ដូច្នេះ ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើនៅលើមេឃ ផែនដីក៏បានចប់សព្វគ្រប់។ នៅថ្ងៃទីប្រាំពីរ ព្រះទ្រង់បានបញ្ចប់កិច្ចការដែលព្រះអង្គបានធ្វើ ហើយព្រះអង្គក៏ឈប់សម្រាកពីគ្រប់ទាំងកិច្ចការទាំងនោះនៅថ្ងៃទីប្រាំពីរ។ ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរថ្ងៃទីប្រាំពីរ ហើយញែកថ្ងៃនោះជាបរិសុទ្ធ ព្រោះនៅថ្ងៃនោះ ព្រះបានឈប់សម្រាកពីគ្រប់កិច្ចការដែលព្រះអង្គបានបង្កើត។ នេះហើយជាដើមកំណើតនៃផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះបានបង្កើត។ នៅគ្រាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើតផែនដី និងផ្ទៃមេឃ ផែនដីមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅទីវាលដែរ ព្រោះព្រះយេហូវ៉ាដ៏ជាព្រះមិនបានបង្អុរភ្លៀងមកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សណាភ្ជួររាស់ដីដែរ តែមានទឹកផុស ចេញពីដីមកស្រោចស្រពលើផែនដីទាំងមូល។ ព្រះយេហូវ៉ាដ៏ជាព្រះបានយកធូលីដី មកសូនធ្វើជាមនុស្ស ហើយព្រះអង្គផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះគេ នោះមនុស្សក៏មានជីវិតរស់ឡើង។ រួចព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើសួនច្បារមួយនៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលព្រះអង្គបានសូនឲ្យនៅទីនោះ។ ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើឲ្យដីដុះគ្រប់ដើមឈើទាំងអស់ ដែលគួរជាទីពេញចិត្ត ហើយសម្រាប់ជាអាហារផង ក៏មានដើមឈើជីវិត និងដើមឈើដឹងខុសត្រូវ នៅកណ្ដាលសួនច្បារនោះដែរ។ មានទន្លេមួយហូរចេញពីស្រុកអេដែន មកស្រោចស្រពសួនច្បារ ហើយហូរបែកពីទីនោះ ចេញទៅជាបួន។ ទន្លេទីមួយឈ្មោះ ពិសុន ជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាទាំងមូល ជាស្រុកដែលមានមាស ហើយមាសដែលមកពីស្រុកនោះ មានគុណភាពល្អ មានទាំងជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។ ទន្លេទីពីរឈ្មោះ គីហុន ជាទន្លេដែលហូរព័ទ្ធស្រុកគូសទាំងមូល។ ទន្លេទីបីឈ្មោះ ហ៊ីដេកែល ជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសស៊ើរ។ ទន្លេទីបួនឈ្មោះ អ៊ើប្រាត។ ព្រះយេហូវ៉ាដ៏ជាព្រះយកមនុស្សទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការ និងថែរក្សា។ ព្រះយេហូវ៉ាដ៏ជាព្រះបង្គាប់មនុស្សថា៖ «អ្នកអាចបរិភោគផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានដោយសេរី តែមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវនោះឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគ នឹងត្រូវស្លាប់ជាមិនខាន»។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា៖ «ដែលមនុស្សប្រុសនៅតែម្នាក់ឯងមិនស្រួលទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់ឲ្យបានជាគ្នា»។ ព្រះយេហូវ៉ាដ៏ជាព្រះបានយកដីមកសូនធ្វើគ្រប់ទាំងសត្វជើងបួន និងសត្វហើរទាំងប៉ុន្មាន រួចក៏យកមកឲ្យមនុស្ស ដើម្បីឲ្យដឹងថាគាត់ហៅដូចម្តេច ហើយសត្វទាំងអស់មានឈ្មោះតាមដែលមនុស្សបានដាក់ឲ្យ។ មនុស្សបានដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វព្រៃ និងសត្វហើរលើអាកាសទាំងប៉ុន្មានជាស្រេច តែសម្រាប់អ័ដាម មិនឃើញមានជំនួយណាសម្រាប់ឲ្យជួយគាត់សោះ។ ព្រះយេហូវ៉ាដ៏ជាព្រះធ្វើឲ្យមនុស្សដេកលក់ រួចព្រះអង្គយកឆ្អឹងជំនីររបស់គាត់មួយ ហើយភ្ជិតសាច់ទៅវិញ ហើយឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីបុរសមក ព្រះអង្គបានធ្វើឲ្យទៅជាស្ត្រី ហើយក៏នាំនាងមកជួបបុរសនោះ។ បុរសនោះក៏ពោលឡើងថា៖ «នេះហើយជាឆ្អឹងដែលកើតចេញពីឆ្អឹងអញ ហើយជាសាច់ដែលកើតចេញពីសាច់អញ ត្រូវហៅនាងថា "ស្ត្រី " ព្រោះបានយកចេញពីបុរស មក»។ ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។ រីឯបុរស និងប្រពន្ធរបស់គាត់នៅខ្លួនទទេ ឥតអៀនខ្មាសឡើយ។
អាន លោកុប្បត្តិ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 2:1-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