លោកុប្បត្តិ 2:1-25

លោកុប្បត្តិ 2:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ផ្ទៃ​មេឃ និង​ផែន‌ដី ព្រម​ទាំង​របស់​សព្វ​សារពើ​នៅលើ​មេឃ ផែន​ដី​ក៏​បានចប់​សព្វ​គ្រប់។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះ‌ទ្រង់​បាន​បញ្ចប់​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ហើយ​ព្រះ‌អង្គ​ក៏​ឈប់​សម្រាក​ពី​គ្រប់​ទាំង​កិច្ច​ការ​ទាំង​នោះ​នៅ​ថ្ងៃ​ទី​ប្រាំពីរ។ ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ថ្ងៃ​ទី​ប្រាំពីរ ហើយ​ញែក​ថ្ងៃ​នោះ​ជា​បរិសុទ្ធ ព្រោះ​នៅ​ថ្ងៃ​នោះ ព្រះ​បាន​ឈប់​សម្រាក​ពី​គ្រប់​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​បង្កើត។ នេះ​ហើយ​ជា​ដើម​កំណើត​នៃ​ផ្ទៃ​មេឃ និង​ផែន‌ដី នៅ​គ្រា​ដែល​ព្រះ​បាន​បង្កើត។ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​បង្កើត​ផែន‌ដី និង​ផ្ទៃ​មេឃ ផែន‌ដី​មិន​ទាន់​មាន​អ្វី​ដុះ​នៅ​ឡើយ​ទេ ក៏​មិន​ទាន់​មាន​តិណ‌ជាតិ​ណា​នៅ​ទីវាល​ដែរ ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​មិន​បាន​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​ភ្ជួរ​រាស់​ដី​ដែរ តែ​មាន​ទឹក​ផុស ចេញ​ពី​ដី​មក​ស្រោច‌ស្រព​លើ​ផែន‌ដី​ទាំង​មូល។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ធូលី​ដី មក​សូន​ធ្វើ​ជា​មនុស្ស ហើយ​ព្រះ‌អង្គ​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​គេ នោះ​មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។ រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​សួន‌ច្បារ​មួយ​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​សូន​ឲ្យ​នៅ​ទី​នោះ។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​ដើម​ឈើ​ទាំង​អស់ ដែល​គួរ​ជា​ទី​ពេញ​ចិត្ត ហើយ​សម្រាប់​ជា​អាហារ​ផង ក៏​មាន​ដើម​ឈើ​ជីវិត និង​ដើម​ឈើ​ដឹង​ខុស​ត្រូវ នៅ​កណ្ដាល​សួន‌ច្បារ​នោះ​ដែរ។ មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​ស្រព​សួន‌ច្បារ ហើយ​ហូរ​បែក​ពី​ទី​នោះ ចេញទៅ​ជា​បួន។ ទន្លេ​ទី​មួយ​ឈ្មោះ ពិសុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា​ទាំង​មូល ជា​ស្រុក​ដែល​មាន​មាស ហើយ​មាស​ដែល​មក​ពី​ស្រុក​នោះ មាន​គុណ​ភាព​ល្អ មាន​ទាំង​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។ ទន្លេ​ទី​ពីរ​ឈ្មោះ គីហុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស​ទាំង​មូល។ ទន្លេ​ទី​បី​ឈ្មោះ ហ៊ីដេ‌កែល ជា​ទន្លេ​ដែល​ហូរ​ចាក់​ទៅ​ខាង​កើត​ស្រុក​អាស‌ស៊ើរ។ ទន្លេ​ទី​បួន​ឈ្មោះ អ៊ើប្រាត។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ និង​ថែ​រក្សា។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បង្គាប់​មនុស្ស​ថា៖ «អ្នក​អាច​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​ដោយ​សេរី តែ​មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ពី​ដើម​ដឹង​ខុស​ត្រូវ​នោះ​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិ‌ភោគ នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ដែល​មនុស្ស​ប្រុស​នៅ​តែ​ម្នាក់​ឯង​មិន​ស្រួល​ទេ យើង​នឹង​បង្កើត​អ្នក​ជំនួយ​ម្នាក់​ឲ្យ​បាន​ជា​គ្នា»។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​បួន និង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​យក​មក​ឲ្យ​មនុស្ស ដើម្បី​ឲ្យ​ដឹង​ថា​គាត់​ហៅ​ដូច​ម្តេច ហើយ​សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្សបាន​ដាក់​ឲ្យ។ មនុស្ស​បាន​ដាក់​ឈ្មោះ​ឲ្យ​ដល់​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន​ជា​ស្រេច តែ​សម្រាប់​អ័ដាម មិន​ឃើញ​មាន​ជំនួយ​ណា​សម្រាប់​ឲ្យ​ជួយ​គាត់​សោះ។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ធ្វើ​ឲ្យ​មនុស្ស​ដេក​លក់ រួច​ព្រះ‌អង្គ​យក​ឆ្អឹង​ជំនីរ​របស់​គាត់​មួយ ហើយ​ភ្ជិត​សាច់​ទៅ​វិញ ហើយ​ឆ្អឹង​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ពី​បុរស​មក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ស្ត្រី ហើយ​ក៏​នាំ​នាង​មក​ជួប​បុរសនោះ។ បុរស​នោះក៏​ពោល​ឡើង​ថា៖ «នេះ​ហើយ​ជា​ឆ្អឹង​ដែល​កើត​ចេញ​ពី​ឆ្អឹង​អញ ហើយ​ជា​សាច់​ដែល​កើត​ចេញ​ពី​សាច់អញ ត្រូវ​ហៅនាង​ថា "ស្ត្រី " ព្រោះ​បាន​យក​ចេញ​ពី​បុរស មក»។ ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវចាក​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​ជា‌មួយ​ប្រពន្ធ ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ទៅ​ជា​សាច់​តែ​មួយ ។ រី​ឯ​បុរស និង​ប្រពន្ធ​របស់​គាត់​នៅខ្លួន​ទទេ ឥត​អៀន​ខ្មាស​ឡើយ។

លោកុប្បត្តិ 2:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ និង​ផែនដី​ចប់​សព្វ​គ្រប់​ហើយ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ គឺ​ក្រោយ​ពី​បាន​បញ្ចប់​កិច្ចការ​ទាំង​នោះ​មក ព្រះអង្គ​ក៏​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ។ ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឲ្យ​ថ្ងៃ​ទី​ប្រាំ‌ពីរ និង​ញែក​ថ្ងៃ​នោះ​ឲ្យ​បាន​វិសុទ្ធ* ដ្បិត​ថ្ងៃ​នោះ ព្រះអង្គ​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្កើត។ នេះ​ហើយ​ជា​ដើម​កំណើត​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក។ ពេល​ព្រះ‌ជា‌អម្ចាស់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នៅ​លើ​ផែនដី​ពុំ​ទាន់​មាន​កូន​ឈើ​អ្វី​តាម​ទី​វាល​ទេ សូម្បី​តែ​ស្មៅ​មួយ​ទង​ក៏​ពុំ​ទាន់​ពន្លក​ចេញ​មក​ដែរ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ពុំ​ទាន់​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ភ្ជួរ​រាស់​ដែរ។ ប៉ុន្តែ មាន​ទឹក​ហូរ​ចេញ​ពី​ដី​មក​ស្រោច​ស្រព​ផ្ទៃ​ដី​ទាំង​មូល។ ព្រះ‌ជា‌អម្ចាស់​បាន​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស រួច​ព្រះអង្គ​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​សួន​ឧទ្យាន​មួយ ក្នុង​ស្រុក​អេដែន ដែល​នៅ​ខាង​កើត រួច​យក​មនុស្ស​ដែល​ព្រះអង្គ​បាន​សូន ទៅ​ដាក់​ក្នុង​សួន​ឧទ្យាន​នោះ។ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​គ្រប់​មុខ​ដុះ​ចេញ​ពី​ដី​មក មាន​សម្រស់​គួរ​ឲ្យ​ទាក់‌ទាញ​ចិត្ត និង​មាន​ផ្លែ​ឆ្ងាញ់​ពិសា​ផង។ នៅ​កណ្ដាល​សួន​ឧទ្យាន​ក៏​មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត និង​ដើម​ឈើ​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់ដែរ។ មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​ស្រព​សួន​ឧទ្យាន ហើយ​នៅ​ត្រង់​សួន​ឧទ្យាន​ទន្លេ​នោះ​ក៏​បែក​ចេញ​ជា​បួន។ ដៃ​ទន្លេ​ទី​មួយ​ឈ្មោះ ពីសុន គឺ​ទន្លេ​នេះ​ហើយ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវី‌ឡា ជា​ស្រុក​ដែល​មាន​មាស។ មាស​នៅ​ស្រុក​នេះ​មាន​គុណ‌ភាព​ល្អ ហើយ​ក៏​មាន​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។ ទន្លេ​ទី​ពីរ​ឈ្មោះ​គីហូន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស។ ទន្លេ​ទី​បី​ឈ្មោះ​ហ៊ីដេ‌កែល ជា​ទន្លេ​ដែល​ហូរ​នៅ​ខាង​កើត​ស្រុក​អាស៊ើរ។ ទន្លេ​ទី​បួន​ឈ្មោះ​អឺប្រាត។ ព្រះ‌ជា‌អម្ចាស់​បាន​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន​អេដែន ដើម្បី​ឲ្យ​គេ​ភ្ជួរ​រាស់ និង​ថែ‌រក្សា​សួន​នោះ។ ព្រះ‌ជា‌អម្ចាស់​បាន​បញ្ជា​មនុស្ស​ដូច​ត​ទៅ៖ «អ្នក​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុង​សួន​ឧទ្យាន​នេះ​បាន តែ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ពី​ដើម​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ឡើយ ដ្បិត​ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​នោះ អ្នក​មុខ​ជា​ស្លាប់​មិន​ខាន»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ល្អ​ទេ។ យើង​នឹង​បង្កើត​ម្នាក់​ទៀត​ឲ្យ​ជួយ និង​បាន​ជា​គ្នា»។ ព្រះ‌ជា‌អម្ចាស់​បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ស្រុក​គ្រប់​យ៉ាង និង​ធ្វើ​ជា​បក្សា‌បក្សី​គ្រប់​យ៉ាង​ដែល​ហើរ​នៅ​លើ​អាកាស រួច​ព្រះអង្គ​នាំ​សត្វ​ទាំង​នោះ​មក​ឲ្យ​មនុស្ស ព្រោះ​ទ្រង់​ចង់​ជ្រាប​ថា គេ​នឹង​ដាក់​ឈ្មោះ​ឲ្យ​វា​យ៉ាង​ណា។ ដូច្នេះ សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្ស​ដាក់​ឲ្យ។ មនុស្ស​បាន​ដាក់​ឈ្មោះ​ឲ្យ​សត្វ​ស្រុក​ទាំង​អស់ ឲ្យ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​ឲ្យ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ដែរ ប៉ុន្តែ គាត់​ពុំ​ឃើញ​មាន​សត្វ​ណា​មួយ​ដែល​អាច​ជួយ និង​យក​មក​ធ្វើ​ជា​គ្នា​បាន​ឡើយ។ ដូច្នេះ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មនុស្ស​ដេក​លង់‌លក់​បាត់​ស្មារតី។ ព្រះអង្គ​យក​ឆ្អឹង​ជំនីរ​មួយ​របស់​គាត់​ចេញ​មក រួច​ភ្ជិត​សាច់​ទៅ​វិញ។ ព្រះ‌ជា‌អម្ចាស់​យក​ឆ្អឹង​ជំនីរ​ដែល​ទ្រង់​បាន​ហូត​ចេញ​ពី​មនុស្ស មក​ធ្វើ​ជា​ស្ត្រី រួច​ទ្រង់​នាំ​នាង​មក​ជួប​គាត់។ បុរស​ក៏​ពោល​ឡើង​ថា៖ «លើក​នេះ​ពិត​ជា​ឆ្អឹង ដែល​កើត​ចេញ​មក​ពី​ឆ្អឹង​អញ ជា​សាច់​ដែល​កើត​ចេញ​មក​ពី​សាច់​អញ ត្រូវ​ហៅ​នាង​ថា “ស្ត្រី” ព្រោះ​នាង​បាន​កើត​ចេញ​ពី​បុរស​មក»។ ហេតុ​នេះ បុរស​ចាក​ចេញ​ពី​ឪពុក‌ម្ដាយ​ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ។ ពេល​នោះ បុរស និង​ភរិយា​របស់​គាត់​នៅ​ខ្លួន​ទទេ​ទាំង​ពីរ​នាក់ ប៉ុន្តែ គេ​មិន​អៀន​ខ្មាស​ទេ។

លោកុប្បត្តិ 2:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះផ្ទៃ​មេឃនឹង​ផែនដី​ក៏​បាន​រួច​ជា​ស្រេច ព្រម​ទាំង​របស់​សព្វ​សារពើ​ផង លុះ​ដល់​ថ្ងៃ​ទី​៧ ការ​ដែល​ព្រះ‌ទ្រង់​ធ្វើ នោះ​បាន​ហើយ​ជា​ស្រេច ទ្រង់​ក៏​ឈប់​ផ្អាក​សំរាក​នៅ​ថ្ងៃ​ទី​៧​នោះ ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​៧​នោះ ព្រម​ទាំង​ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ពី​ព្រោះ​នៅ​ថ្ងៃ​នោះ ទ្រង់​បាន​ឈប់​សំរាក​ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​បង្កើត​បាន​ធ្វើ។ នេះ​ហើយ​ជា​ដើម​កំណើត​នៃ​ផ្ទៃ​មេឃនឹងផែនដី ក្នុង​កាល​ដែល​បាន​កើត​មក គឺ​នៅ​វេលា​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​ធ្វើ​ផែនដី នឹង​ផ្ទៃ​មេឃ​នោះ​ឯង រីឯ​នៅ​ផែនដី​នោះ​មិន​ទាន់​មាន​អ្វី​ដុះ​នៅ​ឡើយ​ទេ ក៏​មិន​ទាន់​មាន​តិណ‌ជាតិ​ណា​នៅ​វាល​ដែរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មិន​បាន​បង្អុរ​ភ្លៀង​មក​លើ​ផែនដី​សោះ ហើយ​ក៏​គ្មាន​មនុស្ស​ណា​នឹង​ភ្ជួរ‌រាស់​ដី​ផង គ្រាន់​តែ​មាន​ចំហាយ​ឡើង​ពី​ដី​មក​ស្រោច‌ស្រប់​លើ​ផែនដី​ប៉ុណ្ណោះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង។ រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ធ្វើ​សួន‌ច្បារ​១​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ទ្រង់​បាន​សូន​ធ្វើ​ឲ្យ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់​ទាំង​ដើម​ឈើ​ដែល​គួរ​ពិច‌ពិល​រមឹល​មើល ហើយ​សំរាប់​ជា​អាហារ​ផង ក៏​ដាំ​ដើម​ជីវិតនឹង​ដើម​សំរាប់​ដឹង​ខុសត្រូវ នៅ​កណ្តាល​សួន‌ច្បារ​នោះ​ដែរ មាន​ទន្លេ​១​ហូរ​ចេញ​ពី​ស្រុក​អេដែន​មក​ស្រោច​សួន‌ច្បារ​នោះ រួច​ហូរ​បែក​ពី​នោះ​ទៅ​ជា​៤​មុខ ទី​១​ឈ្មោះ​ពិសុន គឺ​ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា​ដែល​មាន​មាស មាស​ដែល​មក​ពី​ស្រុក​នោះ​ជា​មាស​យ៉ាង​ល្អ ក៏​មាន​ទាំង​ប្តេល្លាម នឹង​ត្បូង​អូនីក្ស​ផង ទី​២​ឈ្មោះ​គីហុន គឺ​ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស ទី​៣​ឈ្មោះ​ហ៊ីដេ‌កែល គឺ​ជា​ទន្លេ​ដែល​ហូរ​ចាក់​ទៅ​ខាង​កើត​ស្រុក​អាសស៊ើរ ហើយ​ទន្លេ​ទី៤​ឈ្មោះ​អ៊ើប្រាត ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​យក​អ័ដាម​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ​ហើយ​ថែ​រក្សា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បង្គាប់​ទៅ​អ័ដាម​ថា ឯង​នឹង​ស៊ី​ផ្លែឈើ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ដែល​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ​សំរាប់​ជួយ​វា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​៤ នឹង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​នាំ​មក​ឯ​អ័ដាម ដើម្បី​ឲ្យ​ដឹង​ជា​គាត់​នឹង​ហៅ​យ៉ាង​ដូច​ម្តេច ឯ​ឈ្មោះ​ណា​ដែល​អ័ដាម​បាន​ដាក់​ឲ្យ​ដល់​ជីវិត​ផង​ទាំង‌ឡាយ នោះ​បាន​សំរេច​ជា​ឈ្មោះ​របស់​សត្វ​នោះ​ឯង អ័ដាម​ដាក់​ឈ្មោះ​ឲ្យ​ដល់​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ នឹង​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន​ជា​ស្រេច តែ​មិន​ឃើញ​មាន​ជំនួយ​ណា​សំរាប់​ឲ្យ​ជួយ​គាត់​សោះ នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​អ័ដាម​ដេក​លក់​ស៊ប់​ទៅ រួច​ទ្រង់​យក​ឆ្អឹង​ជំនីរ​គាត់​១ ហើយ​ភ្ជិត​សាច់​ទៅ​វិញ រីឯ​ឆ្អឹង​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ពី​អ័ដាម​មក នោះ​ទ្រង់​ជប​ឲ្យ​កើត​ឡើង​ជា​មនុស្ស​ស្រី ក៏​នាំ​ទៅ​អ័ដាម អ័ដាម​ក៏​ថា នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​អញ ជា​សាច់​ពី​សាច់​អញ នឹង​ត្រូវ​ហៅ​ថា «ស្ត្រី» ពី​ព្រោះ​បាន​យក​ចេញ​ពី​បុរស​មក ដោយ​ហេតុ​នោះ បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ រីឯ​អ័ដាម នឹង​ប្រពន្ធ​គាត់​ក៏​នៅ​ជា​អាក្រាត​ទទេ ឥត​មាន​សេចក្ដី​អៀន‌ខ្មាស​ឡើយ។