ?»។ លោកយ៉ាកុបឆ្លើយទៅលោកឡាបាន់វិញថា៖ «ខ្ញុំធ្វើដូច្នេះមកពីភ័យពេក ខ្លាចក្រែងលោកឪពុកដណ្ដើមយកកូនស្រីរបស់លោកឪពុកពីខ្ញុំ។ ប្រសិនបើលោកឪពុករកឃើញរូបព្រះរបស់លោកឪពុកនៅជាមួយនរណា អ្នកនោះនឹងត្រូវទទួលទោសដល់ជីវិត! សូមលោកឪពុកឆែកមើលអស់អ្នកដែលនៅជាមួយខ្ញុំ ដោយមានបងប្អូនយើងនៅទីនេះជាសាក្សីស្រាប់ ហើយអ្វីៗដែលជារបស់លោកឪពុក សូមអញ្ជើញយកទៅវិញចុះ»។ លោកយ៉ាកុបពុំដឹងថា លោកស្រីរ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។ លោកឡាបាន់ចូលទៅក្នុងជំរំរបស់លោកយ៉ាកុប ជំរំរបស់លោកស្រីលេអា និងជំរំរបស់ស្ត្រីបម្រើទាំងពីរ តែរកមិនឃើញអ្វីសោះ។ គាត់ចេញពីជំរំរបស់លោកស្រីលេអា ចូលទៅក្នុងជំរំរបស់លោកស្រីរ៉ាជែល។ លោកស្រីរ៉ាជែលបានយករូបព្រះទាំងនោះដាក់នៅក្រោមកែបអូដ្ឋ ហើយអង្គុយពីលើ។ លោកឡាបាន់ឆែកមើលជំរំទាំងមូល តែរកមិនឃើញអ្វីទេ។ លោកស្រីរ៉ាជែលជម្រាបឪពុកថា៖ «សូមលោកម្ចាស់កុំប្រកាន់កូនធ្វើអ្វី កូនមិនអាចក្រោកនៅមុខលោកឪពុកបានទេ ព្រោះកូនមិនសូវស្រួលខ្លួន»។ លោកឡាបាន់ខំរករូបព្រះទាំងនោះ តែរកពុំឃើញឡើយ។ លោកយ៉ាកុបខឹងយ៉ាងខ្លាំង ហើយរករឿងលោកឡាបាន់។ លោកពោលថា៖ «តើខ្ញុំមានទោសអ្វី តើខ្ញុំធ្វើអ្វីខុសបានជាលោកឪពុកខំប្រឹងដេញតាមខ្ញុំបែបនេះ? ពេលលោកឪពុកឆែកឆេរមើលអីវ៉ាន់ទាំងប៉ុន្មានរបស់ខ្ញុំ តើលោកឪពុកឃើញមានអ្វីខ្លះ ដែលជារបស់ក្រុមគ្រួសារលោកឪពុក? សូមបង្ហាញឲ្យបងប្អូនរបស់ខ្ញុំ និងបងប្អូនលោកឪពុក បានឃើញនៅទីនេះផង ដើម្បីឲ្យគេជួយអារកាត់រឿងយើងទាំងពីរ។ ក្នុងរយៈពេលម្ភៃឆ្នាំដែលខ្ញុំនៅជាមួយលោកឪពុក គ្មានចៀមញី ឬពពែញីណាមួយរបស់លោកឪពុក បានរលូតកូនឡើយ ខ្ញុំក៏ពុំដែលបានយកពពែឈ្មោលណាមួយក្នុងហ្វូងសត្វរបស់លោកឪពុក មកទទួលទានដែរ។ ខ្ញុំពុំបានយកសត្វណាដែលត្រូវសត្វព្រៃខាំសម្លាប់មកជូនលោកឪពុកវិញទេ គឺខ្ញុំតែងតែសងជានិច្ច ហើយប្រសិនបើគេលួចសត្វនៅពេលថ្ងៃក្ដី ឬយប់ក្ដី លោកឪពុកតែងចាប់ឲ្យខ្ញុំសងទាំងអស់។ ខ្ញុំទ្រាំទ្រនៅជាមួយហ្វូងសត្វជានិច្ច គឺត្រូវរងកម្ដៅនៅពេលថ្ងៃ ត្រូវរងានៅពេលយប់ និងត្រូវអត់ងងុយដេកមិនលក់។ ខ្ញុំបានរស់នៅជាមួយក្រុមគ្រួសារលោកឪពុក អស់រយៈពេលម្ភៃឆ្នាំមកហើយ ខ្ញុំបាននៅបម្រើលោកឪពុកដប់បួនឆ្នាំ ដើម្បីបានកូនស្រីទាំងពីររបស់លោកឪពុកមកធ្វើជាភរិយា ហើយប្រាំមួយឆ្នាំទៀត ដើម្បីឲ្យបានហ្វូងចៀមរបស់លោកឪពុក។ ប៉ុន្តែ លោកឪពុកបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់ខ្ញុំដល់ទៅដប់ដង។ ប្រសិនបើព្រះនៃលោកអប្រាហាំ ជាជីតារបស់ខ្ញុំ ជាព្រះដែលលោកអ៊ីសាកគោរពកោតខ្លាច មិនបានគង់ជាមួយខ្ញុំទេនោះ ម៉្លេះសមលោកឪពុកឲ្យខ្ញុំចេញមកដោយដៃទទេជាមិនខាន។ ព្រះជាម្ចាស់បានទតឃើញទុក្ខលំបាក និងការនឿយហត់របស់ខ្ញុំ ហេតុនេះហើយបានជាពីយប់មិញ ព្រះអង្គកាន់ខាងខ្ញុំ»។ លោកឡាបាន់ឆ្លើយទៅលោកយ៉ាកុបវិញថា៖ «ស្ត្រីទាំងនេះជាកូនស្រីរបស់ពុក ក្មេងប្រុសទាំងនេះជាចៅរបស់ពុក ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់ពុក ហើយអ្វីៗទាំងប៉ុន្មានដែលកូនមើលឃើញនៅទីនេះ ក៏សុទ្ធតែជារបស់ពុកដែរ តែថ្ងៃនេះ ពុកមិនទាមទារយកកូនស្រីរបស់ពុក ព្រមទាំងកូនៗដែលកើតចេញពីនាងនោះមកវិញឡើយ។ ដូច្នេះ ឥឡូវនេះ ដល់ពេលដែលយើងត្រូវចងសម្ពន្ធមេត្រីជាមួយគ្នា ហើយសូមឲ្យមានសាក្សីដឹងឮផង!»។ លោកយ៉ាកុបបានយកដុំថ្មមួយ មកបញ្ឈរធ្វើជាស្តូប។ លោកយ៉ាកុបប្រាប់បងប្អូនរបស់លោកថា៖ «សុំរើសថ្មមក!»។ គេក៏រើសថ្មមកគរជាគំនរមួយ ហើយនាំគ្នាបរិភោគនៅលើគំនរថ្មនោះ។ លោកឡាបាន់ហៅកន្លែងនោះថា «យេការ-សាហាឌូថា» តែលោកយ៉ាកុបហៅកន្លែងនោះថា «កាឡេឌ»វិញ។ លោកឡាបាន់ពោលថា៖ «ថ្ងៃនេះ ពុក និងកូនយកគំនរថ្មនេះធ្វើជាសាក្សី!» ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា«កាឡេដ»។ គេក៏បានដាក់ឈ្មោះឲ្យគំនរថ្មនោះថា «មីសប៉ា»ដែរ ព្រោះលោកឡាបាន់ពោលថា «សូមព្រះអម្ចាស់តាមឃ្លាំមើលកូន និងពុក នៅពេលដែលយើងឃ្លាតឆ្ងាយពីគ្នាទៅ។ ប្រសិនបើកូនធ្វើបាបកូនស្រីរបស់ពុក ហើយទៅយកប្រពន្ធផ្សេងទៀតនោះ ចូរប្រយ័ត្ន ទោះបីគ្មាននរណានៅជាមួយយើងក្ដី ក៏មានព្រះជាម្ចាស់ធ្វើជាសាក្សីរវាងកូននឹងពុកដែរ»។ លោកឡាបាន់មានប្រសាសន៍ទៅលោកយ៉ាកុបថា៖ «មើលនែ គំនរថ្ម និងស្តូបនេះ ដែលពុកបានដាក់នៅចន្លោះកូន និងពុក។ គំនរថ្ម និងស្តូបជាសាក្សីបញ្ជាក់ថា ពុកនឹងមិនរំលងគំនរថ្មនេះទេ ហើយកូនក៏នឹងមិនរំលងគំនរថ្ម និងស្តូប តាមរករឿងធ្វើបាបពុកដែរ។ សូមព្រះរបស់លោកអប្រាហាំ និងព្រះរបស់លោកណាឃរ គឺព្រះនៃបុព្វបុរសរបស់ពួកលោក ធ្វើជាចៅក្រមរវាងយើងទាំងពីរ»។ លោកយ៉ាកុបក៏បានស្បថ ដោយយកព្រះដែលលោកអ៊ីសាក ជាឪពុករបស់លោកគោរពកោតខ្លាច ធ្វើជាប្រធាន។ លោកយ៉ាកុបបានធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់នៅលើភ្នំនោះ ហើយអញ្ជើញបងប្អូនរបស់លោកបរិភោគជាមួយគ្នា។ គេនាំគ្នាបរិភោគ ហើយពេលយប់ គេក៏ស្នាក់នៅលើភ្នំនោះទៅ។ លោកឡាបាន់ក្រោកឡើងតាំងពីព្រលឹម គាត់ថើបកូនប្រុសកូនស្រីរបស់គាត់ ថែមទាំងឲ្យពរគេទៀតផង។ បន្ទាប់មក លោកឡាបាន់ធ្វើដំណើរវិលត្រឡប់ទៅស្រុកគាត់វិញ។
លោកុប្បត្តិ 31:13-55 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញជាព្រះនៃបេត-អែល ជាកន្លែងដែលឯងបានចាក់ប្រេងលើបង្គោលនោះ ហើយដែលឯងបានបន់ដល់អញ ឥឡូវនេះឲ្យរៀបចំ ហើយចេញពីស្រុកនេះ វិលនៅឯស្រុកកំណើតឯងវិញទៅ ឯរ៉ាជែល នឹងលេអាក៏ឆ្លើយទៅប្ដីថា ចុះយើងនៅមានចំណែក ឬមរដក នៅក្នុងផ្ទះឪពុកយើងឯណា តើគាត់មិនរាប់យើងទុកដូចជាអ្នកដទៃទេឬអី ដ្បិតគាត់បានលក់យើង ហើយស៊ីបង្ហិនប្រាក់បណ្តាការរបស់យើងអស់រលីងផង គ្រប់ទាំងរបស់ទ្រព្យណាដែលព្រះបានដកពីឪពុកយើងមក នោះជារបស់ផងយើង នឹងកូនចៅយើងហើយ ដូច្នេះ ការអ្វីដែលព្រះបានបង្គាប់មកអ្នក សូមអ្នកធ្វើឥឡូវចុះ។ យ៉ាកុបក៏ក្រោកឡើង បញ្ជិះប្រពន្ធកូនលើសត្វអូដ្ឋ នាំហ្វូងសត្វរបស់គាត់ទាំងអស់ នឹងទ្រព្យដែលបានប្រមូលទាំងប៉ុន្មាន គឺជាហ្វូងសត្វដែលបានពីកាលនៅប៉ាដាន់-អើរ៉ាម ដើម្បីទៅឯអ៊ីសាក