លោកុ‌ប្បត្តិ 19

19
អំពើ​លាមក​របស់​ក្រុង​សូដុម
1នៅ​ពេល​ល្ងាច ទេវតា​ទាំង​ពីរ​បាន​ទៅ​ដល់​ក្រុង​សូដុម ហើយ​ឡុត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ កាល​ឡុត​ឃើញ​ទេវតា​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល ហើយ​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។ 2គាត់​ជម្រាប​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ជា​អ្នក​បម្រើ​របស់​លោក ដើម្បី​លាង​ជើង និង​ស្នាក់​នៅ​មួយ​យប់​សិន រួច​សឹម​ភ្ញាក់​ឡើង​ពី​ព្រលឹម ហើយ​បន្ដ​ដំណើរ​ទៅមុខ​ទៀត»។ ទេវតា​តប​ថា៖ «ទេ យប់​នេះ យើង​នឹង​សម្រាក​នៅ​តាម​ទី​ធ្លាក្រុង​វិញ»។ 3ប៉ុន្តែ ដោយ​ឡុត​ចេះ​តែ​បង្ខំ​ខ្លាំង​ពេក ទេវតា​ក៏​ចូល​ទៅ​ផ្ទះ​របស់​គាត់។ គាត់​បាន​រៀបចំ​ជប់‌លៀង ហើយ​ដុត​នំបុ័ង​ឥត​ដំបែ រួច​ទេវតា​ក៏​បរិ‌ភោគ។ 4ប៉ុន្ដែ មុន​ពេល​គេចូល​ដំណេក នោះ​មនុស្ស​ទាំង‌ឡាយ ទាំង​ក្មេង​ទាំង​ចាស់​នៅ​ក្រុង​សូដុម នាំ​គ្នា​មក​ឡោម‌ព័ទ្ធ​ផ្ទះ គឺ​មនុស្ស​ទាំង​អស់​ពី​ក្នុង​ទី​ក្រុង 5គេ​ស្រែក​ហៅ​ឡុត​ថា៖ «តើ​មនុស្ស​ដែល​ចូល​មក​ផ្ទះ​អ្នក​ឯង​ល្ងាច​មិញ​នៅ​ឯ​ណា? ចូរ​នាំ​គេ​ចេញ​មក​ឲ្យ​យើង ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​គេ»។ 6នោះ​ឡុត​ចេញ​មក​ជួប​គេ​នៅ​មាត់​ទ្វារ រួច​បិទ​ទ្វារ​ពី​ក្រោយ​ខ្នង​វិញ 7គាត់​ពោល​ថា៖ «ខ្ញុំ​សូម​អង្វរ បង‌ប្អូន​ខ្ញុំ​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ! 8មើល៍ ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់ វា​មិន​ទាន់​ដែល​ស្គាល់​ប្រុស​ណា​ទេ ចាំ​ខ្ញុំ​នាំ​វា​ចេញ​មក​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នឹង​វា​តាម​អំពើ​ចិត្ត​ទៅ​ចុះ សូម​កុំ​ឲ្យ​តែ​ធ្វើ​អ្វី​ដល់​បុរស​ទាំង​នេះ​ឡើយ ដ្បិត​លោក​បាន​ចូល​មក​ស្នាក់​នៅ​ក្រោម​ដំបូល​ផ្ទះ​ខ្ញុំ»។ 9ប៉ុន្ដែ គេ​តប​ថា៖ «ថយ​ចេញ» ហើយ​គេ​ពោល​ទៀត​ថា៖ «ម្នាក់​នេះ​ចូល​មក​ស្នាក់​សោះ តែ​បែរ​ជា​តាំង​ខ្លួន​ធ្វើ​ជា​ចៅ​ក្រម​ផង! ឥឡូវ​នេះ យើង​នឹង​ធ្វើ​បាប​ឯង​ឲ្យ​អាក្រក់​ជាង​ពីរ​នាក់​នោះ​ទៅ​ទៀត»។ ពេល​នោះ គេ​ច្រាន​ឡុត​ជា​ខ្លាំង ហើយ​រំលោភ​ចូល​ទៅ​ជិត