លោកុប្បត្តិ 3:2-6
លោកុប្បត្តិ 3:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនច្បារបាន តែព្រះទ្រង់មានព្រះបន្ទូលថា "មិនត្រូវបរិភោគផ្លែឈើមួយដែលនៅកណ្ដាលសួនច្បារនោះឡើយ ហើយក៏កុំប៉ះពាល់ដែរ ក្រែងលោស្លាប់"»។ ប៉ុន្ដែ ពស់និយាយទៅកាន់ស្ត្រីថា៖ «អ្នកនឹងមិនស្លាប់ជាពិតទេ ដ្បិតព្រះទ្រង់ជ្រាបថា ពេលណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចជាព្រះ ព្រមទាំងដឹងខុសត្រូវផង»។ ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។
លោកុប្បត្តិ 3:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន រីឯដើមឈើដែលស្ថិតនៅកណ្ដាលសួនឧទ្យាននោះវិញ ព្រះជាម្ចាស់បានហាមថា “កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ បើពុំនោះទេ អ្នកទាំងពីរនឹងស្លាប់ជាមិនខាន”»។ ពេលនោះ ពស់ប្រាប់ស្ត្រីថា៖ «ទេ! អ្នកទាំងពីរនឹងមិនស្លាប់ទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចព្រះ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។ ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។
លោកុប្បត្តិ 3:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្ត្រីឆ្លើយតបថា យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន តែត្រង់ដើមឈើ១ដែលនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់ រួចពស់ក៏និយាយទៅស្ត្រីថា អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង កាលស្ត្រីបានឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយជាដើមដែលល្មមគួរនឹងចង់បាន ដើម្បីឲ្យបានប្រាជ្ញា នោះនាងក៏យកផ្លែមកបរិភោគ ព្រមទាំងចែកឲ្យដល់ប្ដីដែរ គាត់ក៏បរិភោគតាម