លោកុប្បត្តិ 19:1-30
លោកុប្បត្តិ 19:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅពេលល្ងាច ទេវតាទាំងពីរបានទៅដល់ក្រុងសូដុម ហើយឡុតអង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក្រោកឡើងទៅទទួល ហើយក្រាបចុះឱនមុខដល់ដី។ គាត់ជម្រាបថា៖ «លោកម្ចាស់ខ្ញុំអើយ សូមអញ្ជើញចូលផ្ទះខ្ញុំប្របាទជាអ្នកបម្រើរបស់លោក ដើម្បីលាងជើង និងស្នាក់នៅមួយយប់សិន រួចសឹមភ្ញាក់ឡើងពីព្រលឹម ហើយបន្ដដំណើរទៅមុខទៀត»។ ទេវតាតបថា៖ «ទេ យប់នេះ យើងនឹងសម្រាកនៅតាមទីធ្លាក្រុងវិញ»។ ប៉ុន្តែ ដោយឡុតចេះតែបង្ខំខ្លាំងពេក ទេវតាក៏ចូលទៅផ្ទះរបស់គាត់។ គាត់បានរៀបចំជប់លៀង ហើយដុតនំបុ័ងឥតដំបែ រួចទេវតាក៏បរិភោគ។ ប៉ុន្ដែ មុនពេលគេចូលដំណេក នោះមនុស្សទាំងឡាយ ទាំងក្មេងទាំងចាស់នៅក្រុងសូដុម នាំគ្នាមកឡោមព័ទ្ធផ្ទះ គឺមនុស្សទាំងអស់ពីក្នុងទីក្រុង គេស្រែកហៅឡុតថា៖ «តើមនុស្សដែលចូលមកផ្ទះអ្នកឯងល្ងាចមិញនៅឯណា? ចូរនាំគេចេញមកឲ្យយើង ដើម្បីឲ្យយើងបានស្គាល់គេ»។ នោះឡុតចេញមកជួបគេនៅមាត់ទ្វារ រួចបិទទ្វារពីក្រោយខ្នងវិញ គាត់ពោលថា៖ «ខ្ញុំសូមអង្វរ បងប្អូនខ្ញុំអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ! មើល៍ ខ្ញុំមានកូនស្រីពីរនាក់ វាមិនទាន់ដែលស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមកប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តនឹងវាតាមអំពើចិត្តទៅចុះ សូមកុំឲ្យតែធ្វើអ្វីដល់បុរសទាំងនេះឡើយ ដ្បិតលោកបានចូលមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំ»។ ប៉ុន្ដែ គេតបថា៖ «ថយចេញ» ហើយគេពោលទៀតថា៖ «ម្នាក់នេះចូលមកស្នាក់សោះ តែបែរជាតាំងខ្លួនធ្វើជាចៅក្រមផង! ឥឡូវនេះ យើងនឹងធ្វើបាបឯងឲ្យអាក្រក់ជាងពីរនាក់នោះទៅទៀត»។ ពេលនោះ គេច្រានឡុតជាខ្លាំង ហើយរំលោភចូលទៅជិត បម្រុងនឹងទម្លាយទ្វារ។ ប៉ុន្ដែ ទេវតាទាំងពីរលូកដៃទៅចាប់ឡុត ទាញចូលមកក្នុងផ្ទះវិញ រួចបិទទ្វារជិត។ ទេវតាបានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារខ្វាក់ភ្នែកទាំងអស់គ្នា ទាំងតូចទាំងធំ ដូច្នេះ គេក៏អស់ចិត្តលែងរាវរកមាត់ទ្វារទៀត។ បន្ទាប់មក ទេវតាពោលទៅឡុតថា៖ «តើមានអ្នកណាទៀតនៅទីនេះឬទេ? បើមានកូនប្រសា កូនប្រុស កូនស្រី ឬបងប្អូនណារបស់អ្នកដែលនៅក្នុងក្រុងនេះ ចូរនាំគ្នាចេញពីកន្លែងនេះទៅ។ ដ្បិតយើងនឹងបំផ្លាញទីនេះ ព្រោះសម្រែកទាស់នឹងប្រជាជនរបស់ក្រុងនេះ បានលាន់ឮកាន់តែខ្លាំងឡើងនៅចំពោះព្រះយេហូវ៉ាហើយ ហើយព្រះយេហូវ៉ាបានចាត់ឲ្យយើងមកបំផ្លាញទីក្រុងនេះចោល»។ ដូច្នេះ ឡុតក៏ចេញទៅប្រាប់កូនប្រសា ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតព្រះយេហូវ៉ាបម្រុងនឹងបំផ្លាញទីក្រុងនេះហើយ»។ ប៉ុន្ដែ កូនប្រសារបស់គាត់ស្មានថាគាត់និយាយលេង។ លុះព្រលឹមស្រាងៗ ទេវតាក៏បង្ខំឡុតថា៖ «ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកចេញទៅ ក្រែងអ្នកត្រូវវិនាសក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះដែរ»។ ប៉ុន្ដែ ដោយសារគាត់នៅបង្អែបង្អង់ ទេវតាក៏ចាប់ដៃគាត់ ប្រពន្ធគាត់ ហើយកូនស្រីគាត់ទាំងពីរ នាំចេញទៅទុកឲ្យនៅក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាអាណិតអាសូរដល់គាត់។ កាលបាននាំពួកគេមកខាងក្រៅហើយ ទេវតា ប្រាប់ថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលមកក្រោយ ក៏កុំឈប់នៅស្រុកវាលណាមួយឲ្យសោះ! ចូររត់គេចទៅឯភ្នំទៅ ក្រែងអ្នកត្រូវវិនាស»។ ប៉ុន្ដែ ឡុតប្រកែកថា៖ «ទេ លោកម្ចាស់ខ្ញុំអើយ មើល៍ ឥឡូវនេះ លោកបានផ្តល់ព្រះគុណមកខ្ញុំជាអ្នកបម្រើលោក ហើយបានចម្រើនសេចក្ដីមេត្តាករុណារបស់លោកឲ្យខ្ញុំឃើញ ដោយការពារជីវិតខ្ញុំ តែខ្ញុំរត់ទៅភ្នំមិនបានទេ ក្រែងមហន្តរាយនេះតាមខ្ញុំទាន់ ហើយខ្ញុំត្រូវស្លាប់។ មើលន៏ មានទីក្រុងមួយស្ថិតនៅជិតបង្កើយ ហើយក៏តូចផង សូមឲ្យខ្ញុំរត់ទៅទីនោះវិញ តើមិនមែនជាទីក្រុងតូចមួយទេឬ? នោះខ្ញុំនឹងបានរួចជីវិត»។ ទេវតាតបទៅគាត់ថា៖ «មើល៍ ខ្ញុំយោគយល់តាមសំណូមរបស់អ្នកក្នុងការនេះដែរ ទីក្រុងមួយដែលអ្នកនិយាយនេះ យើងនឹងមិនបំផ្លាញទេ។ ចូរប្រញាប់ឡើង ហើយរត់ទៅទីនោះទៅ ដ្បិតខ្ញុំមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកបានទៅដល់ទីនោះសិន»។ ហេតុនេះហើយបានជាគេហៅទីក្រុងនោះថា "សូអារ" ។ កាលឡុតបានចូលទៅដល់សូអារ នោះថ្ងៃបានរះបំភ្លឺផែនដីហើយ។ ពេលនោះ ព្រះយេហូវ៉ាបង្អុរភ្លៀងជាស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រះអង្គបានបំផ្លាញក្រុងទាំងនោះ ស្រុកវាលទាំងមូល និងមនុស្សទាំងប៉ុន្មាននៅទីក្រុងទាំងនោះ ព្រមទាំងរុក្ខជាតិទាំងអស់ដែលដុះនៅលើដី។ រីឯប្រពន្ធរបស់ឡុត ដែលនៅក្រោយខ្នងគាត់ បានងាកបែរមើលទៅក្រោយ ហើយស្រាប់តែក្លាយទៅជាបង្គោលអំបិលទៅ។ លោកអ័ប្រាហាំក្រោកឡើងពីព្រលឹម ចេញទៅកន្លែងដែលលោកបានឈរនៅចំពោះព្រះយេហូវ៉ា។ លោកមើលឆ្ពោះទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងស្រុកវាលទាំងមូល ឃើញមានសុទ្ធតែផ្សែងហុយឡើងពីដីមក ដូចជាផ្សែងនៃគុកភ្លើង។ នៅពេលព្រះទ្រង់បំផ្លាញទីក្រុងនៅស្រុកវាលទាំងប៉ុន្មាន ព្រះអង្គនឹកចាំពីលោកអ័ប្រាហាំ ហើយបាននាំឡុតចេញផុតពីមហន្តរាយនោះ ក្នុងពេលព្រះអង្គបានរំលាយទីក្រុងដែលឡុតបានទៅរស់នៅនោះ។ ឯឡុតបានចាកចេញពីក្រុងសូអារជាមួយកូនស្រីទាំងពីរ ឡើងទៅរស់នៅតាមភ្នំ ដ្បិតគាត់ខ្លាចមិនហ៊ានរស់នៅក្នុងក្រុងសូអារទេ។ ដូច្នេះ គាត់ក៏រស់នៅក្នុងរូងភ្នំជាមួយកូនស្រីរបស់គាត់ទាំងពីរ។
លោកុប្បត្តិ 19:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលល្ងាច ទេវតា*ទាំងពីរបានទៅដល់ក្រុងសូដុម។ លោកឡុតអង្គុយនៅមាត់ទ្វារក្រុង។ ពេលលោកឡុតឃើញទេវតាទាំងពីរ គាត់ក្រោកឡើងទៅទទួលដោយក្រាបចុះ ឱនមុខដល់ដី។ គាត់ពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលផ្ទះខ្ញុំប្របាទ ជាអ្នកបម្រើរបស់លោកសិន សូមលោកម្ចាស់លាងជើង ហើយស្នាក់នៅទីនេះមួយយប់ ចាំស្អែកសឹមបន្តដំណើរទៅមុខទៀតតាំងពីព្រលឹម»។ ទេវតាតបថា៖ «ទេ យប់នេះ យើងសម្រាកនៅតាមទីធ្លាក្រុងក៏បាន»។ ប៉ុន្តែ ដោយលោកឡុតចេះតែទទូចអង្វរខ្លាំងពេក ទេវតាទាំងពីរក៏ចូលទៅផ្ទះគាត់។ គាត់បានរៀបចំម្ហូបអាហារ និងឲ្យគេដុតនំប៉័ងឥតមេជូនទេវតា ទេវតាក៏បរិភោគ។ ពេលនោះ គេមិនទាន់ចូលដំណេកនៅឡើយទេ ស្រាប់តែមានអ្នកក្រុងនោះ គឺប្រុសៗនៅក្រុងសូដុមគ្រប់ៗគ្នា តាំងពីក្មេងរហូតដល់ចាស់ នាំគ្នាឡោមព័ទ្ធផ្ទះលោកឡុត។ គេស្រែកសួរលោកឡុតថា៖ «តើពួកអ្នកដែលចូលមកផ្ទះអ្នកឯងពីល្ងាចមិញនៅឯណា? ចូរឲ្យគេចេញមក! យើងនឹងរួមដំណេកជាមួយពួកគេ»។ លោកឡុតចេញមកជួបពួកគេនៅមាត់ទ្វារ ហើយបិទទ្វារពីក្រោយខ្នងវិញ។ គាត់ពោលថា៖ «បងប្អូនអើយ សូមមេត្តាកុំប្រព្រឹត្តអំពើអាក្រក់អី! ខ្ញុំសូមអង្វរបងប្អូនទៅចុះ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលពុំទាន់រួមរស់ជាមួយបុរសណានៅឡើយទេ ខ្ញុំនឹងនាំវាចេញមកជូនបងប្អូននៅខាងក្រៅ ឲ្យបងប្អូនប្រព្រឹត្តតាមអំពើចិត្តទៅចុះ ក៏ប៉ុន្តែ សូមមេត្តាកុំប៉ះពាល់បុរសទាំងនេះ ដែលបានមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំឡើយ»។ ពួកគេតបថា៖ «ថយទៅ!»