បម្រុង​នឹង​ទម្លាយ​ទ្វារ។ 10ប៉ុន្ដែ ទេវតាទាំង​ពីរ​លូក​ដៃ​ទៅ​ចាប់​ឡុត ទាញ​ចូល​មក​ក្នុង​ផ្ទះ​វិញ រួច​បិទ​ទ្វារ​ជិត។ 11ទេវតា​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នៅ​មាត់​ទ្វារ​ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា ទាំង​តូច​ទាំង​ធំ ដូច្នេះ គេ​ក៏​អស់​ចិត្ត​លែង​រាវ​រក​មាត់​ទ្វារ​ទៀត។
ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ត្រូវ​បំផ្លាញ
12បន្ទាប់​មក ទេវតា​ពោល​ទៅ​ឡុត​ថា៖ «តើ​មាន​អ្នក​ណា​ទៀត​នៅ​ទី​នេះ​ឬ​ទេ? បើ​មាន​កូន​ប្រសា កូន​ប្រុស កូន​ស្រី ឬ​បង​ប្អូន​ណា​របស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នេះ ចូរ​នាំ​គ្នា​ចេញ​ពីកន្លែង​នេះ​ទៅ។ 13ដ្បិត​យើង​នឹង​បំផ្លាញ​ទី​នេះ ព្រោះ​សម្រែក​ទាស់​នឹង​ប្រជា‌ជន​របស់​ក្រុង​នេះ បាន​លាន់​ឮ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ ហើយ​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​យើង​មក​បំផ្លាញ​ទី​ក្រុង​នេះ​ចោល»។ 14ដូច្នេះ ឡុត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសា ដែល​បាន​រៀប​ការ​ជាមួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បម្រុង​នឹង​បំផ្លាញ​ទី​ក្រុង​នេះ​ហើយ»។ ប៉ុន្ដែ កូន​ប្រសា​របស់​គាត់​ស្មាន​ថា​គាត់​និយាយ​លេង។
15លុះ​ព្រលឹម​ស្រាងៗ ទេវតា​ក៏​បង្ខំ​ឡុត​ថា៖ «ចូរ​ក្រោក​ឡើង យក​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​អ្នក​ចេញ​ទៅ ក្រែង​អ្នក​ត្រូវ​វិនាស​ក្នុង​អំពើ​ទុច្ចរិត​របស់​ទី​ក្រុង​នេះ​ដែរ»។ 16ប៉ុន្ដែ ដោយ​សារ​គាត់​នៅ​បង្អែ‌បង្អង់ ទេវតា​ក៏​ចាប់​ដៃ​គាត់ ប្រពន្ធ​គាត់ ហើយ​កូន​ស្រី​គាត់​ទាំង​ពីរ នាំ​ចេញ​ទៅ​ទុក​ឲ្យ​នៅ​ក្រៅ​ទី​ក្រុង ដ្បិត​ព្រះ‌យេហូវ៉ា​អាណិត​អាសូរ​ដល់​គាត់។ 17កាល​បាន​នាំ​ពួក‌គេ​មក​ខាង​ក្រៅ​ហើយ ទេវតា ប្រាប់​ថា៖ «ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! កុំ​ងាក​មើល​មក​ក្រោយ ក៏​កុំ​ឈប់​នៅ​ស្រុក​វាល​ណា​មួយ​ឲ្យ​សោះ! ចូរ​រត់​គេច​ទៅ​ឯ​ភ្នំ​ទៅ ក្រែង​អ្នក​ត្រូវ​វិនាស»។ 18ប៉ុន្ដែ ឡុត​ប្រកែក​ថា៖ «ទេ លោក​ម្ចាស់​ខ្ញុំ​អើយ 19មើល៍ ឥឡូវ​នេះ លោក​បាន​ផ្តល់​ព្រះ‌គុណ​មក​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ហើយ​បាន​ចម្រើន​សេចក្ដី​មេត្តា‌ករុណា​របស់​លោក​ឲ្យ​ខ្ញុំ​ឃើញ ដោយ​ការពារ​ជីវិត​ខ្ញុំ តែ​ខ្ញុំ​រត់​ទៅ​ភ្នំ​មិន​បាន​ទេ ក្រែង​មហន្តរាយ​នេះ​តាម​ខ្ញុំ​ទាន់ ហើយ​ខ្ញុំ​ត្រូវ​ស្លាប់។ 20មើល‌ន៏ មាន​ទី​ក្រុង​មួយ​ស្ថិត​នៅ​ជិត​បង្កើយ ហើយ​ក៏​តូច​ផង សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​ទីនោះវិញ តើ​មិន​មែន​ជា​ទីក្រុង​តូច​មួយ​ទេ​ឬ? នោះ​ខ្ញុំ​នឹង​បាន​រួច​ជីវិត»។ 21ទេវតាតប​ទៅ​គាត់​ថា៖ «មើល៍ ខ្ញុំ​យោគ​យល់​តាម​សំណូម​របស់​អ្នក​ក្នុង​ការ​នេះ​ដែរ ទី​ក្រុង​មួយ​ដែល​អ្នក​និយាយ​នេះ យើង​នឹង​មិន​បំផ្លាញ​ទេ។ 22ចូរ​ប្រញាប់​ឡើង ហើយ​រត់​ទៅ​ទី​នោះ​ទៅ ដ្បិត​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បានទេ ទាល់​តែ​អ្នក​បាន​ទៅ​ដល់​ទី​នោះ​សិន»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ទី​ក្រុង​នោះ​ថា "សូអារ" ។ 23កាល​ឡុត​បាន​ចូល​ទៅ​ដល់​សូអារ នោះ​ថ្ងៃ​បាន​រះ​បំភ្លឺ​ផែន​ដី​ហើយ។
24ពេល​នោះ ព្រះ‌យេហូវ៉ា​បង្អុរ​ភ្លៀង​ជា​ស្ពាន់‌ធ័រ និង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា 25ព្រះ‌អង្គ​បាន​បំផ្លាញ​ក្រុង​ទាំង​នោះ ស្រុក​វាល​ទាំង​មូល និង​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំងរុក្ខជាតិ​ទាំង​អស់​ដែល​ដុះ​នៅ​លើ​ដី។ 26រី​ឯ​ប្រពន្ធ​របស់​ឡុត ដែល​នៅ​ក្រោយ​ខ្នង​គាត់ បាន​ងាក​បែរ​មើល​ទៅ​ក្រោយ ហើយ​ស្រាប់​តែ​ក្លាយ​ទៅ​ជា​បង្គោល​អំបិល​ទៅ។
27លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចេញ​ទៅ​កន្លែង​ដែល​លោក​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 28លោក​មើល​ឆ្ពោះ​ទៅ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា និង​ស្រុក​វាល​ទាំង​មូល ឃើញ​មាន​សុទ្ធ​តែ​ផ្សែង​ហុយ​ឡើង​ពី​ដី​មក ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង។