ឪពុកខ្លួន នៅស្រុកកាណានវិញ រីឯឡាបាន់គាត់មានកិច្ចចេញទៅកាត់រោមចៀម ពេលនោះ នាងរ៉ាជែលបានលួចយករូបព្រះទាំងប៉ុន្មានរបស់ឪពុក ឯយ៉ាកុបគាត់ចេញទៅដោយលួចលាក់ មិនបានប្រាប់ឲ្យឡាបាន់ជាសាសន៍អើរ៉ាមដឹងផងទេ គាត់បាននាំយករបស់គាត់ទាំងអស់រត់ចេញទៅ ក៏ឆ្លងកាត់ទន្លេ ដំរង់ឆ្ពោះមុខទៅឯភ្នំកាឡាតទៅ។ លុះកន្លងបាន៣ថ្ងៃក្រោយមក នោះមានគេទៅជំរាបដល់ឡាបាន់ថា យ៉ាកុបបានរត់បាត់ទៅហើយ ឡាបាន់ក៏យកបងប្អូនគាត់ទៅជាមួយ ដេញតាមចំនួនដើរផ្លូវអស់៧ថ្ងៃ បានទាន់នៅនាភ្នំកាឡាត នៅវេលាយប់ ព្រះទ្រង់មកពន្យល់សប្តិ ប្រាប់ឡាបាន់ ជាសាសន៍អើរ៉ាមថា ចូរប្រយ័ត កុំឲ្យឯងនិយាយពាក្យណា ទោះល្អឬអាក្រក់នឹងយ៉ាកុបឡើយ នោះឡាបាន់ក៏ទៅដល់គាត់ ឯយ៉ាកុប បានដំឡើងត្រសាលនៅលើភ្នំកាឡាត ហើយឡាបាន់នឹងបងប្អូនគាត់ក៏តំឡើងត្រសាលគេនៅលើភ្នំនោះដែរ ឡាបាន់និយាយទៅយ៉ាកុបថា ដូចម្តេចបានជាឯងធ្វើដូច្នេះ គឺដែលឯងចេញមកដោយលួចលាក់មិនឲ្យអញដឹងសោះ ព្រមទាំងនាំពង្រត់កូនស្រីអញមក ដូចជាឈ្លើយដែលចាប់បានដោយដាវផង ហេតុអ្វីបានជាឯងលួចរត់ចេញមកពីអញដោយស្ងាត់កំបាំងដូច្នេះ ឥតប្រាប់ឲ្យអញដឹងផង ដើម្បីឲ្យអញបានជូនមកដោយសេចក្ដីអំណរ គឺដោយច្រៀងចំរៀងនឹងបន្ទរក្រាប់ ព្រមទាំងចាប់ស៊ុងដែរ ឯងមិនបានឲ្យអញថើបលាកូនចៅរបស់អញសោះ ដូច្នេះ ឯងបានប្រព្រឹត្តបែបចំកួតហើយ អញមានអំណាចនឹងធ្វើបាបឯងបាន តែព្រះនៃឪពុកឯង ទ្រង់មានបន្ទូលនឹងអញពីយប់មិញថា ចូរប្រយ័ត កុំឲ្យនិយាយពាក្យណា ទោះល្អ ឬអាក្រក់នឹងយ៉ាកុបឡើយ ឥឡូវនេះ ឯងបានចេញមក ពីព្រោះតែឯងរឭកដល់ផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយកព្រះរបស់អញមកផង នោះយ៉ាកុបឆ្លើយទៅឡាបាន់ថា ពីព្រោះខ្ញុំខ្លាច ទាំងគិតក្រែងលោលោកឪពុកដកយកកូនស្រីពីខ្ញុំទៅវិញដោយអំណាច បើលោកឪពុករកឃើញមានព្រះទាំងនោះនៅលើរូបអ្នកណា អ្នកនោះមិនត្រូវនៅរស់ទៀតទេ សូមឆែកឆេរនៅចំពោះមុខបងប្អូនយើងនេះចុះ មើលបើមានរបស់ណា ជារបស់ផងលោកឪពុក នៅនឹងខ្ញុំ នោះសូមយកវិញចុះ ឯយ៉ាកុបគាត់មិនដឹងជារ៉ាជែលបានលួចយករូបព្រះទាំងនោះទេ នោះឡាបាន់ក៏ចូលទៅក្នុងត្រសាលយ៉ាកុប ត្រសាលលេអា នឹងត្រសាលរបស់បាវស្រីទាំង២ រកមិនឃើញសោះ រួចគាត់ចេញពីត្រសាលលេអាចូលទៅក្នុងត្រសាលរ៉ាជែល ឯរ៉ាជែលនាងបានយករូបព្រះទាំងនោះ ទៅដាក់ក្នុងប្រដាប់អូដ្ឋទាំងប៉ុន្មាន ហើយអង្គុយពីលើ ឡាបាន់ឆែករកពេញក្នុងត្រសាលមិនឃើញសោះ រួចនាងនិយាយទៅឪពុកថា សូមកុំឲ្យលោកឪពុកខឹងនឹងខ្ញុំ ដែលខ្ញុំក្រោកនៅមុខលោកឪពុកពុំបាននោះឡើយ ពីព្រោះខ្ញុំកើតមានកិច្ចដូចជាស្រីៗធ្លាប់មាន គាត់ក៏ពិនិត្យរក តែមិនឃើញរូបព្រះទាំងនោះសោះ។ ឯយ៉ាកុបគាត់ខឹង ហើយក៏ឈ្លោះនឹងឡាបាន់ដោយពាក្យថា តើខ្ញុំមានទោសអ្វី ឬបានធ្វើបាបណាបានជាលោកឪពុកដេញតាមខ្ញុំ ដោយចិត្តក្តៅយ៉ាងដូច្នេះ លោកឪពុកបានឆែកឆេររបស់ខ្ញុំ សព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ ហើយនឹងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជំរះពីរឿងយើងទាំងនេះ នេះពេញ២០ឆ្នាំគត់ហើយ ដែលខ្ញុំនៅជាមួយនឹងលោកឪពុក ចៀម នឹងពពែរបស់លោកឪពុកមិនដែលមានរលូត១សោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ សត្វណាដែលត្រូវសត្វព្រៃខាំ នោះខ្ញុំមិនដែលយកមកជូនទេ ខ្ញុំបានទទួលសង គឺលោកឪពុកបានចាប់ឲ្យខ្ញុំសង ទោះបើលួចបាននៅពេលថ្ងៃឬពេលយប់ក្តី ខ្ញុំក៏ត្រូវតែដូច្នោះ គឺនៅពេលថ្ងៃ ខ្ញុំតែងត្រូវចំហាយក្តៅ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយជ្រប់ ខ្ញុំបាននៅផ្ទះលោកឪពុកអស់២០ឆ្នាំនេះហើយ គឺខ្ញុំបានបំរើលោកឪពុក១៤ឆ្នាំ ឲ្យបានកូនស្រីរបស់លោកឪពុកទាំង២រូប ហើយ៦ឆ្នាំទៀតឲ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំ១០ដងហើយ បើព្រះនៃឪពុកខ្ញុំ គឺព្រះនៃអ័ប្រាហាំ ដែលអ៊ីសាកបានកោតខ្លាច ទ្រង់មិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកបានឲ្យខ្ញុំត្រឡប់មកដោយដៃទទេហើយ ព្រះទ្រង់បានឃើញសេចក្ដីទុក្ខលំបាករបស់ខ្ញុំ នឹងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយ បានជាទ្រង់បន្ទោសដល់លោកឪពុកពីយប់មិញនេះ។ នោះឡាបាន់ឆ្លើយទៅយ៉ាកុបថា ស្ត្រីទាំងនេះជាកូនអញ ហើយក្មេងទាំងនេះក៏ជាចៅអញ ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់អញ ហើយរបស់ទាំងប៉ុន្មានដែលឯងឃើញក៏ជារបស់ផងអញទាំងអស់ដែរ តែនៅថ្ងៃនេះ តើអញនឹងធ្វើអ្វីដល់កូនអញ ហើយនឹងកូនដែលវាបានបង្កើតទាំងប៉ុន្មាននេះបាន ដូច្នេះ ចូរយើងចុះសញ្ញានឹងគ្នាទៅវិញទៅមក ដើម្បីនឹងទុកជាទីបន្ទាល់ដល់ឯង ហើយនឹងអញ នោះយ៉ាកុបគាត់យកថ្ម១មកបញ្ឈរធ្វើជាបង្គោល ហើយប្រាប់ដល់បងប្អូនថា ចូរយកថ្មមក នោះគេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ ឡាបាន់គាត់ហៅគំនរថ្មនោះថា យេការ-សាហាឌូថា តែយ៉ាកុបហៅថា កាលេឌ វិញ រួចឡាបាន់និយាយថា គំនរថ្មនេះជាទីបន្ទាល់ដល់ឯង ហើយនឹងអញនៅថ្ងៃនេះ ហេតុនោះបានជាគេដាក់ឈ្មោះថា កាលេឌ ហើយមីសប៉ា ពីព្រោះគាត់និយាយថា សូមឲ្យព្រះយេហូវ៉ាទតមើលឯង ហើយនឹងអញ ក្នុងកាលដែលយើងនៅឃ្លាតពីគ្នា បើឯងធ្វើបាបកូនអញ ឬយកប្រពន្ធទៀតលើសពីកូនអញ ក្នុងកាលដែលគ្មានមនុស្សណានៅជាមួយ នោះមើល ព្រះទ្រង់ជាសាក្សីដល់ឯងហើយនឹងអញស្រាប់ហើយ រួចឡាបាន់និយាយទៅយ៉ាកុបទៀតថា មើល គំនរថ្មនេះ នឹងបង្គោលនេះហើយ ដែលអញបានដាក់នៅកណ្តាលឯង ហើយនឹងអញ គំនរនេះ នឹងបង្គោលនេះនឹងបានជាទីបន្ទាល់ថា អញមិនរំលងគំនរនេះទៅឯឯង ហើយឯងក៏មិនរំលងគំនរ ឬបង្គោលនេះមកឯអញ ប្រយោជន៍នឹងធ្វើអាក្រក់អ្វីឡើយ សូមឲ្យព្រះនៃអ័ប្រាហាំជាព្រះនៃណាឃរ គឺជាព្រះនៃឰយុកោរបស់លោក ទ្រង់ជំនុំជំរះយើងចុះ នៅទីនោះ យ៉ាកុបក៏ស្បថនឹងព្រះ ដែលជាទីកោតខ្លាចនៃអ៊ីសាកឪពុកខ្លួនដែរ។ យ៉ាកុបក៏រៀបចំបូជាយញ្ញ ថ្វាយនៅលើភ្នំនោះ ហើយហៅពួកបងប្អូនមកជួបជុំបរិភោគ គេក៏នាំគ្នាបរិភោគទៅ រួចដេកនៅលើភ្នំក្នុងយប់នោះ ដល់ព្រលឹមស្រាង នោះឡាបាន់ក្រោកឡើងថើបកូនចៅគាត់ទាំងប៉ុន្មាន ព្រមទាំងឲ្យពរ រួចលាត្រឡប់វិលទៅឯទីកន្លែងខ្លួនវិញ។