លោកុប្បត្តិ 19:1-5

លោកុប្បត្តិ 19:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ពេល​ល្ងាច ទេវតា​ទាំង​ពីរ​បាន​ទៅ​ដល់​ក្រុង​សូដុម ហើយ​ឡុត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ កាល​ឡុត​ឃើញ​ទេវតា​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល ហើយ​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។ គាត់​ជម្រាប​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ជា​អ្នក​បម្រើ​របស់​លោក ដើម្បី​លាង​ជើង និង​ស្នាក់​នៅ​មួយ​យប់​សិន រួច​សឹម​ភ្ញាក់​ឡើង​ពី​ព្រលឹម ហើយ​បន្ដ​ដំណើរ​ទៅមុខ​ទៀត»។ ទេវតា​តប​ថា៖ «ទេ យប់​នេះ យើង​នឹង​សម្រាក​នៅ​តាម​ទី​ធ្លាក្រុង​វិញ»។ ប៉ុន្តែ ដោយ​ឡុត​ចេះ​តែ​បង្ខំ​ខ្លាំង​ពេក ទេវតា​ក៏​ចូល​ទៅ​ផ្ទះ​របស់​គាត់។ គាត់​បាន​រៀបចំ​ជប់‌លៀង ហើយ​ដុត​នំបុ័ង​ឥត​ដំបែ រួច​ទេវតា​ក៏​បរិ‌ភោគ។ ប៉ុន្ដែ មុន​ពេល​គេចូល​ដំណេក នោះ​មនុស្ស​ទាំង‌ឡាយ ទាំង​ក្មេង​ទាំង​ចាស់​នៅ​ក្រុង​សូដុម នាំ​គ្នា​មក​ឡោម‌ព័ទ្ធ​ផ្ទះ គឺ​មនុស្ស​ទាំង​អស់​ពី​ក្នុង​ទី​ក្រុង គេ​ស្រែក​ហៅ​ឡុត​ថា៖ «តើ​មនុស្ស​ដែល​ចូល​មក​ផ្ទះ​អ្នក​ឯង​ល្ងាច​មិញ​នៅ​ឯ​ណា? ចូរ​នាំ​គេ​ចេញ​មក​ឲ្យ​យើង ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​គេ»។

លោកុប្បត្តិ 19:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​ល្ងាច ទេវតា*​ទាំង​ពីរ​បាន​ទៅ​ដល់​ក្រុង​សូដុម។ លោក​ឡុត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​លោក​ឡុត​ឃើញ​ទេវតា​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល​ដោយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ គាត់​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ ជា​អ្នក​បម្រើ​របស់​លោក​សិន សូម​លោក​ម្ចាស់​លាង​ជើង ហើយ​ស្នាក់​នៅ​ទី​នេះ​មួយ​យប់ ចាំ​ស្អែក​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​តាំង​ពី​ព្រលឹម»។ ទេវតា​តប​ថា៖ «ទេ យប់​នេះ យើង​សម្រាក​នៅ​តាម​ទីធ្លា​ក្រុង​ក៏​បាន»។ ប៉ុន្តែ ដោយ​លោក​ឡុត​ចេះ​តែ​ទទូច​អង្វរ​ខ្លាំង​ពេក ទេវតា​ទាំង​ពីរ​ក៏​ចូល​ទៅ​ផ្ទះ​គាត់។ គាត់​បាន​រៀបចំ​ម្ហូប​អាហារ និង​ឲ្យ​គេ​ដុត​នំប៉័ង​ឥត​មេ​ជូន​ទេវតា ទេវតា​ក៏​បរិភោគ។ ពេល​នោះ គេ​មិន​ទាន់​ចូល​ដំណេក​នៅ​ឡើយ​ទេ ស្រាប់​តែ​មាន​អ្នក​ក្រុង​នោះ គឺ​ប្រុសៗ​នៅ​ក្រុង​សូដុម​គ្រប់ៗ​គ្នា តាំង​ពី​ក្មេង​រហូត​ដល់​ចាស់ នាំ​គ្នា​ឡោម‌ព័ទ្ធ​ផ្ទះ​លោក​ឡុត។ គេ​ស្រែក​សួរ​លោក​ឡុត​ថា៖ «តើ​ពួក​អ្នក​ដែល​ចូល​មក​ផ្ទះ​អ្នក​ឯង​ពី​ល្ងាច‌មិញ​នៅ​ឯ​ណា? ចូរ​ឲ្យ​គេ​ចេញ​មក! យើង​នឹង​រួម​ដំណេក​ជា​មួយ​ពួក​គេ»។

លោកុប្បត្តិ 19:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​ពេល​ត្រលប់ នោះ​ទេវតា​ទាំង​២​ក៏​ទៅ​ដល់​ក្រុង​សូដុំម ឯ​ឡុត​គាត់​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង គាត់​ក៏​ឃើញ ហើយ​ក្រោក​ទៅ​ទទួល រួច​ក្រាប​ផ្កាប់​មុខ​នឹង​ដី ជំរាប​ថា លោក​ម្ចាស់​ខ្ញុំ​អើយ ឥឡូវ សូម​អញ្ជើញ​ចូល​ទៅ​ក្នុង​ផ្ទះ​ខ្ញុំ​ជា​អ្នក​បំរើ​លោក ដើម្បី​នឹង​លាង​ជើង ហើយ​សំណាក់​នៅ​១​យប់​នេះ​សិន រួច​សឹម​ភ្ញាក់​ឡើង​ពី​ព្រលឹម​អញ្ជើញ​ទៅ​ទៀត​ចុះ តែ​ទេវតា​នោះ​ឆ្លើយ​ថា ទេ យប់​នេះ​យើង​នឹង​ដេក​នៅ​តាម​ផ្លូវ​វិញ ប៉ុន្តែ ដោយ​គាត់​បង្ខំ​ណាស់ បាន​ជា​ទេវតា​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​គាត់​ក៏​រៀបចំ​ជប់‌លៀង គាត់​ដុត​នំបុ័ង​ឥត​ដំបែ ហើយ​ទេវតា​ក៏​បរិភោគ កាល​មិន​ទាន់​ដេក​នៅ​ឡើយ នោះ​ពួក​មនុស្ស​ទាំង‌ឡាយ ទាំង​ក្មេង​ទាំង​ចាស់​នៅ​ក្នុង​ក្រុង​សូដុំម គេ​មក​ឡោម‌ព័ទ្ធ​ផ្ទះ គឺ​ជា​មនុស្ស​ទាំង​អស់​ពី​គ្រប់​ក្នុង​ទី​ក្រុង គេ​ស្រែក​ហៅ​ឡុត​សួរ​ថា មនុស្ស​ដែល​ចូល​មក​ក្នុង​ផ្ទះ​ឯង​អម្បាញ់‌មិញ​នេះ តើ​នៅ​ឯ​ណា ចូរ​ឯង​នាំ​វា​ចេញ​មក​ឯ​យើង ឲ្យ​យើង​បាន​ស្គាល់​ផង