លោកុប្បត្តិ 2:4-8
លោកុប្បត្តិ 2:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះហើយជាដើមកំណើតនៃផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះបានបង្កើត។ នៅគ្រាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើតផែនដី និងផ្ទៃមេឃ ផែនដីមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅទីវាលដែរ ព្រោះព្រះយេហូវ៉ាដ៏ជាព្រះមិនបានបង្អុរភ្លៀងមកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សណាភ្ជួររាស់ដីដែរ តែមានទឹកផុស ចេញពីដីមកស្រោចស្រពលើផែនដីទាំងមូល។ ព្រះយេហូវ៉ាដ៏ជាព្រះបានយកធូលីដី មកសូនធ្វើជាមនុស្ស ហើយព្រះអង្គផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះគេ នោះមនុស្សក៏មានជីវិតរស់ឡើង។ រួចព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើសួនច្បារមួយនៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលព្រះអង្គបានសូនឲ្យនៅទីនោះ។
លោកុប្បត្តិ 2:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះជាម្ចាស់បានបង្កើតមក។ ពេលព្រះជាអម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី នៅលើផែនដីពុំទាន់មានកូនឈើអ្វីតាមទីវាលទេ សូម្បីតែស្មៅមួយទងក៏ពុំទាន់ពន្លកចេញមកដែរ ដ្បិតព្រះជាអម្ចាស់ពុំទាន់បានធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួររាស់ដែរ។ ប៉ុន្តែ មានទឹកហូរចេញពីដីមកស្រោចស្រពផ្ទៃដីទាំងមូល។ ព្រះជាអម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។ ព្រះជាអម្ចាស់បានធ្វើសួនឧទ្យានមួយ ក្នុងស្រុកអេដែន ដែលនៅខាងកើត រួចយកមនុស្សដែលព្រះអង្គបានសូន ទៅដាក់ក្នុងសួនឧទ្យាននោះ។
លោកុប្បត្តិ 2:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះហើយជាដើមកំណើតនៃផ្ទៃមេឃនឹងផែនដី ក្នុងកាលដែលបានកើតមក គឺនៅវេលាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានធ្វើផែនដី នឹងផ្ទៃមេឃនោះឯង រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅវាលដែរ ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មិនបានបង្អុរភ្លៀងមកលើផែនដីសោះ ហើយក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង គ្រាន់តែមានចំហាយឡើងពីដីមកស្រោចស្រប់លើផែនដីប៉ុណ្ណោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង។ រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