។ គេពោលទៀតថា៖ «មើល៍ ជនបរទេសម្នាក់នេះមកនៅស្រុកយើង តែឥឡូវបែរជាចង់ធ្វើម្ចាស់ស្រុកទៅវិញ! ទេមិនបានទេ យើងនឹងធ្វើបាបអ្នកឯងខ្លាំងជាងជនពីរនាក់នោះទៅទៀត»។ ពួកគេក៏ច្រានលោកឡុតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅ បម្រុងនឹងទម្លាយទ្វារ។ ពេលនោះ ទេវតាទាំងពីរលូកដៃទៅទាញលោកឡុតចូលមកក្នុងផ្ទះ រួចបិទទ្វារជិតវិញ។ បន្ទាប់មក ទេវតាបានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារ ខ្វាក់ភ្នែកទាំងអស់គ្នា តាំងពីតូចដល់ធំ ដូច្នេះ ពួកគេពុំអាចរកមាត់ទ្វារចូលទៅក្នុងផ្ទះបានឡើយ។ ទេវតាពោលទៅលោកឡុតថា៖ «តើមាននរណាខ្លះនៅជាមួយលោក? បើមានកូនប្រសា កូនប្រុស កូនស្រី និងមានអ្វីទៀតជាកម្មសិទ្ធិរបស់លោកនៅក្នុងក្រុង ចូរនាំចេញពីកន្លែងនេះទៅ ដ្បិតយើងនឹងរំលាយក្រុងនេះចោល ពីព្រោះពាក្យចោទប្រកាន់ក្រុងនេះបានលាន់ឮជាខ្លាំង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះអម្ចាស់បានចាត់ពួកយើងឲ្យមករំលាយក្រុងនេះចោល»។ លោកឡុតក៏ចេញទៅប្រាប់កូនប្រសាប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតព្រះអម្ចាស់នឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសារបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។ ពេលភ្លឺស្រាងៗទេវតានាំគ្នាបង្ខំលោកឡុតថា៖ «ចូរក្រោកឡើង នាំប្រពន្ធ និងកូនស្រីទាំងពីររបស់លោកដែលនៅជាមួយចេញទៅ កុំឲ្យវិនាសព្រោះតែអំពើទុច្ចរិតរបស់ក្រុងនេះឡើយ»។ ប៉ុន្តែ ដោយលោកឡុតនៅបង្អែបង្អង់ ទេវតាក៏ចាប់ដៃគាត់ ប្រពន្ធគាត់ និងកូនស្រីគាត់ទាំងពីរ ទាញចេញទៅទុកឲ្យនៅខាងក្រៅទីក្រុង ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យគាត់បានរួចជីវិត។ ពេលនាំគាត់ចេញផុតពីក្រុងនោះ ទេវតាម្នាក់ពោលថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលក្រោយ! កុំឈប់នៅតំបន់វាលរាបឲ្យសោះ! ចូររត់ទៅតំបន់ភ្នំ ដើម្បីឲ្យរួចអាយុជីវិត»។ លោកឡុតពោលទៅទេវតាវិញថា៖ «លោកម្ចាស់អើយ សូមមេត្តាស្ដាប់ពាក្យអង្វររបស់ខ្ញុំប្របាទផង! សូមលោកម្ចាស់អធ្យាស្រ័យទៅចុះ ដ្បិតលោកម្ចាស់សម្តែងសប្បុរសធម៌យ៉ាងខ្លាំងចំពោះខ្ញុំប្របាទ ដោយទុកជីវិតខ្ញុំប្របាទឲ្យនៅរស់។ ប៉ុន្តែ ខ្ញុំប្របាទពុំអាចរត់ទៅតំបន់ភ្នំទាន់ទេ ព្រោះខ្ញុំប្របាទមុខជាជួបនឹងមហន្តរាយនេះ ហើយត្រូវស្លាប់មិនខាន។ សូមលោកម្ចាស់អធ្យាស្រ័យឲ្យខ្ញុំប្របាទផង មើល៍ មានក្រុងមួយនៅជិតនេះស្រាប់ ខ្ញុំប្របាទអាចរត់ទៅជ្រកកោនបាន ព្រោះក្រុងនេះតូចទេ! សូមមេត្តាឲ្យខ្ញុំប្របាទរត់ទៅជ្រកនៅក្រុងនោះ ដ្បិតក្រុងនោះពិតជាតូចមែន! ខ្ញុំប្របាទនឹងស្នាក់នៅទីនោះ ឲ្យបានរួចជីវិត»។ ទេវតាពោលទៅគាត់វិញថា៖ «ខ្ញុំយោគយល់ដល់លោកម្ដងទៀត ខ្ញុំមិនរំលាយក្រុងដែលលោកនិយាយនេះទេ។ ចូរប្រញាប់ប្រញាល់រត់ឲ្យដល់ក្រុងនោះចុះ ដ្បិតខ្ញុំមិនអាចធ្វើអ្វីមុនលោកទៅដល់ឡើយ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា «សូអារ»។ ពេលលោកឡុតចូលទៅដល់ក្រុងសូអារ ព្រះអាទិត្យបានរះបំភ្លឺផែនដីហើយ។ ពេលនោះ ព្រះអម្ចាស់បានធ្វើឲ្យមានស្ពាន់ធ័រ និងមានភ្លើងបង្អុរចុះពីមេឃ គឺចុះមកពីព្រះអម្ចាស់ ធ្លាក់លើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ព្រះអង្គបានរំលាយក្រុងទាំងនោះ តំបន់វាលរាបទាំងមូល និងអ្នកក្រុងទាំងប៉ុន្មាន ព្រមទាំងរុក្ខជាតិទាំងឡាយដែលដុះនៅលើដី ត្រូវវិនាសអន្តរាយអស់។ រីឯភរិយារបស់លោកឡុតវិញ គាត់បានងាកមើលក្រោយ គាត់ក៏ក្លាយទៅជារូបចម្លាក់អំបិល។ លុះព្រលឹមឡើង លោកអប្រាហាំទៅកន្លែងដែលលោកបាននៅជាមួយព្រះអម្ចាស់។ លោកសម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូល ឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។ នៅពេលព្រះជាម្ចាស់រំលាយក្រុងទាំងប៉ុន្មាន នៅតំបន់វាលរាបនោះ ព្រះអង្គបាននឹកគិតដល់លោកអប្រាហាំ គឺព្រះអង្គបានប្រោសលោកឡុតឲ្យរួចផុតពីមហន្តរាយ ក្នុងពេលព្រះអង្គរំលាយក្រុងដែលលោកឡុតរស់នៅនោះ។ លោកឡុតបានចាកចេញពីក្រុងសូអារជាមួយកូនស្រីទាំងពីរ ឡើងទៅរស់នៅតាមភ្នំ ដ្បិតគាត់មិនហ៊ាននៅក្នុងក្រុងសូអារនោះទេ។ គាត់ស្នាក់នៅតាមរូងភ្នំជាមួយកូនស្រីទាំងពីរ។
លោកុប្បត្តិ 19:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ពេលត្រលប់ នោះទេវតាទាំង២ក៏ទៅដល់ក្រុងសូដុំម ឯឡុតគាត់អង្គុយនៅមាត់ទ្វារក្រុង គាត់ក៏ឃើញ ហើយក្រោកទៅទទួល រួចក្រាបផ្កាប់មុខនឹងដី ជំរាបថា លោកម្ចាស់ខ្ញុំអើយ ឥឡូវ សូមអញ្ជើញចូលទៅក្នុងផ្ទះខ្ញុំជាអ្នកបំរើលោក ដើម្បីនឹងលាងជើង ហើយសំណាក់នៅ១យប់នេះសិន រួចសឹមភ្ញាក់ឡើងពីព្រលឹមអញ្ជើញទៅទៀតចុះ តែទេវតានោះឆ្លើយថា ទេ យប់នេះយើងនឹងដេកនៅតាមផ្លូវវិញ ប៉ុន្តែ ដោយគាត់បង្ខំណាស់ បានជាទេវតាក៏ចូលទៅក្នុងផ្ទះគាត់ ហើយគាត់ក៏រៀបចំជប់លៀង គាត់ដុតនំបុ័ងឥតដំបែ ហើយទេវតាក៏បរិភោគ កាលមិនទាន់ដេកនៅឡើយ នោះពួកមនុស្សទាំងឡាយ ទាំងក្មេងទាំងចាស់នៅក្នុងក្រុងសូដុំម គេមកឡោមព័ទ្ធផ្ទះ គឺជាមនុស្សទាំងអស់ពីគ្រប់ក្នុងទីក្រុង គេស្រែកហៅឡុតសួរថា មនុស្សដែលចូលមកក្នុងផ្ទះឯងអម្បាញ់មិញនេះ តើនៅឯណា ចូរឯងនាំវាចេញមកឯយើង ឲ្យយើងបានស្គាល់ផង នោះឡុតចេញមកឯគេដល់មាត់ទ្វារ រួចបិទទ្វារទៅវិញ គាត់អង្វរថា បងប្អូនខ្ញុំអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ មើល ខ្ញុំមានកូនស្រី២នាក់ វាមិនទាន់ដែលស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តនឹងវាតាមតែចិត្តចុះ សូមកុំឲ្យតែធ្វើអ្វីដល់មនុស្សទាំង២នោះឡើយ ពីព្រោះលោកបានចូលមកសំណាក់នៅផ្ទះខ្ញុំហើយ តែគេកំហែងទៅថា ចូរចៀសចេញ ហើយមានខ្លះគេនិយាយថា អា១នេះបានចូលមកស្នាក់នៅទីនេះ ឥឡូវចង់តាំងខ្លួនធ្វើជាចៅក្រមវិញ អើ បើដូច្នេះ យើងនឹងធ្វើឯងឥឡូវ ឲ្យអាក្រក់ជាង២នាក់នោះទៅទៀតផង រួចគេក៏ប្រជ្រៀតលើឡុតជាខ្លាំង ព្រមទាំងរំលោភចូលទៅជិតចង់ទំលាយទ្វារ តែទេវតាលូកដៃទៅចាប់ឡុតទាញចូលមកក្នុងផ្ទះវិញ រួចបិទទ្វារជិត ក៏ធ្វើឲ្យមនុស្សទាំងអស់ដែលនៅត្រង់មាត់ទ្វារនោះខ្វាក់ភ្នែកទៅទាំងតូចទាំងធំ បានជាគេអស់ចិត្តនឹងរកទ្វារទៀត។ រួចទេវតាសួរឡុតថា តើឯងមានអ្នកណាទៀត នៅទីនេះឬទេ ទោះបើកូនប្រសា ឬកូនប្រុសកូនស្រីឯងក្តី ចូរនាំពួកឯងទាំងអស់ចេញពីទីក្រុងនេះទៅ ដ្បិតយើងនឹងបំផ្លាញទីនេះ ពីព្រោះសំរែករបស់គេបានឮកាន់តែខ្លាំងឡើងនៅចំពោះព្រះយេហូវ៉ាហើយ នេះគឺព្រះយេហូវ៉ាទ្រង់បានចាត់ឲ្យយើងមកបំផ្លាញចេញ នោះឡុតក៏ចេញទៅប្រាប់ដល់កូនប្រសា ដែលបានយកកូនស្រីគាត់ថា ចូរក្រោកឡើងចេញពីទីនេះទៅ ពីព្រោះព្រះយេហូវ៉ារៀបនឹងបំផ្លាញទីក្រុងចោល តែពួកកូនប្រសាគាត់ស្មានថា គាត់និយាយលេងទេ។ លុះពេលភ្លឺឡើង នោះទេវតាបង្ខំឡុតថា ចូរក្រោកឡើង យកប្រពន្ធ ហើយនឹងកូនស្រីទាំង២នាក់ដែលនៅឯណេះទៅ ក្រែងឯងត្រូវវិនាសក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះដែរ តែគាត់នៅបង្អែបង្អង់ នោះទេវតាក៏ចាប់ដៃគាត់ នឹងដៃប្រពន្ធ ហើយនឹងកូនស្រីគាត់ទាំង២នាំចេញទៅលែងឯក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាទ្រង់មេត្តាប្រណីដល់គាត់ កាលបាននាំចេញផុតទៅក្រៅហើយ នោះទេវតាប្រាប់ថា ចូររត់ទៅឲ្យបានរួចជីវិតចុះ កុំឲ្យមើលមកក្រោយឡើយ ក៏កុំឲ្យឈប់នៅស្រុកវាលឯណានីមួយផង ចូររត់ទៅឯភ្នំវិញ ក្រែងឯងត្រូវវិនាសដែរ តែឡុតប្រកែកថា ទេ លោកម្ចាស់អើយ មើលឥឡូវនេះ លោកបានផ្តល់ព្រះគុណមកខ្ញុំជាអ្នកបំរើលោក ហើយបានចំរើនសេចក្ដីមេត្តាករុណារបស់លោកឲ្យខ្ញុំឃើញ ដោយការពារជីវិតខ្ញុំ តែខ្ញុំរត់ទៅឯភ្នំមិនបានទេ ក្រែងសេចក្ដីអាក្រក់តាមខ្ញុំទាន់ ហើយខ្ញុំត្រូវស្លាប់វិញ មើលន៏ មានទីក្រុង១នុ៎ះស្ថិតនៅជិតបង្កើយ ហើយក៏តូចផង ឬមិនតូចទេ នោះល្មមនឹងរត់ទៅឲ្យរួចបាន សូមឲ្យខ្ញុំរត់ទៅឯណោះវិញ នោះខ្ញុំនឹងបានរួចជីវិតហើយ ទេវតាក៏ឆ្លើយថា មើល អញបានព្រមតាមឯងក្នុងការនេះដែរ ឯទីក្រុង១ដែលឯងនិយាយនោះ អញមិនបំផ្លាញទេ ចូរប្រញាប់ឡើង ហើយរត់ទៅឯណោះឲ្យរួចចុះ ដ្បិតអញធ្វើអ្វីមិនកើត ទាល់តែឯងបានទៅដល់សិន ដូច្នេះ ទីក្រុងនោះបានហៅឈ្មោះថា សូអារ។ លុះកាលឡុតចូលទៅក្នុងសូអារ នោះថ្ងៃបានរះហើយ ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រ នឹងភ្លើងពីលើមេឃ មកលើក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា ទ្រង់ក៏បំផ្លាញក្រុងទាំងនោះ នឹងស្រុកវាលទាំងមូល ហើយអស់ទាំងមនុស្សនៅទីក្រុងនោះ នឹងគ្រប់ទាំងអស់ដែលដុះនៅដីផង។ ឯប្រពន្ធឡុតក៏ងាកបែរមើលទៅក្រោយវិញ នោះស្រាប់តែទៅជាបង្គោលអំបិលទៅ។ ឯអ័ប្រាហាំគាត់ក្រោកពីព្រលឹមឡើង នៅឯកន្លែងដែលបានឈរនៅចំពោះព្រះយេហូវ៉ា គាត់មើលទៅឯក្រុងសូដុំម ក្រុងកូម៉ូរ៉ា នឹងស្រុកវាលទាំងអស់ ឃើញមានសុទ្ធតែផ្សែងហុយឡើងពីដីមក ដូចជាផ្សែងនៃគុកភ្លើង។ ក្នុងខណៈដែលព្រះទ្រង់បំផ្លាញទីក្រុងនៅស្រុកវាលទាំងប៉ុន្មាន នោះទ្រង់នឹកចាំពីអ័ប្រាហាំ ក៏ឲ្យឡុតចេញរួចពីការហិនវិនាសនោះ ក្នុងកាលដែលទ្រង់បានរំលាយទីក្រុងទាំងនោះដែលឡុតបាននៅ។ ឯឡុត ព្រមទាំងកូនស្រីទាំង២ ក៏ចេញពីសូអារឡើងទៅនៅឯភ្នំវិញ ដ្បិតគាត់ខ្លាចមិនហ៊ាននៅក្នុងក្រុងសូអារទេ គាត់ក៏នៅក្នុងរអាងភ្នំជាមួយនឹងកូនស្រីរបស់គាត់ទាំង២ទៅ