លោកុប្បត្តិ 24:17-22

លោកុប្បត្តិ 24:17-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​បម្រើ​នោះ​ក៏​រត់​ទៅ​ស្ទាក់​ផ្លូវ​នាង ហើយ​និយាយ​ថា៖ «សូម​មេត្តាចាក់​ទឹក​ពី​ក្អមនាង​ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច»។ នាង​តប​ថា៖ «អញ្ជើញ​ពិសា លោក​ម្ចាស់!»។ រួច​នាង​ក៏​ដាក់​ក្អម​ចុះ​ជា​ប្រញាប់ ហើយ​ឲ្យទឹក​គាត់​ពិសា។ កាល​នាង​បាន​ឲ្យ​គាត់​ពិសា​ទឹក​រួច​ហើយ នាង​ក៏​ពោល​ថា៖ «នាង​ខ្ញុំ​នឹង​ដង​ឲ្យ​អូដ្ឋ​របស់​លោក​ម្ចាស់​ផឹក​ទាល់​តែ​ឆ្អែត​ដែរ»។ នាង​ក៏​ប្រញាប់​ប្រញាល់​ចាក់​ទឹក​ពី​ក្នុង​ក្អម ចុះ​ទៅ​ក្នុង​ស្នូក រួច​រត់​ទៅ​ដង​ពី​អណ្ដូង​ថែម​ទៀត យក​មក​ឲ្យ​អូដ្ឋ​ទាំង​អស់​របស់​គាត់​ផឹក។ បុរស​នោះ​សម្លឹង​មើល‌នាង ទាំង​នឹក​ក្នុង​ចិត្ត​ចង់​ដឹង​ថា តើ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ដំណើរ​របស់​គាត់​បាន​សម្រេច​មែន ឬ​យ៉ាង​ណា។ កាល​អូដ្ឋ​បាន​ផឹក​ឆ្អែត​អស់​ហើយ គាត់​ក៏​យក​ក្រវិល​មាស​ទម្ងន់​កន្លះ​សេកែល និង​កង​ដៃ​មាស​មួយ​គូ ទម្ងន់​ដប់​សេកែល មក​ពាក់​ឲ្យ​នាង

លោកុប្បត្តិ 24:17-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​បម្រើ​របស់​លោក​អប្រាហាំ​រត់​ទៅ​រក​នាង ពោល​ថា៖ «សូម​នាង​មេត្តា​ចាក់​ទឹក​ពី​ក្អម​នាង ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច»។ នាង​តប​មក​វិញ​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ពិសា!»។ នាង​ប្រញាប់‌ប្រញាល់​ផ្អៀង​ក្អម​ឲ្យ​ទឹក​អ្នក​បម្រើ​នោះ​ពិសា។ ពេល​នាង​ឲ្យ​គាត់​ពិសា​ទឹក​រួច​ហើយ ក៏​ពោល​ថា៖ «នាង​ខ្ញុំ​នឹង​ទៅ​ដង​ទឹក​ឲ្យ​អូដ្ឋ​លោក​ម្ចាស់​ផឹក​ដែរ ទាល់​តែ​វា​បាន​ឆ្អែត​គ្រប់​គ្រាន់»។ នាង​ក៏​ប្រញាប់‌ប្រញាល់​ចាក់​ទឹក​ទៅ​ក្នុង​ស្នូក​សត្វ រួច​នាង​រត់​ទៅ​ដង​ពី​អណ្ដូង​មក​ទៀត គឺ​នាង​បាន​ដង​ទឹក​ឲ្យ​អូដ្ឋ​ទាំង​អស់​ផឹក។ បុរស​នោះ​សម្លឹង​មើល​នាង ហើយ​នឹក​ក្នុង​ចិត្ត​ចង់​ដឹង​ថា តើ​ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​ដំណើរ​របស់​គាត់​បាន​សម្រេច​តាម​បំណង មែន​ឬ​យ៉ាង​ណា។ កាល​អូដ្ឋ​បាន​ផឹក​ទឹក​ឆ្អែត​ហើយ អ្នក​បម្រើ​នោះ​ក៏​យក​ចិញ្ចៀន​មាស​មួយ​វង់ ទម្ងន់​មួយ​ជី​កន្លះ មក​ឲ្យ​នាង រួច​យក​កង‌ដៃ​មាស​មួយ​គូ ដែល​មាន​ទម្ងន់​បី​តម្លឹង មក​ពាក់​ឲ្យ​នាង​ដែរ។

លោកុប្បត្តិ 24:17-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បាវ​នោះ​ក៏​រត់​ទៅ​ស្ទាក់​ផ្លូវ​នាង ហើយ​និយាយ​ថា នាង សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្តិច​សិន រួច​នាង​ឆ្លើយ​ថា ចាស​អញ្ជើញ​ពិសា​ចុះ លោក​ម្ចាស់ ហើយ​នាង​ក៏​ដាក់​ក្អម​ចុះ​មក​ជា​ប្រញាប់​ឲ្យ​គាត់​ផឹក កាល​នាង​បាន​ឲ្យ​គាត់​ផឹក​រួច​ហើយ នោះ​នាង​និយាយ​ថា ខ្ញុំ​នឹង​ដង​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ទាល់​តែ​ឆ្អែត​ដែរ នោះ​នាង​ក៏​ចាក់​ទឹក​ពី​ក្នុង​ក្អម​ចុះ​ទៅ​ក្នុង​ស្នូក​ជា​១​រំពេច រួច​រត់​ទៅ​ដង​ថែម​ទៀត យក​មក​ឲ្យ​អូដ្ឋ​គាត់​ផឹក​ទាំង​អស់ បាវ​នោះ​សំឡឹង​មើល​នាង​ទាំង​មាន​សេចក្ដី​អស្ចារ្យ តែ​គាត់​នៅ​ស្ងៀម ដោយ​ចង់​ដឹង បើ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ដំណើរ​គាត់​ដើរ​មក​នោះ​បាន​សំរេច​ការ​ឬ​ទេ កាល​អូដ្ឋ​បាន​ផឹក​ឆ្អែត​អស់​ហើយ នោះ​គាត់​ក៏​យក​ក្រវិល​មាស​ទំងន់​១​ជី នឹង​កង​ដៃ​២​ជុំ ទំងន់​២០​ជី​ឲ្យ​ដល់​នាង