29នៅ​ពេល​ព្រះ‌ទ្រង់​បំផ្លាញ​ទី​ក្រុង​នៅ​ស្រុក​វាល​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹក‌ចាំ​ពី​លោក​អ័ប្រា‌ហាំ ហើយ​បាន​នាំ​ឡុត​ចេញ​ផុត​ពី​មហន្តរាយ​នោះ ក្នុង​ពេល​ព្រះ‌អង្គ​បាន​រំលាយ​ទី​ក្រុង​ដែល​ឡុត​បាន​ទៅរស់​នៅ​នោះ។
ដើម​កំណើត​ដែល​គួរ​ឲ្យ​ខ្មាស​របស់​សាសន៍​ម៉ូអាប់ និង​សាសន៍​អាំម៉ូន
30ឯ​ឡុត​បាន​ចាក​ចេញ​ពី​ក្រុង​សូអារ​ជាមួយ​កូន​ស្រី​ទាំង​ពីរ ឡើង​ទៅ​រស់​នៅ​តាម​ភ្នំ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​រស់​នៅ​ក្នុង​ក្រុង​សូអារ​ទេ។ ដូច្នេះ គាត់​ក៏​រស់​នៅ​ក្នុង​រូង​ភ្នំ​ជា‌មួយ​កូន​ស្រី​របស់​គាត់​ទាំង​ពីរ។ 31ពេល​នោះ នាង​បង​និយាយ​ទៅ​កាន់​ប្អូន​ថា៖ «ឪពុក​យើង​ចាស់​ហើយ គ្មាន​ប្រុស​ណា​នៅ​ក្នុង​ស្រុក​នេះ ចូល​មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ​ដូច​គេ​ឯង​នៅ​លើ​ផែន​ដី​នេះ​ទេ។ 32មក៍ យើង​នាំ​គ្នា​បង្អក​ស្រា​ឪពុក​យើង រួច​ហើយ​យើង​ទៅ​ដេក​ជា‌មួយ​គាត់ ដើម្បី​ឲ្យ​យើង​បាន​ត​ពូជ​របស់​ឪពុក​យើង»។ 33ដូច្នេះ គេ​ក៏​បង្អក​ស្រា​ឪពុក​របស់​ខ្លួន​នៅ​យប់​នោះ រួច​នាង​បង​ក៏​ចូល​ទៅ​ដេក​ជា‌មួយ​ឪពុក តែ​គាត់​មិន​បាន​ដឹង​ថា​នាង​ចូល​ដេក​ពេល​ណា ឬ​ក្រោក​ពេល​ណា​ឡើយ។ 34លុះ​ស្អែក​ឡើង នាង​បង​និយាយ​ទៅ​ប្អូន​ថា៖ «មើល៍! យប់​មិញ បង​បាន​ដេក​ជា‌មួយ​លោក​ឪពុក យប់​នេះ ចូរ​យើង​បង្អក​ស្រា​គាត់​ទៀត រួច​ឯង​ចូល​ទៅ​ដេក​ជា‌មួយ​គាត់​ម្តង ដើម្បី​ឲ្យ​យើង​បាន​ត​ពូជ​របស់​ឪពុក​យើង»។ 35ដូច្នេះ គេ​ក៏​បង្អក​ស្រា​ឪពុក​នៅ​យប់​នោះ​ទៀត ហើយ​នាង​ប្អូន​ក៏​ក្រោក​ទៅ​ដេក​ជា‌មួយ​ឪពុក តែ​គាត់​ឥត​ដឹង​ថា​នាង​ចូល​ដេក​ពេល​ណា ឬ​ក្រោក​ពេល​ណា​ឡើយ។ 36ដូច្នេះ កូន​ស្រី​របស់​ឡុត​ទាំង​ពីរ​ក៏​មាន​ទម្ងន់​ជា‌មួយ​ឪពុក​របស់​ខ្លួន។ 37នាង​បង​បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​កូន​នោះ​ថា "ម៉ូអាប់"។ កូន​នោះ​ជា​ឪពុក​របស់​សាសន៍​ម៉ូអាប់​ដរាប​ដល់​សព្វ‌ថ្ងៃ​នេះ។ 38នាង​ប្អូន​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ​ដែរ ហើយ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "បេន-អាំមី" ហើយ​អ្នក​នោះ​ជា​ឪពុក​របស់​សាសន៍​អាំម៉ូន​ដរាប​ដល់​សព្វ‌ថ្ងៃ​នេះ។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